សមត្ថ​កិច្ច​នឹង​ពិចារណា​វិធាន​ការ​ច្បាប់​លើ​អតីត​មន្ត្រី​ក្រសួង​កសិកម្ម​១​រូប​ ​ដែល​ថា​សមត្ថកិច្ច​​ដុត​គ្រឿង​ញៀន​ក្លែង​ក្លាយ

លោក នី ណាក់ កាន់កូនមាន់ ហើយផ្សព្វផ្សាយជាមួយសារទិញម៉ាស់ឱ្យកូនមាន់ពាក់ និង ត្រៀមដាក់ទ្រុងមាន់ក្នុងគ្រាមានអាសន្ន។ (រូបពីហ្វេសប៊ុក នី ណាក់)

សមត្ថកិច្ចនឹងពិចារណាជុំវិញការចាត់វិធានការផ្លូវច្បាប់ លើ​អតីត​មន្ត្រី​ក្រសួង​កសិក​មុ្ម​រុក្ខា​ប្រ​មាញ់​ និង​នេ​សាទ​ ដែលមិនព្រមចេញ​មុខ​​សុំទោ​ស​ជា​សាធារ​ណៈ​  ពាក់ព័ន្ធ​ការ​បង្ហោះ​សារ​កាល​ពី​ចុង​ឆ្នាំ​មុន​ថា​ សមត្ថកិច្ចយក​សា​រធាតុ​ផ្សេងៗ​មក​ដុត​បំផ្លាញ​ក្លែងបន្លំ​ថាជា​សារ​ធាតុ​គ្រឿងញៀន​។

អ្នកនាំ​ពាក្យ​អគ្គ​ស្នង​ការ​ដ្ឋាននគរបា​ល​ជាតិ លោក ឆាយ គឹមខឿន មានប្រសាសន៍នៅថ្ងៃពុធ​ថា  កាលពីចុងឆ្នាំ២០២២ លោក នី ណាក់  ​ម្ចាស់​គណនី​ហ្វេស​ប៊ុក IMan-KH ​ប្រតិដ្ឋ​ព័ត៌​មាន​ចោទ​សមត្ថ​កិច្ច​ថា​ យក​សា​រធាតុ​ផ្សេងៗ​មក​ដុត​បំផ្លាញ​ក្លែងបន្លំ​ជា​សារ​ធាតុ​ញៀន​។ ករណីនេះ លោកថា ក្រសួងបានប្រាប់ទៅម្ចាស់គណនីហ្វេសប៊ុករូបនោះ ឱ្យចេញមុខ​សុំទោ​ស​ជា​សាធារ​ណៈ​ពាក់ព័ន្ធ​ការ​បង្ហោះ​សារ​កាល​ពី​ចុង​ឆ្នាំ​មុន ដើម្បីកុំឱ្យសាធារណរជនមានការភាន់ច្រឡំ។​ ​ប៉ុន្តែ​ត្រូវបាន ម្ចាស់គណនីនោះ ឈ្មោះ លោក នី ណាក់ ​​បដិ​សេធ​​សុំ​ទោស​នេះ។

លោក ឆាយ គឹមខឿន បន្ថែមថា សមត្ថកិច្ចកំពុងពិចារណា ក្នុងការចាត់វិធានការច្បាប់លើលោក នី ណាក់ ​ពាក់ព័ន្ធរឿងប្រតិដ្ឋ​ព័ត៌​មាន​​ ​ចោទ​សមត្ថ​កិច្ច​ថា​ យក​សា​រធាតុ​ផ្សេងៗ​មក​ដុត​បំផ្លាញ​ក្លែងបន្លំ​ជា​សារ​ធាតុ​ញៀន​។

លោកមាន​ប្រសាសន៍ថា៖ «ការឆ្លើយតបរបស់គាត់ជាមួយសមត្ថកិច្ចបែបនេះ បានបញ្ជាក់ជូនសាធារណជនបានជ្រាបហើយថា មនុស្សគាត់របៀបម៉េច ។ ការចាត់វិធានការរបស់ស្ថាប័ន ឬមន្ត្រីអនុវត្តច្បាប់ ផ្អែកទៅលើនីតិវីធី ផ្អែកទៅលើវត្ថុតាងច្បាស់លាស់។ និយាយអ៊ីចឹង មិនមែនអត់មានភស្តុតាងនោះទេ វាស្ថិតនៅក្នុងការពិចារណា និងការកំណត់ថាត្រូវធ្វើម៉េចបន្តទៀត  ដោយចាត់វិធានការយ៉ាងណានោះ ខ្ញុំអត់បញ្ជាក់ជូនទេ»។

តា​មសេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំ​ពាក្យ​នៃ​អគ្គស្នង​ការដ្ឋាន​នគរ​បាល​ជាតិ​ ដែលវីអូឌីទទួលបាននៅថ្ងៃ​ទី១ ខែកុម្ភៈ​ បាន​សរសេរ​ថា ​ថ្មីៗ​នេះ​មាន​គេហ​ទំព័រ​ហ្វេ​ស​ប៊ុ​ក IMan-KH ​របស់​ឈ្មោះ នី ណាក់ ​បាន​បង្ហោះ​សារ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ប្រតិដ្ឋ​មាន​ច​រិ​ត​មួល​បង្កាច់ បរិហា​រកេរ្តិ៍ ដោយបា​ន​ប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិ​យស​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​កង​កម្លាំង​នគ​របាលជា​តិ​។

សេចក្តីប្រកាសដដែល​បន្តថា លោក នី ណាក់​ ​បាន​ចោទ​ប្រកាន់​សមត្ថ​កិច្ច​ថា យក​សារធាតុ​ផ្សេងៗ​មក​ដុត​បំផ្លាញ​បន្លំ​ថាជា​សារធា​តុ​ញៀន​ រួមទាំងចោទ​កម្លាំង​នគរ​បាល​ជាតិ​ថា​ ជា​ចោរ​ដ៏​សា​ហាវ​ជា​មេ​ខ្លោង​ធំនៃ​អំពើ​ជួញដូរ​គ្រឿង​ញៀន​ទៀត​ផង​។​ ករណីនេះ ត្រូវបានសមត្ថកិច្ចអះអាងថា លោក នី ណាក់ ​មាន​ចេត​នា​ វាយប្រហារ​បំផ្លាញ​កិត្យានុ​ភាព កិត្តិ​យស​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​កម្លាំង​នគរ​បាល​ជាតិ ​ក្នុង​គោល​បំណង​​លាប​ពណ៌​ញុះញ​ង់​ធ្វើ​ឱ្យ​សាធារ​ណជន​មានការ​ភាន់​ច្រឡំ ​អស់ជំនឿ​បាត់​បង់​ភាព​កក់​ក្តៅ និង​រើស​អើង​ចំពោះ​កង​កម្លាំង​នគរ​បាល​ជាតិ​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា«​ក្នុង​នាម​កង​កម្លាំង​អនុវត្ត​ច្បាប់​យើង​ខ្ញុំ​នឹង​ប្រើ​ប្រាស់​គ្រប់​វិធាន​ការ​ស្រប​តាម​ច្បាប់​ប្រឆាំង​នូវ​រាល់​ទង្វើ​ទាំង​ឡាយ​ណា​ដែល​ធ្វើឱ្យប៉ះ​ពាល់​ដល់​កិត្យា​នុភាព និង​កិត្តិ​យស​របស់​កង​កម្លាំង​នគរ​បាល​ជាតិ​»​។​

លោក នី ណាក់  មានប្រសាសន៍នៅថ្ងៃពុធ​ថា  លោកមិនសុំទោសជាសាធារណៈ តាមការបង្គាប់បញ្ជារបស់ក្រសួង ពាក់ព័ន្ធរឿងលោករិះគន់សមត្ថកិច្ចថា ​បានយក​សា​រធាតុ​ផ្សេងៗ​មក​ដុត​បំផ្លាញ​ក្លែងបន្លំ​ជា​សារ​ធាតុ​ញៀន​ ​ ពីព្រោះអ្វីដែលលោកលើកឡើងនេះ គ្រាន់តែជាការបញ្ចេញមតិតាមអ្នកជាប់ឃុំនៅក្នុងពន្ធនាគារតែប៉ុណ្ណោះ។

យ៉ាងណា  លោក នី ណាក់ បង្ហាញការព្រួយបារម្ភពីសុវត្ថិភាព  ក្រោយពីសមត្ថកិច្ច ឱ្យលោកចេញមុខសុំទោសជាសាធារណៈ  ពាក់ព័ន្ធករណីនេះ។ ​

លោកមានប្រសាសន៍ថា៖ «សម្រាប់ខ្ញុំមានការព្រួយបារម្ភពីសុវត្ថិភាព ពីព្រោះយើងទើបតែចេញពីពន្ធនាគារថ្មីៗដែរ  ប៉ុន្តែការបញ្ចេញមតិវាតែងតែមានការគំរាមកំហែង  មានការធ្វើទុកបុក្ខម្នេញ មានការចាប់ និងមានការចាត់វិធានការពីខាងតុលាការជាដើម។ ដូច្នេះសូមឱ្យអង្គការសង្គមស៊ីវិល ក៏ដូចជាអ្នកធ្វើការសិទ្ធិមនុស្សជួយតាមដានរឿងរបស់ខ្ញុំផង»។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ចំពោះរឿងដែលលោក នី ណាក់ លើកឡើង តាមសម្តីរបស់អ្នកជាប់ឃុំថា ​សមត្ថ​កិច្ច​យក​សា​រធាតុ​ផ្សេងៗ​មក​ដុត​បំផ្លាញ  ដើម្បី​ក្លែងបន្លំ​ជា​សារ​ធាតុ​ញៀន​នោះ  តាមច្បាប់មិនមានអ្វីដែលត្រូវមានទោសនោះទេ ពីព្រោះសេរីភាពបញ្ចេញមតិមានចែងនៅក្នុងច្បាប់។

លោក ស៊ឹង សែនករុណា ជំរុញទៅអាជ្ញាធរ​ស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងធ្វើការចោទប្រកាន់លើ លោក នី ណាក់  ដើម្បីកុំឱ្យរងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិ ។

លោកមានប្រសាសន៍ថា៖ «ការចាត់វិធានការ គួរតែមានការពិនិត្យឱ្យបានច្បាស់លាស់ជៀសវាងការរិះគន់អំពីសាធារណៈមតិ អំពីការចាត់វិធានការទៅលើការបញ្ចេញមតិរបស់សកម្មជនសង្គម ពាក់ព័ន្ធនឹងបញ្ហាសង្គមដែលកំពុងកើតមានឡើង។ អ៊ីចឹងហើយចង់មិនចង់ បើសិនជាចាត់វិធានការទៅលើលោក នី ណាក់ ដោយមិនមានមូលដ្ឋានច្បាស់លាស់ ច្បាស់ជារងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិទៀតហើយ»។

កា​លពី​ចុងឆ្នាំ​ ២០១៩ លោក នី ណាក់ ធ្លាប់​បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ​ដោយ​មានខ្លឹមសារថា ​ទិញ​ម៉ាស់​ពាក់​ឱ្យ​កូន​មាន់​ ក្នុង​ពេលដែល​ប្រទេស​កម្ពុជា​កំពុង​ជួប​វិបត្តិ​ជំងឺ​កូ​វីដ​ខ្លាំង​។ បន្ទាប់ពី​បង្ហោះ​សារ​នេះ   ត្រូវ​បាន​ក្រសួង​កសិកម្ម​ រុក្ខាប្រ​មាញ់ និង​នេសាទ​ប្តឹង ​ ហើយ​ត្រូវតុ​លាការ​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​​លោក ​នី ណាក់​ ឱ្យ​ជាប់​ពន្ធ​នាគា​រចំនួន ​១៨ ​ខែ និង​ពិន័យ​ប្រាក់​ចូល​ថវិការដ្ឋ​ចំនួន ​២​លាន​កាលពី​ខែ​សីហា ​ឆ្នាំ២០២០​ ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ​ជេរ​ប្រមាថ​ជា​សាធារ​ណៈ និង​ញុះ​ញង់​ឱ្យមាន​ការ​រើស​អើង​។

ក្រោយមក នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២២   លោក នី ណាក់ ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីតុលាការអនុវត្តទោសរបស់លោកចប់តាមអំណាចសាលក្រមស្ថាពររបស់សាលាដំបូងរាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ