សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ចាប់ផ្ដើមហែធម្មយាត្រាដើម្បីលើកកម្ពស់សីលធម៌សង្គម

ទិដ្ឋភាពហែធម្មយាត្រា ស្ដីពី «ការលើកកម្ពស់សីលធម៌សង្គម» រៀបចំឡើងដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ចាប់ផ្ដើមចេញដំណើរនៅថ្ងៃទី១ ខែកុម្ភៈ ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តពោធិ៍សាត់​ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។ (ហ៊ាន រង្សី)

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានហែធម្មយាត្រាថ្មើរជើងចេញពីរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈនេះ ឆ្ពោះទៅខេត្តចំនួន៤ ដោយអះអាងថា ដើម្បីជំរុញការលើកកម្ពស់សីលធម៌សង្គម ខណៈបារម្ភថា បើមនុស្សចាស់គ្រប់លំដាប់ថ្នាក់នៅតែបន្តប្រើភាសាអសុរោះ មិនរួបរួមសាមគ្គីគ្នាដូចមួយរយៈកាលចុងក្រោយនេះ នោះយុវជនបន្តវេននឹងយកគំរូតាម ដែលអាចឱ្យសង្គមជាតិធ្លាក់ទៅក្នុងគ្រោះមហន្តរាយ។

ការចាប់ផ្តើមហែនេះ ធ្វើឡើងក្រោយសមាគមនេះទទួលបានការអនុញ្ញាតពីក្រសួងមហាផ្ទៃ។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី លើកឡើងនៅពីមុខរូបសំណាក់លោកយាយពេញ នារាជធានីភ្នំពេញ ​ថាការហែធម្មយាត្រានេះ គឺចង់ដឹកនាំសកម្មភាពដោយអហិង្សា ជំរុញឱ្យជនគ្រប់រូបចូលរួមលើកកម្ពស់សីលធម៌សង្គម ដោយសារប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពសីលធម៌របស់ជនតូចតាច ឬអ្នកមានអំណាចមួយចំនួន កាន់តែអាក្រក់ទៅ ដែលធ្វើឱ្យសង្គមស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់។

អ្នកស្រី អ៊ុក ឆាយ៉ាវី ថា៖ «ការដែលយើងទាំងអស់គ្នាធ្វើនេះ ដោយសារយើងឃើញថា សង្គមជាតិយើងប៉ុន្មានចុងក្រោយនេះ ឃើញថាកំពុងតែជួបប្រទះនូវអសីលធម៌ខ្លាំងណាស់ សូម្បីតែថ្នាក់ដឹកនាំកំពូល ក៏ប្រើពាក្យអសុរោះដែរ។ អ៊ីចឹងក្នុងនាមសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ យើងចង់ឃើញប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ទាំងអស់ ចេះរួបរួមសាមគ្គី ហើយប្រើភាសាពិរោះពិសាជាមួយគ្នា ដើម្បីជាការមួយដែលធ្វើឱ្យយុវជនបន្តវេន គាត់ធ្វើតាមយើង។ បើយើងជាចាស់ទុំប្រើភាសាមិនពិរោះ ធ្វើឱ្យសង្គមជាតិយើងធ្លាក់ទៅក្នុងគ្រោះមហន្តរាយ»

នៅព្រឹកថ្ងៃទី​១ ខែកុម្ភៈនេះ ធម្មយាត្រាបានចេញដំណើរពីទីតាំងរូបសំណាក់លោកយាយពេញ ក្នុងរាជធានីភ្នំពេញ ខណៈប្រធានសមាគមនេះអះអាងថានឹងបញ្ចប់នៅរមណីយដ្ឋានប្រវត្តិសាស្ត្រឧកញ៉ា ឃ្លាំង មឿង ក្នុងខេត្តពោធិ៍សាត់ ដោយថា ទីតាំងនោះបានរំឭកដល់វីរភាពរបស់លោក ដែលបានពលីជីវិតដើម្បីជាតិ។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ដែលចូលរួមក្នុងធម្មយាត្រានោះដែរ មានប្រសាសន៍ថា ការដើរថ្មើរជើងនេះ គឺបង្ហាញនូវការលះបង់ដើម្បីសីលធម៌សង្គម និងសេចក្ដីសុខសម្រាប់ជនរួមជាតិ។

លោកថា ពលរដ្ឋខ្មែរចង់ឃើញអ្នកនយោបាយ ព្រមទាំងតុលាការ បញ្ចប់និងដោះលែងអ្នកដែលកំពុងជាប់ឃុំដោយគ្មានហេតុផលច្បាស់លាស់ទាក់ទងរឿងនយោបាយ និងសហជីព ឱ្យមានសេរីភាពឡើងវិញ ដូចជា កញ្ញា សេង ធារី និងកញ្ញា ឈឹម ស៊ីថរ ជាដើម ដើម្បីបង្ហាញពីការសាមគ្គី ចៀសវាងយកខ្មែរជាសត្រូវ។

លោក រ៉ុង ឈុន ថា«យើងត្រូវបញ្ចប់នូវវប្បធម៌យកខ្មែរគ្នាឯងជាសត្រូវ។ ត្រូវបញ្ចប់ទៅ! ហើយយើងរួមសាមគ្គីគ្នា ដើម្បីលើកកម្ពស់ជាតិខ្មែរយើងដ៏កម្សត់នេះ ឱ្យរុងរឿងដូចប្រទេសគេជិតខាង។ ហើយបើសិនជាយើងនៅតែមានជម្លោះផ្ទៃក្នុង មានអញអត់ឯង មានឯងអត់អញ អាហ្នឹងវាជារឿងមួយអាណោចអាធ័ម ហើយអ្នកដែលទទួលរងគ្រោះ គឺពលរដ្ឋស្លូតត្រង់»

សង្គមស៊ីវិលចាស់វស្សារូបនេះចង់ឃើញអាជ្ញាធរសម្របសសម្រួលឱ្យអ្នកចូលរួមបានជួបជុំ និងបញ្ចេញមតិរបស់ពួកគេ នៅអំឡុងពេលហែធម្មយាត្រា។

បើតាមលោក រ៉ុង ឈុន ការដើរនេះអាចចំណាយពេលប្រមាណ ១០ថ្ងៃ ក្នុងនោះ អ្នកចូលរួមបានត្រៀមនូវម្ហូបអាហារ ថ្នាំសង្កូវ សម្លៀកបំពាក់ និងកន្លែងស្នាក់នៅរួចរាល់ហើយ។ ក្រៅពីអ្នកចូលរួមប្រមាណ ៥០នាក់ លោកក៏ស្វាគមន៍ពលរដ្ឋផ្សេងទៀតដែលចង់ចូលរួមដើរផងដែរ។

អ្នកហែធម្មយាត្រានឹងធ្វើដំណើរដោយថ្មើរជើងឆ្លងកាត់ខេត្តចំនួន៤ មានខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង និងពោធិ៍សាត់ អមដោយការស្រែកទាមទារនៅតាមដងផ្លូវ។

សេចក្តីថ្លែងការណ៍រួមមួយដែលវីអូឌីទទួលបាន និងចុះហត្ថលេខាដោយប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន, ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី, ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ, អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​ លោក គៀន ពន្លក, និងតំណាងស្ត្រីថ្ងៃសុក្រ អ្នកស្រី ព្រំ ចាន់ថា បានទាមទាររដ្ឋាភិបាលកម្ពុជាកែលម្អសីលធម៌សង្គម ៤ចំណុច ដូចជា ស្នើឱ្យអ្នកនយោបាយខ្មែរគ្រប់ភាគីងាកមករកការផ្សះផ្សាជាតិ និងប្រកួតប្រជែងគ្នាប្រកបដោយសីលធម៌ ក្នុងនាមមនុស្សជាតិ, អ្នកមានអំណាច ត្រូវបញ្ឈប់ការរំលោភបំពានមកលើពលរដ្ឋខ្មែរស្លូតត្រង់។

ក្រៅពីនោះ ពួកគេទាមទាររដ្ឋាភិបាលដោះលែងអ្នកជាប់ឃុំមនសិការទាំងអស់ ដើម្បីបង្ហាញពីភាតរភាព និងសាមគ្គីជាតិខ្មែរនិងខ្មែរ និងចំណុចចុងក្រោយ ស្នើពលរដ្ឋខ្មែរទាំងអស់បញ្ឈប់ការប្រកាន់បក្ខពួកនិយម ហើយងាកមកសាមគ្គី និងមានមេត្តាចិត្ត ក្នុងនាមខ្មែរមហានគរ។

តាមរយៈលិខិតចុះថ្ងៃទី២៦​ ខែមករា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអនុញ្ញាតឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ហែធម្មយាត្រានេះ ក្នុងបរិមាណអ្នកចូលរួមប្រមាណ៥០នាក់។

ប្រធាន​វិទ្យាស្ថានប្រជាធិបតេយ្យ​កម្ពុជា លោក​បណ្ឌិត ប៉ា ចន្ទរឿន មើលឃើញថា នេះជាកម្មវិធីចាំបាច់មួយ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ ការយកចិត្តទុកដាក់ និងពង្រឹងសីលធម៌នៅក្នុងសង្គមខ្មែរ។

លោកថា ទោះសេដ្ឋកិច្ចកម្ពុជារីកចម្រើន ប៉ុន្តែស្ថានភាពសីលធម៌សង្គមនៅបាតនៅឡើយទេ។ រឿងស្មារតី និងសីលធម៌សង្គម ជាវិស័យ មិនសូវបានយកចិត្តទុកដាក់ពង្រឹងឱ្យសមនឹងសន្ទុះនៃការរីកចម្រើនផ្នែកសម្ភារនិងសេដ្ឋកិច្ចនៅកម្ពុជា ដែលកម្ពុជាគួរតែសិក្សាពីប្រទេសជឿនលឿន។ លោកថា​ សង្គមខ្វះសីលធម៌អាចបង្កើតនូវអំពើអយុត្តិធម៌ផងដែរ។

លោក​បណ្ឌិត ប៉ា ចន្ទរឿន ថាធ្វើអ្វីក៏ដោយឱ្យតែមានចេតនាល្អ ហើយចេះជ្រើសវិធីដែលមិនប៉ះពាល់ដល់អ្នកដទៃ វាសុទ្ធតែមានប្រយោជន៍ ខណៈប្រវត្តិសាស្រ្តខ្មែរក៏ធ្លាប់មានធម្មយាត្រាដើម្បីឱ្យមានសន្តិភាពផងដែរ។

លោក ប៉ា ចន្ទរឿន ថា៖ «ខ្ញុំក៏នៅតែជឿថា សម្រាប់សង្គមខ្មែរ ដែលប្រជាពលរដ្ឋភាគច្រើនកាន់ព្រះពុទ្ធសាសនានេះ ការងារការលើកកម្ពស់ការយល់ដឹង និងការយកចិត្តទុកដាក់ក្នុងសង្គមតាមរយៈការធ្វើធម្មយាត្រានេះ នៅតែមានឥទ្ធិពលនៅកម្ពុជាយើងសព្វថ្ងៃ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ