ក្រសួងការបរទេសសហរដ្ឋអាមេរិក ប្រកាសផ្ដល់ពានអ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ ដល់ថ្នាក់ដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ខណៈកញ្ញាកំពុងជាប់ពន្ធនាគារព្រៃស។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ឱ្យដឹងថា ក្នុងចំណោមម្ចាស់ពាន ១០រូប នៅជុំវិញសកលលោក ដែលទទួលពានរង្វាន់អ្នកការពារសិទ្ធមនុស្សប្រចាំឆ្នាំ ក្នុងនោះក៏មានមេដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ដែរ។
ប្រភពដដែលបន្តថា ពានរង្វាន់ដ៏មានកិត្យានុភាពមួយនេះទទួលស្គាល់បុគ្គលក្លាហានទាំងឡាយណាដែលបង្ហាញពីភាពក្លាហានយ៉ាងពិសេស និងភាពជាអ្នកដឹកនាំក្នុងការតស៊ូមតិ ដើម្បីលើកកម្ពស់និងការពារសិទ្ធិមនុស្ស ដែលគេទទួលស្គាល់ជាសកល និងសេរីភាពជាមូលដ្ឋាន ខណៈកញ្ញាគឺជាមនុស្សទី១ នៅប្រទេសកម្ពុជា ដែលទទួលបានពានរង្វាន់នេះ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy បានលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មាន ដោយកោតសរសើរកញ្ញា ឈឹម ស៊ីថរ ថាជាអ្នកការពារសិទ្ធិមនុស្សឆ្នើមម្នាក់។
លោក Patrick Murphy បានគូសបញ្ជាក់ថា៖ «យើងអបអរចំពោះការទទួលស្គាល់ដល់កញ្ញា ស៊ីថរ ជាអ្នកការពារសិទ្ធិមនុស្សឆ្នាំ២០២២ ម្នាក់។ កញ្ញាគឺជាថ្នាក់ដឹកនាំសហជីពការងារដ៏ក្លាហាន និងអត់ធ្មត់ ដែលតស៊ូមតិដោយសន្តិវិធីដើម្បីសិទ្ធិរបស់កម្មករកម្ពុជា»។
ជាមួយគ្នានេះ លោកថា ការការពារនិងគាំទ្រអ្នកការពារសិទ្ធិមនុស្ស គឺជាអាទិភាពចម្បងនៃគោលនយោបាយការបរទេសសហរដ្ឋអាមេរិក ហើយស្ថានទូតអាមេរិកនៅប្រទេសកម្ពុជា អបអរសាទរដល់កញ្ញា ឈឹម ស៊ីថរ និងអ្នកទទួលទាំងអស់នៃពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស ឆ្នាំ២០២២។
បើតាមក្រសួងការបរទេសអាមេរិក ទោះបីជាមានការបៀតបៀនរូបកាយ និងការចាប់ខ្លួន កាលពីខែមករា ឆ្នាំ២០២២ ក្នុងពេលធ្វើកូដកម្មរកដំណោះស្រាយវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ក៏ដោយ ក៏កញ្ញា ស៊ីថរ បានបន្តចេញមុខនិយាយអំពីសិទ្ធិការងារ។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កត្តា អ៊ន យល់ថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជាមិនស្ថិតនៅលើក្រដាស ឬមាត់របស់ប្រទេសណាមួយឡើយ។ លោកបន្តថា ការផ្ដល់ពានរង្វាន់ឱ្យកញ្ញា ស៊ីថរ ជាសិទ្ធិរបស់អាមេរិក និងមិនមែនពាក់ព័ន្ធនឹងកម្ពុជាទេ។
លោកថា៖ «នេះជាពានរង្វាន់របស់ក្រសួងការបរទេសអាមេរិក នៅក្នុងនយោបាយការបរទេសអាមេរិក។ ដូច្នេះយើងដឹងហើយថា នយោបាយការបរទេសអាមេរិក មកលើកម្ពុជាក៏ដោយ បណ្ដាប្រទេសនានាលើសកលលោក ដែលខ្លួនយល់ថាមិនមានបញ្ហាល្អជាមួយខ្លួន ឬមានបញ្ហាផ្សេងៗទៀត នេះជាការវាយតម្លៃរបស់អាមេរិក។ ប៉ុន្តែកម្ពុជាយើងនៅតែជាកម្ពុជា គឺយើងធ្វើយ៉ាងណា រដ្ឋាភិបាលប្រឹងប្រែងអនុវត្តច្បាប់ ពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា»។
ក្រោយពីអាជ្ញាធរបានដោះលែងកញ្ញា ស៊ីថរ កាលពីខែមីនា ឆ្នាំ២០២២ ប៉ុន្តែកញ្ញាត្រូវបានអាជ្ញាធរចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ ជាថ្មីទៀត នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ដោយតុលាការលើកហេតុផលថា «ល្មើសបម្រាម ឬគេចវេះពីការត្រួតពិនិត្យរបស់តុលាការ» ក្រោយពេលកញ្ញាបានធ្វើដំណើរត្រលប់មកពីប្រជុំនៅប្រទេសអូស្ត្រាលីវិញ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បញ្ជាក់ថា បច្ចុប្បន្ន កញ្ញាត្រូវបន្តឃុំខ្លួន ដោយរង់ចាំការកាត់ទោសដែលមិនទាន់កំណត់ពេល ហើយមិនអាចធ្វើដំណើរទៅចូលរួមយកពានរង្វាន់នៅរដ្ឋធានីវ៉ាស៊ីនតុន ជាមួយអ្នកទទួលពានដទៃទៀតបានដែរ។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កត្តា អ៊ន យល់ថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជាមិនស្ថិតនៅលើក្រដាស ឬមាត់របស់ប្រទេសណាមួយឡើយ។ លោកបន្តថា ការផ្ដល់ពានរង្វាន់ឱ្យកញ្ញា ស៊ីថរ ជាសិទ្ធិរបស់អាមេរិក និងមិនមែនពាក់ព័ន្ធនឹងកម្ពុជាទេ។
លោកថា៖ «នេះជាពានរង្វាន់របស់ក្រសួងការបរទេសអាមេរិក នៅក្នុងនយោបាយការបរទេសអាមេរិក។ ដូច្នេះយើងដឹងហើយថា នយោបាយការបរទេសអាមេរិក មកលើកម្ពុជាក៏ដោយ បណ្ដាប្រទេសនានាលើសកលលោក ដែលខ្លួនយល់ថាមិនមានបញ្ហាល្អជាមួយខ្លួន ឬមានបញ្ហាផ្សេងៗទៀត នេះជាការវាយតម្លៃរបស់អាមេរិក។ ប៉ុន្តែកម្ពុជាយើងនៅតែជាកម្ពុជា គឺយើងធ្វើយ៉ាងណា រដ្ឋាភិបាលប្រឹងប្រែងអនុវត្តច្បាប់ ពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា»។
ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ យល់ថា ការផ្ដល់ពានរង្វាន់នេះ គឺស័ក្តិសមទៅនឹងភាពក្លាហាន ជាមួយការលះបង់របស់កញ្ញា ឈឹម ស៊ីថរ ដើម្បីការពារសិទ្ធិកម្មករនិយោជិត។ លើសពីនេះទៀត អ្នកស្រីថា ពានរង្វាន់នេះមិនត្រឹមលើកទឹកចិត្តដល់កញ្ញា ស៊ីថរ ទេ ប៉ុន្តែជាការជំរុញនិងលើកទឹកចិត្តដល់សហជីព ព្រមទាំងអ្នកការពារសិទ្ធិមនុស្សផ្សេងផងដែរ។
អ្នកស្រីថា៖ «តាមពិត ពានរង្វាន់នេះ វាជាផ្នែកមួយក្នុងការលើកទឹកចិត្តគាត់ហើយ ប៉ុន្តែអ្វីដែលជាចំណុចសំខាន់ ពួកគាត់ទាំងអស់គ្នាត្រូវចូលរួមឃ្លាំមើលទៅការអនុវត្តសិទ្ធិសេរីភាព ដូចជាសហរដ្ឋអាមេរិកអ៊ីចឹង ដោយសារអាមេរិកដើរតួនាទីសំខាន់ក្នុងការភ្ជាប់ជាមួយនឹង GSP ហើយនិងរឿងការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋទូទៅ។ អ៊ីចឹងកម្មករនិយោជិតដែលធ្វើការនៅស្រុកខ្មែរ វាជាផ្នែកមួយនៅក្នុងហ្នឹងដែរ ទាក់ទងនឹងការគោរពសិទ្ធិមនុស្ស។ អ៊ីចឹងចង់មិនចង់ ខ្ញុំសំណូមពរពួកគាត់ឱ្យចូលរួមក្នុងការឃ្លាំមើលតាមដានទៅលើការអនុវត្តការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ថាមានការអនុវត្តបែបណា។ តាមពិត គាត់ធ្វើហើយ ប៉ុន្តែខ្ញុំចង់ឱ្យចូលរួមឱ្យសកម្ម ឃ្លាំមើលឱ្យសកម្ម»។
ចាប់តាំងពីចុងឆ្នាំ២០២១ កញ្ញា ស៊ីថរ ដែលជាថ្នាក់ដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ បានដឹកនាំបុគ្គលិកកម្មករក្រុមហ៊ុននេះធ្វើកូដកម្មដោយសន្តិវិធី ដើម្បីទាមទារឱ្យក្រុមហ៊ុនដំឡើងប្រាក់ខែ និងទទួលយកបុគ្គលិកជាសមាជិកសហជីពរាប់រយនាក់ ដែលគេជឿថាពួកគេត្រូវបានបណ្តេញចេញពីការងារទាំងអយុត្តិធម៌។ កាលណោះ កញ្ញា ឈឹម ស៊ីថរ ត្រូវបានអាជ្ញាធរចាប់ខ្លួន និងចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ»។
ជុំវិញការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ជាថ្មីនេះ ទាំងមេធាវី និងកញ្ញា ឈឹម ស៊ីថរ បានបញ្ជាក់នៅក្នុងបន្ទប់សវនាការសុំនៅក្រៅឃុំ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ថាចាប់តាំងពីតុលាការដោះលែងកាលពីខែមីនា ឆ្នាំ២០២២ កញ្ញាមិនបានទទួលដីកាដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ខណៈសមត្ថកិច្ចក៏មិនដែលហៅកញ្ញាទៅបង្ហាញខ្លួន និងប្រាប់ពីដីកាដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យដែរ។
កញ្ញាបញ្ជាក់ថា៖ «ពួកគាត់ទទួលបាន និងផ្ដិតមេដៃ តែលិខិតដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នមួយសន្លឹកតែប៉ុណ្ណោះ»។
ទោះបីជាមេធាវី និងកញ្ញា ឈឹម ស៊ីថរ បង្ហាញពីឆន្ទៈ និងអះអាងបែបនេះក្ដី ប៉ុន្តែចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោកស្រី សឿង ចរិយា នៅតែមិនអនុញ្ញាតឱ្យកញ្ញា ឈឹម ស៊ីថរ នៅក្រៅឃុំ។
ប្រាប់អ្នកសារព័ត៌មានវីអូឌី បន្ទាប់ពីស្ដាប់ការប្រកាសសាលក្រមរួច កញ្ញា ឈឹម ស៊ីថរ ចាត់ទុកការកាត់ក្ដីរបស់តុលាការដែលមិនឱ្យកញ្ញានៅក្រៅឃុំ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ជារឿងអយុត្តិធម៌ និងជាការបិទបាំងកំហុសខ្លួនតែប៉ុណ្ណោះ។
ក្រៅពីកញ្ញា ឈឹម ស៊ីថរ ក៏នៅមានថ្នាក់ដឹកនាំសហជីពជាង ១០រូប កំពុងប្រឈមនូវការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌ ទាក់ទងនឹងរឿងកូដកម្មទាមទារដំណោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍នេះផងដែរ៕