លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សំដែងការបារម្ភពីគន្លាតធ្លាក់ចុះខ្លាំងនៃចំនួនសិស្សប្រុសដែលបានប្រឡងជាប់បាក់ឌុបនៅក្នុងឆ្នាំ២០២២ បើធៀបទៅនឹងចំនួនសិស្សស្រីដែលបានប្រឡងជាប់ និងស្នើឱ្យមានការសិក្សាអំពីបញ្ហានេះ។
ការលើកឡើងរបស់លោកនាយកដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងក្នុងពេលដែលលោកជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់បាក់ឌុបទទួលបាននិទ្ទេស A នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ការបារម្ភរបស់លោក ហ៊ុន សែន ក្រោយពីលោកបានពិនិត្យមើលតួលេខសិស្សប្រឡងជាប់បាក់ឌុបសម្រាប់ឆ្នាំសិក្សាឆ្នាំ ២០២១-២០២២ ដែលបង្ហាញថា ចំនួនសិស្សស្រីដែលបានប្រឡងជាប់បាក់ឌុបនៅទូទាំងប្រទេសមានរហូតដល់ជិត ៨០ភាគរយ ខណៈសិស្សប្រុសមានត្រឹមតែជាង ២០ភាគរយប៉ុណ្ណោះ។
ជាការឆ្លើយតបភ្លាមៗទៅកាន់លោក ហ៊ុន សែន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារុន លើកឡើងថា គម្លាតបែបនេះ មិនត្រឹមតែកើតឡើងនៅក្នុងប្រទេសកម្ពុជានោះទេ ពោលលោកថា បញ្ហានេះវាគឺជានិន្នាការសកល។ ទោះជាបែបនេះក្តី លោកនៅតែចង់ឱ្យមានការពិនិត្យ និងសិក្សាឱ្យបានច្បាស់លាស់អំពីបញ្ហានេះ ដើម្បីឈានដល់ការដោះស្រាយអំពីគម្លាតនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ៖«ម្ខាងយើងមានមោទនភាពអំពីការកើនឡើងនៃចំនួនសិស្សជាស្រ្តីដែលបានប្រឡងជាប់នៅមធ្យមសិក្សាទុតិយភូមិ យើងមានមោទនភាព តែម្ខាងទៀតយើងក៏មានការកង្វល់ដែរ កង្វល់ត្រង់ថា ហេតុអីបានជាក្នុងចំនួនអ្នកដែលជាប់ ១០០នាក់ ៧៧នាក់បានទៅស្រ្តី[…] អ៊ីចឹងចំណុចនេះជាចំណុច តើមកពីមូលហេតុអី? ផ្នែកសិក្សា ផ្នែកការស្រាវជ្រាវ គួរត្រូវស្រាវជ្រាវថាតើមកពីមូលហេតុអ្វី?[…] នេះហើយគឺជាបញ្ហា ពីមុនគម្លាតវាអត់ធំប៉ុន្មានទេ ឥលូវគម្លាតវាធំពេក វាធំពេក ខ្ញុំមិនដឹងថាក្រសួងអប់រំបានសិក្សាលើចំណុចនេះឬអត់?»។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងប្រទេសកម្ពុជាតួលេខនៃសិស្ស និស្សិតនៅកម្រិតមធ្យមសិក្សា ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួនសិស្សជាស្រ្តី គឺមានចំនួនច្រើនជាងបុរស ប៉ុន្តែចាប់ពីកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ទៅចំនួនស្រ្តីមានការថយចុះ បើធៀបជាមួយចំនួនបុរស ដែលលោកថា កត្តាប្រពៃណីក៏ជាអាចជាមូលហេតុមួយរារាំងដល់ការអប់រំរបស់ស្រ្តី ដោយសារតែស្រ្តីត្រូវមានគូស្រករ និងត្រូវមើលថែទាំកូនជាដើម។
បើតាមក្រសួងអប់រំ យុវជន និងកីឡា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មានសិស្សប្រឡងជាប់ចំនួន ៩០ ៩៥០នាក់ ស្មើនឹង ៧២,៣៣% នៃចំនួនបេក្ខជនមកប្រឡង។
ចំណែកបេក្ខជនជាប់និទ្ទេសA ក្រសួងថាមានចំនួន១ ០៤៩នាក់, និទ្ទេសB ចំនួន៧ ២៣២នាក់, និទ្ទេសC ចំនួន១៩ ០៥៣នាក់, និទ្ទេសD ចំនួន៣១ ១៦៦នាក់ និងនិទ្ទេសE ចំនួន៣២ ៤៥០នាក់ បើធៀបនឹងឆ្នាំ២០២១ មានការកើនឡើងចំនួនជិត២ម៉ឺននាក់ (១៨ ៩៣៤នាក់)៕