រដ្ឋាភិបាលបានបន្តផ្តល់ដីបឹងតាមោក ឱ្យស្ថាប័នរដ្ឋ និងបុគ្គលឯកជន ក្នុងនោះបានផ្ដល់ផ្ទៃដីជាង ៧ហិកតា ទៅឱ្យអគ្គិសនីកម្ពុជា (EDC)។
យោងតាមអនុក្រឹត្យចំនួន៨ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ និងត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ រដ្ឋាភិបាលបានសម្រេចផ្ទេរផ្ទៃដីចំនួន ៧,០៥ហិកតា នៃបឹងតាមោក ទៅឱ្យ EDC។ ផ្ទៃដីដែលត្រូវបានផ្ទេរនេះ ស្ថិតនៅភូមិភាគឦសាននៃបឹងតាមោក ដែលកំពុងត្រូវបានចាក់ដីលុបយ៉ាងឆាប់រហ័ស និងបានបង្កឱ្យមានការតវ៉ាពីប្រជាពលរដ្ឋដែលរស់នៅជាប់មាត់បឹង។
ទោះយ៉ាងនេះក្តី កូអរដោណេផ្ទៃដីដែលផ្តល់ដោយរដ្ឋាភិបាល បង្ហាញថា ផ្នែកនៃដីដែលបានបែងចែកនោះ ត្រួតលើដីផ្សេងទៀតដែលត្រូវបានបែងចែក និងដែលត្រូវបានផ្តល់ឱ្យឈ្មោះ សោម សុខដារ៉ាមនុអេរីកា (Som Sokdaramonuerika), សោម សុខដារ៉ារីគីអូ (Som Sokdararikio) និង សោម សូមាលីកា (Som Somalika) ក្នុងឆ្នាំ២០២១។
ដីបឹងតាមោក ត្រូវបានផ្ទេរទៅឱ្យស្ថាប័នរដ្ឋាភិបាល ដូចជា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រសួងមហាផ្ទៃ និងរដ្ឋបាលរាជធានីភ្នំពេញ ខណៈអ្នកដែលមានទំនាក់ទំនងជាមួយបុគ្គលមានឥទ្ធិពលក៏ទទួលបានដីផងដែរ។
រដ្ឋបានផ្ទេរដីប្រមាណ ៣ហិកតា ទៅឱ្យតារាចម្រៀងដ៏ល្បីនៅកម្ពុជាគឺ លោក ព្រាប សុវត្ថិ កាលពីឆ្នាំមុន ខណៈដីប្រហែល ១៥៥ហិកតា ត្រូវបានផ្ទេរទៅឱ្យឧកញ៉ាក្នុងស្រុក និងជាម្ចាស់ក្រុមហ៊ុន Anco Group លោក កុក អាន, ផ្ទៃដីជិត ១០០ហិកតា ត្រូវបានផ្ទេរទៅឱ្យឈ្មោះ ជឹង ធានសេង កូនប្រុសឧកញ៉ា ជឹង សុភាព និង ៧៥ហិកតា ត្រូវបានផ្ទេរទៅឱ្យឈ្មោះ សាយ សោភា ជាភរិយារបស់លោក ភឺន ផល្លា មេបញ្ជាការរងកងពលតូចលេខ៧០ ជាដើម។
បឹងតាមោក ជាបឹងមួយក្នុងចំណោមបឹងចុងក្រោយនៅក្នុងរាជធានីភ្នំពេញ ខណៈក្រុមអ្នកការពារបរិស្ថានបានបង្ហាញពីក្តីបារម្ភចំពោះការចាក់បំពេញដីនៅក្នុងបឹងនេះ។ តែយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបដិសេធរាល់ការលើកឡើង ដែលថាការលុបបឹងនេះរួមចំណែកដល់ការជន់លិចក្នុងរាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីខែមករា ឆ្នាំ២០២១ថា៖ «[ប្រទេសផ្សេងទៀត] លុបបឹងដើម្បីអភិវឌ្ឍន៍ទីក្រុងរបស់ពួកគេ ប៉ុន្តែនៅទីនេះ [ប្រទេសកម្ពុជា] ពួកគេរិះគន់ម្តងហើយម្តងទៀត។ ទេ! ទោះបីជាអ្នកថ្កោលទោសក៏ដោយ យើងនៅតែធ្វើ»៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Electricite Du Cambodge Gets 7 Hectares of Boeng Tamok
កែតម្រូវ៖ ចំណងជើងអត្ថបទរឿង «អគ្គិសនីកម្ពុជា (EDC) ទទួលបានដីជាង៧០ហិកតានៅបឹងតាមោក» ទៅជា «អគ្គិសនីកម្ពុជា (EDC) ទទួលបានដីជាង៧ហិកតានៅបឹងតាមោក»