មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបានច្រានចោលរបាយការណ៍របស់អង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច ដែលបានចាត់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសដឹកនាំតាមបែបផ្ដាច់ការនោះថា មិនបានឆ្លុះបញ្ចាំងការពិត។
ការច្រានចោលនេះធ្វើឡើងបន្ទាប់ពីអង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច (The Economist Intelligence Unit) ហៅកាត់ថា EIU បានចាត់ចំណាត់ថ្នាក់កម្ពុជានៅលេខរៀងទី ១២១ ក្នុងចំណោម ១៦៧ ប្រទេសនៅលើពិភពលោក។
អង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច បញ្ជាក់ថា កម្ពុជាទទួលបាន ៣,១៨ពិន្ទុ ក្នុងនោះ សម្រាប់ពិន្ទុសូន្យជាពិន្ទុទាបបំផុតនៃការអនុវត្តប្រជាធិបតេយ្យ ខណៈពិន្ទុ១០ ជាពិន្ទុដែលអនុវត្តប្រជាធិបតេយ្យបានល្អ។
ក្នុងសន្ទស្សន៍ប្រជាធិបតេយ្យ ឆ្នាំ២០២២ ដែលចេញផ្សាយដោយអង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច ឱ្យដឹងថា ឆ្នាំ២០២២កន្លងទៅ កម្ពុជាទទួលបានពិន្ទុល្អជាងឆ្នាំ២០២១ សម្រាប់ការអនុវត្តប្រជាធិបតេយ្យ ប៉ុន្តែកម្ពុជានៅតែជាប់ឈ្មោះជាប្រទេសដឹកនាំតាមបែបផ្តាច់ការដដែល បើប្រៀបធៀបជាមួយប្រទេសក្នុងតំបន់អាស៊ាន។ ចំណាត់ថ្នាក់នេះធ្វើឱ្យកម្ពុជាប្រសើរជាងប្រទេសឡាវ និងវៀតណាម ដែលជាប្រទេសប្រកាន់របបកុម្មុយនីស្ត និងប្រទេសមីយ៉ាន់ម៉ាដែលដឹកនាំដោយក្រុមយោធាផ្ដាច់ការ។
ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ច្រានចោលចំពោះការចាត់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសដឹកនាំតាមបែបផ្ដាច់ការរបស់អង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច ថាមិនបានឆ្លុះបញ្ចាំងពីការពិត និងមិនបានស្គាល់ពីកម្ពុជាច្បាស់ដែរ។
លោកថា៖ «ដូច្នេះ អ្នកដែលនៅក្រៅស្រុក គាត់អត់ស្គាល់ខ្មែរច្បាស់ទេ ស្គាល់តែការកាប់រង្គាលរបស់ខ្មែរក្រហម ប៉ុន្តែធ្វើម៉េចឱ្យស្រុកនេះទទួលបាននូវការរស់រានមានជីវិត សាកជាថ្មី គឺសន្តិភាពដែលយើងកំពុងពង្រឹងចាប់ផ្ដើមពីវប្បធម៌សន្ទនា ហើយកម្ពុជាបានធ្វើវប្បធម៌សន្ទនា ក៏ប៉ុន្តែបរាជ័យ ដោយសារអ្នកនយោបាយមួយក្រុមនោះ គឺដើរចោលវប្បធម៌សន្ទនា។ ដូច្នេះបោះបង់វប្បធម៌សន្ទនា បានសេចក្ដីថា បោះបង់ចោលភារកិច្ចក្នុងកិច្ចកសាងនិងពង្រឹងប្រជាធិបតេយ្យនៅកម្ពុជាហើយ»។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ថា បើអង្គការអន្តរជាតិមួយនោះ ហ៊ានធ្វើការវាយតម្លៃ ដោយមិនសិក្សាស្រាវជ្រាវ គ្មានទិន្នន័យច្បាស់លាស់ និងមិនបានឆ្លុះបញ្ចាំងការពិតមែន លោកថា បណ្ដាប្រទេសក្នុងពិភពលោកនឹងបាត់បង់ជំនឿលើអង្គការស៊ើបអង្កេតសេដ្ឋកិច្ចតែម្ដង។ តែយ៉ាងណា លោកថា រដ្ឋាភិបាលគួរតែពិចារណាសិន មុននឹងបដិសេធ ឬច្រានចោលចំពោះរបាយការណ៍អង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច។
លោកថា៖ «បើសិនគាត់ហ៊ានវាយតម្លៃទាំងកំរោល ឬដោយភាពលម្អៀងណាមួយ អ៊ីចឹងគាត់នឹងត្រូវបានពិភពលោកវាយតម្លៃទៅលើស្ថាប័ននោះ។ អ៊ីចឹងហើយ វាជាសិទ្ធិរបស់កម្ពុជា នៅក្នុងការបដិសេធនូវចម្លើយដែលអង្គការអន្តរជាតិមួយបានលើកឡើង[អំពី]កម្រិតនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ គឺជាសិទ្ធិរបស់កម្ពុជា។ ក៏ប៉ុន្តែសម្រាប់ពិភពលោក គឺគេទទួលយកលទ្ធផលនេះ។ សម្រាប់កម្ពុជាក៏គួរតែពិចារណាដែរ តើយើងគួរតែធ្វើការផ្លាស់ប្ដូរ ឬកែប្រែឥរិយាបថ នៅក្នុងការអនុវត្តច្បាប់ ដើម្បីឱ្យស្របតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលផ្ដោតសំខាន់ទៅការអនុវត្តប្រជាធិបតេយ្យ តើយើងផ្លាស់ប្ដូរចំណុចអវិជ្ជមានទាំងអស់ហ្នឹងយ៉ាងណា? ដើម្បីឱ្យខ្លួនយើងក្លាយទៅប្រទេសដែលមាននីតិរដ្ឋ ហើយស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ដូចប្រទេសដែលទទួលបានលទ្ធផលល្អ»។
នៅឆ្នាំ២០២១ កន្លងទៅ អង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស (UK) ដាក់កម្ពុជាជាប់លេខ ១៣៤ ក្នុងចំណោម ១៦៧ប្រទេស នៅលើពិភពលោក សម្រាប់សន្ទស្សន៍ប្រជាធិបតេយ្យ ដែលមានន័យថា កម្ពុជាជាប់ឈ្មោះជាប្រទេសដែលមានការគ្រប់គ្រងបែប «ផ្ដាច់ការ»។
នៅក្នុងតំបន់ ការអនុវត្តប្រជាធិបតេយ្យនៅកម្ពុជា ប្រសើរតែជាងប្រទេសមីយ៉ាន់ម៉ា (Myanmar) ឬភូមា ប្រទេសកុម្មុយនីស្តវៀតណាម (Vietnam) និងឡាវ (Laos) ប៉ុណ្ណោះ។ ការផ្ដល់ចំណាត់ថ្នាក់នេះធ្វើឡើងផ្អែកលើសូចនាករសំខាន់ៗ ចំនួន ៥ ក្នុងនោះរួមមាន ដំណើរការបោះឆ្នោត និងពហុបក្ស ដំណើរការរដ្ឋាភិបាល ការចូលរួមក្នុងវិស័យនយោបាយ វប្បធម៌នយោបាយ និងការគោរពសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ជាដើម៕