UPDATED៖ លោក ហ៊ុន សែន ស្នើឱ្យពិនិត្យពីការធ្លាក់ចុះខ្លាំងសិស្សបុរសប្រឡងជាប់បាក់ឌុប ខណៈរដ្ឋមន្ត្រីអប់រំឆ្លើយថាជានិន្នាការសកល

រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន ថ្លែងក្នុងពិធីជួបសំណេះសំណាលនិងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបចំនួន១,០៤៩នាក់ ដែលពិធីនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ(OCIC) ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣។ (MoEYS Cambodia)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្ដែងការបារម្ភពីគម្លាតធ្លាក់ចុះខ្លាំងនៃចំនួនសិស្សបុរសដែលបានប្រឡងជាប់បាក់ឌុបនៅក្នុងឆ្នាំ២០២២ បើធៀបទៅនឹងចំនួនសិស្សស្រីដែលបានប្រឡងជាប់ និងស្នើឱ្យមានការសិក្សាអំពីបញ្ហានេះ។

ការលើកឡើងរបស់លោក ហ៊ុន សែន នេះ ក្នុងពេលដែលលោកជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់បាក់ឌុបទទួលបាននិទ្ទេស A នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ។

ការបារម្ភរបស់លោក ហ៊ុន សែន ក្រោយពីលោកបានពិនិត្យមើលតួលេខសិស្សប្រឡងជាប់បាក់ឌុបសម្រាប់ឆ្នាំសិក្សាឆ្នាំ២០២១-២០២២ ដែលបង្ហាញថា ចំនួនសិស្សស្រីដែលបានប្រឡងជាប់បាក់ឌុបនៅទូទាំងប្រទេស មានរហូតដល់ជិត ៨០ភាគរយ ខណៈសិស្សប្រុសមានត្រឹមតែជាង ២០ភាគរយប៉ុណ្ណោះ។

ជាការឆ្លើយតបភ្លាមៗទៅកាន់លោក ហ៊ុន សែន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន លើកឡើងថា គម្លាតបែបនេះមិនត្រឹមតែកើតឡើងនៅក្នុងប្រទេសកម្ពុជានោះទេ ពោលលោកថា បញ្ហានេះ វាគឺជានិន្នាការសកល។

ទោះជាបែបនេះក្តី លោក ហ៊ុន សែន នៅតែចង់ឱ្យមានការពិនិត្យ និងសិក្សា​ឱ្យបានច្បាស់លាស់អំពីបញ្ហានេះ ដើម្បីឈានដល់ការដោះស្រាយអំពីគម្លាតនេះ។

លោក ហ៊ុន សែន លើកឡើងថា៖ «ម្ខាងយើងមា​នមោទកភាពអំពីការកើនឡើងនៃចំនួនសិស្សជាស្រ្តីដែលបានប្រឡងជាប់នៅមធ្យមសិក្សាទុតិយភូមិ យើងមានមោទកភាព។ តែម្ខាងទៀត យើងក៏មានការកង្វល់ដែរ កង្វល់ត្រង់ថាហេតុអីបានជាក្នុងចំនួនអ្នកដែលជាប់ ១០០នាក់ ៧៧នាក់បានទៅស្រ្តី? […] អ៊ីចឹងចំណុចនេះជាចំណុច តើមកពីមូលហេតុអី? ផ្នែកសិក្សា ផ្នែកការស្រាវជ្រាវ គួរត្រូវស្រាវជ្រាវថាតើមកពីមូលហេតុអ្វី? ​[…] នេះហើយគឺជាបញ្ហា ពីមុនគម្លាតវាអត់ធំប៉ុន្មានទេ ឥលូវគម្លាតវាធំពេក វាធំពេក ខ្ញុំមិនដឹងថាក្រសួងអប់រំបានសិក្សាលើចំណុចនេះឬអត់?»

បើតាមលោក ហ៊ុន សែន នៅក្នុងប្រទេសកម្ពុជាតួលេខនៃសិស្ស-និស្សិតនៅកម្រិតមធ្យមសិក្សា ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួនសិស្សជាស្រ្តី គឺមានចំនួនច្រើនជាងបុរស ប៉ុន្តែចាប់ពីកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ទៅ ចំនួនស្រ្តីមានការថយចុះបើធៀបជាមួយចំនួនបុរស ដែលលោក ហ៊ុន សែន ថាកត្តាប្រពៃណីក៏ជាអាចជាមូលហេតុមួយរារាំងដល់ការអប់រំរបស់ស្រ្តី ដោយសារតែស្រ្តីត្រូវមានគូស្រករ និងត្រូវមើលថែទាំកូន ជាដើម។

​អ្នកនាំ​ពាក្យ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា លោក រស់ សុវាចា តបនឹងវីអូឌីយ៉ាងខ្លីតាមតេឡេក្រាមនៅរសៀលថ្ងៃទី២ ខែកុម្ភៈនេះថា ក្រសួងនឹងសិក្សាស្រាវជ្រាវករណីនេះតាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

លោកថា៖ «ក្រសួងនឹងធ្វើការសិក្សាស្រាវជ្រាវករណីនេះតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ»

នាយិកាប្រតិបត្តិ នៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) អ្នកស្រី ចាន់ រ៉ាមី យល់ថា លទ្ធផលនេះគួរតែជាការសាទរនូវកម្រិតនៃការយល់ដឹង និងកម្រិតនៃការទទួលបានការអប់រំរបស់នារី ខណៈនេះក៏អាចបង្ហាញថា ឪពុកម្តាយមានការយល់ដឹងប្រសើរជាងមុន ដើម្បីអនុញ្ញាតឱ្យកូនស្រីបានរៀនសូត្រ។

អ្នកស្រីបន្ថែមថា បើទោះមិនមានការសិក្សាស្រាវជ្រាវណាមួយដោយ YRDP ពាក់ព័ន្ធថាតើសិស្សនារីបានប្រឹងប្រែងរៀនសូត្រខ្លាំងជាងសិស្សប្រុស ឬយ៉ាងណានោះ ប៉ុន្តែតាមការសង្កេត អ្នកស្រីថា នៅពេលនារីទទួលបានឱកាសរៀនសូត្រ ពួកគេមានការប្រឹងប្រែងច្រើន និងតាំងចិត្តបញ្ចេញនូវសក្តានុពលរបស់ខ្លួន។

មន្ត្រីសង្គមស៊ីវិលរូបនេះថា តែកាលណាភាគរយសិស្សនារីជាប់ច្រើនជាងសិស្សប្រុស នោះវាគ្មានតុល្យភាព។ ទោះជាយ៉ាងណា នាយិកាប្រតិបត្តិអង្គការយុវជនរូបនេះ មើលឃើញថា បរិមាណសិស្សនារីជាប់បាក់ឌុបច្រើនជាងសិស្សប្រុសនេះ មិនមែនជារឿងគួរឱ្យបារម្ភទេ តែរឿងដែលគួរឱ្យបារម្ភនោះ គឺករណីដែលពួកគេគ្មានឱកាសបានក្លាយជាអ្នកដឹកនាំ និងបានឱកាសសម្រេចចិត្តក្នុងកិច្ចការជាតិ ដូចបុរសទៅវិញទេ ខណៈអ្នកស្រីមើលឃើញថា ចំនួនតួនាទីស្ត្រីក្នុងជួរថ្នាក់ដឹកនាំ រាប់ទាំងបក្សនយោបាយ និងក្នុងក្រសួងស្ថាប័ន នៅមានចំនួនតិចតួចណាស់ ដែលទាមទារឱ្យក្រសួងពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ឆ្លើយតប។

អ្នកស្រី ចាន់ រ៉ាមី ថា៖ «ខ្ញុំគិតថា ឱកាសនៃការចូលរួម វាសំខាន់សម្រាប់ស្ត្រី ព្រោះគាត់អាចលើកឡើងពីបញ្ហាតម្រូវការរបស់គាត់។ ទោះបីជាយើងថា បុរសជាប់តែ ២០% ទេ ប៉ុន្តែទៅមើលក្បាលម៉ាស៊ីននៅក្នុងការដឹកនាំ ទោះបីនៅក្នុងវិស័យឯកជន សង្គមស៊ីវិល រដ្ឋាភិបាលក៏ដោយ នៅតែជាបុរសដដែលអ៊ីចឹង។ អ៊ីចឹងចំនួនអ្នកដែលគាត់ទើបជាប់ហ្នឹង វាមិនមែនជាការបារម្ភរបស់រដ្ឋាភិបាលទេ។ ខ្ញុំគិតថា គ្រាន់តែថាជាការកត់សម្គាល់ តែកុំចាត់ទុកថាជាក្តីបារម្ភ។ ហើយនៅពេលគាត់[ស្ត្រី]ចូលរួមក្នុងការជជែក សម្រេចចិត្ត ខ្ញុំគិតថា វាជាឱកាសដែលគាត់អាចបង្ហាញនូវសក្តានុពល តម្រូវការ និងការប្រឈមរបស់គាត់ ដែលរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ គួរយកចិត្តទុកដាក់ ហើយឆ្លើយតប»។

បើតាមក្រសួងអប់រំ យុវជន និងកីឡា លទ្ធផល​នៃ​ការប្រឡងសញ្ញា​បត្រមធ្យម​សិក្សាទុ​តិយ​ភូមិ (បាក់ឌុប) មានសិស្សប្រឡងជាប់ចំនួន ៩០ ៩៥០នាក់ ស្មើនឹង ៧២,៣៣% នៃ​ចំនួន​បេក្ខជនមក​ប្រឡង។

ចំណែកបេក្ខជនជាប់និទ្ទេស​ A ក្រសួងថាមានចំនួន១ ០៤៩​នាក់, និទ្ទេស ​B ចំនួន៧ ២៣២នាក់, និទ្ទេស C ចំនួន១៩ ០៥៣​នាក់, និទ្ទេស ​D ចំនួន៣១ ១៦៦នាក់ និងនិទ្ទេស ​E ចំនួន៣២ ៤៥០នាក់ បើធៀបនឹងឆ្នាំ២០២១ មានការកើនឡើងចំនួនជិត២ម៉ឺននាក់ (១៨ ៩៣៤នាក់)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ