បក្សកាន់អំណាចថាធម្មយាត្រាសមាគមគ្រូបង្រៀន ជាការផ្សព្វផ្សាយសារនយោបាយបក្សប្រឆាំង ខណៈសង្គមស៊ីវិលថាជំរុញឱ្យមានសីលធម៌សង្គម

ទិដ្ឋភាពហែធម្មយាត្រា ស្ដីពី «ការលើកកម្ពស់សីលធម៌សង្គម» មកដល់ចំណុចមួយនៃខេត្តកំពង់ឆ្នាំង រៀបចំឡើងដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (ចាប់ផ្ដើមចេញដំណើរនៅថ្ងៃទី១ ខែកុម្ភៈ ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តពោធិ៍សាត់)​ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣។ (ផ្ដល់ឱ្យ)

បក្សកាន់អំណាចថា ធម្មយាត្រាសមាគមគ្រូបង្រៀនកម្ពុជា​ឯករាជ្យ​ ជាការផ្សព្វផ្សាយសារនយោបាយបក្សប្រឆាំង ហើយការលើកយក​​ប្រធាន​​បទស្តីពី​ «ការលើកកម្ពស់សីលធម៌សង្គម» សម្រាប់​ធម្មយាត្រានេះ គឺ​គ្រាន់តែ​​ជាទ្រឹស្តីរបស់ពួកគេ ខណៈសង្គមស៊ីវិលវិញយល់ថា ធម្មយាត្រានេះនឹងហុចផលច្រើន​សម្រាប់​​ប្រទេស​មួយដែលចូលចិត្តប្រើហិង្សា។

ការលើកឡើងផ្ទុយគ្នានេះធ្វើឡើង ស្របពេល​​ដែលសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និង​អ្នក​ចូល​រួមប្រមាណ ៥០នាក់ បាន​ហែធម្មយាត្រាដោយថ្មើរជើងចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តពោធិ៍សាត់ ចូល​ដល់ថ្ងៃទី៣ហើយ គិត​មកដល់ថ្ងៃសុក្រនេះ​​។ សមាគមគ្រូបង្រៀន​ ​អះអាងថា ធម្មយាត្រានេះធ្វើឡើង​​ដើម្បីលើកកម្ពស់សីលធម៌សង្គម ក្រោយមើលឃើញថា មនុស្សចាស់គ្រប់លំដាប់ថ្នាក់នៅតែបន្តប្រើ​ភាសាអសុរោះ មិនសាមគ្គីគ្នា ដែល​ផ្តល់គំរូមិនល្អដល់យុវជនបន្តវេន និង​អាចឱ្យ​សីលធម៌សង្គមធ្លាក់ចុះ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ឃើញថា​ ការដែល​​សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អះអាងថា ការ​ហែក្បួននេះធ្វើឡើង​ដើម្បីលើកកម្ពស់សីលធម៌សង្គម​នោះ គ្រាន់​តែជាទ្រឹស្តី​របស់​សមាគ​ម​នេះ​ប៉ុណ្ណោះ។ លោកថា ការអនុវត្តជាក់ស្តែងវិញ គឺផ្ទុយពីគោលបំណងដែលអះ​អាង ពោល​គឺ​ពួកគេឆ្លៀត​យក​ឱកាស​នេះទៅ​ឃោសនា​សារនយោបាយឱ្យបក្សប្រឆាំង ដោយសារតែសារ​ដែលពួកគេ​ស្រែកក្នុងអំឡុងធម្មយាត្រានោះ បែរជាទាមទារ​ឱ្យ​ដោះលែងអ្នកកំពុងជាប់ឃុំ ដូចជា កញ្ញា ឈឹម ស៊ីថរ និងអ្នកផ្សេងទៀតទៅវិញ។

លោក សុខ ឥសាន ថ្លែង​ថា៖ «ខ្ញុំយល់ថា ការឃោសនារបស់គាត់ដែលឆ្លៀតធម្មយាត្រា យកបញ្ហាហ្នឹងជាការឃោស​នា​នយោបាយ វាមិនទទួល​បាន​លទ្ធផលជាផ្លែផ្កាទេ ព្រោះការ​ឃោសនារបស់គាត់ហ្នឹង វាមិនតាម​បំណង​ប្រាថ្នារ​បស់​ប្រជាជន​ដែល​ចង់​បាន ឬមួយក៏គាត់ឃោសនាទៅ​ ដើម្បីផលប្រយោជន៍នយោ​បាយ​របស់​ក្រុម​គាត់ ឬបក្ខពួកគាត់ អាហ្នឹងជារឿងមួយដោយឡែក​ ហើយ​ប្រជាជន​មិន​ពាក់​ព័ន្ធ​លើ​បញ្ហានេះ​ ទើបប្រជាជនក៏មិនអាចទទួលយកបានដែរ»។

មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យី សុខសាន្ត ដែលតាមដានការហែធម្មយាត្រានេះ ប្រាប់វីអូឌីថា ធម្មយាត្រាដែល​មានការចូលរួមពីក្រុមយុវជនបរិស្ថាន ក្រុមស្ត្រីថ្ងៃសុក្រ ព្រះសង្ឃ សហជីព និងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ​ ប្រមាណ៥០នាក់នេះ ហាក់មានការ​ចាប់អារម្មណ៍ច្រើនពីប្រជាពលរដ្ឋនៅតាមដងផ្លូវ បើទោះជាពលរដ្ឋ​ហាក់​មិន​សូវ​ហ៊ាន​ចូល​រួ​ម​គាំទ្រដោយ​​បើក​​ចំហ ដោយសារ​តែមាន​ការឃ្លាំមើល​ពីសំណាក់​អាជ្ញាធរ​​ក្ដី។​

លោក​​សង្កេត​ឃើញ​ថា អ្នក​ចូល​រួម​បាន​ស្រែកតាមសារដែល​បានផ្សព្វផ្សាយកន្លងទៅ ដូច​ជា «កុំប្រើហិង្សាលើសកម្មជននយោបាយ, ដោះលែងអ្នកទោសមនសិការ, អ្នកនយោបាយត្រូវមានភាពចាស់ទុំ កុំប្រើវោហារសព្ទធ្ងន់ៗលើអ្នកនយោបាយដែលមាននិន្នាការផ្ទុយ» ជាដើម។

ករណីនេះ លោកយល់ថា ធម្មយាត្រាររបស់សមាគម នឹងហុចផលច្រើនដែរ​សម្រាប់​ប្រទេស​មួយ​ដែល​ចូល​ចិត្ត​ប្រើហិង្សា ពោល​វា​ជះឥទ្ធិពលរំងាប់ចិត្តអ្នកដឹកនាំ។

លោក យី សុខសាន្ត ថ្លែងថា៖ «ថ្មីៗមុននេះ នៅពេលដែលអ្នកនយោបាយគាត់ប្រើវោហារសព្ទ សុទ្ធតែកម្ទេច សុទ្ធតែស្អីៗអ៊ីចឹង ហាក់ប្រទេសហ្នឹងដូចគ្មានប្រជាធិបតេយ្យ ដូចគ្មានការបោះឆ្នោត ដូចប្រទេសបង្កើតឡើងដោយរបបមួយដែលមិនមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ បើសិនជាគាត់ប្រើប្រាស់ភាសាហ្នឹង។ អ៊ីចឹងខ្ញុំគាំទ្រនិងលើកទឹកចិត្តដល់អ្នកដែលធ្វើធម្មយាត្រា ដោយសារតែគាត់មើលឃើញ គាត់ក៏ឈឺចាប់ដែរ ដោយសារប្រទេសយើងហ្នឹង វាងើបផុតមួយសាហើយ ឥឡូវមកធ្លាក់ចុះទៀត ដោយសារការគំរាមកំហែង មិនទុកចិត្តគ្នា»។

យ៉ាងណា ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី បានច្រានចោលការលើកឡើងរបស់មន្ត្រីបក្សកាន់អំណាច ដោយអះអាង​ថា សមាគមមិនមានចេតនាណាមួយឃោសនា​សារនយោបាយ​ នាឱកាសហែធម្មយាត្រានេះទេ។ អ្នកស្រីចាត់​ទុកការលើកឡើងរបស់បក្សកាន់អំណាច ថាជាការលាបពណ៌សមាគម។

អ្នកស្រី អ៊ុក ឆាយ៉ាវី បាន​លើកឡើង​ថា នារយៈកាលចុងក្រោយនេះ មាន​ការចាប់ខ្លួន​សកម្មជន​មួយចំនួន​​ដាក់​ពន្ធនាគារ​​ដោយអយុត្តិធម៌ ទើបសមាគមទាមទារនូវការលើកកម្ពស់សីលធម៌សង្គម។

អ្នកស្រីថា៖ «អយុត្តិធម៌នៅក្នុងសង្គមហ្នឹង បានជាពួកគាត់ព្រាត់ប្រាសគ្នា ឪពុកព្រាត់កូន ប្តីព្រាត់ប្រពន្ធ ប្រពន្ធព្រាត់ប្តីហ្នឹងហើយ ដែលធ្វើឱ្យសង្គមខ្មែរហ្នឹងវឹកវរ។ ហើយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ប្រើពាក្យអសុរោះ “អា ម៉ឹង” មិនស័ក្តិសមជាខ្មែរនៃអង្គរដ៏បវររបស់យើងទេ។ នេះជាអ្វីដែលសមាគមឃើញថា ក្នុងឱកាសនេះ ចង់ឱ្យអ្នកនយោបាយងាកបែរមុខមករកផ្សះផ្សាជាតិ ដើម្បីបុព្វហេតុ ហើយដើម្បីយុវជនបន្តវេន ឱ្យពួកគាត់យកគំរូតាម»។

ជាការកត់សម្គាល់ អ្នកស្រី អ៊ុក ឆាយ៉ាវី ថានៅតាមផ្លូវ អាជ្ញាធរមួយចំនួនបានជួយការពារ សម្របសម្រួលជូនពួកគាត់ តែមានមួយចំនួនបានមកសួរនាំ បន្តុះបង្អាប់ថាពួកគាត់គ្មានច្បាប់ទម្លាប់ជាដើម។

ពលរដ្ឋមួយរូបនៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលសុំមិនបញ្ចេញឈ្មោះដោយសារបារម្ភពីសុវត្ថិភាព ប្រាប់វីអូឌីថា លោកបានស្ម័គ្រចិត្តចូលរួមដើរហែធម្មយាត្រានេះបានជិត ២ថ្ងៃហើយ ពោលគឺចាប់ពីពេលដែលធម្មយាត្រាដើរដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង។ លោក​សង្កេតឃើញថា ធម្មយាត្រានេះមិនមែនជាការឃោសនានយោបាយ​ទេ ប៉ុន្តែជាការ​ជំរុញឱ្យ​មានការ​លើកកម្ពស់សីលធម៌សង្គម ខណៈបច្ចុប្បន្ន​ ស្ថានភាពសីលធម៌សង្គម ជាពិសេសពាក្យពេចន៍របស់អ្នកនយោបាយ និងថ្នាក់ដឹកនាំមួយចំនួន មានភាពអសុរោះគួរឱ្យបារម្ភ ស្រប​ពេលពលរដ្ឋមួយចំនួនត្រូវរងការចាប់និងឃុំខ្លួន​ដោយអយុត្តិ​ធម៌។

លោកថា៖ «ខ្ញុំគិតថា នេះមិនមែនជាការឃោសនានយោបាយទេ ដោយសារតែការចាប់ខ្លួនសកម្មជន ក៏ដូចជាអ្នកទោសនយោបាយ អ្នកទោសមនសិការផ្សេងៗហ្នឹង គឺបង្ហាញនូវភាពអសីលធម៌ ចាប់ពួកគាត់ទាំងដែលគ្មានកំហុស ឬមួយក៏អីផ្សេងៗទៅ។ ហ្នឹងហើយជាភាពអសីលធម៌ មិនមានគុណធម៌។ អ៊ីចឹងហើយបានយើងសម្រេចដាក់ប្រធានបទ សីលធម៌នៃសង្គម។ អ៊ីចឹងបានយើងចងបដា ដូចជា ទាមទារឱ្យមានការដោះលែងសកម្មជនមនសិការមួយចំនួន»។

កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ  ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​ និងតំណាងស្ត្រីថ្ងៃសុក្រ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយ​ទាមទាររដ្ឋាភិបាលកម្ពុជា កែ​លម្អសីលធម៌សង្គម ៤​ចំណុច ក្នុងនោះ ​ស្នើឱ្យអ្នកនយោបាយខ្មែរគ្រប់ភាគីងាកមករកការផ្សះផ្សាជាតិ និងប្រកួតប្រជែងគ្នាប្រកប​ដោយសីលធម៌, អ្នកមានអំណាចត្រូវបញ្ឈប់ការរំលោភបំពានមកលើពលរដ្ឋ, ដោះលែងអ្នកជាប់ឃុំមនសិការទាំងអស់ និងស្នើ​ពលរដ្ឋខ្មែរទាំងអស់បញ្ឈប់​ការ​ប្រកាន់​បក្ខ​ពួកនិយម ហើយងាកមកសាមគ្គី និងមានមេត្តាចិត្ត ក្នុងនាមខ្មែរមហានគរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ