កម្មករជាង១ពាន់នាក់ធ្វើការនៅរោងចក្រ ខេមបូហ៊ែនសាំ តវ៉ាទាមទារឱ្យថៅកែទូទាត់អត្ថប្រយោជន៍៥ចំណុច

រោងចក្រ ខេមបូ ហ៊ែនសាំ។ (ផ្ដល់ឱ្យ)

កម្មករកម្មការិនី​ជាង​ ១ ៧០០នាក់ បម្រើការងារនៅរោងចក្រ ខេមបូ ហ៊ែនសាំ (CAMBO HANDSOME LTD) ស្ថិតក្នុងសង្កាត់​ចោម​ចៅ៣ ខណ្ឌពោធិ៍សែន​ជ័យ រាជធានីភ្នំពេញ បាន​តវ៉ាទាមទារឱ្យថៅកែទូទាត់អត្ថប្រយោជន៍៥ចំណុច ក្រោយ​ពីរោងចក្រនេះប្រកាសបិទទ្វារអាជីវកម្ម។

កម្មករ និងប្រធានសហជីព ស៊ីខៅឌូ ​​ប្រចាំរោងចក្រ ខេមបូ​ហ៊ែនសាំ លោក នេត តារាវុធ ប្រាប់​វីអូឌីនៅថ្ងៃព្រហស្បតិ៍​នេះ​ថា ថៅកែ​រោង​ចក្រ​នេះបាន​បិទ​ទ្វារ​អាជីវកម្ម​ដោយ​មិន​បាន​ជូន​ដំណឹង​ត្រឹម​ត្រូវ និ​ង​បញ្ឈប់​កម្មករទាំងអស់​​ពីការងារដោយមិនបាន​ទូទាត់​អត្ថប្រយោជន៍ផ្សេងៗជូនកម្មករ​ឱ្យបាន​ត្រឹមត្រូវតាមផ្លូវច្បាប់​ឡើយ។

ប្រធាន​សហជីព​រូបនេះ​បានឱ្យដឹង​ថា តាម​ផ្លូវច្បាប់​ នៅ​ពេល​ដែល​បិទ​ទ្វាររោងចក្រដោយ​មិនបានជូនដំណឹងត្រឹមត្រូវ​ដល់កម្មករ គឺ​ថៅកែ​ត្រូវ​ទូទាត់​អត្ថប្រយោជន៍ចំនួន ៥ចំណុច ​ដល់​កម្មករ រួមមាន ប្រាក់​ឈ្នួល​ចុង​ក្រោយ ប្រាក់​ជួស​ឱ្យ​កា​រ​ឈប់សម្រាក​ប្រចាំឆ្នាំដែលនៅសស់ ប្រាក់ជួស​ឱ្យការជូនដំណឹងមុន ប្រាក់អតីតភាពការងារឆ្នាំ២០២៣ និងមុនឆ្នាំ២០១៩​ដែលនៅ​សស់ និង​សំណង​ជំងឺ​ចិត្ត។ ប៉ុន្តែ​លោក​ថា ករណីថៅកែបញ្ចប់កិច្ចសន្យាការងារកម្មករនេះ គឺថៅកែទូទាត់ឱ្យកម្មករតែ ៤ចំណុច​ ប៉ុណ្ណោះ។

លោកបន្ថែមថា៖ «ការទូទាត់នេះ វាអត់​ត្រឹម​ត្រូវ​ ដោយ​សារ​ជា​គោល​ការណ៍​ នៅពេល​​ដែល​​បិទ​​ទ្វារ​រោង​ចក្រ ដោយពុំមានការជូនដំណឹងត្រឹមត្រូវ គឺក្រុមហ៊ុនត្រូវទូទាត់អត្ថប្រយោជន៍ចំនួន ៥ចំណុច​​ ដល់កម្មករស្របតាមផ្លូវច្បាប់»

កម្មករ និង​ជាសមាជិកសហជីព​ ស៊ីខៅឌូ ប្រចាំរោង​ចក្រ​ ខេម​បូ ហ៊ែន​​សាំ លោក គុយ សម្ភស្ស មានប្រសាសន៍​ថា កម្មករ​​​បាន​​នាំ​គ្នាដេកយាមមុខរោងចក្រចំនួន​២យប់​មក​ហើយ ដោយបារម្ភខ្លាច​​ថៅកែ​ដឹ​​ក​សម្ភារចេញ​ពី​រោង​ចក្រ។ កម្មករ​រូប​នេះឱ្យ​ដឹង​​ថា នៅថ្ងៃព្រហស្បតិ៍​នេះ តំណាង​ក្រសួង​ការ​ងារ បាន​ជួប​ជាមួយ​តំណាង​កម្មករ និង​តំណាងរោងចក្រ ដើម្បីជជែករកដំណោះស្រាយ​វិវាទការងារនេះ ប៉ុន្តែភាគីរោងចក្រមិនបានអនុញ្ញាតឱ្យភាគីកម្មករចូលរួមចរចា​ក្នុងកិច្ចប្រជុំនេះឡើយ។

លោកបន្ថែមថា៖ «រោងចក្រហ្នឹង វាប្រកាសបិទថ្ងៃទី៣១ ​ខែ​មករា។ ហើយវាបិទថ្ងៃទី៤ ខែកុម្ភៈ​នេះ​​ ដែលគ្មានប្រាប់ហេតុអីបន្តិច​ដល់​កម្មករ ហើយ​ក៏មិនបានប្រាប់កម្មករមុនដែរ។ ដោយគេដោះស្រាយឱ្យកម្មករចំនួន ៤ចំណុច ប៉ុន្តែពួកខ្ញុំ​ទាម​ទារ​៥ចំណុច ព្រោះគាត់ផ្តល់ដំណឹងឱ្យពួកខ្ញុំខុសគោលការណ៍​ច្បាប់។ អ៊ីចឹង ពួកខ្ញុំទាមទារឱ្យមានសំណងជំងឺចិត្ត ប៉ុន្តែរោង​ចក្រអត់​ឱ្យ»

បើតាម​លោក គុយ សម្ភស្ស រោងចក្រ ខេមបូ ហ៊ែនសាំ ជារោងចក្រផលិតសម្លៀកបំពាក់ មានកម្មករបម្រើការងារជាង១ ៧០០នាក់ និងថៅកែជាជនជាតិកូរ៉េខាងត្បូង។

វីអូឌី មិនអាចសុំការឆ្លើយតបពីខាង​តំណាង​រោងចក្រ ខេមបូ ហ៊ែនសាំ ដែលកម្មករប្រាប់ឈ្មោះថា ប៊ុនធឿន បានទេ នៅថ្ងៃព្រហស្បតិ៍នេះ។

ចំណែក​​អគ្គលេខាធិការរងគណៈកម្មការដោះស្រាយកូដកម្មបាតុកម្មគ្រប់មុខសញ្ញា​ នៃក្រសួងការងារ និងបណ្តុះ​​បណ្តាល​​វិជ្ជា​ជីវៈ​ លោក អ៊ូ រតនា មានប្រសាសន៍ថា ការចរចារកដំណោះស្រាយវិវាទការងារនេះនៅមិនទាន់សះជានៅឡើយទេ ហើយភាគីពាក់ព័ន្ធនឹងបន្តជួបចរចាគ្នានៅថ្ងៃស្អែកនេះទៀត។

កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុន ខេមបូ ហ៊ែនសាំ អិលធីឌី បានចេញសេចក្តីជូនដំណឹងស្តីពីការទូទាត់អត្ថប្រយោជន៍​ចំនួន ៤ចំណុច ជូនកម្មករ។ សេចក្តីជូនដំណឹងនេះបញ្ជាក់ថា អត្ថប្រយោជន៍ ៤ចំណុច​ ដែលក្រុមហ៊ុនផ្តល់ឱ្យនោះ រួម​មាន ប្រាក់​ខែ​ចុង​ក្រោយ ប្រាក់​ជួស​ឱ្យ​ការ​ឈប់​សម្រាកប្រចាំឆ្នាំដែលនៅសល់ ប្រាក់ជួសឱ្យការជូនដំណឹងមុន ប្រាក់​អតីត​ភាព​ការងារ​ឆ្នាំ​២០២៣ និងអតីតភាពការងារ​​​មុន​ឆ្នាំ២០១៩ដែលនៅសល់។

ប្រធាន​សហភាព​ការ​ងារ​កម្ពុជា លោក អាត់ ធន់ ប្រាប់វីអូឌីកាលពីខែមុននេះថា តាមរបាយការណ៍ពីសមាជិក​របស់​សហជីពមួយ​នេះ គឺ​មាន​រោង​ចក្រ​ចំនួន​​១០ បាន​បិទ​ទ្វារ និងរោងចក្រចំនួន២០ បានព្យួរការងារកម្មករ ខណៈប្រមាណ៦០រោងចក្រផ្សេងទៀតបានកាត់បន្ថយបុគ្គលិក។

មេសហជីពរូបនេះលើកឡើងថា ទីផ្សារស្បែកជើង និងទីផ្សារវាយនភណ្ឌសម្លៀកបំពាក់ មិនទាន់បង្ហាញសញ្ញា​វិជ្ជមាន​នៃការ​ងើប​ឡើង​វិ​ញ​ពីការបញ្ជាទិញពីទីផ្សារអន្តរជាតិនៅឡើយទេ។ លោកថា ស្ថានភាពបែបនេះនឹងជំរុញឱ្យរោងចក្រភាគច្រើន​នៅកម្ពុជានឹងបន្តកាត់បន្ថយការងារថែម​ម៉ោង និង​ព្យួរការងារដល់កម្មករមួយចំនួនបន្ថែមទៀត ហើយវានឹងធ្វើឱ្យប៉ះពាល់ជីវភាពរបស់កម្មករទាំងនោះផងដែរ។

មួយទៀតនោះ លោកថា បញ្ហាគ្មានការបញ្ជាទិញនេះក៏អាចជាប់ពាក់ព័ន្ធនឹងការផ្តាច់ប្រព័ន្ធ​អនុគ្រោះពន្ធ GSP របស់​​សហរដ្ឋអាមេរិក និង​ការ​បាត់​បង់ ២០ភាគរយ នៃ​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA របស់សហភាព​អឺរ៉ុប រួម​ទាំងបញ្ហា​ការរាតត្បាតជំងឺកូវីដ​-១៩ បូកផ្សំនឹងសង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និងអ៊ុយក្រែន ផងដែរ។

របាយការណ៍របស់ក្រសួង​ឧស្សាហកម្ម បច្ចេក​វិទ្យា វិទ្យា​សាស្រ្ត និងនវានុវត្តន៍ បានឱ្យដឹងថា មានរោងចក្រសហគ្រាសថ្មីចំនួន ១៨៦​​រោ​ង​​ចក្រ បាន​​ចុះ​បញ្ជី​ក្នុង​ឆ្នាំ២០២២ ដែល​ធ្វើឱ្យចំនួនរោងចក្រសហគ្រាសសរុប​នៅក្នុងប្រទេសកម្ពុជាកើនដល់​១ ៩៨២រោង​ចក្រ។

របាយកា​រណ៍ឱ្យដឹងទៀតថា នៅឆ្នាំ២០២២ មានរោងចក្រតែ ៨៣រោងចក្រ​ប៉ុណ្ណោះ បានបិទទ្វារ គឺទាបជាងចំនួនរោងចក្របិទទ្វារ​ក្នុង២០២១ ដែលមានរហូតដល់១៤៣រោងចក្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ