សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តរបស់ខ្លួន បានដាក់ទណ្ឌកម្មបន្ថែមទៀតលើរបបយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃអង្គារ ចំគម្រប់ខួប ២ឆ្នាំ នៃការធ្វើរដ្ឋប្រហារយោធា ដោយកំណត់គោលដៅលើមន្ត្រីថាមពល និងសមាជិករបបយោធាផ្សេងទៀត។
ទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើគណៈកម្មការបោះឆ្នោតសហភាព (Union Election Commission) មន្ត្រីសហគ្រាសរុករករ៉ែ និងមន្ត្រីថាមពល ក្នុងចំណោមបុគ្គលផ្សេងទៀត។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងរតនាគារអាមេរិក និងត្រូវបានដកស្រង់យកមកចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។
អ្នកនាំពាក្យរតនាគារ បាននិយាយថា វាជាលើកដំបូងដែលសហរដ្ឋអាមេរិកបានកំណត់គោលដៅលើមន្ត្រីសហគ្រាសប្រេង និងឧស្ម័នមីយ៉ាន់ម៉ា (MOGE) ក្រោមកម្មវិធីដាក់ទណ្ឌកម្មលើរបបយោធាមីយ៉ាន់ម៉ានាពេលបច្ចុប្បន្ន។
ប្រទេសកាណាដា អូស្ត្រាលី និងចក្រភពអង់គ្លេស ក៏បានប្រកាសដាក់ទណ្ឌកម្មផងដែរ។
រតនាគារ បានឱ្យដឹងទៀតថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានកំណត់គោលដៅលើនាយកគ្រប់គ្រង និងនាយករងនៃ MOGE ដែលជាសហគ្រាសរកប្រាក់ចំណូលធំបំផុតតែមួយគត់របស់របបយោធា។
ទីក្រុងវ៉ាស៊ីនតោន ក៏កំណត់គោលដៅលើរដ្ឋមន្ត្រីក្រសួងថាមពល (Union Minister of Energy) ដែលរតនាគារបានលើកឡើងថា តំណាងឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា ក្នុងការចូលរួមផ្នែកថាមពលអន្តរជាតិ និងក្នុងស្រុក និងគ្រប់គ្រងអង្គភាពគ្រប់គ្រងដោយរដ្ឋដែលពាក់ព័ន្ធនឹងការផលិត និងការនាំចេញប្រេង និងឧស្ម័ន។
រតនាគារ បានបន្តថា ទីក្រុងវ៉ាស៊ីនតោន ក៏បានកំណត់គោលដៅលើអតីតមន្ត្រីយោធាមីយ៉ាន់ម៉ាផងដែរ ដោយចោទកងទ័ពអាកាសថាបានបន្តការវាយប្រហារតាមអាកាសដោយប្រើយន្តហោះដែលផលិតដោយរុស្ស៊ី ប្រឆាំងនឹងកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលបានសម្លាប់ជនស៊ីវិល។
ពាក់ព័ន្ធនឹងករណីនេះ ប្រទេសកាណាដា បានកំណត់គោលដៅលើបុគ្គលចំនួន៥នាក់ និងហាមឃាត់ការនាំចេញ ការលក់ ការផ្គត់ផ្គង់ ឬការដឹកជញ្ជូនឥន្ធនៈអាកាសចរណ៍សម្រាប់សកម្មភាពរបស់យោធាមីយ៉ាន់ម៉ា។
ក្រៅពីនេះ ប្រទេសអូស្ត្រាលី បានកំណត់គោលដៅលើសមាជិករបបយោធា និងក្រុមហ៊ុនគ្រប់គ្រងដោយយោធា។
លើសពីនេះ អង់គ្លេស បានកំណត់គោលដៅលើក្រុមហ៊ុនចំនួន២ និងបុគ្គល២រូប ចំពោះការជួយផ្គត់ផ្គង់កម្លាំងទ័ពអាកាសរបស់មីយ៉ាន់ម៉ា ជាមួយនឹងឥន្ធនៈអាកាសចរណ៍ដែលប្រើសម្រាប់ធ្វើយុទ្ធនាការទម្លាក់គ្រាប់បែកប្រឆាំងនឹងពលរដ្ឋរបស់ខ្លួន។
ទាក់ទិននឹងករណីនេះ លោក ចន ស៊ីហ្វតុន (John Sifton) នាយកតស៊ូមតិប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បាននិយាយថា ទោះបីជាមានការប្រកាសដាក់ទណ្ឌកម្មកាលពីថ្ងៃអង្គារក៏ដោយ ក៏សហរដ្ឋអាមេរិកនៅតែមិនអាចប្រៀបនឹងទណ្ឌកម្មដែលដាក់ដោយសហភាពអឺរ៉ុប លើប្រាក់ចំណូលពីឧស្ម័នធម្មជាតិ និងធនាគារដែលដំណើរការការទូទាត់ប្រាក់បរទេស។
លោក Sifton បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ជាលទ្ធផល វិធានការដែលបានដាក់ចេញរហូតមកដល់ពេលនេះ មិនមានប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងការផ្លាស់ប្តូរឥរិយាបថរបស់របបយោធាឡើយ»។
គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលនាំទៅរកការផ្លាស់ប្តូរដែលមិនធ្លាប់មានពីមុនមក នៅក្នុងប្រទេសមួយនេះ។ ចាប់ពីពេលនោះមក ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចល ដោយមានចលនាតស៊ូប្រយុទ្ធប្រឆាំងនឹងយោធាបន្ទាប់ពីការបង្ក្រាបយ៉ាងបង្ហូរឈាមលើក្រុមប្រឆាំង ដែលនាំឱ្យមានការដាក់ទណ្ឌកម្មពីលោកខាងលិចជាបន្តបន្ទាប់៕