អ្នកអភិរក្សព្រៃសង្ឃរុក្ខាវ័ន ព្រមានពីការបាត់បង់សត្វជិតផុតពូជ

ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ សកម្មភាពពេទ្យកំពុងតែសម្អាតមុខរបួសរបស់សត្វទន្សោង នៅស្នាក់ការកណ្ដាលសហគមន៍តំបន់ការពារធម្មជាតិសង្ឃរុក្ខាវ័ន។ ប៉ុន្តែសត្វទន្សោងនៅសង្ឃរុក្ខាវ័ន ដែលរបួសជើងផ្នែកខាងមុខទាំងពីរបានស្លាប់ហើយ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។ (ហ្វេសប៊ុក៖ ព្រៃសង្ឃសហគមន៍រុក្ខាវ័ន MCF)

ប្រធានព្រៃសហគមន៍​សង្ឃរុក្ខាវ័ន បានអះអាងថា ​ប្រសិនបើ​ការដាក់អន្ទាក់ និងប្រមាញ់សត្វ​ពី​សំណាក់ជនល្មើសនៅតែបន្តកើតមានទៀត​ ប្រភេទសត្វជិតផុតពូជ និង​សត្វប្រភេទ​កម្រ នឹងត្រូវបាត់បង់​។

ប្រធានព្រៃសហគមន៍​សង្ឃរុក្ខាវ័ន ព្រះតេជព្រះ​គុណ ថូ ធូរស់ បានឱ្យដឹងថា ​សត្វ​ព្រៃ​​បានងាប់​ភាគ​​ច្រើន​ក្នុង​អំឡុង​ខែប្រាំងព្រោះសត្វ​តែងតែ​ចុះទៅផឹក​ទឹក ហើយជនល្មើស​បានដាក់អន្ទាក់​តាម​ថ្លុក ត្រពាំង​នានា​។ ព្រះអង្គថា ជាក់ស្ដែង​ កាល​ពី​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣​ សត្វទន្សោងញីមួយក្បាលរបួសជើងមុខ និងបាន​ងាប់កាលពីម្សិលមិញនេះ ដោយសារពុំអាចព្យាបាលបាន​​​។

​​​ព្រះអង្គបន្ថែមថា​​​ ទោះបីជា​ព្រះសង្ឃ​ និង​គណៈកម្មការ​វត្ត​ ចុះ​ល្បាត​ជា​ញឹក​ញាប់​ក្ដី​ ក៏​​សត្វ​ព្រៃ​ដែលជិតផុតពូជ​​ត្រូវបានគេរកឃើញថាបានងាប់ច្រើន​ជាងចំនួន​ដែលបានកើត​។ ជាក់ស្ដែង​​ កាល​ពី​ឆ្នាំ​២០២២ សត្វទន្សោងបានងាប់ចំនួន៦ក្បាល​ សត្វប្រើ​សចំនួន​១២ក្បាល និងសត្វ​កម្រផ្សេង​ៗ​ទៀតជាច្រើន​ ខណៈដែល​សត្វ​ទន្សោង​កើត​បានតែ​មួយក្បាល​ ឬពីរក្បាលប៉ុណ្ណោះក្នុងមួយឆ្នាំ​​។

ព្រះតេជព្រះ​គុណ ថូ ធូរស់ ព្រមាន​ថា​ ​សត្វទន្សោងដែលជាប្រភេទសត្វ​ជិតផុតពូជ​ ឬសត្វ​ផ្សេងទៀត​ ​នឹង​បាត់បង់ ប្រសិនបើ​មន្ត្រីពាក់ព័​ន្ធ​​នៅតែ​​មិន​ចាត់វិធានការច្បាប់​ទៅលើ​ជនល្មើសដាក់អន្ទាក់ ​ហើយកន្លង​មក​ នៅពេលដែលព្រះសង្ឃបានរាយការណ៍​ថា​មាន​កន្លែង​លក់​សត្វព្រៃ​យ៉ាងណាក្ដី ក៏​មិនឃើញ​អាជ្ញាធរចុះបង្ក្រាប​ និង​ស៊ើបអង្កេតនោះដែរ។

ព្រះអង្គថា​៖ «ជាទូទៅ អាត្មាតែង​ឧស្សាហ៍ផ្ដល់ព័ត៌មាន​ថា នៅក្នុងភូមិហ្នឹង​មានលក់ប្រភេទសាច់នេះ ប្រភេទសាច់នោះ​ ដោយយកចេញពីក្នុងព្រៃ​ អ៊ីចឹងអ​ត់មានវិធានការ​ពាក់ព័ន្ធនឹងផ្នែកផ្លូវច្បាប់ គឺអត់មាន​»។

ព្រះអង្គបន្ថែមថា៖ «​អាច​នឹងបាត់បង់ ​អាចនឹង​បាត់បង់ប្រភេទសត្វទាំងអស់​ ជាពិសេសដូចប្រភេទសត្វទន្សោង​នៅ​ឧត្ដរមានជ័យ មានតែនៅក្នុងសង្ឃរុក្ខាវ័ន​។ តែបើសត្វទន្សោងនៅក្នុងមួយឆ្នាំ​ នៅតែមានងាប់១ក្បាល ២ក្បាល ៥ក្បាល​ អ៊ីចឹងវាឆាប់ដាច់ពូជ​»។

ប្រធានមន្ទីរបរិស្ថានខេត្តឧត្ដរមានជ័យ​ លោក ភួង លីណា បានឆ្លើយតបថា​​​ ពិតជាមានការដាក់អន្ទាក់​ពិតមែន តែមន្ត្រីបានសហការ​ជាមួយ​សហគមន៍ ក្នុងការសាអន្ទាក់ និងក៏បានចាត់វិធានការច្បាប់​លើជនល្មើសផងដែរ។​

​​​​​លោក ភួង លីណា បន្តថា ​មន្ទីរបរិស្ថានពុំទាន់បាន​ទទួលព័ត៌មាន​នៃការលក់​សត្វព្រៃ​តាមភូមិ ឬលើទីផ្សារនោះដែរ​។ តែទោះជាយ៉ាងណា​ ក្នុងឆ្នាំ២០២៣នេះ មន្ទីរបរិស្ថាននឹង​ព្យាយាម​អនុវត្តយុទ្ធនាការអន្ទាក់សូន្យផងដែរ។​

លោកថា៖​ «មកដល់ពេលនេះ មន្ទីរ​អត់ទាន់ដែលឃើញ​មានការលក់នៅជិត ឬក្បែរនៅក្នុងតំបន់នោះទេ ​ព្រោះ​នៅជិត ឬក្បែរតំបន់ទាំងនោះ ​ពីមុន យើង​ធ្លាប់តែបង្ក្រាបតែអ្នកទៅបរបាញ់​ ប៉ុន្តែអ្នកលក់ យើងអត់ដែលទទួលព័ត៌មានថា​មាន​លក់នោះទេ​ ហើយនេះគឺជាបញ្ហា​»។​

ទោះបីជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលគម្រោង នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន មានប្រសាសន៍ថា តាមការសង្កេតរបស់លោក ទាំងនៅ​តំបន់​ព្រៃសហគមន៍​សង្ឃរុក្ខាវ័ន និងតំបន់​ការពារព្រៃផ្សេងទៀត ​មានករណី​លក់សត្វព្រៃ​បែបលួចលាក់ផង និង​បែបចំហផង។​

លោកថា៖ «នៅមានលក់សាច់សត្វព្រៃនៅឡើយទេ​ ហើយជាពិសេស​សាច់សត្វ​ទន្សោងដែរ ប៉ុន្តែ​ភាគច្រើនជាងគេ​ សាច់ជ្រូកព្រៃ។ មូលហេតុដែល​នៅតែមានការលក់​សាច់សត្វជ្រូកព្រៃ​ តាមការសង្កេតរបស់ខ្ញុំ ដោយសារតែមិនមានវិធានការច្បាប់​សម្រាប់ក្រុមអាជីវកម្មលក់សាច់សត្វព្រៃ​»។ ​

លោកបន្ថែមថា ​អាជ្ញាធរពាក់ព័ន្ធ​ត្រូវតែ​​មានវិធានការ​ម៉ឺម៉ាត់​ទៅលើជនល្មើស​ ដើម្បីធានា​ឱ្យការអនុវត្តអន្ទាក់សូន្យមានប្រសិទ្ធភាព បើមិនដូច្នេះទេ ប្រភេទសត្វព្រៃ​ជិតពូជ​ ប្រភេទសត្វ​ព្រៃកម្រ ក្នុងនោះក៏មានសត្វដែលជាអត្តសញ្ញាណជាតិ នឹងបាត់បង់ ហើយ​ប្រភេទសត្វទាំងនេះ​មិនងាយកើតឡើងវិញទេ។

លោកថា​៖ «​សត្វព្រៃ គឺជាអត្តសញ្ញាណ​របស់​ប្រទេសនីមួយៗ ជាតិសាសន៍នីមួយៗ ថានៅស្រុកខ្មែរយើង​ថាមានសត្វគោព្រៃ​ តែឥឡូវ​អត់មានសត្វគោព្រៃអីទេ!​ អ៊ីចឹងបើវាបាត់បង់ទន្សោងទៀត​ មានន័យថា វាលែង[ឬ]បាត់បង់​នៅលើទឹកដីខ្មែរទៀត​ អ៊ីចឹងបាត់បង់អត្តសញ្ញាណ​យើង និងរបស់​ជាតិសាសន៍យើង​»។​

បើតាមប្រធានព្រៃសហគមន៍​សង្ឃរុក្ខាវ័ន ព្រះតេជព្រះ​គុណ ថូ ធូរស់ ​បានឱ្យដឹងថា​ សត្វព្រៃសរុបចំនួន៩ក្បាលត្រូវបានប្រទះឃើញងាប់កាលពីឆ្នាំ២០២១​៕


កែតម្រូវ៖ ​​​កថាខណ្ឌទី៣ ​​​«[…] ជាក់ស្ដែង​​ កាល​ពី​ឆ្នាំ​២០២២ សត្វទន្សោងបានងាប់ចំនួន៦ក្បាល​ សត្វប្រើ​សចំនួន​៦ក្បាល និងសត្វ​កម្រផ្សេង​ៗ​ទៀតជាច្រើន​ ខណៈដែល​សត្វ​ទន្សោង​កើត​បានតែ​មួយក្បាល​ ឬពីរក្បាលប៉ុណ្ណោះក្នុងមួយឆ្នាំ​​។» ទៅជា «[…] ជាក់ស្ដែង​​ កាល​ពី​ឆ្នាំ​២០២២ សត្វទន្សោងបានងាប់ចំនួន៦ក្បាល​ សត្វប្រើ​សចំនួន​១២ក្បាល និងសត្វ​កម្រផ្សេង​ៗ​ទៀតជាច្រើន​ ខណៈដែល​សត្វ​ទន្សោង​កើត​បានតែ​មួយក្បាល​ ឬពីរក្បាលប៉ុណ្ណោះក្នុងមួយឆ្នាំ​​។»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ