គ្រូពេទ្យខ្មែរ-អាមេរិកជិត២០០នាក់ ចុះពិនិត្យនិងព្យាបាលជំងឺដល់ពលរដ្ឋខេត្តបន្ទាយមានជ័យដោយឥតគិតថ្លៃ

សកម្មភាពក្រុមវេជ្ជបណ្ឌិត គ្រូពេទ្យ និងពលរដ្ឋខ្មែររស់នៅអាមេរិកស្ម័គ្រចិត្ត នៃសមាគមសុខាភិបាលខ្មែរនៅអាមេរិកាំង ឬអង់គ្លេសហៅកាត់ថា CHPAA បានដឹកនាំ ដើម្បីផ្តល់ការពិនិត្យ និងព្យាបាលជំងឺស្រ្តី ជំងឺមាត់ធ្មេញ វះកាត់ជំងឺភ្នែក និងជំងឺទូទៅ ព្រមទាំងផ្តល់ថ្នាំដោយឥតគិតថ្លៃ ចំពោះពលរដ្ឋនៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។ (ពក ពន្លឺ)

សមាគមសុខាភិបាលខ្មែរនៅអាមេរិកាំង បានដឹកនាំក្រុមវេជ្ជបណ្ឌិត គ្រូពេទ្យ និងពលរដ្ឋខ្មែររស់នៅអាមេរិកស្ម័គ្រចិត្តជិត២០០នាក់ ដើម្បីផ្តល់ការពិនិត្យ និងព្យាបាលជំងឺស្រ្តី ជំងឺមាត់ធ្មេញ វះកាត់ជំងឺភ្នែក និងជំងឺទូទៅ ព្រមទាំងផ្តល់ថ្នាំដោយឥតគិតថ្លៃ ចំពោះពលរដ្ឋនៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

កម្មវិធីពិនិត្យ និងព្យាបាលជំងឺដល់ពលរដ្ឋខេត្តជាប់ព្រំដែនថៃមួយនេះ ពីសំណាក់ក្រុមគ្រូពេទ្យ និងពលរដ្ឋខ្មែរអាមេរិកាំងស្ម័គ្រចិត្តនេះ ធ្វើឡើងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកវេជ្ជបណ្ឌិត តាំង សុង ប្រធានសមាគមសុខាភិបាលខ្មែរនៅអាមេរិក និងជាពលរដ្ឋខ្មែរអាមេរិកាំង បានថ្លែង​ក្នុងពេលបើកកម្មវិធីថា ពលរដ្ឋខ្មែរភាគច្រើនដែលរត់ភៀសខ្លួនចេញពីរបបខ្មែរក្រហម ទៅសហរដ្ឋអាមេរិក តែងតែឆ្លងកាត់ខេត្តបន្ទាយមានជ័យ។ ​ហេតុដូច្នេះ ​រូបលោក និងពលរដ្ឋខ្មែរអាមេរិកាំងផ្សេងទៀត តែងតែនឹករលឹក និងចង់ជួយដល់ប្រជាជនខ្មែរ ដែលកំពុងរស់នៅក្នុងមាតុភូមិកំណើតវិញ។ លោកបន្ថែមទៀតថា ក្រុមគ្រូពេទ្យ​ជិត ២០០នាក់ មានទាំងខ្មែរ និងបរទេស បានស្ម័គ្រចិត្តលះបង់ថវិកា និងពេលវេលាផ្ទាល់ខ្លួនរបស់ពួកគាត់ ដើម្បីបង្កើត​កម្មវិធីនេះឡើង។

លោកវេជ្ជបណ្ឌិត តាំង សុង ប្រធានសមាគមសុខាភិបាលខ្មែរនៅអាមេរិក និងជាពលរដ្ឋខ្មែរអាមេរិកាំង ឬអង់គ្លេសហៅកាត់ថា CHPAA ថ្លែងនៅក្នុងថ្ងៃបើកកម្មវិធី នៅសាលាបឋមសិក្សាឫស្សីក្រោក ភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។
លោកវេជ្ជបណ្ឌិត តាំង សុង ប្រធានសមាគមសុខាភិបាលខ្មែរនៅអាមេរិក និងជាពលរដ្ឋខ្មែរអាមេរិកាំង ឬអង់គ្លេសហៅកាត់ថា CHPAA ថ្លែងនៅក្នុងថ្ងៃបើកកម្មវិធី នៅសាលាបឋមសិក្សាឫស្សីក្រោក ភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។ (ពក ពន្លឺ)

វេជ្ជបណ្ឌិតរូបនេះបញ្ជាក់ថា៖ «នេះជាលើកទី១១ហើយ ដែលសមាគមបានមកស្រុកខ្មែរ ដើម្បីផ្តល់សេវាពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃដល់ប្រជាជនខ្មែរ។ ហើយកាលពីឆ្នាំមុនៗ មានខេត្តកំពង់ស្ពឺ កំពង់ធំ និងព្រៃវេង ជាដើម​»។

ទន្ទឹមនឹងនេះ លោក លី សុវណ្ណារិទ្ធិ អភិបាលខេត្តបន្ទាយមានជ័យស្តីទី ថ្លែង​ថា រូបលោក និងក្រុមការងារគ្រប់ផ្នែក នឹងចូលរួមសម្របសម្រួល និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះបេសកកម្មរបស់ស​មាគម​។ លើសពីនេះ អាជ្ញាធរនឹងខិតខំរក្សាសន្តិសុខ និងសណ្តាប់ធ្លាប់ជូនដល់ក្រុមគ្រូពេទ្យ និងពលរដ្ឋដែលចូលរួមទទួលសេវាពិនិត្យ និងព្យាបាលជំងឺពេលនេះផងដែរ។ ​

លោកបន្តថា លោករីករាយចំពោះសកម្មភាពរបស់ក្រុមគ្រូពេទ្យទាំងខ្មែរ និងបរទេស ដែលបានលះបង់កម្លាំងកាយចិត្ត និងថវិកា ដើម្បីជួយដល់ពលរដ្ឋខ្មែរក្នុងខេត្តបន្ទាយមានជ័យ។

លោកបន្ថែមទៀតថា៖ «នេះជាសកម្មភាពបញ្ជាក់អំពីស្មារតី និងបេះដូងខ្មែរស្រឡាញ់ខ្មែរ ទោះបីទៅរស់ដល់ណាក៏ដោយ។ នេះហើយជាវប្បធម៌ដែលរដ្ឋាភិបាលប្រឹងប្រែងថែរក្សាកន្លងមក»។

ជាគ្រូពេទ្យស្ម័គ្រចិត្ត និងជាកូនខ្មែរកាត់អាមេរិកាំងផង អ្នកស្រី យិម សុផារី បានប្រាប់VODថា គាត់បានចូលរួមនៅក្នុងសមាគមសុខាភិបាលខ្មែរនៅអាមេរិក ឬអង់គ្លេសហៅកាត់ថា CHPAA ជាលើកទី២។

អ្នកស្រីរីករាយនៅពេលបានមកជួយពលរដ្ឋខ្មែរ និងបានសំណេះសំណាលជាមួយពលរដ្ឋខ្មែរ ទាំងក្មេង ទាំងចាស់ ដោយបានរម្លឹកឱ្យគាត់នឹកឃើញនូវអនុស្សាវរីយ៍ដ៏ល្វីងជូរចត់ ដែលបានឆ្លងកាត់ពីអតីតកាល។

​អ្នកស្រីបន្ថែមថា៖ «ខ្ញុំមិនដែលភ្លេចពលរដ្ឋខ្មែរ ខ្ញុំមិនដែលភ្លេចមាតុប្រទេសកំណើតទេ ទោះបីខ្ញុំទៅដល់ប្រទេសណាក៏ដោយ ខ្ញុំតែងតែនឹករលឹកចំពោះទឹកដីដ៏កំសត់នេះជានិច្ច»។

អ្នកស្រី ឃន​ សាមូន វ័យ៨០ឆ្នាំ ដែលមានជំងឺភ្នែកប្រចាំកាយ មានប្រសាសន៍ថា ជំងឺភ្នែកនេះកើត​ជាង២០ឆ្នាំមកហើយ ដែលធ្វើឱ្យគាត់មិនអាចមើលឃើញកូនចៅ និងពិបាកក្នុងការធ្វើដំណើរ​។ លោកយាយរីករាយ ដែលមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលពលរដ្ឋដោយមិនគិតថ្លៃពេលនេះ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំចង់មើលឃើញវិញ! ខ្ញុំសប្បាយចិត្តណាស់ នៅពេលមានគ្រូពេទ្យបរទេសស្ម័គ្រចិត្ត មកជួយពលរដ្ឋខ្មែរ នៅភូមិឃុំខ្ញុំនេះ»។

អ្នករៀបចំកម្មវិធីនេះបានឱ្យដឹងថា សមាគមសុខាភិបាលខ្មែរនៅអាមេរិក ​បានផ្តល់សេវាពិនិត្យព្យាបាលជំងឺរយៈពេល៦ថ្ងៃនេះ ត្រូវធ្វើឡើងនៅ៣ទីតាំង រួមមាន នៅមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ជប៉ុន, នៅសាលាបឋមសិក្សាឫស្សីក្រោក ភូមិឫស្សីក្រោក ឃុំឫស្សីក្រោក និងនៅសាលាបឋមសិក្សាសឿ ឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ការពិនិត្យនិងព្យាបាលជំងឺនេះ ធ្វើឡើងចាប់ផ្តើមនៅម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៥ល្ងាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ