លោក រ៉ុង ឈុន ប្រកាសចូលគណបក្សភ្លើងទៀននៅមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣

លោក រ៉ុង ឈុន ដែល​​គេ​ស្គាល់ថាជាអ្នកតស៊ូមតិដ៏សកម្មម្នាក់ ថ្លែងនៅក្នុងសន្និសីទកាសែតស្ដីពីការប្រកាសជំហរក្នុងការវិលត្រលប់ចូលឆាកនយោបាយវិញ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។ (ហ៊ាន រង្សី)

អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានសម្រេចចិត្តជាផ្លូវការហើយ ក្នុង​​ការ​ចូល​​​រួម​​​ស​​​​កម្ម​​​​ភាពនយោបាយជាមួយគណបក្សភ្លើងទៀន ដែលលោកចាត់ទុក​​​ថាធ្វើឡើងក្រោយ​​​ពី​​​មាន​​កា​​​រស្នើសុំពីអ្នកគាំទ្រ និងមន្ត្រីនយោបាយផ្សេងទៀតរបស់បក្សជំទាស់មួយនេះ។

ថ្លែងនៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោក រ៉ុង ឈុន ដែល​​គេ​ស្គាល់ថាជាអ្នកតស៊ូមតិដ៏សកម្មម្នាក់ បានប្រកាសជំហរចូល​​រួមជាមួយគណ​​បក្សភ្លើង​​ទៀន​​ហើ​​យ នៅថ្ងៃនេះ។

ប្រាប់ក្រុមអ្នកកាសែតនៅទីស្នាក់ការសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលស្ថិតក្នុងសង្កាត់​​ចាក់​​​អង្រែ​ក្រោម ខណ្ឌមានជ័យ លោកអះអាងថា មូលហេតុដែលនាំឱ្យរូបលោកសម្រេចចិត្តបម្រើ​​ឱ្យ​​គោល​នយោបាយនៃគណបក្សភ្លើងទៀន នោះក៏ព្រោះតែមានការស្នើពីថ្នាក់ដឹកនាំ និងអ្នកគាំ​​​ទ្រ​របស់បក្សជំទាស់នេះដែរ។

បន្ថែមពីលើនេះ បក្សក្រៅរដ្ឋាភិបាលមួយនេះក៏មានលក្ខណៈសម្បត្តិ​​គ្រប់​​គ្រាន់ ដែលធ្វើឱ្យ​​លោ​ក​​​​​​ចេញចិត្ត និងហ៊ានលះបង់ពេលវេលរបស់លោកពីពេល​​នេះទៅមុខ​​ទៀត ដោយមិនរុញរា​​ឡើយ​​។ ​​ជាពិសេស គណបក្សភ្លើងទៀន គឺមានគោលនយោបាយដូចអ្វី​​ដែល​​​លោក​ចង់បាន គឺធានា​​ឱ្យ​​មា​ន​​​ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម និងអនុវត្តនូវរបបប្រជាធិប​​តេ​​យ្យ សេរី ពហុបក្ស ដ៏ពិតប្រា​​​ក​ដ ហើយការចូលរួមនយោបាយនេះទៀតសោត អាចមានលទ្ធភា​​ព​​ជួយ​​ពលរដ្ឋ​​​បានច្រើនជាង​​ដែល​​បម្រើការងារក្នុងអង្គការសមាគម។

លោកបន្តថា៖ «យើងសម្លឹងមើលថា បើសិនជាចូលរួមក្នុងជីវភាពនយោបាយ មានលទ្ធភាពច្រើនជាងខ្ញុំនៅធ្វើការក្នុងសហជីព។ ខ្ញុំអាចមានលទ្ធភាពជួយកម្មករ ជួយគ្រូបង្រៀនបានច្រើនជាងខ្ញុំនៅ​​ធ្វើ​​ជា​សហភាពសហជីពកម្ពុជា ក៏ដូចជាសមាគមគ្រូបង្រៀនកម្ពុជា​​ឯករាជ្យ។ ដូច្នេះហើយបានជា​​ខ្ញុំ​សម្រេ​ចចូលរួមជាមួយជីវភាពនយោបាយគណបក្សភ្លើងទៀននៅថ្ងៃនេះ និងម៉ោងនេះ»។

បើតាមលោក រ៉ុង ឈុន បើទោះជាពេលនេះ លោកបានសម្រេចចិត្តរួចហើយ ក្នុងកា​​រ​​ចូល​​រួមជាមួយគណបក្សភ្លើងទៀន ក៏លោកមិនទាន់លា​​ឈ​ប់​​​​​ពីសហភាពសហជីពកម្ពុជា ដែល​​លោ​​​​កកំពុងតែគ្រប់គ្រងនៅឡើយដែរ ដោយសារខា​​ង​​គ​​ណៈ​​អ​​ចិ​ន្ត្រៃយ៍គណបក្សភ្លើងទៀន មិនទាន់ឆ្លើ​​យត​​បទទួល ឬមិនមិនទទួលនៅឡើយទេ មកដល់ម៉ោងនេះ។

ជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាអតីតសមាជិក​​ស្ថាប័នជាតិ​​រៀបចំ​​ការ​​បោះ​​​​​​​​ឆ្នោត ដែលហៅកាត់ថា គ.ជ.ប. បានបដិសេធពីតួនាទីដែលលោកទទួលបាននៅក្នុងទ្រនំថ្មី​​ដែលលោក​​​​នឹង​​ចូល​អង្គុ​​យ​​​នេះ។ បើតាមលោក រ៉ុង ឈុន លោកហាក់មិនខ្វល់ខ្វាយសោះឡើយទាក់​​ទងតំណែងដែល​​គណបក្សនឹង​​ផ្តល់សម្រាប់លោក។ បើទោះជាតួនាអ្វីក៏​​ដោយ ក៏លោកស្ម័គ្រ​​ទទួលយកដែរ សំខាន់ឱ្យតែគោលនយោបាយបម្រើសេចក្តីត្រូវការពិតប្រាកដរបស់ពលរដ្ឋ។

ទាក់ទិនរឿងនេះ លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន បង្ហាញការស្វាគមន៍ចំ​​ពោះ​​វត្ត​​មា​ន​​លោក រ៉ុង ឈុន ដែលសម្រេចចូលរួមក្នុងសកម្មភាពនយោបាយជាមួយគណបក្សភ្លើ​​ង​​ទៀ​​ន​​។ លោកបន្តថា នៅចំពោះមុខនេះ គណបក្សបានចេញសេចក្តីថ្លែងការណ៍គាំទ្ររួចហើយ ប៉ុន្តែ​​ការ​​ផ្តល់​​តួនាទីបែបណាបន្ថែមទៀតនោះ អាចនឹងត្រូវរង់ចាំនៅក្រោយសមាជគណ​​បក្សរួច។​​ ប៉ុន្តែ​​សម្រា​​​ប់​​​​ការផ្តល់មុខងារសម្រាប់លោក រ៉ុង ឈុន នេះ មិនមែនធម្មតាពេកនោះទេ។

លោកបន្តថា៖ «យើងស្វាគមន៍ និងសប្បាយចិត្ត ចំពោះការប្រកាសរបស់លោកគ្រូ រ៉ុង ឈុន នេះ។​​ ដូច​​​​យើងដឹងហើយ លោក រ៉ុង ឈុន ហ៊ានលះបង់គ្រប់បែបយ៉ាង ទាំងការងារសហជីព បូរណភាព​​ទឹក​ដី​​ជាមួយប្រទេសជិតខាង ហើយរហូតជាប់ពន្ធនាគារផង ដូច្នេះការផ្តល់តួនាទីសម្រាប់គាត់ អា​ច​​​ស្ថិត​​នៅក្នុងជួរថ្នាក់ដឹកនាំគណបក្ស។ តែខ្ញុំគ្រាន់តែ​​ជាអ្នកនាំពាក្យ មិនអាចដឹងអ្វី​​ច្រើនលើសពី​​នេះទេ។ យើងអាចត្រូវរង់ចាំដល់ក្រោយសមាជបក្ស នឹងបានដឹងហើយ ​​ថ្នាក់ដឹកនាំ​​លោកនឹង​​សម្រេចបែបណា»។

សម្រាប់លោក រ៉ុង ឈុន បញ្ជាក់ជំហរនៅក្នុងសន្និសីទកាសែតកាលពីព្រឹកថ្ងៃអង្គារនេះថា ការ​​ដែ​​ល​​​លោក​​ចូលរួមនេះនឹងមិនមានគោលនយោបាយ ឬក៏យុទ្ធសាស្រ្តថ្មីដែលអាចជួយ​​ឱ្យបក្សភ្លើង​​ទៀ​​​​ន​​ប្រែប្រួលនោះទេ ព្រោះគណបក្សមានការសម្រេចចិត្តរួម និងឯកភាពផ្ទៃក្នុងរួម ទៅលើកម្មវិ​​ធី​​​​នយោបាយ និងចក្ខុវិស័យដែលគណបក្សត្រូវដើរទៅមុខ។ ប៉ុន្តែលោកមានសុទិដ្ឋិនិយមថា វត្តមាន​​​របស់លោកនៅក្នុងគណបក្សភ្លើងទៀននេះ អាចនឹងធ្វើឱ្យការប្រែប្រួលខ្លាំងនៅក្នុ​​ងកា​របោះឆ្នោត​​ជ្រើស​​​តាំងតំណាងរាស្រ្ត អាណត្តិទី៧ ខាងមុខនេះ។

សម្រាប់ការងារជាអ្នកតស៊ូតមិ លោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួន និងជាប់ពន្ធនាគា​​រចំនួន​​ ៣​​លើក ​​រួច​​​មកហើយ។ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៥ លោកត្រូវបានចាប់ខ្លួន និងចោទប្រកាន់​​តា​​ម​​​​​ផ្លូវតុ​លា​​ការ ព្រោះតែហ៊ានរិះគន់អំពីសន្ធិសញ្ញាបំពេញបន្ថែមកម្ពុជា-វៀតណាម។ ដោយឡែក កា​​លពីចុងខែមករា ឆ្នាំ២០១៤ ដោយហ៊ានដឹកនាំទាមទារឱ្យដោះលែងលោក វន់ ពៅ លោកត្រូវ​​បា​​ន​​ចាប់ខ្លួនជាថ្មីទៀត។

ក្រោយពីលោកត្រូវបានផ្តល់សេរីភាពក្រោមការឃ្លាំមើលពីតុលាការ កា​​ល​​​ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ​​២០២០ លោក រ៉ុង ឈុន ក៏ត្រូវចាប់ខ្លួនជាថ្មីទៀត ក្រោយពីលោក​​បាន​​ចេញសេចក្ដីថ្លែងការណ៍ពីកា​​រ​​បាត់​ដីរបស់ពលរដ្ឋកម្ពុជាទៅវៀតណាម នៅ​​ម្តុំត្រពាំងផ្លុង។ 

យ៉ាងនេះក្តី លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យ​ល់​​ឃើញថា វា​​គួរ​​ដល់ពេលដែលលោក រ៉ុង ឈុន គួរចូលរួមនៅក្នុងវិស័យន​​យោបាយហើយ​​។ ​​លោក​​ប​ន្ត​​​ថា​​ អ​​តី​ត​​សមាជិក គ.ជ.ប. រូបនេះ មានសមត្ថភាព និងធនធានគ្រប់​​គ្រាន់ ដែលអាចឆ្លើយ​​តប​​ពី​​ត​ម្រូវ​​​ការចាំ​​បា​​​ច់​​របស់​​ព​​ល​​រដ្ឋបានច្រើនជាង ប្រសិនបើលោកចូលរួមធ្វើនយោបាយ ជាង​​បម្រើ​​ការ​​នៅ​​​​​​ក្នុង​​វិ​​ស័​យ​​​​រោងច​ក្រ​​កាត់​​ដេរ។

លោកបន្តថា៖ «ប្រសិនបើលោក រ៉ុង ឈុន គាត់សម្រេចចិត្តនៅក្នុងការលាចេញពីតួនាទី ក្នុងនាមជាអ្នកការពារសិទ្ធិឱ្យកម្មករ ហើយទៅធ្វើជារឿងនយោបាយ ខ្ញុំគិតថា វាជារឿងដែលសមរម្យហើយ។ វាគួរតែដល់ពេលហើយដែលគាត់ត្រូវធ្វើកិច្ចការមួយដែលគាត់ធ្លាប់ធ្វើពីមុនក្នុងសង្គមស៊ីវិល តែធ្វើមិនបានជោគជ័យ ហើយបញ្ហាដែលគាត់ធ្វើមិនបានជោគជ័យ គឺវាពាក់ព័ន្ធនឹងកត្តានយោបាយ។ វាគឺជារឿងដែលធំចំពោះគាត់»។

ចំណែកលោក យី សុខសាន្ត មន្ត្រីជាន់ខ្ពស់សមាគការពារសិទ្ធិមនុស្សអាដហុក ដែលឃ្លាំមើល​​ដោ​​​​យ​​ផ្ទាល់នៅក្នុងសន្និសីទកាសែតនេះ យល់ឃើញថា នេះជាការសម្រេចចិត្តដ៏ល្អមួយ​​សម្រាប់​​លោ​​ក រ៉ុង ឈុន។ បើតាមលោក យី សុខសាន្ត មានបញ្ហាជាច្រើន​​ដែលមិនអាចចូលរួមដោះ​​ស្រាយ​បាន ​​ក្នុងកម្រិតអង្គការសមាគម ប៉ុន្តែបញ្ហា​​ទាំងនោះអាចដោះ​​ស្រាយបាន​​ក្នុងកម្រិតគោល​​នយោ​​បា​យ​។ ហេតុនេះ ការសម្រេចចិត្តរបស់លោក រ៉ុង ឈុន អាចជាការជ្រើសរើសយកវិធីដោះស្រាយមួយដែលស័ក្តិសម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ