តុលាការកំពូលសម្រេចឱ្យអ្នកសារព័ត៌មានជាប់ពន្ធនាគារពីរឆ្នាំ ករណីបង្ហោះសារលើហ្វេសប៊ុករិះគន់រដ្ឋាភិបាល

លោក កៅ ពិសិដ្ឋ អ្នកសារព័ត៌មានមួយរូបប្រចាំខេត្តបាត់ដំបង។ (ហ្វេសប៊ុកលោក កៅ ពិសិដ្ឋ)

ចៅក្រមជំនុំ​ជម្រះនៃតុលាការកំពូល ប្រកាស​សាលដីកា​ដោយតម្កល់​​សាលដីកាសាលាឧទ្ធរណ៍បាត់ដំបង​ទុកជាបានការដដែល​ ដោយឱ្យ​អ្នកសារព័ត៌មាន​អនឡាញម្នាក់ឈ្មោះ​ កៅ ពិសិដ្ឋ បន្ត​ជាប់​ពន្ធនាគារ ២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ចំនួន៣លាន​​រៀលដដែល​។  

ប្រធានចៅក្រម​ជំនុំ​ជម្រះ​ នៃតុលាការកំពូល លោក គង់ ស្រ៊ីម ប្រកាសនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ​២០២៣ ​ថា​ការដែល ​​លោក កៅ ពិសិដ្ឋ បានបង្ហោះ​ហ្វេស​ប៊ុក ​ដោយ​​រិះគន់​ថា ​ប្រជាជន​ខ្មែរមិនពេញចិត្ត​លើ​ការដឹកនាំ ឬថា​​ទ្រព្យសម្បត្តិរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន បានមកពីអំពើពុករលួយ និង​​ថា​វ៉ាក់សាំងចិន​មិនទាន់ទទួលស្គាល់ដោយ​អង្គការសុខភាពពិភព​លោក ជាដើមនោះ ​ពិតជាបានប្រព្រឹត្តបទល្មើសពិតមែន​។​

បន្ថែមពីនេះ​ ក្រម​ជំនុំ​ជម្រះ​នៃតុលាការកំពូល បានសម្រេច​ប្ដូរបទចោទលើលោក កៅ ពិសិដ្ឋ ពីបទ​ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ទៅជា​បទ «ប្រព្រឹត្តអំពើបង្ក​ឱ្យ​វឹកវរ​ធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ហើយ​ចំណែកបទចោទ​ «រារាំងដល់ការអនុវត្តវិធានការ» នៅរក្សា​ទុកដដែល។  

លោក នួន ផានិត មេធាវីការពារសិទ្ធិឱ្យលោក កៅ ពិសិដ្ឋ នៅតែយល់ថា​ ការដែល​ចៅក្រម​នៅតែសម្រេចបែបនេះ​ គឺជា​​រឿងអយុត្តិធម៌​សម្រាប់​កូនក្ដី​របស់​លោក​ ដោយគ្រាន់​តែ​អនុវត្តសេរីភាព​បញ្ចេញមតិរបស់ខ្លួន​ប៉ុណ្ណោះ​​។

លោកថា៖ ​«​​ខ្ញុំយល់ថាជាសិទ្ធិសេរីភាពបញ្ចេញមតិ​ ទោះបីជាការបញ្ចេញមតិរបស់គាត់ហ្នឹង​ វាជ្រុលជ្រួសពីការពិត​ ជាការចោទប្រកាន់ទាក់ទងនឹងអំពើពុករលួយ​ ការរិះគន់​ពី​ប្រសិទ្ធភាព​វ៉ាក់សាំងកូវីដ-១៩ របស់ប្រទេស​ចិន​មានប្រសិទ្ធភាពដែរឬទេ តែការចោទប្រកាន់​ពីបទហ្នឹងវាធ្ងន់ធ្ងរពេក​​»។

ចំណែក​អ្នកស្រី​ កៅ ម៉ាលីស អាយុ៣៤ឆ្នាំ ​ដែលជាប្អូន​ស្រីរបស់​លោក កៅ ពិសិដ្ឋ ​សោកស្ដាយ​ដែល​តុលាការ​កំពូល​​សម្រេច​​ផ្ដន្ទាទោស​លើបងប្រុសឱ្យបន្តជាប់ពន្ធនាគារ​​​ ព្រោះអ្នកស្រីយល់ថា​ បងប្រុស​ខ្លួនមិនបានប្រព្រឹត្តបទល្មើស ដោយគ្រាន់តែ​បង្ហោះហ្វេសប៊ុកនោះទេ​។

អ្នកស្រីថា​៖​ «សោកស្ដាយហ្នឹងហើយ​ បើគេមិនព្រម ​ធ្វើម៉េច! មានតែសោកស្ដាយហ្នឹងហើយ​»។

បើតាម​កតិកាសញ្ញាអន្តរជាតិ​ ស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ​ មាត្រា១៩ ចែងថា​ ជនគ្រប់រូបមានសិទ្ធិប្រកាន់យកមតិយោបល់ដោយគ្មានការជ្រៀតជ្រែក ហើយ​ជនគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិនេះត្រូវរាប់បញ្ចូលទាំងសេរីភាពស្រាវជ្រាវព័ត៌មាន ទទួលនិងផ្សព្វផ្សាយព័ត៌មាន និងគំនិតសព្វបែបយ៉ាងដោយមិនគិតពីព្រំដែន ដោយផ្ទាល់មាត់ សរសេរ ឬបោះពុម្ព តាមទម្រង់សិល្បៈ ឬក៏ដោយមធ្យោបាយផ្សព្វផ្សាយដទៃទៀត តាមការជ្រើសរើសរបស់ខ្លួន។

មាត្រា​ដដែលនេះថា​ ការប្រើប្រាស់សិទ្ធិដែលចែងខាងលើនេះ​ តម្រូវឱ្យមានករណីយកិច្ច និងការទទួលខុសត្រូវពិសេស។ ដូច្នេះការប្រើប្រាស់សិទ្ធិនេះអាចមានការរឹតត្បិតមួយចំនួនដែលត្រូវកំណត់ដាច់ខាតដោយច្បាប់ និងដែលចាំបាច់ ដើម្បី គោរពសិទ្ធិ និងកិត្តិសព្ទរបស់អ្នកដទៃ និង​ការពារសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាព ឬសីលធម៌។​

ដោយឡែក ​ច្បាប់​ស្ដីពីរបប​សារព័ត៌មានវិញ ​ក៏​មិនមានបញ្ញត្តិអំពីការផ្ដន្ទាទោស​ដាក់ពន្ធនាគារនោះដែរ ដោយគ្រាន់តែចង្អុលបង្ហាញ​ឱ្យមានការកែតម្រូវ​ លុបចេញ ឬត្រូវ​រងពិន័យជាប្រាក់​ប៉ុណ្ណោះ​។

ទោះជាយ៉ាងណាក៏ដោយ នាយិកាស្ដីទី​ នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) អ្នកស្រី ឆន សុគន្ធា ចាត់ទុកការសរសេរសារនៅបណ្តាញសង្គមហ្វេសប៊ុករបស់លោក កៅ ពិសិដ្ឋ គឺជាសេរីភាពនៃការបញ្ចេញមតិប៉ុណ្ណោះ។

អ្នកស្រីយល់ថា ការសម្រេចរបស់តុលាការនេះ​ គឺជារឿងអយុត្តិធម៌​សម្រាប់លោក កៅ ពិសិដ្ឋ ​​ដោយសារនៅក្នុងប្រទេសកម្ពុជាយើង ​ក្នុងរដ្ឋធម្មនុញ្ញបានចែងពីសិទ្ធិសេរីភាពបញ្ចេញមតិ​​ ហើយប្រទេសកម្ពុជាក៏ជាហត្ថលេខី​នៃកតិកាសញ្ញា និងអនុសញ្ញា​សិទ្ធិមនុស្សអន្តរជាតិនានា ហើយដែលខ្លឹមសារនៃកតិកាសញ្ញានិងអនុសញ្ញាទាំងនោះ​ក៏ត្រូវបានដាក់​ចូលក្នុងរដ្ឋធម្មនុញ្ញកម្ពុជាផងដែរ​។

អ្នកស្រីថា៖ «អ៊ីចឹងការបញ្ចេញមតិ​យោបល់របស់លោក ពិសិដ្ឋ​ ​មិនមែនមានន័យថា​ឱ្យតែមានការ​រិះគន់​ឱ្យមានលក្ខណៈប្រសើរឡើង ​គឺជាការរិះគន់ និងការបង្អាប់ទេ»។​​​  

លោក កៅ ពិសិដ្ឋ អ្នកសារព័ត៌មាន​របស់គេហទំព័រ www.srbreakingnews.com ត្រូវបាន​សមត្ថកិច្ច​ខេត្តបាត់ដំបង ចាប់ខ្លួន​កាលអំឡុង​ខែកក្កដា ឆ្នាំ២០២១។

អង្គការអ្នក​សារព័ត៌មានគ្មានព្រំដែន កាលពី​ថ្ងៃទី​​២១ ខែ​កក្កដា ឆ្នាំ​២០២១ បាន​ចេញសេចក្តីថ្លែងការណ៍​​មួយ ទាមទារឱ្យអាជ្ញាធរកម្ពុជាដោះលែង​​​លោក កៅ ពិសិដ្ឋ ជាបន្ទាន់និងឥតលក្ខ​ខណ្ឌ ដោយកាលណោះ ​​អង្គការ​អន្តរជាតិ​មួយនេះថា​ រដ្ឋាភិបាល​កម្ពុជាកំពុងប្រើលេស​ទប់ស្កាត់​ជំងឺកូវីដ-១៩ ទៅបំបិទសំឡេង​អ្នករិះគន់តែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ