ស្វាមីរបស់ម្ចាស់ហាងបញ្ចាំនៅណាហ្គាវើលដ៍ដែលត្រូវបានប្លន់សម្លាប់ ប្រកាសផ្ដល់រង្វាន់១០០០ដុល្លារចំពោះការផ្ដល់ព័ត៌មានជនសង្ស័យ

ពលរដ្ឋម្នាក់ធ្វើដំណើរតាមដងផ្លូវនៅពីមុខអគារក្រុមហ៊ុនណាហ្គាវើលដ៍នៅក្រុងភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

​ស្វាមីរបស់ម្ចាស់ហាងបញ្ចាំនៅកាស៊ីណូណាហ្គាវើលដ៍ដែលត្រូវបានប្លន់សម្លាប់យកទ្រព្យសម្បត្តិអស់រាប់ម៉ឺនដុល្លារ បានប្រកាសផ្ដល់រង្វាន់ចំនួន១ ០០០ ដុល្លារដល់អ្នកដែលដឹងកន្លែង​លាក់​ខ្លួន​របស់ជនសង្ស័យ​ ​ដែល​លោក​ជឿ​ថា​បាន​សម្លាប់​ភរិយារបស់លោក​។

លោកស្រី អ៊ឹង ជុងហ្គិច អាយុ៣៧ឆ្នាំ ត្រូវបានប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ទឹកជាន់ទី១ នៃកាស៊ីណូណាហ្គាវើលដ៍​​ទី១ កាលពីថ្ងៃទី១៦ ខែមករា។ នេះបើយោងតាមបុគ្គលិកម្នាក់របស់លោកស្រី។ លោកស្រី អ៊ឹង ជុងហ្គិច គឺជាម្ចាស់ហាងបញ្ចាំនៅក្នុងកាស៊ីណូណាហ្គាវើលដ៍ទី១។

ស្វាមី​របស់​លោកស្រី អ៊ឹង ជុងហ្គិច គឺលោក ចាន់ សួរ ត្រូវ​បាន​គេមើលឃើញថាមានទុក្ខព្រួយជាខ្លាំងនៅ​ក្នុង​ពិធី​បុណ្យ​សព​របស់​ភរិយា​ពីរ​ថ្ងៃ​បន្ទាប់​ពី​មរណភាព។ លោកបាននិយាយនៅពេលនោះទាំងទឹកភ្នែកថា «ហេតុ​អ្វី​អូនទៅចោលបង?»

លោក ចាន់ សួរ បាននិយាយកាលពីថ្ងៃពុធថា អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានផ្ញើឱ្យលោកនូវរូបបុរសម្នាក់ដែលអាចជាជនសង្ស័យក្នុងករណីឃាតកម្មនេះ។

លោក​បាន​ដឹង​ថា​ សមត្ថកិច្ច​កំពុង​តែ​ស៊ើប​អង្កេត ប៉ុន្តែ​លោក​ចង់​បាន​យុត្តិធម៌ ហើយ​ប្រកាសថានឹង​ផ្តល់​ប្រាក់រង្វាន់ចំនួន ១ ០០០ដុល្លារ ​ដល់​អ្នក​ណា​ដែល​រាយការណ៍​ពី​ជនសង្ស័យ​ទៅ​សមត្ថកិច្ច។

លោក ចាន់ សួរ បាននិយាយថា៖ «ខ្ញុំ​មិន​ចង់​សួរ​សមត្ថកិច្ច​ទៀត​ទេ ព្រោះ​ខ្ញុំ​សួរច្រើនដងហើយ។ សមត្ថកិច្ចកំពុងធ្វើកិច្ចការនេះ»។

លោក​​បន្ត​ថា លោក​បានបង្ហាញ​​រូបថត​បុរសម្នាក់ដែលត្រូវបានអះអាងថាជាជន​សង្ស័យ​ទៅ​​សមត្ថកិច្ច។

លោក ចាន់ សួរ បន្ថែមថា មានគេបង្ហោះតាមអ៊ីនធឺណិត ដោយឃើញជនសង្ស័យធ្វើដំណើរចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប៉ុន្តែលោកមិនជឿឡើយ ទាល់តែបានឃើញរូបថតនោះ។

លោកបាន​សរសេរ​នៅលើបណ្តាញសង្គមហ្វេសប៊ុក​ថា៖​ «​នេះជាលើកទីមួយ ហើយជាការឈឺចាប់បំផុតសម្រាប់ជីវិតខ្ញុំ​។ ខ្ញុំសុំបងប្អូនប្រជាជនយើង បើសិនបានឃើញឃាតកក្នុងរូបនេះ សូមជួយផ្ដល់ព័ត៌មានដល់សមត្ថកិច្ចដែលនៅជិតបំផុត​ ឬផ្ដល់ព័ត៌មានមកដល់ខ្ញុំ»។

នាយប៉ុស្តិ៍នគរបាលសង្កាត់ទន្លេបាសាក់ លោក សាល ស​ណ្ដុះ មានប្រសាសន៍ថា លោកបានឃើញរូបដែលត្រូវបានអះអាងថាជាជនសង្ស័យ តាមប្រព័ន្ធផ្សព្វផ្សាយសង្គម ប៉ុន្តែលោកមិនអាចបញ្ជាក់បានថាតើបុរសនោះពិតជាជនសង្ស័យ ឬយ៉ាងណានោះទេ។ លោកថា អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ហាក់ដូចជាច្បាស់ជាងសមត្ថកិច្ចទៀត។

លោក​ថា មន្ត្រី​កំពុង​ដុតដៃដុត​ជើង​ក្នុង​ការ​ស៊ើបអង្កេត ប៉ុន្តែ​លោកមិន​អាច​ផ្តល់​ព័ត៌មាន​លម្អិតឡើយ។​

អ្នក​នាំ​ពាក្យ​អគ្គស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខ​សីហា មាន​ប្រសាសន៍​ថា ការ​បង្ហោះរូបបុគ្គល​ណាម្នាក់​តាម​អ៊ីនធឺណិត​ ដោយអះអាង​ថា​ជា​ជនសង្ស័យក្នុងករណី​ឃាតកម្ម អាច​ប៉ះពាល់​ដល់​ការ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច ប៉ុន្តែ​ប្រជាពលរដ្ឋ​មាន​សេរីភាព​ក្នុងការបង្ហោះ។ លោក​ថា នេះ​ជា​សិទ្ធិ​របស់​ពួក​គេ។

លោកបន្ថែមថា៖ «ការ​បង្ហោះ ឬ​បង្ហាញ​តាមអ៊ីនធឺណិត អាច​ធ្វើ​ឱ្យ​ជន​សង្ស័យស្រួលរត់​គេច​ខ្លួន​»

លោកបន្តថា លោក​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​ចំពោះករណីដែលឃើញជនសង្ស័យចាកចេញពីអាកាសយានដ្ឋាននោះទេ។

លោក ស៊ឹង សែនករុណា អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ​​​មាន​ប្រសាសន៍​ដែរ​ថា ​ការ​បង្ហោះ​រូបដែលត្រូវបានអះអាងថាជាឃាតក នឹងមិនជួយដល់ការ​ស៊ើប​អង្កេត​របស់​សមត្ថកិច្ចឡើយ ប៉ុន្តែវា​មិន​ខុស​អ្វីឡើយ។

លោក​បន្ថែមថា៖ «នេះ​មិន​ខុស​ទេ។ ទោះយ៉ាងណា ការ​បង្ហោះ​បែប​នេះ​មិនជួយដល់គ្រួសារ​ជន​រងគ្រោះ​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ជន​សង្ស័យ​រត់​គេច​ខ្លួន»៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Victim’s Husband Offers $1,000 Reward Over NagaWorld Murder

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ