កម្ពុជាថាការផ្ដល់ពានការពារសិទ្ធិមនុស្សដល់កញ្ញា ឈឹម ស៊ីថរ ដោយអាមេរិកជាការផ្ដល់ឱ្យបុគ្គលល្មើសច្បាប់

ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ថ្លែងក្នុងសន្និសីទសារព័ត៌មានអំពី «បច្ចុប្បន្នភាពនៃដំណើរការចរចាដោះស្រាយវិវាទការងារ និងការបន្តធ្វើទុក្ខបុកម្នេញ និងការប្រើប្រាស់អំពើហិង្សាមកលើកូដករក្រុមហ៊ុនណាហ្គាវើលដ៍» នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចាត់ទុកការផ្ដល់ពានអ្នកការពារសិទ្ធិមនុស្ស ឆ្នាំ២០២២ ដោយក្រសួងការបរទេសអាមេរិកដល់កញ្ញា ឈឹម ស៊ីថរ គឺជាការផ្តល់ទៅឱ្យបុគ្គលល្មើសច្បាប់ និងមិនមែនជាមធ្យោបាយស្របច្បាប់សម្រាប់ការពារខ្លួនកញ្ញា ឈឹម ស៊ីថរ នៅក្នុងតុលាការនោះឡើយ។

ការប្រកាសរបស់ក្រសួងការបរទេសកម្ពុជានេះធ្វើឡើងមួយថ្ងៃក្រោយពីក្រសួងការបរទេសសហរដ្ឋអាមេរិកសម្រេចផ្តល់ពានការពារសិទ្ធិមនុស្សដល់កញ្ញា ឈឹម ស៊ីថរ ដែលជាបុគ្គលទីមួយនៅកម្ពុជាទទួលបានពានរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។

ក្នុងសេចក្តីថ្លែងការណ៍មានចំណងជើងថា «ពានរង្វាន់មិនមែនជាមធ្យោបាយស្របច្បាប់ការពារខ្លួនក្នុងតុលាការរបស់ប្រទេសណាមួយឡើយ» របស់អ្នកនាំពាក្យក្រសួងការបរទេស ចុះថ្ងៃទី២ ខែកុម្ភៈ ប៉ុន្តែទើបត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី៣ ខែកុម្ភៈ លើកឡើងថា ពានរង្វាន់ជារឿយៗ គឺសម្រាប់ទទួលស្គាល់បុគ្គលដែលតស៊ូ ដើម្បីសន្តិភាព ភាពសុខដុមរមនា និងការបង្រួបបង្រួមជាតិ ការកាត់បន្ថយសព្វាវុធ ការលុបបំបាត់ការរើសអើង អំពើហិង្សា និងការស្អប់ខ្ពើមជាតិសាសន៍ ឬក៏បង្កើតស្នាដៃណាមួយសម្រាប់សង្គម ជាដើម។

សេចក្តីថ្លែងការណ៍បន្តថា ការប្រកាសរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក មិនតំណាងឱ្យបំណងប្រាថ្នាពិតប្រាកដនៃប្រជាពលរដ្ឋកម្ពុជាភាគច្រើនទេ ព្រោះទង្វើបែបនេះ គឺជាសារជំរុញផ្តល់កម្លាំងដល់ក្រុមជាក់លាក់ ដែលបានត្រៀមខ្លួនរួចជាស្រេចកេងយកប្រយោជន៍ពីស្ថានការណ៍ ដើម្បីបំរើរបៀបវារៈលាក់ពុតរបស់ខ្លួនដែលពួនជ្រកក្រោមស្លាកសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ។

សេចក្តីថ្លែងការណ៍បន្ថែមថា ចំណាត់ការផ្លូវច្បាប់ចំពោះកញ្ញា ឈឹម ស៊ីថរ ពុំពាក់ព័ន្ធនឹងសិទិ្ធមនុស្ស ឬក៏វិវាទការងារទ ប៉ុន្តែគឺដោយសារការបំពានជាក់ស្តែងលើបម្រាមមិនឱ្យចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា ខណៈពេលកំពុងស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

ពាក់ព័ន្ធទៅនឹងក្តីក្តាំរបស់កញ្ញា ឈឹម ស៊ីថរ នៅតុលាការវិញ អ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់ថា «ពានរង្វាន់នេះមិនមែនជាមធ្យោបាយស្របច្បាប់សម្រាប់ការពារខ្លួននៅក្នុងតុលាការរបស់ប្រទេសណាមួយឡើយ។ មធ្យោបាយស្របច្បាប់ គឺការចូលរួមក្នុងដំណើរការកាត់ក្តី និងផ្តល់ទឡ្ហីករណ៍ផ្លូវច្បាប់ ជាមួយភស្តុតាងរឹងមាំ ដើម្បីដោះបន្ទុក នៅក្រោមច្បាប់ និងនីតិវិធីតុលាការរបស់រដ្ឋពាក់ព័ន្ធ»

ទោះជាយ៉ាងណា ក្រសួងការបរទេសសហរដ្ឋអាមេរិកលើកឡើងថា​ មូលហេតុដែលកញ្ញា ឈឹម ស៊ីថរ ត្រូវបានផ្តល់ពានរង្វាន់ការពារសិទ្ធិមនុស្ស ដោយសារតែភាពក្លាហាន និងភាពជាអ្នកដឹកនាំក្នុងការតស៊ូមតិ ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានរបស់កញ្ញា ឈឹម ស៊ីថរ

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy បាន​លើកឡើង​​នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី២ ខែកុម្ភៈ ដោយ​​កោត​សរសើរ​កញ្ញា ឈឹម ស៊ីថរ ថាជាអ្នកការពារសិទ្ធិមនុស្សឆ្នើមម្នាក់។

លោក Patrick Murphy បានគូសបញ្ជាក់​ថា៖ «យើងអបអរចំពោះការទទួលស្គាល់ដល់កញ្ញា ស៊ីថរ ជាអ្នកការពារសិទ្ធិមនុស្សឆ្នាំ​២០២២ ​ម្នាក់​។ កញ្ញាគឺជាថ្នាក់ដឹកនាំសហជីពការងារ​ដ៏ក្លាហាន និងអត់ធ្មត់ ដែលតស៊ូមតិដោយសន្តិវិធីដើម្បីសិទ្ធិរបស់កម្មករកម្ពុជា»

ជាមួយគ្នានេះ លោកថា ការការពារនិងគាំទ្រអ្នកការពារសិទ្ធិមនុស្ស គឺជាអាទិភាពចម្បងនៃគោលនយោបាយការបរទេសសហរដ្ឋអាមេរិក ហើយ​ស្ថានទូតអាមេរិកនៅប្រទេសកម្ពុជា អបអរ​សាទរ​ដល់កញ្ញា ឈឹម ស៊ីថរ និងអ្នកទទួលទាំងអស់នៃពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស ឆ្នាំ២០២២។

បើតាមក្រសួងការបរទេសអាមេរិក ទោះបីជាមានការបៀតបៀនរូបកាយ និងការចាប់ខ្លួន កាលពីខែមករា ឆ្នាំ២០២២ ក្នុងពេលធ្វើកូដកម្មរក​ដំណោះស្រាយវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ក៏ដោយ​ ក៏​កញ្ញា ស៊ីថរ បានបន្តចេញមុខនិយាយអំពីសិទ្ធិការងារ។

ការផ្តល់ពានអ្នកការពារសិទ្ធិមនុស្សឆ្នាំ២០២២ ដល់កញ្ញា ឈឹម ស៊ីថរ ខណៈដែលកញ្ញាកំពុងជាប់នៅក្នុងពន្ធនាគារព្រៃសនៅឡើយ ដែលជាការជាប់ពន្ធនាគារជាលើកទី២របស់កញ្ញា ចាប់តាំងពីមានសកម្មភាពដឹកនាំការតស៊ូមតិការពារផលប្រយោជន៍បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដែលបានអូសបន្លាយជាង ១ ឆ្នាំមកហើយនោះ។

សហជីពឯករាជ្យ និងអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា ចាត់ទុកការ​ផ្ដល់​ពានរង្វាន់ដល់កញ្ញា ឈឹម ស៊ីថរ គឺស័ក្តិសមទៅនឹងភាព​ក្លាហាន ជាមួយ​ការ​លះបង់​របស់មេសហជីពរូបនេះ ដើម្បីការពារសិទ្ធិ​កម្មករ​និយោ​ជិត។ លើសពីនេះ​ទៀត ពួកគេថា ពានរង្វាន់នេះមិនត្រឹមលើកទឹកចិត្តដល់កញ្ញា ស៊ីថរ នោះទេ ប៉ុន្តែ​ជាការ​ជំរុញនិង​លើកទឹកចិត្តដល់សហជីព ព្រមទាំងអ្នកការពារសិទ្ធិមនុស្សផ្សេងទៀតផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ