CIA ថាចិនបញ្ជាឱ្យកងទ័ពត្រៀមឈ្លានពានកោះតៃវ៉ាន់ត្រឹមឆ្នាំ២០២៧

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើរកាត់ក្បួនទ័ព ខណៈលោកមកដល់ពិធីមួយនៅទីលាន ធានអានម៉ិន (Tiananmen Square) ទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។ REUTERS/Carlos Garcia Rawlins)

នាយក​ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្ដាលរបស់សហរដ្ឋអាមេរិក (CIA) លោក វីល្លៀម បើន (William Burns) បានឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជីន​ពីង (Xi Jinping) បានបញ្ជាឱ្យយោធាត្រៀម​ខ្លួន ដើម្បីឈ្លានពានកោះតៃវ៉ាន់នៅត្រឹមឆ្នាំ២០២៧។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣​នេះ។

លោក Burns បានថ្លែង​នៅក្នុងព្រឹត្តិការណ៍មួយនៅសាកលវិទ្យាល័យ Georgetown ក្នុងទីក្រុង Washington DC នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ថាលោក Xi បានបញ្ជាឱ្យយោធាត្រៀមខ្លួន។

លោកបន្ថែមថា នេះមិនមានន័យថា មេដឹកនាំចិនបានសម្រេចចិត្តឈ្លានពានតៃវ៉ាន់​នៅឆ្នាំ២០២៧ ឬក្នុងពេលណាមួយនោះទេ។ លោក​ថា វា​គឺ​ជា​ការ​រម្លឹក​ថា លោក Xi តាំងចិត្តសម្រេច​មហិច្ឆតា​របស់លោក។

លោក Burns បាននិយាយថា៖ «ខ្ញុំនឹងមិនមើលស្រាលមហិច្ឆតារបស់លោក Xi ទាក់ទងនឹងកោះតៃវ៉ាន់ឡើយ»។

បច្ចុប្បន្ន លោក Xi កំពុង​កាន់​អំណាច​អាណត្តិ​ទី​៣ ជា​មេដឹកនាំ​បក្ស​កុម្មុយនីស្ត​ដែលកំពុង​កាន់​អំណាច។ អាណត្តិរបស់លោកនឹងផុតកំណត់នៅឆ្នាំ២០២៧។

នៅឆ្នាំ២០២១ អតីតមេបញ្ជាការ នៃទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិកអាមេរិក លោក ហ្វីលីព ដាវីសុន (Philip Davidson) បាននិយាយនៅក្នុងបទសម្ភាសជាមួយ NHK ថាការគំរាមកំហែងរបស់ចិន​ចំពោះកោះតៃវ៉ាន់ នឹងបង្ហាញឱ្យឃើញក្នុងរយៈពេល៦ឆ្នាំខាងមុខ។

ក្នុងរ​យៈពេ​ល​ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំង បានបង្កើនសម្ពាធទៅលើរដ្ឋាភិបាលកោះតៃវ៉ាន់ ដើម្បីឱ្យរដ្ឋាភិបាលនៃដែនកោះមួយនេះទទួលយកអំណាចរបស់ទីក្រុងប៉េកាំង។ ចំណែក​រដ្ឋាភិបាលកោះតៃវ៉ាន់វិញ តែងលើកឡើងថា ពួកគេចង់បានសន្តិភាពជាមួយប្រទេសចិន ប៉ុន្តែប្រសិនបើចិនវាយប្រហារមកលើកោះនេះ ពួកគេនឹងការពារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ