វិធានការច្បាប់ និងសារព្រមានផ្ទួនៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើមន្ត្រីបក្សប្រឆាំង ក្នុងពេលថ្មីៗនេះ ត្រូវបានអ្នកឃ្លាំមើលបញ្ហាសង្គមយល់ថា គឺជាយុទ្ធសាស្រ្តដែលគណបក្សកាន់អំណាចតែងតែប្រើប្រាស់ ដើម្បីបំបាក់ដៃគូប្រកួតប្រជែងរបស់ខ្លួននៅក្នុងរដូវកាលបោះឆ្នោត។
មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលខិតជិតមកដល់នាពេលខាងមុខ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង រួមមាន លោក សុន ឆ័យ លោក គង់ គាំ រួមទាំងលោក ថាច់ សេដ្ឋា សុទ្ធតែត្រូវជាប់បណ្ដឹងនៅតុលាការ។
ជាក់ស្តែង លោក គង់ គាំ បានប្រគល់ដីដែលមានទំហំជិតកន្លះហិកតា និងផ្ទះនៅសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ ឱ្យទៅរដ្ឋាភិបាល ក្រោយពេលលោក ហ៊ុន សែន ប្រកាសថា ដីនិងផ្ទះនោះ គឺជាកម្មសិទ្ធិរបស់ក្រសួងការបរទេស។
ចំណែកលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ក៏កំពុងប្រឈមនឹងការរឹបអូសដីនិងផ្ទះ សម្រាប់សងជំងឺចិត្តដល់គណបក្សប្រជាជនកម្ពុជា ចំនួន១លានដុល្លារ ក្នុងសំណុំរឿងបរិហារកេរ្តិ៍ ពាក់ព័ន្ធនឹងការរិះគន់បញ្ហាការបោះឆ្នោតឃុំសង្កាត់កាលពីឆ្នាំ២០២២។
ជាមួយគ្នានេះ អនុប្រធានគណបក្សភ្លើងទៀនមួយរូបទៀត គឺលោក ថាច់ សេដ្ឋា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ត្រូវតុលាការសម្រេចឱ្យឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោកបានចេញសែកអត់មានលុយ ឬហៅថាសែកស្អុយ។
លុះក្រោយមក ក្នុងអំឡុងពេលឃុំខ្លួន លោក ថាច់ សេដ្ឋា ច្រានចោលករណីនេះ ដោយថា សែកដែលគេចាត់ទុកជាសែកស្អុយនោះ អាចត្រូវគេថតចម្លង ដើម្បីដាក់បន្ទុកចោទប្រកាន់លើរូបលោកតែប៉ុណ្ណោះ។
ជុំវិញករណីនេះ បានបង្កើតជាសំណួរថា តើការប្រើប្រាស់វិធានការច្បាប់ចំពោះមន្ត្រីបក្សប្រឆាំងមុនការបោះឆ្នោតមកដល់បែបនេះ អាចបង្កការគុំកួនរវាងជាតិសាសន៍ខ្មែរដែរឬទេ?
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី បានសង្កេតឃើញថា ជារឿងធម្មតានៅក្នុងសង្គមកម្ពុជា ដែលគណបក្សដឹកនាំរដ្ឋាភិបាលតែងតែប្រើប្រាស់អំណាចដែលខ្លួនមានក្នុងដៃ ដើម្បីបំភិតបំភ័យដៃគូរបស់ខ្លួនឱ្យដួល ដើម្បីឈានទៅកាន់អំណាចបន្ត។ លោកចាត់ទុកថា សកម្មភាពនយោបាយបែបនេះ គឺជាការនាំឱ្យមានវប្បធម៌សងសឹករវាងគ្នានឹងគ្នា ក្នុងរង្វង់ជាតិសាសន៍ខ្មែរ ដោយស្របទៅនឹងឃ្លាថា «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» ដែលមានន័យថា «អ្នកឈ្នះ នឹងកម្ចាត់អ្នកខ្សោយចោល»។
លោកបន្ថែមថា៖ «ជាពិសេសគណបក្សណាដែលមានកម្លាំងធំ អាចមកប្រឈមជាមួយនឹងគណបក្សកាន់អំណាចបាន ត្រូវទទួលរងនូវជោគវាសនាស្រដៀងគ្នាដែរ [ការប្រើប្រាស់វិធានការច្បាប់] ទាំងនេះជារឿងដែលយើងមើលឃើញតាំងពីដើមមក»។
លោកបណ្ឌិត មាស នី បន្តថា ការអនុវត្តទោសចំពោះមន្ត្រីគណបក្សប្រឆាំងក្នុងប្រទេសកម្ពុជា ក្នុងពេលថ្មីៗនេះ គឺហាក់មានលក្ខណៈជាស្តង់ដារពីរ ដោយថា ការចាប់ខ្លួនមន្ត្រីគណបក្សជំទាស់ដាក់ឃុំឃាំង ត្រូវបានធ្វើឡើងយ៉ាងម៉ឺងម៉ាត់ ចំណែកករណីខុសច្បាប់ផ្សេងទៀតដែលបង្កឡើងដោយបុគ្គលដែលមានអំណាច ឬជិតស្និទ្ធជាមួយរដ្ឋាភិបាល ហាក់បីដូចជាស្ងប់ស្ងាត់ទៅវិញ។
លោកថា៖ «បើយើងបន្តលើការគំរាមកំហែងគ្នាបែបនេះ ប្តឹងផ្តល់គ្នាបែបនេះ ខ្ញុំគិតថា កន្លែងខ្លះ វាទិដ្ឋភាពផ្លូវច្បាប់មែនហើយ [ការចាប់ខ្លួនមន្ត្រីបក្សប្រឆាំង] ក៏ប៉ុន្តែច្បាប់ខ្លះ ច្បាប់ហ្នឹង អនុវត្តស្មើភាពដែរឬអត់? ឬក៏មានក្រុមមួយរួចខ្លួន ក្រុមមួយទៀតរងទណ្ឌកម្ម?»
លោបន្ថែមថា៖ «បើសិនជាយើងនៅបន្តនៅក្នុងបរិបទនៃលំហនយោបាយបែបនេះ ការរួបរួមគ្នានឹងគ្មានទេ ទោះបីជាខ្ញុំស្លាប់តប៉ុន្មានទៀតក៏គ្មានទេ»។
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។
ប្រទេសកម្ពុជាបានឆ្លងកាត់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ៦ដង រួចមកហើយ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅឆ្នាំ១៩៩១។ ក្រោយមានកិច្ចព្រមព្រៀងនេះ ការបោះឆ្នោតដំបូងធ្វើឡើងនៅឆ្នាំ១៩៩៣ ដែលរៀបចំដោយអាជ្ញាធរជាតិបណ្ដោះអាសន្ននៅកម្ពុជា ហៅកាត់ថា អ៊ុនតាក់ ដែលត្រូវបានសហគមន៍អន្តរជាតិចាត់ទុកថា ជាការបោះឆ្នោតដែលមានលក្ខណៈសេរី និងត្រឹមត្រូវបំផុតនៅកម្ពុជា។
មុនការបោះឆ្នោតថ្នាក់ជាតិក្នុងនីតិកាលថ្មីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាផ្ទាល់មាត់ឱ្យផ្តិតយករូបភាពអ្នកគ្រោងធ្វើបាតុកម្មប្រឆាំងរូបលោក ក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកគាំទ្ររបស់ខ្លួននៅទ្វីបអឺរ៉ុប។ លោកបាន ប្រាប់ឱ្យយករូបថតបុគ្គលទាំងនោះ មកបិទនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីតាមដានរកក្រុមគ្រួសាររបស់ពួកគេដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។
ការគំរាមនេះធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកគាំទ្រជិត២ ០០០នាក់ នៅទ្វីបអឺរ៉ុប មុនពេលមេដឹកនាំរូបនេះធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។
លោក ហ៊ុន សែន និយាយថា៖ «ចង់ដឹងមុខអ្នកឯង ហើយក៏ចង់រកគ្រួសារអ្នកឯងនៅស្រុកខ្មែរ តើវាម៉េចទៅហើយ? កុំលេងអាងបានមកនៅស្រុកក្រៅ នៅបារាំង នៅអឺរ៉ុបហ្នឹង សុទ្ធតែក្រុមអ្នកឯង! រហូតដល់ចោទកូនខ្ញុំថា អ្នកទាំងអស់គ្នាហ្នឹងត្រូវកូនខ្ញុំយកលុយ៥លានដុល្លារ[មកឱ្យ] ឥលូវប៉ូលិសបារាំងកំពុងចាប់លុយ៥លានដុល្លាររបស់កូនខ្ញុំ។ ហើយចេះនិយាយអ៊ីចឹងៗទៅរួច! ហើយប្រើពាក្យអាកូនក្រៅខោ មើលដល់អ៊ីចឹងៗ វាទៅរួច»។
យ៉ាងណាក្ដី សម្រាប់អ្នកវិភាគបញ្ហាសង្គម លោកបណ្ឌិត សេង សារី បានលើកឡើងថា នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ននេះ រាល់ការបញ្ជាផ្ទាល់មាត់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាច្បាប់ ដូច្នេះមន្ត្រីដែលបម្រើការក្នុងស្ថាប័នរដ្ឋ ត្រូវស្តាប់បង្គាប់មេដឹកនាំរដ្ឋដែលកាន់អំណាចជិត៤០ឆ្នាំរូបនេះ។
លោកថា ការធ្វើនយោបាយរបស់គណបក្សកាន់អំណាចដោយផ្ដួលគូប្រជែង រហូតមានការឃុំខ្លួនបែបនេះ គឺអាចជាការចាប់ផ្តើមបង្ខំឱ្យអ្នកគាំទ្របក្សប្រឆាំង រើសយកការបះបោរតាមរយៈធ្វើបាតុកម្ម ដើម្បីទាមទារឱ្យដោះលែងមេដឹកនាំរបស់ខ្លួន។
លោកបន្តថា នៅក្នុងសង្គមប្រជាធិបតេយ្យ មានមធ្យោបាយពីរដើម្បីផ្លាស់ប្តូរមេដឹកនាំ ដោយមធ្យោបាយទីមួយ គឺតាមរយៈកាចូលរួមការបោះឆ្នោត និងមធ្យោបាយទីពីរ គឺបង្កើតសកម្មភាពធ្វើបាតុកម្មរបស់មហាជន។
បន្ថែមលើនេះ លោកថា បើបក្សកាន់អំណាចបន្តប្រើប្រាស់វិធានការច្បាប់បង្ក្រាបដៃគូរបស់ខ្លួន រហូតមានការឃុំឃាំងបែបនេះ គឺជាសញ្ញាណនៃការបែកបាក់ជាតិ ដោយសារតែបក្សជំទាស់ អាចសម្រេចចិត្តមិនចូលរួមក្នុងការប្រកួតប្រជែងបោះឆ្នោត ហើយអាចបង្កើតជាចលនាបះបោរណាមួយដែលនាំឱ្យកើតមានសង្គ្រាមស៊ីវិលកើតឡើង។
លោកថា៖ «បើសិនក្នុងករណីបក្សកាន់អំណាចនៅតែបន្តមធ្យោបាយចាត់ការដៃគូមុនការបោះឆ្នោតក្រៅសង្វៀនបោះឆ្នោតខ្ញុំគិតថា បន្តិចម្តងៗ ចលនានៅក្នុងការប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចហ្នឹង នឹងអាចសម្រេចចិត្តមិនជ្រើសរើសយកមធ្យោបាយបោះឆ្នោត គឺត្រូវតែជ្រើសរើសយកមធ្យោបាយមហាបាតុកម្ម»។
លោកបន្ថែមថា៖ «ពេលនោះហើយ គឺស្ថានភាពកម្ពុជានឹងអាចប្រឈមទៅដូចនឹងបណ្តាប្រទេសមួយចំនួនដែលមានបដិវត្តន៍ពណ៌ គឺអាចទៅជា Failed State ទៅជារដ្ឋបរាជ័យ មានវិបត្តិសង្គ្រាមស៊ីវិលអីជាដើម ដូចក្នុងប្រទេសភូមា ដែលជាប្រទេសជិតខាងក្នុងតំបន់អាស៊ានដែរ»។
ជាមួយគ្នានេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ លើកឡើងថា គណបក្សកាន់អំណាចបានព្យាយាមបំភ័ន្តភ្នែកម្ចាស់ឆ្នោត និងការឃ្លាំមើលពីមជ្ឈដ្ឋានអន្តរជាតិ ពីកម្សោយនៃការដឹកនាំរបស់ខ្លួននាពេលកន្លងមក ដោយបំបិទសំឡេងប្រឆាំង តាមរយៈការដាក់គំនាបជាវិធានការច្បាប់ និងសារព្រមានដោយផ្ទាល់ចេញពីមាត់មេដឹកនាំបច្ចុប្បន្ន។
លោកយល់ថា រូបភាពគំរាមកំហែងទាំងនោះមិនអាចបំបែកសំឡេងនិន្នាការប្រឆាំងរដ្ឋាភិបាលបានទេ។ ផ្ទុយទៅវិញ គឺហាក់បានជំរុញឱ្យអ្នកគាំទ្រគណបក្សប្រឆាំង កាន់តែបន្តធ្វើសកម្មភាពខ្លួនកាន់តែខ្លាំងក្លាថែមទៀត។
លោកបន្តថា៖ «យុទ្ធសាស្រ្តនេះជាយុទ្ធសាស្រ្តមួយដែលបំផ្លាញនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដែលជាស្នូលរបស់កម្ពុជា ដែលមានរដ្ឋធម្មនុញ្ញ ហើយនិងមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាគ្រឹះដ៏រឹងមាំហ្នឹង។ ប៉ុន្តែគ្រឹះរឹងមាំកើតចេញពីកិច្ចព្រមព្រៀង ហើយនិងរដ្ឋធម្មនុញ្ញនេះ ហាក់បីដូចជាត្រូវបានគាស់រំលើងម្តងបន្តិចៗ ធ្វើឱ្យសង្គមរបស់យើងដើរប្រាសចាកគោលការណ៍នីតិរដ្ឋ»។
ផ្ទុយពីការលើកឡើងទាំងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាជិត៤០ឆ្នាំមកហើយនោះ គឺបានអនុវត្តច្បាប់ទៅលើគ្រប់ប្រជាពលរដ្ឋទាំងអស់មិនថាបុគ្គលនោះជាអ្នកនយោបាយ ឬអ្នកមានអំណាចណាមួយនោះទេ។
លោកថា ករណីដែលតុលាការបានចោទប្រកាន់មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងជាបន្តបន្ទាប់បែបនេះ ដោយថា ពួកគេបានប្រព្រឹត្តទង្វើខុសច្បាប់ ដែលនេះជាឆន្ទានុសិទ្ធិរបស់តុលាការ ត្រូវតែផ្តន្ទាទោសតាមផ្លូវតុលាការ។ លោកថា ការលើកឡើងរបស់អ្នកវិភាគបញ្ហាសង្គមទាំងនេះ គឺប្រាសចាកការពិតដែលមានក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។
លោកថា៖ «អ្នកវិភាគហ្នឹង ដែលនិយាយមកហ្នឹង វាមានខ្លឹមសារសុទ្ធតែលម្អៀងទៅរកបក្សប្រឆាំង។ អ៊ីចឹងទេ ការនិយាយនេះ វាមិនស្របទៅតាមការពិតជាក់ស្តែងដែលកើតឡើងនៅកម្ពុជាយើងទេ»។
ទោះជាបែបនេះក្ដី អ្នកសម្របសម្រួលកម្មវិធីអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស ថាលោកសុំមិនធ្វើអត្ថាធិប្បាយចំពោះការថ្លែងរបស់លោក ហ៊ុន សែន នៅមុនការបោះឆ្នោតនោះទេ។ លោកបញ្ជាក់ថា ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងគោលការណ៍ប្រជាធិបតេយ្យ គឺមិនមានការគំរាមកំហែង ឬការបំបាត់ភាគីប្រកួតប្រជែងណាមួយពីសង្វៀននយោបាយបានឡើយ។
លោកថា៖ «រឿងគោលការណ៍ជាសកល រឿងការចូលរួមរបស់ភាគីពាក់ព័ន្ធ គ្មានការភ័យខ្លាចហ្នឹង រួមទាំងមិនមានការផាត់ដៃគូចូលរួមប្រកួតប្រជែងហ្នឹង អាហ្នឹងជារឿងមួយសំខាន់ណាស់នៅក្នុងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។ បរិយាកាសហ្នឹង ធ្វើម៉េចកុំឱ្យវាមានការព្រួយបារម្ភ ឬការភ័យខ្លាច»។
លោកបន្ថែមថា ក្នុងនាមអង្គការខុមហ្វ្រែល មិនអាចទាន់សម្រេចចិត្តថានឹងដាក់ក្រុមការងាររបស់ខ្លួនចូលរួមសង្កេតការណ៍ក្នុងអំឡុងពេលនៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដែលជិតមកដល់នាពេលខាងមុខនោះទេ ដោយថា ត្រូវពិនិត្យមើលតាមស្ថានភាពជាក់ស្តែងជាមុនសិន។
ចំណែកអ្នកវិភាគបញ្ហាសង្គម លោកបណ្ឌិត សេង សារី បានជំរុញឱ្យអ្នកនយោបាយត្រូវគោរពតាមគោលការណ៍ប្រកួតប្រជែងក្នុងសង្គមប្រជាធិបតេយ្យ ដោយស្មើភាពគ្នា មិនដើរហួសក្រមសីលធម៌ មនុស្សធម៌ និងគុណធម៌ ដែលនាំឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរបុគ្គល និងលុបបំបាត់ការរុកកួន ការគំរាមកំហែងគ្នា ទើបអាចរួចផុតពីនយោបាយដែលនាំឱ្យបែកបាក់ជាតិបាន។
លោកថា៖ «[ដើម្បី]បន្ថយវប្បធម៌ “ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី” ខ្ញុំគិតថា អ្នកនយោបាយមិនចំាំបាច់ប្រឹងប្រែងធ្វើអីឱ្យអស្ចារ្យពេកទេ ទី១ គោរពគោលការណ៍ ជាអ្នកនយោបាយមានគោលការណ៍ មិនដើរហួសក្រមសីលធម៌ គុណធម៌ ហើយនិងមនុស្សធម៌»៕