លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបើកផ្លូវឱ្យអ្នកគាំទ្របក្សប្រឆាំងនៅក្រៅប្រទេស អាចមកលេងស្រុកកំណើត ដោយមិនចាំបាច់ភ័យខ្លាច ក្រោមហេតុផលថា រដ្ឋាភិបាលនឹងមិនចាត់វិធានការច្បាប់នោះទេ វាលើកលែងតែអ្នកមានដីកាចាប់ខ្លួនពីតុលាការ ដើម្បីអនុវត្តស្មារតីបង្រួបបង្រួមជាតិ។
ការថ្លែងរបស់មេដឹកនាំកម្ពុជានេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់បាក់ឌុប ទទួលបាននិទ្ទេស A សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២១ និង២០២២ នៅរាជធានីភ្នំពេញ នាថ្ងៃព្រហស្បតិ៍នេះ។
លោកថ្លែងថា អ្នកគាំទ្របក្សប្រឆាំងមួយចំនួនដែលកំពុងរស់នៅក្រៅប្រទេស មិនហ៊ានមកលេងស្រុកកំណើតរបស់ខ្លួននៅកម្ពុជាទេ ដោយសារពួកគេធ្លាប់ជេរប្រមាថគណបក្សប្រជាជនកម្ពុជា និងខ្លះទៀតធ្លាប់រៃអង្គាសលុយឱ្យមេដឹកនាំរបស់ពួកគេ ព្រោះតែខ្លាចអាជ្ញាធរចាត់វិធានការច្បាប់។
លោកគូសបញ្ជាក់ថា បញ្ហានេះ រដ្ឋាភិបាលនឹងមិនមានចំណាត់ការណាមួយចំពោះពួកគេដែលចង់មកលេងនៅស្រុកកំណើតក្នុងប្រទេសកម្ពុជាឡើយ វាលើកលែងអ្នកដែលមានដីកាតាមចាប់ខ្លួនពីតុលាការកម្ពុជា។
បន្ថែមពីនេះ លោកបញ្ជាក់ថា ការមើលឃើញកម្ពុជាផ្ទាល់ភ្នែក ក៏អាចឃើញការរីកចម្រើនរបស់កម្ពុជាក្រោមការដឹកនាំរបស់រដ្ឋាភិបាលដែរ ដើម្បីកុំឱ្យពួកគេបន្តចាញ់បោកអ្នកឃោសនាថា រដ្ឋាភិបាលបានលក់ទឹកដីកម្ពុជាឱ្យទៅប្រទេសវៀតណាម។
លោកថា៖ «ចំណុចនេះ ក៏មានបងប្អូនយើងមួយចំនួននៅខាងក្រៅច្រឡំៗថា គាត់ធ្លាប់គាំទ្របក្សប្រឆាំង ចូលស្រុកខ្មែរអត់បាន។ អត់ទេ! សូមមកចុះ រាប់ទាំងអ្នកដែលមានដីកាចាប់ខ្លួន បើចង់ឱ្យគេចាប់ វាអត់មានទាស់ខុសអីទេ ព្រោះខ្លួនមានសិទ្ធិមកតើ! […] នេះជាការដោះស្រាយបញ្ហាជាតិសាសន៍របស់យើងឱ្យមានការរួបរួមគ្នា អ្នកដែលយកយើងជាសត្រូវ យើងក៏មិនស្វាគមន៍គេដែរ»។
អ្នកវិភាគសង្គមដែលរដ្ឋាភិបាលធ្លាប់ចាប់ដាក់ពន្ធនាគារ ហើយកំពុងភៀសខ្លួននៅក្រៅប្រទេស លោក គឹម សុខ យល់ឃើញផ្សេងពីនេះ។
លោកមើលឃើញថា សាររបស់នាយករដ្ឋមន្ត្រី ជាការសារភាពថា ការដឹកនាំរបស់គាត់ ប្រទេសកម្ពុជាជាកន្លែងភ័យខ្លាចសម្រាប់អ្នកមាននិន្នាការជំទាស់ ហើយក៏បង្ហាញពីការដើរផ្ទុយពីស្មារតីរដ្ឋធម្មនុញ្ញដែលធានាពីសិទ្ធិពលរដ្ឋដែរ។
តែផ្ទុយទៅវិញ លោកយល់ថា សារនេះជាការបំបែកសំឡេងអ្នកប្រជាធិបតេយ្យ តាមយុទ្ធវិធីកៀរគរ និងបញ្ចុះបញ្ចូលគ្រប់រូបភាពអាចធ្វើទៅបាន។
លោកថា៖ «យុទ្ធវិធីនេះរបស់លោក ហ៊ុន សែន មិនមែនជាស្មារតីបង្រួបបង្រួមជាតិទេ។ បើបង្រួបបង្រួមជាតិ វាទាល់តែរកវិធីបញ្ចប់ជម្លោះផ្ទៃក្នុងជាតិ ឱ្យខ្មែរនិងខ្មែរអាចរស់នៅជាមួយគ្នា គ្រប់គ្នា ដោយមិនរើសមុខបុគ្គល។ ល្បែងរបស់លោក ហ៊ុន សែន នេះមិនត្រឹមតែមិនបង្រួបបង្រួមជាតិទេ ក៏ប៉ុន្តែព្យាយាមបំបែកបំបាក់ជាតិកាន់តែធំ តាមរយៈបំបែកកម្លាំងអ្នកដែលមាននិន្នាការប្រជាធិបតេយ្យ»។
លោក ហ៊ុន សែន ក្នុងពិធីមួយនៅខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ធ្លាប់បានអំពាវនាវឱ្យមនុស្សមួយចំនួន ដែលបន្តគាំទ្រលោក សម រង្ស៊ី ហើយចង់រួចខ្លួនពីបម្រាមតុលាការ អាចផ្ដាច់ខ្លួនពីលោក សម រង្ស៊ី ដោយថា រដ្ឋាភិបាលធានាបើកផ្លូវឱ្យបន្តជីវិតនយោបាយឡើងវិញបាន តាមរយៈការស្នើសុំព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ។
តែយ៉ាងណា សាររបស់លោក ហ៊ុន សែន នេះត្រូវបានអ្នកតាមដានយល់ឃើញថា ជាយុទ្ធសាស្ត្រដើម្បីឱ្យលោក សម រង្ស៊ី នៅឯកោនៅក្រៅសង្វៀននយោបាយ។
ក៏ប៉ុន្តែជាង២ខែមកនេះ គេនៅមិនទាន់ឃើញរដ្ឋាភិបាលប្រកាសឈ្មោះមន្ត្រីណាម្នាក់ដែលស្និទ្ធជាមួយលោក សម រង្ស៊ី បានផ្តាច់ខ្លួនចេញពីលោក សម រង្ស៊ី តាមការអំពាវនាវរបស់លោក ហ៊ុន សែន នោះទេ។
អតីតតំណាងរាស្ត្រគណបក្សប្រឆាំង ដែលបច្ចុប្បន្នជាអនុប្រធានគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ហៅសារនាយករដ្ឋមន្ត្រីនេះនឹងបង្កើនទំនុកចិត្តដល់អ្នករិះគន់រដ្ឋាភិបាលមួយចំនួនឡើងវិញ។
ប៉ុន្តែលោកយល់ថា ការប្រើប្រាស់ប្រព័ន្ធតុលាការមិនឯករាជ្យ ដើម្បីបិទខ្ទប់ដៃគូប្រកួតចេញពីទីលានប្រកួតការបោះឆ្នោត ជាការបំបិទមាត់ មិនមែនជាការបង្រួបបង្រួមជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញដែលចែងពីលំហប្រជាធិបតេយ្យនោះទេ ដែលការណ៍នេះ លោកថា ភាពរឹងមាំនៃដំណើរការប្រជាធិបតេយ្យ គឺការផ្លាស់ប្តូរមេដឹកនាំតាមរយៈការបោះឆ្នោតដែលឆ្លុះបញ្ចាំងពីឆន្ទៈពលរដ្ឋ។
លោកថា៖ «ផ្សះផ្សាជាតិ វាទាល់តែបើកចំហពហុទស្សនៈហើយទទួលយក អាហ្នឹងបានអាចផ្សះផ្សាជាតិកើត នៅក្នុងសង្គមប្រជាធិបតេយ្យនោះ ដែលគេហៅថាភាពចម្រុះនោះ។ តែបើយើងចង់ឱ្យទៅជាក្រុមតែមួយ ឱ្យយល់ដូចខ្លួនតែមួយ ហើយយល់ថាអាហ្នឹងផ្សះផ្សាជាតិ គឺមិនអាចទេៗ អាហ្នឹងជាការបំបិទមាត់ទេ»។
បន្ថែមពីនេះ លោកថា ៥ឆ្នាំក្រោយរំលាយគណបក្សសង្គ្រោះជាតិពីឆាកនយោបាយ កម្ពុជាបានបាត់បង់ផលប្រយោជន៍ពាណិជ្ជកម្មជាច្រើនពីលោកសេរី មន្ត្រីបក្សប្រឆាំងបានរត់ខ្ចាត់ខ្ចាយ សិទ្ធិមនុស្សនិងប្រជាធិបតេយ្យបន្តធ្លាក់ចុះ អ្នកកាន់អំណាចដេកភ័យព្រួយពីការបះបោររបស់ពលរដ្ឋដែលរងអយុត្តិធម៌ រួមទាំងរងសម្ពាធពីអន្តរជាតិក្នុងការជំរុញឱ្យស្ថានការណ៍នយោបាយប្រសើរឡើងវិញ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី លើកឡើងថា ការរីកចម្រើនរបស់កម្ពុជាត្រូវផ្សារភ្ជាប់នឹងការវិវឌ្ឍនយោបាយទៅរកគន្លងប្រជាធិបតេយ្យ ដែលទាមទារឱ្យមានការប្រកួតប្រជែងការបោះឆ្នោតប្រកបដោយសុជីវធម៌ វិជ្ជាជីវៈ ខាងផ្នែកគោលនយោបាយ ចៀសវាងការវាយប្រហារ និងការប្រើប្រាស់វិធានការច្បាប់ ដើម្បីគាបសង្កាត់ដៃគូប្រកួតដែលប្រើប្រាស់សិទ្ធិ ដើម្បីចូលរួមប្រកួតតាមស្មារតីរដ្ឋធម្មនុញ្ញ។
ជុំវិញបរិបទនយោយបាយនៅកម្ពុជា ក្រោយអ្នកនយោបាយប្រឆាំងត្រូវបានបិទខ្ទប់ដោយប្រព័ន្ធតុលាការ សហភាពអឺរ៉ុប បានព្រមានរួចហើយពីវិធានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុងពីកម្ពុជា បើការបោះឆ្នោតខាងមុខ ខ្វះលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមគន្លងប្រជាធិបតេយ្យឡើងវិញនោះ៕