មន្ត្រី​ច្រាន​ចោល​ការ​រក​ឃើញ​កម្ពុជា​បន្ត​ជាប់​ចំណាត់​ថ្នាក់​ធ្ងន់ធ្ងរ​នៃ​អំពើ​ពុក​រលួយ​ ​

កុមារ២នាក់ដើរនៅតាមមាត់ទន្លេនាខណ្ឌជ្រោយចង្វារ ទល់មុខតំបន់អភិវឌ្ឃន៍កោះពេជ្រ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០។ (បញ្ញា ឆពណ្ណ)

មន្ត្រីរាជរដ្ឋាភិបាលលើកឡើងថា ពួកគេគ្មានជំនឿលើរបាយការណ៍រកឃើញថា កម្ពុជាបន្តជាប់ចំណាត់ថ្នាក់អា​​​ក្រក់នៃ​​អំពើពុករ​លួ​​យ ដោយសារតែខ្វះការខំប្រឹងប្រែង ដើម្បីពង្រឹងអភិបាលកិច្ច ប្រជាធិបតេយ្យ និងនី​តិ​​រដ្ឋ ដែលរកឃើញដោយអង្គការអន្តរជាតិឃ្លាំមើលអំពើពុករលួយលើពិភពលោក។

ប្រតិកម្មនេះ បន្ទាប់ពីអង្គការតម្លាភាពអន្តរជាតិ(Transparency International)បានចេញរបាយការណ៍ថ្មីមួយ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ដាក់ចំណាត់ថ្នាក់អំពើពុករលួយរបស់កម្ពុជាក្នុងឆ្នាំ២០២២ ស្ថិតនៅក្នុ​​​ងលេខរៀង១៥០ ក្នុងចំណោម១៨០ប្រទេស។

ចំណាត់ថ្នាក់នេះ ធ្វើឱ្យកម្ពុជាជាប់ក្នុងកម្រិតអំពើពុករលួយធ្ងន់ធ្ងរ ឬអាក្រក់ ដូច៤ឆ្នាំ កន្លងមកដែរ បើទោះ​​បីពេលនេះពិន្ទុកម្ពុជាមានការកើនឡើងជាលំដាប់ពី២០ពិន្ទុ ក្នុងឆ្នាំ២​០​១៨ ដល់២៤ពិន្ទុ ក្នុងឆ្នាំ២​០​២២។

របាយការណ៍ដដែលលើកឡើងថា ប្រទេសកម្ពុជា បានបន្តបោះជំហានយ៉ាងយឺត ពីក្រោយបណ្តាប្រទេសក្នុងតំបន់អាស៊ី ក៏ដូចជាសកលលោក ហើយថា «កត្តាដែលនៅតែបន្តរារាំងកម្ពុជាមិនឱ្យទទួលបានពិន្ទុខ្ពស់ និងចំណាត់ថ្នាក់ល្អ គឺការខ្វះខាតនូវកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យប្រសើរឡើងនូវ​អភិបាលកិច្ចល្អ លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ»។

អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ នៅថ្ងៃពុធនេះ បានបន្តច្រានចោល ការរកឃើញ របស់ស្ថាប័នអន្តរជាតិមួយនេះ។

លោក ឱ្យវីអូឌីដឹង តាមបណ្តាញសង្គមតេឡេក្រាមថា ការដាក់ពិន្ទុនេះ ខុ​សពី​គោល​ការ​ណ៍អ​ន្ត​រជា​តិ​ផង និងខុសពីការពិតផង តែថាអង្គភាពតែងតែទុ​កជាព័ត៌មានសម្រាប់ពិចារ​ណា ។

លោកថា៖«ទោះបីជាយើងមិនដែលទទួលស្គាល់ការដាក់ពិន្ទុនេះ ដែលខុសពីគោលការណ៍អន្តរជាតិផង ខុសពីការពិតផង តែអង្គភាពតែងតែទទួលយកទុកជាព័ត៌មានសម្រាប់ការពិចារណារបស់ខ្លួន»។

ដោយឡែកអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន លើកឡើងថា មកដល់ពេលនេះ លោកមិនទាន់បានដឹងពីវិធីសាស្ត្រនៃការសិក្សាស្រាវជ្រាវនិងមូលដ្ឋានវាយតម្លៃច្បាស់លាស់ ដែលចេញដោយអង្គការអន្តរជាតិនោះនៅឡើយទេ ។

ប៉ុន្តែលោកថា បើការវាយតម្លៃនោះ ផ្អែកតែលើរបាយការណ៍អង្គការ និងស្ថាប័នមួយចំនួន ដែលមាននិន្នា​​កា​រប្រ​​ឆាំង នឹងរិះគន់ររដ្ឋាភិបាលកម្ពុជាខុសពីការពិត ឬក៏សម្ភាសជាមួយអ្នកគំកួនរដ្ឋាភិបាល នោះល​ទ្ធ​ផលវា​យ​​​តម្លៃ នឹងចេញមកដូចអ្វីដែលបានលើកឡើង។

លោកថា៖«ប៉ុន្តែ បើវិធីសាស្ត្រ នៃការស្រាវជ្រាវ ផ្អែកទៅលើរបាយការណ៍ ឬសម្ភាសន៍ ប្រកបដោយតុ​ល្យ​​​ភាព និងជាតំណាងពីគ្រប់ភាគីពាក់ព័ន្ធ នៅក្នុងសង្គម របស់កម្ពុជា អាហ្នឹងវាអាចទៅផ្សេងវិញ»។

​បន្ថែ​ម​លើរបា​យ​ការណ៍នេះ​​ នាយក​​ប្រតិបត្តិ​អង្គការ​​តម្លា​ភាព​ក​ម្ពុ​ជា លោក​ ប៉ិ​ច ​ពិ​សី​  ​ លើ​កឡើងថា អំ​ពើពុ​ក​​​រ​លួយនៅក​ម្ពុជា​ នៅ​តែ​ស្ថិ​តនៅ​កម្រិ​តធ្ង​ន់ធ្ង​រ​ដដែ​ល បើ​ប្រៀប​ធៀប​នឹង​ប​ណ្ដាប្រ​ទេ​សផ្សេ​ង​ៗទៀ​ត​។​

លោកយល់​​ថា  ​ដើម្បី​កាត់ប​ន្ថយអំពើពុក​រលួ​យ ឱ្យមា​នប្រ​សិ​ទ្ធភាព ​វាទាល់​​តែ​រ​ដ្ឋាភិ​បា​ល ព​​​ង្រឹ​​​ង​​ការ​អនុវ​ត្តច្បា​ប់ប្រ​ឆាំ​ង​​អំ​ពើពុករលួយ​ឱ្យបានពេញលេ​​ញ បើក​លំហសិទ្ធិ​សេរី​ភា​ព​បញ្ចេ​ញម​តិ ​តាម​គោ​ល​កា​​​​រ​ណ៍​​សិ​​ទ្ធិមនុ​ស្ស ​និង​ទប់​ស្កាត់​កុំឱ្យ​មាន​កា​រ​រំ​លោភ​អំណាចគ្នា​ រ​វា​ងរ​ដ្ឋ​ស​ភា ​តុលា​ការ​ ​និង​រ​ដ្ឋាភិ​​បាល ​ដូចមា​​នចែងក្នុងរដ្ឋធម្មនុញ្ញ។

បញ្ហានេះ លោក​គិតថា វាទាល់តែមាន​ការ​ប្តេជ្ញា​ចិ​ត្តផ្នែ​កន​យោ​បាយ​ដ៏​មុះ​មុ​ត​ ​ដើ​ម្បីពង្រឹង​នីតិរដ្ឋ ទើបអាចកាត់បន្ថយអំពើពុករលួយខ្នាតធំ នៅកម្ពុជា។

លោកថា៖«ដើម្បីធ្វើដូច្នេះបានទាល់តែយើងធានានូវសុចរិតភាពខ្ពស់បំផុតនៃការបោះឆ្នោតដែលឆ្លុះបញ្ចាំងពិតប្រាកដរបស់ឆន្ទៈអ្នកបោះឆ្នោត»។

ប្រ​​ធានស​មាគ​មកា​​រពា​រសិ​ទ្ធិម​នុស្ស​អាដ​ហុ​ក ​លោក នី​ ​សុខា យល់ឃើ​ញថា​ ​ការ​រឹត​ត្បិត​សេរីភា​ពប​ញ្ចេ​ញមតិ​​ នឹង​ជះឥ​ទ្ធិ​ពល​មិ​នល្អ​ ​ដល់​ដំណើ​រ​កា​របោះឆ្នោត តាមគ​ន្លងប្រជាធិបតេយ្យ។

លោកគិតថា  បើរដ្ឋាភិបាល មិនពិចារណាកែលម្អពីការរកឃើញនេះ កម្ពុជានឹងនៅតែប្រឈមនឹងបញ្ហានេះ ដែលលោកបារម្ភថា ប្រទេសដែលជោគជាំដោយអំពើពុករលួយ វានឹងជំរុញឱ្យមានហានិភ័យសង្គម និងមិនអាចរំដោះពលរដ្ឋចេញពីវិបត្តិក្រីក្របាន។

លោកថា៖«កាលណាមានអំពើពុករលួយ គឺលុយកាក់ទ្រព្យសម្បត្តិទាំងអស់ដែលជាផលប្រយោជន៍ជាតិ ទាំ​ងអស់ហ្នឹងវាធ្លាក់ទៅលើអ្នកមានអំណាច ធ្លាក់ទៅលើអ្នកមានបក្ខពួកនិយម គេអាចមានឱកាសទៅប្រ​ព្រឹ​​ត្តអំពើពុករលួយបាន គេប្រមែប្រមូលអាធនធានហ្នឹងយកទៅធ្វើជាផលប្រយោជន៍បុគ្គលឬជាក្រុម មិនអា​ចរុញអាផលប្រយោជន៍ទាំងអស់ហ្នឹងទៅជាផលប្រយោជន៍ជាតិ ដែលអាចជះអាផលប្រយោជន៍ទាំងអ​​ស់​ហ្នឹង ជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្រីក្រ នៅតាមជនបទទេ ពីព្រោះវាញាំញ៉ីទៅដោយអំពើពុករលួយ »។

លោកយល់ថា អំពើពុករលួយ នឹងធ្វើឱ្យការអនុវត្តច្បាប់ មិនអាចធ្វើតាមស្មារតីនីតិរដ្ឋបាន ដែលធ្វើឱ្យអ្នកមានអំណាច និងអ្នកមានទ្រព្យសម្បត្តិជាអ្នកឈ្នះ បង្កឱ្យមានអយុត្តិធម៌សង្គមកាន់តែរីករាលដាល អ្នករងគ្រោះអស់ជម្រើស អាចនឹងមានចលាចល សង្គមកើតឡើង។

ដោ​យឡែក អង្គការតម្លាភាពអន្តរជាតិ បានគូសបញ្ជាក់ក្នុងរបាយការណ៍វាយតម្លៃនោះថា ចាប់តំាងពីឆ្នាំ២០០៨មក សន្តិភាពពិភពលោក កាន់​តែមានភាពយ៉ាប់យ៉ឺន ហើយអំពើពុរលួយ ជាមូលហេតុ និងលទ្ធផ​ល​សំខាន់នៃបញ្ហានេះ។

អង្គការនោះ បញ្ជាក់ថា អំពើពុករលួយ ធ្វើឱ្យប៉ះពាល់ដល់ការជឿទុកចិត្តលើ​​រដ្ឋាភិបាល និងសមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការការពារសាធារណជន ដែលនាំឱ្យមានការកើនឡើងនូ​វការគំរាមកំហែងផ្នែកសន្តិសុខ ដែលកាន់តែពិបាកគ្រប់គ្រង៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ