អាមេរិកត្រៀមផ្ដល់ជំនួយបន្ថែមដល់អ៊ុយក្រែនដែលមានតម្លៃជាង២ពាន់លានដុល្លារ

កាំជ្រួចប្រឆាំងរថក្រោះ Javeline ។ (REUTERS/Jonathan Ernst)

មន្ត្រីអាមេរិក បានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងត្រៀមផ្តល់ជំនួយយោធាជាង ២​ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ក្នុងនោះមានរ៉ុក្កែតរយៈចម្ងាយឆ្ងាយជាលើកដំបូង ក៏ដូចជាគ្រាប់ និងអាវុធផ្សេងទៀតផងដែរ។ នេះ​បើ​តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។

ប្រភពដដែលបន្តថា ជំនួយនេះនឹងត្រូវប្រកាសក្នុងអំឡុងសប្តាហ៍នេះ ហើយកញ្ចប់ជំនួយនេះក៏រួមបញ្ចូលផងដែរនូវឧបករណ៍ជំនួយសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot គ្រាប់បែករ៉ុក្កែត (precision-guided munitions) និងអាវុធប្រឆាំងរថក្រោះ Javelin។

ប្រភពដដែលបន្តទៀត​ថា មួយ​ផ្នែក​នៃកញ្ចប់ជំនួយនេះដែលមានចំនួន១ ៧២៥​ពាន់លានដុល្លារ ទទួលបានពីមូលនិធិគម្រោងជំនួយស​ន្តិសុខ​អ៊ុយ​ក្រែន (USAI) ដែលអនុញ្ញាតឱ្យរដ្ឋបាលរបស់លោក ចូ បៃឌិន ទទួលបានអាវុធពីឧស្សាហកម្មជាជាងដកពីឃ្លាំងអាវុធរបស់សហរដ្ឋអាមេរិក។

មូលនិធិ USAI នឹងមានគោលដៅទិញអាវុធថ្មី គឺ​គ្រាប់​បែក Ground Launched Small Diameter Bomb (GLSDB) ដែលផលិតដោយក្រុមហ៊ុន Boeing Co (BA.N) ដែលអាចបាញ់បានចម្ងាយ ១៥០​គីឡូ​ម៉ែត្រ។

មីស៊ីលរយៈ​ចម្ងាយ​ឆ្ងាយ GLSDB អាចឱ្យអ៊ុយក្រែនវាយលុកគោលដៅដែលនៅឆ្ងាយ និងអាច​រុញច្រានរុស្ស៊ីឱ្យថយក្រោយ។

មូលនិធិ USAI ក៏នឹង​ត្រូវបានប្រើដើម្បីរ៉ាប់រង​លើសម្ភារផ្សេងទៀតនៃប្រព័ន្ធការពារដែនអាកាស HAWK, ប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើក (counter drone systems), រ៉ាដាឃ្លាំមើលដែនអាកាស, ឧបករណ៍ទំ​នាក់​ទំនង, ដ្រូន PUMA និង​គ្រឿងបន្លាស់សម្រាប់ប្រព័ន្ធសំខាន់ៗដូចជា Patriot និង Bradley។

កញ្ចប់ជំនួយនេះក៏មានសម្ភារបរិក្ខារវេជ្ជសាស្រ្តយ៉ាងច្រើនផងដែរ។

សេតវិមាន បានបដិសេធធ្វើអត្ថាធិប្បាយ។ ​ទំហំនៃកញ្ចប់ជំនួយនេះអាចផ្លាស់ប្តូររហូតដល់មានការចុះហត្ថលេខាដោយលោក ចូ បៃឌិន។

បន្ថែមពីលើមូលនិធិ USAI ជំនួយដែលមានតម្លៃជាង ៤០០​លានដុល្លារ នឹងបានពីមូលនិធិ Presidential Drawdown Authority ដែលអនុញ្ញាតឱ្យប្រធានាធិបតីអាមេរិកដកពីឃ្លាំងរបស់អាមេរិកបច្ចុប្បន្នក្នុងគ្រាអាសន្ន។

ជំនួយនោះក៏នឹងរួមបញ្ចូលរថពាសដែក (MRAPs) ប្រព័ន្ធកាំជ្រួញហ្វូង (GMLRS) និងគ្រាប់ផ្សេងទៀត។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានផ្តល់ជំនួយសន្តិសុខដែលមានតម្លៃប្រហែល ២៧,២​ពាន់លានដុល្លារ ដល់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីនៅខែកុម្ភៈ ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ