មេធាវីស្នើសាលាឧទ្ធរណ៍ពន្លឿនសវនាការលើបណ្ដឹងជំទាស់ដីកាឃុំខ្លួនលោក ថាច់ សេដ្ឋា

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ថ្លែងក្នុងកម្មវិធី ប្រារព្ធខួប៣១ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

មេធាវី​​ការពារក្ដីឱ្យ​អនុប្រធាន​គណបក្សភ្លើងទៀន​ ស្នើ​​​​សាលាឧទ្ធរណ៍​ពន្លឿន​នីតិវិធី​ជុំវិញ​​បណ្ដឹងជំទាស់​ដីកាឃុំខ្លួន ​ក្រោយ​ពីលោក ថាច់ សេដ្ឋា អះអាង​ថា​​ខ្លួន​មិន​បាន​​​ចេញ​​​មូលបទានបត្រដែលមិនមានទឹកប្រាក់ ដូចការចោទប្រកាន់។

លោក សឺន ជុំជួន​ ដែលជាសហមេធាវីការពារក្ដីឱ្យ​លោក ថាច់ សេដ្ឋា​​ ​មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថា សហមេធាវី បាន​ដាក់​បណ្ដឹងជំទាស់ដីកា​ឃុំខ្លួនកូនក្ដី ​ទៅសាលាឧទ្ធរណ៍​ ដោយ​មេធាវី​យល់ថា​ ការចាប់ឃុំខ្លួនកូនក្ដីនោះមានភាពមិនប្រក្រតី និង​​​ខ្វះ​ភស្ដុតាង។​​

លោកបន្ត​ថា ​ភាពមិនប្រក្រតីលើ​ការចាប់ខ្លួន​នោះ គឺ​​ទាក់ទងនឹង​​មូលបទានបត្រ ឬសែក ​​ដែលគ្មានសាច់​ប្រាក់ ដោយកូនក្ដីរបស់​លោក​បាន​បដិសេធថា​មិនបានចេញសែកនោះទេ​ ហើយ​កូនក្តីរបស់លោកយល់ថា ​អាចមានអ្នកណាផ្សេងជាអ្នកចេញសែកនោះ ដើម្បី​​ដាក់​បន្ទុក​លើ​រូប​គាត់​​។

លោក​ថា​៖ ​«​​ខុសគ្នា​ហ្នឹងនៅត្រង់ចំណុច​នៃការសរសេរ​មូលបទាន​បត្រ ថ្ងៃខែឆ្នាំ​ ចំណារជាអក្ស​រ និង​ចំនួន​ទឹក​ប្រាក់ ​​គឺដូច​គ្នាទាំ​ង​អស់​ ទាំង៥​សន្លឹក ​គឺ​ដូច​គ្នា!​ នៅ​ពេល​ដែល​ជួប​កូន​ក្ដីខ្ញុំនៅពន្ធនាគារ កូនក្ដីខ្ញុំថាគាត់​មិនធ្លាប់​ចេញ​មូលបទាន​បត្រ​ទេ ឬ​ជួប​ជាមួយម្ចាស់បំណុល​អំឡុងឆ្នាំ​២០១៩ ទេ»។

ករណីនេះ លោក សឺន ជុំជួន បាន​ស្នើ​​​សាលាឧទ្ធរណ៍ពន្លឿន​ការ​​បើក​​សវនាការ​បណ្ដឹងនេះ ​ដើម្បីផ្តល់យុត្តិធម៌ដល់​​​កូនក្ដីរបស់​លោក​ ខណៈសុខភាព​លោក ថាច់ សេដ្ឋា កំពុង​មានសភាព​កាន់តែធ្ងន់ធ្ងរ។​

លោកថា​៖ «ខាងឧទ្ធរណ៍​គួរតែ​មាន​សេចក្ដី​សម្រេចមួយឱ្យមានការដោះលែង​កូនក្ដី​ខ្ញុំបាទ​ជាដើម​ ​ដោយសារយើងផ្អែក​​លើសំណុំរឿងហ្នឹង​អត់មានភស្ដុតាងគ្រប់គ្រាន់​។ អ៊ីចឹងយើងសង្ឃឹមថា ឧទ្ធរណ៍នឹងមានការ​វិនិច្ឆយយុត្តិធម៌សម្រាប់កូនក្ដីខ្ញុំ»។

វីអូឌី​ មិនអាច​សុំការឆ្លើយតប​ពី​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ភ្នំពេញ​ លោក ប្លង់ សំណាង​ និង​លោក​ស្រី​ ស្រេង សូយ៉េត នៅថ្ងៃព្រហស្បតិ៍នេះទេ។

លោក ថាច់ សេដ្ឋា ដែលជាប្រធាន​សមាគម​ខ្មែរកម្ពុជាក្រោម និងជាអនុប្រធាន​គណបក្ស​ភ្លើងទៀន​ ត្រូវបានសមត្ថ​​កិច្ច​ចាប់​ខ្លួននៅម្តុំវត្តសំរោងអណ្ដែត ខណ្ឌសែនសុខ រាជធានីភ្នំពេញ ​កាលពីល្ងាចថ្ងៃទី​១៦ ខែ​មករា ឆ្នាំ២០២៣។ ​​ក្រោ​​យ​​​​ចាប់ខ្លួន លោក ថាច់ សេដ្ឋា ត្រូវបានគេបញ្ជូន​ទៅឃុំ​ខ្លួន​​​​បណ្ដោះ​​​​​អាសន្ន​​ភ្លាម​​ៗនៅពន្ធនាគារព្រៃស ក្រោមការចោទ​​ប្រកាន់ ពីបទ «មិន​បាន​បំពេញ​​​កា​​តព្វ​កិច្ច​​ចំពោះឧបករណ៍អាចជួញដូរបាន» ឬ​ហៅ​ថា​ ការចេញសែកដោយគ្មានសាច់​​ប្រាក់ ចំ​នួន​​៥​សន្លឹក ទៅឱ្យ​​ក្រុម​ហ៊ុន រិន​ ឆាយ ផនសប ដែលប្រព្រឹត្តតាំងពីឆ្នាំ២០១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ