មន្ទីរបញ្ចកោណថាបាឡុងចារកម្មរបស់ចិនហោះលើទឹកដីអាមេរិក

ទង់ជាតិ​អាមេរិក​ព្យួរ​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​ការ​វាយ​ប្រហារកាលពី​ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ២០០១ នៅ​មន្ទីរ​បញ្ចកោណ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ ២០២២។ (REUTERS/Cheriss May)

មន្ត្រីអាមេរិក ឱ្យដឹងថា បាឡុង​​ចារកម្មរបស់ចិនបានហោះលើទឹកដី​សហរដ្ឋអាមេរិកប៉ុន្មាន​ថ្ងៃមក​ហើយ នៅមុន​ដំណើរ​ទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ដោយរដ្ឋមន្ត្រីការ​បរទេស​សហរដ្ឋ​អាមេរិក​ លោក អេនតូនី ប្លីនខេន (Antony Blinken)​។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣​នេះ។

ប្រភពដដែលបន្តថា យន្តហោះចម្បាំងត្រូវបានចល័ត ប៉ុន្តែមេបញ្ជាការយោធាបានផ្តល់ដំបូន្មាន​ដល់​លោក ចូ បៃឌិន កុំឱ្យបាញ់ទម្លាក់បាឡុង​នោះ ព្រោះខ្លាច​កម្ទេច​កម្ទី​អាច​ប៉ះពាល់ដល់​សុវត្ថិភាព។

ប្រភព​ដដែលបន្ត​ថា បាឡុង​ចារកម្មនោះត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ជិត​កោះ Aleutian និង​កាណា​ដា មុនពេលហោះចូលសហរដ្ឋអាមេរិក។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកឧត្តមសេនីយ ផាទ្រីក រីឌឺ (Patrick Ryder) បាននិយាយថា៖ «រដ្ឋាភិបាលសហរដ្ឋអាមេរិកបានឃើញបាឡុងនោះ និងកំពុងឃ្លាំមើលក្នុងរយៈកម្ពស់ខ្ពស់ ដែលស្ថិតនៅលើទ្វីបអាមេរិកនាពេលនេះ»។

លោកបន្តថា៖ «បច្ចុប្បន្ននេះ បាឡុងនោះកំពុងហោះក្នុងរយៈកម្ពស់ខ្ពស់ ស្ថិតនៅលើចរាចរណ៍ផ្លូវអាកាសពាណិជ្ជកម្ម ហើយមិនបង្កការគំរាមកំហែងផ្នែកយោធា ឬរាងកាយដល់មនុស្សនៅលើដីនោះទេ»។

លោក Antony Blinken ​នឹង​បំពេញទស្សនកិច្ច​ទៅកាន់​ប្រទេស​ចិន​ នៅ​សប្តាហ៍ក្រោយ​។ យ៉ាងណា គេនៅ​ទាន់​មិន​ច្បាស់​ថា​តើ​បាឡុង​​ចារកម្ម​អាច​ប៉ះពាល់​ដល់​ផែន​ការ​ធ្វើ​ទស្សនកិ​ច្ច ឬ​យ៉ាងណា​នោះ​ទេ។​

ក្រសួងការបរទេសចិន មិន​បាន​ឆ្លើយ​តប​ចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters ឡើយ។

ពាក់ព័ន្ធនឹងករណីនេះ មន្ត្រី​អាមេរិក​បានដោះស្រាយ​បញ្ហា​នេះ​ជាមួយ​សមភាគី​ចិន ​តាមរយៈ​បណ្តាញ​ការទូត​ក្នុង​ទីក្រុង​ប៉េកាំង និង​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន។

សមាជិកព្រឹទ្ធសភាអាមេរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) មកពីគណបក្សសាធារណរដ្ឋ បានថ្លែង​​ថា បាឡុង​ចារកម្មនេះ​គួរឱ្យព្រួយបារម្ភ ប៉ុន្តែមិនគួរឱ្យភ្ញាក់ផ្អើលនោះទេ។

លោក Rubio បាននិយាយនៅលើ Twitter ថា៖ «កម្រិតចារកម្មរបស់ទីក្រុងប៉េកាំងមកលើប្រទេសយើងបានកើនឡើងខ្លាំងក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ»។

ដំណឹងនេះបានផ្ទុះឡើងនៅពេលដែលនាយក CIA លោក វីល្លៀម បើន (William Burns) កំពុងថ្លែងនៅក្នុងព្រឹត្តិការណ៍សាកលវិទ្យាល័យ Georgetown ក្នុងទីក្រុងវ៉ាស៊ីនតោន ដែលលោកបានហៅប្រទេសចិនថាជា «បញ្ហាប្រឈមភូមិសាស្ត្រនយោបាយដ៏ធំបំផុត» ចំពោះអាមេរិក។

មន្ត្រីអាមេរិកថា បាឡុងចារកម្មបានហោះចូលទឹកដីអាមេរិកជាច្រើនដងមកហើយ ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែបាឡុងដែលត្រូវបាន​បង្ហោះលើក​នេះ ហាក់ដូចជាហោះបានយូរជាងលើកមុន។

សូមរម្លឹកថា ទំនាក់ទំនង​រវាង​ចិន និង​សហរដ្ឋ​អាមេរិក ​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​នេះ ជាពិសេស​បន្ទាប់​ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ទៅកាន់កោះតៃវ៉ាន់ កាលពីខែសីហា ដែលបានជំរុញឱ្យចិនធ្វើសមយុទ្ធយោធាជាច្រើនលើកនៅជុំវិញដែនកោះមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ