របបយោធាមីយ៉ាន់ម៉ាប្រកាសច្បាប់អាជ្ញាសឹកនៅតំបន់មួយចំនួន

ទាហាន​ម្នាក់​ឈរ​នៅ​ខាង​ក្រៅ​ធនាគារ​កណ្តាល​មីយ៉ាន់ម៉ា ក្នុង​ពេលបាតុករ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ក្នុង​ទីក្រុង Yangon ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។ (REUTERS/Stringer)

របបយោធាមីយ៉ាន់ម៉ា បានប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងតំបន់មួយចំនួននៃប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធានៅថ្ងៃព្រហស្បតិ៍ម្សិលមិញ មួយថ្ងៃបន្ទាប់ពីរបបនេះបានប្រកាសបន្តដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល៦ខែ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។

ទូរទស្សន៍ MRTV ដែលគ្រប់គ្រងដោយរដ្ឋ បានផ្សាយសេចក្តីប្រកាសដោយលោក អ៊ុង លីនវី  (Aung Lin Dwe) លេខាក្រុមប្រឹក្សារដ្ឋបាលរដ្ឋរបស់យោធា ដោយបានដាក់ចេញនូវច្បាប់អាជ្ញាសឹកនៅក្នុងសង្កាត់ចំនួន ៣៧ នៃតំបន់ចំនួន៨ ក្នុងចំណោមតំបន់ និងរដ្ឋទាំង១៤ នៅក្នុងប្រទេស។

សង្កាត់ចំនួន ១១ នៃសង្កាត់ដែលរងផលប៉ះពាល់ គឺស្ថិតនៅក្នុងតំបន់សាហ្គាំង (Sagaing) និងចំនួន៧ នៅក្នុងរដ្ឋជីន (Chin) ដែលជាតំបន់នៅភាគពាយព្យ ជាកន្លែងដែលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងយោធាមីយ៉ាន់ម៉ា និងទ័ពព្រៃរបស់កងកម្លាំងការពារប្រជាជនដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ និងសម្ពន្ធមិត្តរបស់ពួកគេនៅក្នុងកងជីវពលជនជាតិភាគតិច។

យោធាមីយ៉ាន់ម៉ា បាននិងកំពុងតស៊ូទប់ស្កាត់ការបះបោរទូទាំងប្រទេសដោយក្រុមប្រឆាំងនឹងការគ្រប់គ្រងរបស់យោធាដែលបានកាន់អាវុធ បន្ទាប់ពីការតវ៉ាដោយសន្តិវិធីប្រឆាំងនឹងយោធានៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលនាំឱ្យមានការបង្ក្រាបដោយបង្ហូរឈាម។

លោក Aung Lin Dwe បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ចាំបាច់ត្រូវប្រកាសច្បាប់អាជ្ញាសឹក ដើម្បីធានាសន្តិសុខ និងនីតិរដ្ឋប្រកបដោយប្រសិទ្ធភាព។

ច្បាប់អាជ្ញាសឹក ជំនួសច្បាប់ផ្សេងទៀតទាំងអស់ ដោយផ្តល់សិទ្ធិអំណាចទាំងស្រុងដល់យោធាលើតំបន់មួយចំនួន រួមទាំងមុខងាររដ្ឋបាល តុលាការ និងការអនុវត្តច្បាប់។ តំបន់ផ្សេងទៀតដែលច្បាប់អាជ្ញាសឹកត្រូវបានប្រកាស គឺនៅរដ្ឋម៉ាកវ៉េ (Magway), បាហ្គោ (Bago), តានីនថារីអ៊ី (Tanintharyi), កាយ៉ា (Kayah), កា​យីន (Kayin) និងម៉ុន (Mon)។

កាលពីថ្ងៃពុធ រដ្ឋាភិបាលយោធាបានប្រកាសថា ខ្លួនបានបន្តដាក់ប្រទេសក្នុងភាពអាសន្ន ដែលជាចំណាត់ការនៅមុនការបោះឆ្នោតសកលដែលរំពឹងថានឹងធ្វើឡើងនៅក្នុងខែសីហា។

របបនេះបាននិយាយថា ជាការចាំបាច់ក្នុងការបន្តដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល៦ខែបន្ថែមទៀត ព្រោះស្ថានភាពនៅប្រទេសនេះនៅតែស្ថិតក្នុងភាពមិនប្រក្រតី ហើយត្រូវការពេលវេលាដើម្បីរៀបចំការបោះឆ្នោតដោយសន្តិភាព និងស្ថិរភាព។

ការរុះរើគណៈរដ្ឋមន្ត្រីសំខាន់ៗ និងក្រុមប្រឹក្សារដ្ឋបាលរដ្ឋដ៏មានឥទ្ធិពលរបស់យោធា ក៏ត្រូវបានប្រកាសកាលពីថ្ងៃពុធផងដែរ។

គួរបញ្ជាក់ថា របបយោធាមីយ៉ាន់ម៉ាបានប្រកាសច្បាប់អាជ្ញាសឹកជាលើកដំបូងនៅដើមឆ្នាំ២០២១ នៅទីក្រុងយ៉ាំងហ្គោន (Yangon) ដែលតាមរយៈច្បាប់នេះនាំឱ្យមានអំពើហិង្សាកាន់ខ្លាំងឡើងលើបាតុករ។ យោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (Assistance Association for Political Prisoners) ជាក្រុមឃ្លាំមើលឯករាជ្យ ដែលតាមដានការសម្លាប់ និងការចាប់ខ្លួន ជនស៊ីវិលយ៉ាងហោចណាស់មនុស្សចំនួន២ ៩៤៨នាក់ត្រូវបានសម្លាប់ ចាប់តាំងពីយោធាឡើងកាន់អំណាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ