សកម្មភាពហែធម្មយាត្រា ក្នុងគោលបំណងលើកកម្ពស់សីលធម៌សង្គម ដែលរៀបចំឡើងដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានចាប់ផ្ដើមចេញដំណើរនៅថ្ងៃទី១ ខែកុម្ភៈ ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តពោធិ៍សាត់ ក្រោមការឃ្លាំមើលរបស់សមត្ថកិច្ចដែលស្លៀកពាក់ស៊ីវិលជាច្រើននាក់។
យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ផ្ញើជូនប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ឱ្យដឹងថា ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដង្ហែធម្មយាត្រា នៅថ្ងៃទី១ ខែកុម្ភៈ ដោយចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់។
យ៉ាងណា ក្រសួងមហាផ្ទៃ ស្នើឱ្យប្រធានសមាគមនេះ ត្រូវសម្របសម្រួល និងសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តពាក់ព័ន្ធ ដើម្បីកំណត់អំពីទីតាំងជួបជុំ តម្រាយផ្លូវធ្វើដំណើរឆ្លងកាត់ និងទីកន្លែងបញ្ចប់ការដង្ហែក្បួនធម្មយាត្រា ដើម្បីធានាបាននូវសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ និងសណ្តាប់ធ្នាប់សាធារណៈ។ បន្ថែមពីនេះ ត្រូវគោរព និងអនុវត្តនូវវិធានសុខាភិបាលដែលបានដាក់ចេញដោយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនានាផងដែរ។
ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ក្នុងពេលបន់ស្រន់នៅមុខរូបសំណាក់លោកយាយពេញ ថាក្បួនហែធម្មយាត្រានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់សីលធម៌សង្គម និងសុំឱ្យមានសេរីភាពពេញលេញសម្រាប់ពលរដ្ឋគ្រប់រូប។
លោកមានប្រសាសន៍ថា៖ «សូមឱ្យបារមីលោកយាយពេញ ចូលសណ្ឋិត ក៏ដូចជាថែរក្សាដល់អ្នកនយោបាយខ្មែរហ្នឹង ឱ្យបន្ទន់ចិត្ត ឱ្យចេះជជែកគ្នា ចៀសវាងយកអំពើហិង្សា ធ្វើការទៅតាមអារម្មណ៍ ត្រូវតែងាកមកមើលច្បាប់ ហើយបើកលំហសេរីភាព ហើយអ្នកនយោបាយប្រកួតប្រជែងឱ្យស្មើៗគ្នា ក៏ដូចជាសហជីព សមាគម ឱ្យមានសិទ្ធិសេរីភាព ក៏ដូចជាពលរដ្ឋទាំងអស់មានសិទ្ធិសេរីភាពទាំងអស់គ្នា ហើយងាកមកគិតទាំងអស់គ្នា មុននិយាយស្តី ឱ្យគិតពីសីលធម៌ ចៀសវាងប្រើពាក្យអសុរោះ»។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ថា ការហែធម្មយាត្រានេះធ្វើឡើងក្នុងគោលបំណងដឹកនាំសកម្មភាពដោយអហិង្សា ជំរុញឱ្យជនគ្រប់រូបចូលរួមទាំងអស់គ្នា ដើម្បីលើកកម្ពស់សីលធម៌សង្គម។ លោកស្រីបន្ថែមថា ធម្មយាត្រាពេលនេះធ្វើឡើង ក៏ដោយសារសង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពសីលធម៌សង្គមធា្លក់ចុះខ្លាំង ហើយសូម្បីតែថ្នាក់ដឹកនាំរដ្ឋាភិបាលកំពូល ក៏បាននិយាយស្តីដោយប្រើពាក្យអសុរោះផងដែរ។
បើតាមគម្រោង សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវហែធម្មយាត្រាចេញពីរូបសំណាក់លោកយាយពេញ នៅវត្តភ្នំ រាជធានីភ្នំពេញ ហើយនឹងបញ្ចប់នៅរមណីយដ្ឋានប្រវត្តិសាស្ត្រ លោកឧកញ៉ា ឃ្លាំង មឿង ក្នុងខេត្តពោធិ៍សាត់ ដើម្បីរម្លឹកដល់វីរភាពរបស់លោកដែលបានពលីជីវិតដើម្បីជាតិ។
កម្មវិធីធម្មយាត្រានេះ ត្រូវហែឆ្លងកាត់ ៥រាជធានី-ខេត្ត រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់៕