របប​យោធា​មីយ៉ាន់ម៉ា​​​​ប្រកាសដាក់​ប្រទេស​​ក្នុង​ភាពអាសន្ន​រយៈពេល ៦ខែទៀត

ប្រមុខរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតក្នុងរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ធ្វើជាអធិបតីក្នុងក្បួនដង្ហែកងទ័ព នៅថ្ងៃទិវាកងកម្លាំងប្រដាប់អាវុធ ក្នុងទីក្រុង Naypyitaw ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។ (REUTERS/Stringer/)

ប្រធានាធិបតីស្តីទីមីយ៉ាន់ម៉ា បានលើកឡើង​នៅឯកិច្ចប្រជុំថ្នាក់ដឹកនាំ កាលពីថ្ងៃពុធម្សិល​មិញ​ថា របបយោធាមីយ៉ាន់ម៉ា បានបន្តដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល ៦ខែទៀត ខណៈក្រុម​អ្នក​តវ៉ា​បាន​រួម​គ្នា «តវ៉ាដោយស្ងៀមស្ងាត់» ចំពេលខួប២ឆ្នាំនៃរដ្ឋប្រហារយោធា។ នេះបើយោង​តាម​ការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាលោក មីន អ៊ុងឡាំង (Min Aung Hlaing) នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារ ជាមួយក្រុមប្រឹក្សាការពារ​ជាតិ និងសន្តិសុខជាតិ (NDSC) ដែលគាំទ្រដោយកងទ័ព ក៏បាន​លើកឡើង​ផងដែរថា ការបោះឆ្នោតពហុបក្ស​ត្រូវតែធ្វើឡើង «ដូចដែលប្រជាជនចង់បាន»។

លោក​មិន​​បាន​​បញ្ជាក់ពីពេលវេលាកំណត់​សម្រាប់​ការ​បោះ​ឆ្នោត​ ដែល​មិន​អាច​ធ្វើ​ឡើង​ក្នុង​អំឡុង​​ពេល​ដាក់ប្រទេសក្នុងភាពអាសន្នឡើយ។ ក្រុមអ្នករិះគន់ បាននិយាយថា ការបោះឆ្នោតអាចនឹងមានការក្លែងបន្លំដើម្បីរក្សាអំណាចរបស់យោធា។

ប្រធានាធិបតីស្តីទីមីយ៉ាន់ម៉ាលោក យីន វី (Myint Swe) បានមានប្រសាសន៍ថា៖ «ទោះបីជាយោងទៅតាមមាត្រា​៤២៥ នៃរដ្ឋធម្មនុញ្ញ [ការដាក់ប្រទេសក្នុងភាពអាសន្ន] អាច​ធ្វើឡើងបានតែ ២ដង​ប៉ុណ្ណោះ ស្ថាន​ភាពបច្ចុប្បន្ន គឺស្ថិតនៅក្រោមកាលៈទេសៈខុស​ប្រក្រតី ហើយ​វា​សម​ស្រប​ក្នុងការប្រកាសដាក់ប្រទេសក្នុងភាព​អាសន្ន​ម្តងទៀត​ដែល​មាន​រយៈពេល​ ៦ខែ»។

ក្រុមអ្នក​​តវ៉ា និង​មេដឹកនាំ​ជន​ស៊ីវិល​ដែល​និរទេស​ខ្លួន​បាន​ប្តេជ្ញាបញ្ចប់នូវអ្វីដែលពួកគេហៅថា «ការដណ្តើមអំណាចខុសច្បាប់» របស់កងទ័ព។ នៅតាមទីក្រុងធំៗនៅទូទាំងប្រទេសមីយ៉ាន់ម៉ា ផ្លូវនានាមានសភាពស្ងប់ស្ងាត់ ខណៈប្រជាពលរដ្ឋស្នាក់ដើម្បីសម្តែងនូវការតវ៉ា​ដោយ​ភាពស្ងប់​ស្ងាត់ ហើយ​អ្នក​គាំ​ទ្រលទ្ធិប្រជាធិបតេយ្យរាប់រយនាក់ បានប្រមូលផ្តុំគ្នានៅក្នុងប្រទេសថៃ និង​ហ្វីលីពីន។

នៅក្នុងទីក្រុងពាណិជ្ជកម្មសំខាន់ៗ​នៃទីក្រុងយ៉ាំងហ្គោន (Yangon) និងម៉ាន់ដាឡាយ (Mandalay) រូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីផ្លូវដែលមានសភាពស្ងប់ស្ងាត់ដែលក្រុមប្រឆាំងរដ្ឋប្រហារហៅថា «ការតវ៉ាដោយស្ងៀមស្ងាត់» ប្រឆាំងនឹងរបបយោធា។ សកម្មជន​ប្រជាធិបតេយ្យ​បាន​ក្រើនរម្លឹក​ប្រជាពលរដ្ឋ​កុំ​ឱ្យ​ដើរ​តាម​ដងផ្លូវ​ចន្លោះ​ពី​ម៉ោង​១០​ព្រឹក​​ដល់​​ម៉ោង​៣​រសៀល។

នៅ​ប្រទេស​ថៃ ក្រុម​បាតុករ​ប្រឆាំង​រដ្ឋប្រហារ​រាប់​រយ​នាក់ ​បាន​ធ្វើ​បាតុកម្ម​នៅ​ខាង​ក្រៅ​ស្ថានទូត​មីយ៉ាន់ម៉ា​ក្នុង​ទីក្រុង​បាងកក។

ក្រៅពីនេះ ក្រុមសកម្មជនក៏បានធ្វើបាតុកម្មនៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីនផងដែរ។

គួរបញ្ជាក់ថា របបយោធាមីយ៉ានម៉ា បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល១ឆ្នាំនៅពេលឡើងកាន់អំណាច ហើយបើតាមរដ្ឋធម្មនុញ្ញរបស់មីយ៉ាន់ម៉ា អនុញ្ញាតឱ្យមីយ៉ាន់ម៉ាដាក់ប្រទេសក្នុងភាពអាសន្នតែ ២ដងប៉ុណ្ណោះ។

ការផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី បានធ្វើឱ្យមីយ៉ាន់ម៉ាមានភាពឯកោនៅលើឆាកអន្តរជាតិ និងមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។

ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារមក ជាមួយនឹងចលនាតស៊ូប្រយុទ្ធប្រឆាំងនឹងយោធា បន្ទាប់ពីការបង្រ្កាបយ៉ាងបង្ហូរឈាមលើក្រុមអ្នកប្រឆាំង ដែលនាំឱ្យមានការដាក់ទណ្ឌកម្មពីលោកខាងលិចជាបន្តបន្ទាប់។

យោងតាមអង្គការសហប្រជាជាតិ ប្រជាជនប្រមាណ ១,២​លាននាក់ បានផ្លាស់ទីលំនៅ និងជាង ៧០ ០០០​នាក់ បានចាកចេញពីប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ