លោក ហ៊ុន សែន ប្រកាសមិនប្រើវិធានការច្បាប់លើអ្នកគាំទ្របក្សប្រឆាំងដែលចង់មកកម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបើកផ្លូវឱ្យអ្នកគាំទ្របក្សប្រឆាំងនៅក្រៅប្រទេសអាចធ្វើដំណើរម​កលេ​​​ងស្រុកកំណើតបានដោយមិនប្រើវិធានការច្បាប់ លើកលែងតែអ្នកមានដីកាចាប់ខ្លួនពីតុលាការ នូវអ្វីដែលលោកហៅថា ដើម្បីអនុវត្តស្មារតីបង្រួបបង្រួម​ជាតិ។

កា​​រថ្លែងរបស់មេដឹកនាំកម្ពុជានេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់បាក់ឌុប ទទួលបាននិ​​​ទ្ទេស A សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២១ និង២០២២ នៅរាជធានីភ្នំពេញ នាថ្ងៃព្រហស្បតិ៍នេះ។

លោកថ្លែងថា អ្នកគាំទ្របក្សប្រឆាំងមួយចំនួនដែលកំពុងរស់នៅក្រៅប្រទេសមិនហ៊ានមកលេងស្រុកកំ​ណើតរប​​ស់ខ្លួននៅកម្ពុជាទេ ដោយសារពួកគេធ្លាប់ជេរប្រមាថគណបក្សប្រជាជននិងខ្លះទៀតធ្លាប់រៃអង្គាសលុយដើម្បីឱ្យមេដឹកនាំរបស់ពួកគេ ព្រោះតែខ្លាចអាជ្ញាធរចាត់វិធានការច្បាប់។

លោកគូសបញ្ជាក់ថា បញ្ហានេះ រដ្ឋាភិបាលមិនមានចំណាត់ការណាមួយ ចំពោះពួកគេដែលចង់មកលេ​ង​នៅស្រុកកំណើតក្នុងប្រទេសកម្ពុជាទេ  វាលើកលែ​ង​​អ្នកដែលមានដីកាតាមចាប់ខ្លួនពីតុលាការកម្ពុជា។

បន្ថែ​​មពីនេះលោកបញ្ជាក់ថា ការមើលឃើញកម្ពុជាផ្ទាល់ភ្នែក ក៏អាចឃើញការរីកចម្រើនរបស់កម្ពុជាក្រោ​មការដឹកនាំរបស់រដ្ឋាភិបាលដែរ ដើម្បីកុំឱ្យចាញ់បោកមេដឹកនាំពួកគេ ដែលឃោសនាថា រដ្ឋាភិបាលបា​ន​លក់ទឹកដីកម្ពុជាឱ្យទៅប្រទេសវៀតណាម។

លោកថា៖«ចំនុចនេះក៏មានបងប្អូនយើងមួយចំនួននៅខាងក្រៅច្រឡំៗថា គាត់ធ្លាប់គាំទ្របក្សប្រឆាំងចូស្រុកខ្មែរអត់បាន អត់ទេ សូមមកចុះ រាប់ទាំងអ្នកដែលមានដីកាចាប់ខ្លួន បើចង់ឱ្យគេចាប់ វាអត់មានទាស់ខុសអីទេព្រោះខ្លួនមានសិទ្ធិមកតើ?។[]នេះជាការដោះស្រាយបញ្ហាជាតិសាស្ត្ររបស់យើង ឱ្យមានការរួបរួមគ្នាអ្នកដែលយកយើងជាសត្រូវយើងក៏មិនស្វាគមន៍គេដែរ»។

លោក ហ៊ុន សែន ក្នុងពិធីមួយនៅខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ធ្លាប់បាន​អំពាវនាវ​ ឱ្យ​​​ម​​នុស្ស​​​មួយ​​​ចំនួន ដែល​បន្ត​គាំទ្រ​លោក សម រង្ស៊ី ហើយចង់រួចខ្លួន ពីបម្រាម​តុ​លា​​​​ការ អាច​ផ្ដាច់ខ្លួនពីលោក សម រង្ស៊ី  ដោយ​ថា រដ្ឋាភិបាល​​ធានាបើកផ្លូវឱ្យបន្តជីវិតនយោបាយឡើងវិញបាន តាម​រយៈ​​​កា​​រ​​ស្នើ​​​​​​សុំ​ព្រះរា​​ជ​ទាន​លើក​លែង​ទោស​ពី​ព្រះ​មហា​ក្សត្រ។

តែយ៉ាងណា សាររបស់លោក ហ៊ុន សែន នេះត្រូវបានអ្នកតាមដានយល់ឃើញថា ជាយុទ្ធសាស្ត្រ ដើម្បីឱ្យ លោក សម រង្ស៊ី នៅឯកោនៅក្រៅសង្វៀននយោបាយ។

ក៏ប៉ុន្តែជាង២ខែមកនេះ គេនៅមិនទាន់ឃើញរដ្ឋាភិបាលប្រកាសឈ្មោះមន្ត្រីណាម្នាក់ដែលស្និទ្ធជាមួយលោក សម រង្ស៊ី បានផ្តាច់ខ្លួនចេញពីលោក​ សម រង្ស៊ី តាមការអំពាវនាវរបស់លោក ហ៊ុន សែន នោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ