ប្រជាពលរដ្ឋរស់នៅជាប់បឹងជើងឯក ស្ថិតក្នុងភូមិដូនឪ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បានជំរុញទៅអាជ្ញាធរឱ្យពន្លឿនការផ្តល់បណ្ណកម្មសិទ្ធិដីធ្លី ដោយបារម្ភពីការបណ្តេញចេញទាំងបង្ខំ។
ការជំរុញនេះ បានធ្វើឡើងខណៈពលរដ្ឋជិត ១០០នាក់ នៅសហគមន៍ដូនឪ នៅថ្ងៃពុធនេះ បាននាំគ្នាទៅប្រមូលផ្ដុំនៅរដ្ឋបាលរាជធានីភ្នំពេញ ដោយពួកគេអះអាងថា ក្រុមហ៊ុនឯកជនធ្វើសកម្មភាពចាក់ដីលុបបឹងជើងឯក ប៉ះពាល់ដល់កន្លែងពួកគេកំពុងរស់នៅ។
ប្រជាពលរដ្ឋនៅភូមិដូនឪ អ្នកស្រី អាន សុខឃីម ប្រាប់វីអូឌីថា ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលមានដីជាង ១០០ក្បាលដី ស្មើជាង ១០០ខ្នងផ្ទះ បានទៅរស់នៅសហគមន៍ដូនឪ ក្នុងសង្កាត់ជើងឯកតាំងពីមុនឆ្នាំ១៩៨២ រហូតមកដល់បច្ចុប្បន្ននេះ ដោយពលរដ្ឋខ្លះប្រកបរបរនេសាទ ដាំបន្លែនៅផ្ទៃបឹង ធ្វើសំណង់ និងធ្វើការងាររោងចក្រជាដើម។ អ្នកស្រីថា ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងរយៈពេលដ៏យូរនេះ គឺអាជ្ញាធរមិនបានចេញបណ្ណកម្មសិទ្ធិឱ្យឡើយ។
ពលរដ្ឋរូបនេះ អះអាងថា បច្ចុប្បន្នដីនៅតំបន់ដែលពួកគាត់កំពុងរស់នៅនោះ ត្រូវបានក្រុមហ៊ុនឯកជនមួយចំនួនកំពុងចាក់ដីលុប ដើម្បីអភិវឌ្ឍន៍ ដោយប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋមួយចំនួនផងដែរ។ អ្នកស្រីថា ប្រជាពលរដ្ឋកំពុងព្រួយបារម្ភពីការបណ្តេញចេញទាំងបង្ខំ ខណៈការកាន់កាប់ដីធ្លីរបស់ពួកគាត់មិនទាន់មានបណ្ណកម្មសិទ្ធិត្រឹមត្រូវ។
មួយទៀតនោះ អ្នកស្រីថា ប្រជាពលរដ្ឋកំពុងជួបការលំបាកក្នុងការរស់នៅ ដោយសារអាជ្ញាធរហាមមិនឱ្យពួកគាត់សាងសង់ផ្ទះ ឬជួសជុស និងអភិវឌ្ឍន៍ផ្សេងៗបានឡើយ។
អ្នកស្រីបន្ថែមថា៖ «ក្រុមហ៊ុនគាត់បានចាក់លុបចូលដល់ជើងសសរផ្ទះប្រជាពលរដ្ឋហើយ ហើយនៅក្នុងភូមិខ្ញុំហ្នឹងតំបន់ខ្លះមានទឹកលិចផ្ទះប្រជាពលរដ្ឋ។ ពួកខ្ញុំចង់ចាក់ដីលុប គឺអាជ្ញាធររារាំងមិនឱ្យប្រជាជនចាក់ដីនោះទេ ហើយផ្ទះប្រជាជនដែលរងផលខូចខាត ឬបាក់បែក ពេលប្រជាជនចង់សាងសង់ឡើងវិញ គឺអាជ្ញាធររារាំងមិនឱ្យធ្វើឡើងវិញទេ។ មួយទៀតអាជ្ញាធរបានបាញ់ថ្នាំបញ្ជាក់ដីក្រុមហ៊ុនចូលដល់ផ្ទះប្រជាពលរដ្ឋជាច្រើន ដែលធ្វើឱ្យពលរដ្ឋបារម្ភពីការបណ្តេញចេញ»។
ពលរដ្ឋនៅសហគមន៍ដូនឪម្នាក់ទៀតអ្នកស្រី ជ្រុន គឹមសាន និយាយថា ការរស់នៅរបស់ប្រជាពលរដ្ឋនាពេលកន្លងមក មិនធ្លាប់មានបញ្ហាអ្វីនោះទេ គឺទើបតែនៅឆ្នាំ២០២០ មានក្រុមហ៊ុនឯកជនមួយចំនួនបានធ្វើសកម្មភាពចាក់លុបបឹងជើងឯកដើម្បីអភិវឌ្ឍន៍ និងបានប៉ះពាល់ដល់ដីរបស់ប្រជាពលរដ្ឋ។
ពលរដ្ឋរូបនេះបន្តថា ចាប់តាំងពីឆ្នាំ២០២០មក គឺអ្នកភូមិបានដាក់ញត្តិទៅរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីស្នើសុំបណ្ណកម្មសិទ្ធិដីធ្លី ប៉ុន្តែមកដល់ពេលនេះ ពួកគាត់នៅមិនទាន់ទទួលបានដំណោះស្រាយណាមួយឡើយ។
អ្នកស្រី ជ្រុន គឹមសាន បន្ថែមថា ការដែលប្រជាពលរដ្ឋទៅប្រមូលផ្ដុំនៅមុខរដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃពុធ គឺដើម្បីជំរុញទៅអាជ្ញាធរពន្លឿនការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លី និងអភិវឌ្ឍន៍នៅនឹងកន្លែង ដោយពួកគាត់មិនព្រមដោះដូរទៅទីតាំងថ្មីឡើយ ព្រោះបារម្ភពីការបាត់បង់មុខរបរ។ អ្នកស្រីថា ពលរដ្ឋក្នុង១គ្រួសារ មានក្បាលដីចន្លោះពី៦ទៅ៧ម៉ែត្រប៉ុណ្ណោះសម្រាប់សង់លំនៅឋានរស់នៅ។
អ្នកស្រីបន្ថែមថា៖ «ពួកយើងទាមទារឱ្យមានប្លង់កម្មសិទ្ធិដីធ្លី ព្រោះពួកខ្ញុំព្រួយបារម្ភខ្លាចគេចាក់លុបហើយ យើងអត់មានប្លង់កម្មសិទ្ធិចឹង គេអាចបណ្តេញយើងចេញដោយគ្មានសំណង។ បើយើងមានប្លង់កម្មសិទ្ធិយើងអត់សូវបារម្ភទេ ប៉ុន្តែពេលនេះយើងរស់នៅទាំងភាពភ័យខ្លាច»។
អភិបាលរងរាជធានីភ្នំពេញលោក កើត ឆែ មានប្រសាសន៍ថា លោកមិនទាន់បានដឹងរឿងពលរដ្ឋសហគមន៍ដូនឪឡើងទៅរដ្ឋបាលរាជធានីភ្នំពេញនោះទេ ប៉ុន្តែលោកថា រាល់បញ្ហាវិវាទដីធ្លីរបស់ប្រជាពលរដ្ឋ គឺអាជ្ញាធរត្រូវតែដោះស្រាយជូន ដោយមិនទុកចោលពលរដ្ឋណាម្នាក់ឡើយ។
លោកបន្ថែមថា៖ «អត់អីទេ តែគាត់មានបញ្ហាអីគឺគេដោះស្រាយឱ្យហើយ មិនមានពីណាគេទុកការងារហ្នឹងចោលទេ»។
វីអូឌី មិនអាចសុំការឆ្លើយតបពីចៅសង្កាត់ជើងឯកលោក លាស់ សុខលឹម បានទេ ដោយលោកប្រាប់ថា កំពុងជាប់រវល់ប្រជុំ។
បើតាមតំណាងពលរដ្ឋដែលចូលទៅជួបជាមួយមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ គឺមន្ត្រីស្ថាប័ននេះ បានឱ្យពលរដ្ឋត្រឡប់ទៅលំនៅឋានវិញ ដោយសន្យាថា យកបញ្ហានេះទៅពិភាក្សាជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីឈានទៅរកការសម្រេច និងដោះស្រាយបន្ត។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត មានប្រសាសន៍ថា ការដែលប្រជាពលរដ្ឋបារម្ភពីបណ្ណកម្មសិទ្ធិដីធ្លី គឺជារឿងត្រឹមត្រូវ។ លោកថា បើសិនជាពលរដ្ឋគ្មានបណ្ណកម្មសិទ្ធិត្រឹមត្រូវទេ នោះពួកគេនឹងប្រឈមការបណ្ដេញចេញដោយបង្ខំនៅថ្ងៃណាមួយ ហើយដីរបស់ពួកគាត់នឹងធ្លាក់ទៅក្នុងដៃរបស់ក្រុមហ៊ុនឯកជន ឬអ្នកមានលុយមានអំណាចណាមួយ ក្រោមរូបភាពអភិវឌ្ឍន៍។
មន្ត្រីសិទ្ធិមនុស្សរូបនេះ បានជំរុញទៅអាជ្ញាធរពាក់ព័ន្ធឱ្យដោះស្រាយ និងចេញបណ្ណសិទ្ធិជូនពលរដ្ឋ ដោយជៀសវាងការ បណ្តេញពលរដ្ឋចេញទាំងបង្ខំ ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិទទួលបានដីធ្លីរបស់ពួកគេ ដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិ។
លោកបន្ថែមថា៖ «អីចឹងអាជ្ញាធរគួរតែពន្លឿន និងយកចិត្តទុកដាក់អំពីសិទ្ធិក្នុងការកាន់កាប់ដីធ្លី និងសិទ្ធិលំនៅឋានរបស់ប្រជាពលរដ្ឋ កុំឱ្យហួសពេល ព្រោះខ្លាចតិចទៀតទៅ ក្រុមហ៊ុនទាំងហ្នឹងអាងតែពលរដ្ឋអត់មានបណ្ណទៅគប់គិតជាមួយមន្ត្រីមិនសូវស្មោះត្រង់មួយចំនួន ហើយបណ្តេញពួកគាត់ចេញពីផ្ទះទាំងបង្ខំ ព្រោះករណីនេះ មានបទពិសោធន៍ច្រើនដងមកហើយ។ អីចឹងហើយប្រជាពលរដ្ឋគាត់មានការប្រយ័ត្នប្រយែងរបស់គាត់ ជាសិទ្ធិរបស់គាត់ដែលមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញ»។
ចំណែកប្រធានគម្រោងសិទ្ធិលំនៅឋាន និងស្រាវជ្រាវ នៃអង្គការសមាគមធាងត្នោត លោក ស៊ាង មួយឡៃ ធ្លាប់លើកឡើងថា រដ្ឋាភិបាលបានកាត់ផ្ទៃបឹងនានាជាច្រើនឱ្យទៅក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ និងអ្នកមានលុយ មានអំណាច ដែលបង្កឱ្យមានភាពអយុត្តិធម៌ក្នុងសង្គម។
មន្ត្រីសង្គមស៊ីវិលរូបនេះលើកឡើងថា ក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ និងអ្នកមានលុយមានអំណាចទាំងនេះ មានសិទ្ធិទទួលបានដីបឹងមកធ្វើជាកម្មសិទ្ធិ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋក្រីក្រដែលរស់នៅ និងអាស្រ័យផលនៅជាប់បឹងនោះរាប់ឆ្នាំ បែរជាមិនត្រូវទទួលបានកម្មសិទ្ធិលើដីរបស់ខ្លួន និងត្រូវរងនូវការបណ្តេញចេញពីលំនៅដ្ឋានទាំងបង្ខំថែមទៀត។
កាលពីខែមីនា ឆ្នាំ២០២២នេះ រដ្ឋាភិបាលបានចេញអនុក្រឹត្យជាបន្តបន្ទាប់កាត់ផ្ទៃដី «បឹងជើងឯក» ទំហំជាង១២ហិកតា ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីក្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ទៅឱ្យឧកញ៉ា ឡោក ហ៊ួរ និងក្រសួងមហាផ្ទៃសម្រាប់ធ្វើកម្មសិទ្ធិ និងអភិវឌ្ឍន៍ផ្សេងៗ៕