អ្នកឃ្លាំមើលថាសារលោក សម រង្ស៊ី អំពាវនាវឱ្យពលរដ្ឋចូលរួមបោះឆ្នោតជាសារនយោបាយវិជ្ជមាន

អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ លោក សម រង្ស៊ី គ្រវីដៃមកកាន់អ្នកគាំទ្រ មុន​នឹង​លោក​ចាក​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​គូឡាឡាំពួ ក្នុង​ក្រុង Sepang ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (REUTERS/Lim Huey Teng TPX)

អ្នកឃ្លាំមើលកិច្ចការបោះឆ្នោត និងអ្នកវិភាគនយោបាយ លើកឡើងថា សារអំពាវនាវរបស់លោក សម រង្ស៊ី ឱ្យពលរដ្ឋខ្មែរគ្រប់រូបចូលរួមបោះឆ្នោតថ្នាក់ជាតិ ដោយថា កុំបារម្ភពីការលួចបន្លំសន្លឹកឆ្នោត ជាសារនយោបាយវិជ្ជមាន នឹងអាចធ្វើឱ្យការបោះឆ្នោតមានភាពល្អប្រសើរ។

ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ លោក សម រង្ស៊ី បានថ្លែងសារនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះ ដោយលោកបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបចូលរួមក្នុងការបោះឆ្នោត ដោយរក្សាឧត្ដមគតិដើម ហើយកុំបារម្ភហួសហេតុពីការលួចបន្លំសន្លឹកឆ្នោត ដើម្បីផ្លាស់ប្ដូរមេដឹកនាំមួយដែលខ្លួនពេញចិត្ត។

លោកថ្លែងថា៖ «ប្រជាពលរដ្ឋសាមញ្ញម្នាក់ៗ សូមត្រៀមខ្លួនបោះឆ្នោតឱ្យមានការផ្លាស់ប្តូរដាច់ខាត នៅខែកក្កដា ឆ្នាំ២០២៣នេះ។ នៅសល់តែ៦ខែទៀត សូមបងប្អូនជនរួមជាតិទាំងអស់ កុំចាំបាច់ កុំចាំបាច់និយាយ កុំចាំបាច់បង្ហាញទឹកចិត្តយើង ថាយើងចង់មានការផ្លាស់ប្ដូរ។ កុំនិយាយក៏បានដែរ ចាំទៅបោះឆ្នោតទៅ ថ្ងៃបោះឆ្នោតឱ្យមានការផ្លាស់ប្តូរទៅ ពេលនោះនឹងមានការផ្លាស់ប្តូរយ៉ាងពិតប្រាកដ»។

នាយកប្រតិបត្តិអង្គការ​និចហ្វិក លោក សំ គន្ធាមី មានប្រសាសន៍ថា សាររបស់លោក សម រង្ស៊ី នេះមិនមានសញ្ញាអ្វីអាក្រក់នោះទេ ហើយសារនេះក៏មិនខុសពីសាររបស់ គ.ជ.ប និងគណបក្សនយោបាយផ្សេងៗទៀត ដែលចង់ឃើញពលរដ្ឋគ្រប់រូបចូលរួមបោះឆ្នោតថ្នាក់ជាតិឱ្យបានគ្រប់គ្នា ដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត។

លោកមានប្រសាសន៍ថា៖ «សាររបស់លោក សម រង្ស៊ី គាត់ចង់ឱ្យពលរដ្ឋគ្រប់រូបទៅបោះឆ្នោតទៅ គណបក្សនយោបាយក៏ចង់ឱ្យមានការបោះឆ្នោតបានគ្រប់គ្នា ហើយ គ.ជ.ប និងសង្គមស៊ីវិល ចង់ឱ្យមានអ្នកទៅបោះឆ្នោតបានគ្រប់គ្នាដែរ។ អ្នកដែលទៅបោះឆ្នោតច្រើន មានជម្រើសច្រើន ហើយការបោះឆ្នោតប្រកបដោយឆន្ទៈ ការបោះឆ្នោត វានឹងឃើញសខ្មៅ»។

រីឯអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ  ឥសាន មានប្រសាសន៍ថា សាររបស់លោក សម រង្ស៊ី ដែលអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ គ្រាន់តែជាសារមួយបង្កប់ន័យពិសពុលតែប៉ុណ្ណោះ។

លោកមានប្រសាសន៍ថា៖ «វាជារឿងគួរឱ្យអស់សំណើចណាស់ បន្ទាប់ពីប្រឆាំងមក គាត់ចាក់បណ្ដោយ គេថាចាក់បណ្ដោយ រុញទូកបណ្ដោយទឹក។ មិនដែលទេ! តាំងពី៣០ឆ្នាំមក មិនដែល សម រង្ស៊ី អំ​ពាវនាវប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតហ្នឹងទេ អាហ្នឹងវាជារឿងចម្លែកណាស់។ អ៊ីចឹងទេ ខ្ញុំយល់ថា នេះមិនមែនជារឿងប​ញ្ចេញមតិដោយស្មោះត្រង់អស់ពីដួងចិត្តចំពោះប្រជាជនទេ វាគ្រាន់តែជាល្បិចកលតែប៉ុណ្ណោះ ហើយល្បិចកលនេះជាល្បិចកលនយោបាយដ៏ពិសពុលទៀត»។

លោកបន្ថែមថា៖ «ពីមុនមក យើងឃើញហើយ ឆ្នាំ២០១៨ គាត់ថាមិនឱ្យ​​បងប្អូនអញ្ជើញទៅបោះឆ្នោតទេ “នៅផ្ទះឈ្នះឯង” ហើយឱ្យម្រាមដៃស្អាត កុំឱ្យមានទឹកជ្រលក់ម្រាមដៃ ទឹកខ្មៅហ្នឹង! បានគេហាមមិនឱ្យប្រជាជនទៅបោះឆ្នោត។ ហើយយើងឆ្ងល់ណាស់ មូលហេតុអ្វីបានជាគាត់ចាក់បណ្ដោយយ៉ាងដូច្នោះ មិនមែនជារឿងធម្មតាទេ! ខ្ញុំចាត់ទុកថាជារឿងចម្លែកហើយ ហើយជារឿងមិនប្រក្រតីខាងនយោបាយ»។

តាមប្រតិទិន ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី៧ នៃរដ្ឋសភាកម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃ​អាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣។

ចំណែកអ្នកវិ​ភាគ​ន​យោបាយ លោក​ ​ឯម សុវណ្ណរ៉ា ចាត់ទុកសាររបស់លោក សម រង្ស៊ី គឺជាសារវិជ្ជមានមួយ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ បើពលរដ្ឋទៅបោះឆ្នោតច្រើនកុះករដូចកាលពីឆ្នាំ១៩៩៣ និងឆ្នាំ២០១៣ នោះនឹងធ្វើឱ្យការបោះឆ្នោតមានភាពល្អប្រសើរ ។

យ៉ាងណា លោក ឯម​ ​សុវណ្ណរ៉ា បញ្ជាក់ថា ដើម្បីឱ្យការបោះឆ្នោតមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ លុះត្រាតែស្ថាប័ន គ.ជ.ប ឯករាជ្យ និងគ្មានការគំរាមកំហែង។

លោកមានប្រសាសន៍ថា៖ «ដើម្បីកុំឱ្យមានការឈ្លោះគ្នា ដើម្បីឱ្យការបោះឆ្នោតមានសេរី ត្រឹមត្រូវ និងយុត្តិធម៌ លុះត្រាតែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឯករាជ្យ […] ហើយយន្តការនៃការរៀបចំការបោះឆ្នោតឈរទៅតាមគោលការណ៍ច្បាប់ ហើយឆ្លើយតបទៅនឹងបរិយាកាសដែលបោះឆ្នោតដោយសេរី និងយុត្តិធម៌ គ្មានការគំរាមកំហែង គ្មានការចាប់ចង» ។

លោកបន្ថែមថា៖ «ហើយអ្នកនយោបាយ ទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង មិនគួរប្រឆាំងគ្នាផ្ដាច់មុខទេ។ ឧទាហរណ៍ លោក សម រង្ស៊ី លើកឡើងជាចំណុចវិជ្ជមាន គួរតែសាទរ មិនគួរតាមផ្ចាញ់ផ្ចាល ឬក៏និយាយបញ្ច្រាសទៅវិញ វាខុសទៅនឹងគោលការណ៍ច្បាប់ទៅវិញទេ»។

ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ ក្រោយពី​បញ្ចប់ការប្ដូរព័ត៌​មាន​ថ្ងៃខែឆ្នាំកំណើតក្នុង​បញ្ជី​​​បោះ​​ឆ្នោត កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ប្រធានគណបក្សប្រជាជនកម្ពុជា ​លោក ហ៊ុន សែន បានបញ្ជាក់ជំហរជាសាធារណៈ​ថា លោក​នឹង​ដាក់​ចេញ​នូវ​ផែន​ការ​យុទ្ធសាស្រ្ត ដើម្បី​តាម​កម្ទេចអ្នកដែល​លោក​​ហៅ​ថាជា​​ក្រុម​​ប្រឆាំង​​នៅ​​តាម​​មូល​​ដ្ឋាន ហើយ​គាំទ្រ​អង្គ​ការ​ចាត់​តាំង​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី​​ ដែលលោកហៅថាជាជនក្បត់ជាតិ៣ជំនាន់។ ជាងនេះ​ទៀត លោក​​នាយករដ្ឋមន្ត្រី ថែម​ទាំងអះអាងថា​ ចំពោះអ្នកនៅតាមមូលដ្ឋានដែល​នៅ​បន្ត​គាំទ្រ​អង្គ​ការ​ចាត់​តាំង​របស់​លោក សម រង្ស៊ី ទៀត នឹងត្រូវកម្ទេចចោលដោយគ្មានការលើកលែង​។

ការព្រមានជាថ្មីទៀតនៅពេលនោះរបស់លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន គឺនៅ​មួយថ្ងៃក្រោយ​​ពីសាលាដំបូង​រាជធានី​ភ្នំពេ​ញ ​បាន​កាត់​ទោស​ឱ្យ​លោក សម រង្ស៊ី ឱ្យជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ហើយ​ផាត់​អ្នក​​ន​​យោ​​​​​​បាយ​​ចាស់វស្សារូបនេះចេញពីសង្វៀននយោបាយជារៀងរហូត៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ