តំណាងកម្មករ៣នាក់នៅខេត្តកំពង់ស្ពឺ រកអន្តរាគមន៍ពីរដ្ឋមន្ត្រីក្រសួងការងារជួយដោះស្រាយវិវាទការងារ

រោងចក្រផលិតកាបូប ស៊ិនឡន។ (ផ្ដល់ឱ្យ)

តំណាង​កម្មករ​ចំនួន​ ៣នាក់ បម្រើកា​​រងារ​នៅ​រោង​​ចក្រ​ ស៊ិន​​ឡន អ៊ិន​​ធើណេសិ​ន​​ណល (ខេមបូឌា) (ឯ.ក (CINLON INTERNATIONAL (CAMBODIA) CO.,LTD) ស្ថិត​តាម​បណ្ដោយផ្លូវ​លេខ​ជាតិ​៤១ ក្នុង​ភូមិ​ចាស់ ឃុំ​ពេជ្រ​មុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រកអន្តរាគមន៍ពី​រដ្ឋមន្ត្រីក្រសួង​ការ​ងារ​ ជួយ​​ដោះ​ស្រាយ​វិវាទ​ការ​ងារ ដោយ​អះអា​ង​ថា​ ត្រូវ​បាន​ថៅកែបញ្ឈប់​ពី​ការងារ​ដោយ​សារ​​នាំ​គ្នាបង្កើត​សហជីព​ក្នុង​រោង​ចក្រ។

តំណាងកម្មករទាំង​៣នាក់នោះ រួមមាន លោក ស្រឺ នាង អ្នកស្រី ប៊ូ រ៉ាត និងលោក មួន សាម៉ុក បាន​ដាក់​លិខិត​មួយ​ទៅ​ក្រសួង​ការ​ងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២ ខែកុម្ភៈ​នេះ ដើម្បី​ស្នើសុំ​រដ្ឋ​មន្ត្រី​ លោក អ៊ិត សំហេង ជួយអន្តរាគមន៍ និង​ជំរុញ​ទៅថៅកែរោ​ង​ចក្រ ស៊ិន​ឡន ឱ្យ​ទទួល​យក​ពួកគាត់ចូលធ្វើការងារវិញ និងបើករំលឹកប្រាក់ឈ្នួល​ជូន​ផង​ដែរ។

លិខិត​នេះបាន​លើក​ឡើង​ថា កាល​ពីថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០២២ នាយក​ដ្ឋានវិវាទការងារ បានចេញលិខិតមួយបញ្ជាទៅថៅកែ​រោង​ចក្រ ស៊ិន​ឡន ឱ្យទទួលយកពួកគាត់ ៣នាក់ ចូលធ្វើការងារវិញ និងសងរំលឹកប្រាក់ឈ្នួលជូនពួកគាត់វិញផងដែរ ដោយ​គិតចាប់ពីថ្ងៃ​ដែលក្រុមហ៊ុនបញ្ឈប់ពីការងាររហូតដល់ថ្ងៃចូលធ្វើការងារវិញ ប៉ុន្តែរហូតមកដល់ពេលនេះ ថៅកែ​មិនបាន​អនុវត្តតាមឡើយ។

បើ​តាមរយៈលិខិតនេះ តំណាង​កម្មករ​ទាំង​៣នាក់​បាន​ប្រាប់​ទៅ​លោក អ៊ិត​ សំហេង ថា កាល​ពី​ថ្ងៃទី​១៥ ខែ​វិច្ឆិកា ឆ្នាំ២០២២ ពួក​គេ​បាន​ដាក់​លិខិត​ទៅ​នាយក​ដ្ឋាន​វិវាទការងារម្តងទៀត ដើម្បីស្នើសុំជួយជំរុញ​ទៅ​ថៅកែ​ឱ្យ​អនុវត្ត​សេច​ក្តីសម្រេច​របស់​នាយកដ្ឋាន​នេះ ប៉ុន្តែ​ភាគី​រោង​ចក្រ​នៅតែមិនព្រមទទួលយកពួកគាត់ចូលធ្វើការងារវិញដដែល។

លិខិតបានលើកឡើងថា៖ «សូមឯកឧត្តម​បណ្ឌិត​ មេត្តា​ជួយ​អន្តរា​គមន៍ និង​ជំរុញ​​ទៅ​នាយក​ក្រុម​ហ៊ុន​ផលិត​កាបូប ស៊ិន ឡន អ៊ីធើណេសិនណល (ខេមបូឌា) ឯ.ក ឱ្យគោរព​ច្បាប់ និង​អនុវត្ត​តាម​សេចក្តីសម្រេចរបស់នាយកដ្ឋានវិវាទការងារ ដោយ​ក្តី​អនុ​គ្រោះ»

តំណាង​កម្មករ ​​លោក ស្រឺ នាង ប្រាប់​វីអូឌី​នៅ​ថ្ងៃសុក្រនេះថា ករណីថៅកែ​បញ្ឈប់​ពួក​គាត់ពី​ការ​ងារនេះ​ ​មិន​​បាន​ជូន​ដំណឹងត្រឹម​ត្រូវ​នោះ​ទេ ហើយ​ការ​បញ្ឈប់​ទៀត​នេះ គឺធ្វើក្រោយពីពួកគាត់នាំគ្នាបង្កើតសហជីព​នៅក្នុងរោងចក្រ​នេះ ដើម្បី​តស៊ូមតិ និង​ការងារ​ផល​ប្រយោជន៍​កម្មករ។

តំណាងកម្មកររូបនេះបាន​រៀប​រាប់​ថា ក្រោយ​មើល​ឃើញ​រោង​ចក្រ ស៊ិន​ឡន រំលោភ​សិទ្ធិ​ការ​ងារ និង​កេង​ប្រវ័ញ្ចកម្ម​ករ​ ដូចជា ​មិន​មាន​បណ្ណ​ ប.ស.ស គ្មាន​លុយ​ឧបត្ថម្ភ​ស្ត្រីមាន​ផ្ទៃពោះ និង​បើក​ប្រាក់​ឈ្នួល​ជា​លុយខ្មែរឱ្យកម្មករដោយមិនគិតអត្រាប្ដូរប្រាក់ ជាដើម គឺពួកគាត់បាននាំគ្នាចងក្រងបង្កើតសហជីពនៅក្នុងរោងចក្រនេះ។

លោក ស្រឺ នាង ឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ពួក​គាត់​បាន​បោះឆ្នោ​ត​បង្កើត​សហជីព និង​ជូន​​ដំណឹងទៅ​​រោងចក្រអំពីការងារបង្កើតសហជីពនេះ ក្រោយមក​ នៅថ្ងៃទី២៥ ខែមិ​ថុនា ដដែលនេះ ថៅកែ​រោងចក្របាន​បញ្ឈប់ពួកគាត់ទាំង ៣នាក់ ពីការងារ ក្រោមហេតុផលថាអត់ការងារធ្វើទៅវិញ។

លោកបន្ថែមថា៖ «ការបញ្ឈប់ពួកខ្ញុំនេះ គឺជាការរើសអើង​សហជីព។ រោង​ចក្រនេះគាបសង្កត់កម្មករខ្លាំងណាស់ កម្មការិនីពោះធំ​ក៏អត់​មាន​លុយ​ឧបត្ថម្ភ​កូន ហើយមួយទៀត​​ប្រាក់​ឈ្នួល​ដែល​បើក​ឱ្យ​កម្មករ​សុទ្ធ​តែ​លុយ​ខ្មែរ ហើយ​អត់​មាន​កន្ទុយ​ឱ្យកម្មករ​ទេ កេង​ចំណេញកន្ទុយហ្នឹងទៀត។ អ៊ីចឹង​ហើយ​បាន​ពួកខ្ញុំនាំគ្នាបង្កើតសហជីព ដើម្បីទាមទារឱ្យខាងក្រុមហ៊ុនឧបត្ថម្ភ​លុយ​ជូន​ស្ត្រីមានផ្ទៃពោះឡើងវិញ និងពេលគ្រោះថ្នាក់​ការងារឱ្យមាន ប.ស.ស ប្រើប្រាស់។ អ៊ីចឹងខ្ញុំសំណូម​ពរ​ដល់​រដ្ឋ​មន្ត្រីក្រសួង​ការ​ងារ ​ជួយ​ជំរុញ​ទៅ​រោង​ចក្រ​ហ្នឹង​ឱ្យ​គោរព​ច្បាប់ និង​ទទួល​យក​ពួកខ្ញុំចូលធ្វើការងារវិញ»

បើតាម​លោក ស្រឺ នាង រោងចក្រ ស៊ិន​ឡន ជា​រោ​ង​ចក្រ​ផលិត​កាបូប​ឱ្យ​ក្រុម​ហ៊ុន​បញ្ជា​ទិញ​ម៉ាក CleverMade មាន​កម្មករប្រមាណ ៥០០នាក់ បម្រើ​ការ​ងារ និង​មាន​ថៅកែជាជនជាតិ​ចិន។

អ្នកនាំ​ពាក្យ​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ អះ​អាង​ថា មន្ទី​រការងារខេត្តកំពង់ស្ពឺ បាន​ចុះ​ពិនិត្យរួច​ហើយ ហើយ​នាយក​ដ្ឋាន​វិវាទកា​រងារ​ នឹង​រួម​គ្នា​ជាមួយ​មន្ទីរ​ការងារខេត្ត ​អង្កេត​ករណី​នេះ​បន្ត​ទៀត។

វីអូឌី មិនអាចសុំការបញ្ជាក់ជុំវិញករណីនេះពីប្រធាន​រដ្ឋបាលរោងចក្រ​ ស៊ិនឡន អ្នកស្រី ទូច សុភ័ណ្ឌ បានទេ នៅថ្ងៃនេះ។ ប៉ុន្តែអ្នកស្រី​​ធ្លាប់​​ប្រា​ប់​​វីអូឌី​​ថា​ ថៅកែប​ញ្ឈប់​កម្មករ៣នាក់នោះពីការងារ មិន​​មែន​​ជាការ​រើសអើងសហជីពនោះទេ គឺដោយ​សារ​រោង​ចក្រ​គ្មាន​ការ​ងារ​ឱ្យ​កម្មករធ្វើ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំមិនមែនបញ្ឈប់ពួកគាត់ក្នុងនាមពួកគាត់ជាសហជីព​ទេ គឺបញ្ឈប់ពួកគាត់ក្នុងនាមជាកម្មករទេ។ ហើយ​កាល​​ហ្នឹងមិនមែនបញ្ឈប់ពួកគាត់តែ៣នាក់ហ្នឹងទេ គឺមានកម្មករច្រើនផ្សេងទៀត ដោយសាររោងចក្រអត់ការងារឱ្យកម្មករធ្វើ»។

ប្រធានសហព័ន្ធ​សហជីព​​​ឯករាជ្យ លោក រី សិទ្ធីណែត ចាត់ទុក​ករណី​ថៅ​កែរោង​​ចក្រ ស៊ិន​ឡន បញ្ឈប់​​កម្មករ​​​ពីកា​រងារ​នេះ​ ថាជា​​ការ​រើសអើងសហជីព ហើយ​បាន​​រំលោភ​លើ​​សិទ្ធិ​​កម្មករ និងជាទង្វើខុសច្បាប់ផងដែរ។

លោក រី សិទ្ធីណែត ដែលទទួលបានសិទ្ធិកាន់សំណុំរឿងនេះ ឱ្យដឹង​ថា នេះ​មិនមែនជាករណីទី១នោះទេ នៅ​​មា​ន​រោង​ចក្រជាច្រើន​ផ្សេង​ទៀតដែល​បាន​បញ្ឈប់​កម្មករ​​​ពី​​ការងា​រ ក្រោយពួកគេនាំគ្នា​បង្កើតសហជីពក្នុងរោងចក្រ​ ឬសហគ្រាសដែលពួក​គេ​បម្រើការ​ងារ។

ប្រធាន​សហព័ន្ធ​សហជីព​រូបនេះ លើក​ឡើង​ថា ចាប់​តាំង​ពី​មាន​ច្បាប់​សហជីព​មក គឺថៅកែ​រោង​ចក្រ​តែង​តែ​រក​លេស ឬ​ហេតុ​​ផល ដើម្បី​បញ្ឈប់​​កម្មករ​​ទាំង​​ឡាយ​ណាដែ​ល​មាន​គម្រោង​បង្កើត​សហជីព​ក្នុង​រោង​ចក្រ ជាពិសេស​សហជីព​ឯក​រាជ្យ ដែល​មាន​គោលដៅ​​ការ​ពារ​ផល​ប្រយោជន៍​កម្មករ​ពិត​ប្រាកដ។

លោកបន្ថែមថា៖ «អ៊ីចឹងបញ្ហាប្រឈម គឺកម្មករត្រូវបានគេបំបិទសិទ្ធិសេរីភាពក្នុងការចងក្រងបង្កើតសហជីពនៅក្នុង​រោង​ចក្រ។ យើង​ចាំមើល​៤ទៅ៥ឆ្នាំទៀ​ត គឺ​សហជីព​ដែល​ឯករាជ្យ ដែល​ការ​ពារ​ផល​ប្រយោជន៍​ពិត​ប្រាកដ គឺ​លែង​មាន​​ហើយ! មូល​ហេតុ​អី? គឺ​សហជីព​ឯករាជ្យ​ដែល​ចង​ក្រង​បង្កើត​សហជីព ត្រូវបានគេធ្វើទុក្ខបុកម្នេញ បញ្ឈប់ពីការងារ និងត្រូវបាន​គេប្តឹងទៅអាជ្ញាធរ ដើម្បី​ចាប់​​ពួ​ក​​គាត់ ឬ​ក៏គំរាម​ពួកគាត់ ដើម្បីឱ្យឈប់ធ្វើការងារហ្នឹង។ ក្រសួង​ការងារ ​គួ​រ​តែមាន​វិធាន​ការ​ជំរុញ​និយោជកហ្នឹងឱ្យ​គោរពច្បាប់ដែលមានស្រាប់ ដើម្បីកុំឱ្យកម្មករបន្តរងទុក្ខលំបាកទៀត»។

កាលពីថ្ងៃទី៤ ខែក​ក្កដា ឆ្នាំ​២០២២ នាយកដ្ឋានវិវាទការងារ បានចេញលិខិតមួយបញ្ជាទៅថៅកែរោងចក្រ ស៊ិន​ឡន ឱ្យ​ទទួល​​កម្មករ​ ៣នាក់​នោះចូលធ្វើការងារវិញ ក្រោយរកឃើញថា ការបញ្ឈប់នោះ​មិនត្រឹមត្រូវតាមផ្លូវច្បាប់។

លិខិតដដែលបាន​បញ្ជាក់​ថា ក្រោយ​ពី​ពិនិត្យ​មើល​សំណុំ​រឿង​​​នៃពា​ក្យបណ្តឹងរបស់កម្មករ ដោយផ្អែកលើអង្គហេតុ និង​អង្គច្បាប់ បាន​​រក​​ឃើញ​ថា ករណីថៅកែ​បញ្ឈប់​កម្មករ​ទាំង​នោះ គឺ​ធ្វើឡើងមិន​ត្រូវ​តាម​ច្បាប់​​​ស្តីពី​សហជី​ព​ ត្រង់​មាត្រា​៤៣ ដែលចែង​ថា រាល់​​ការ​បញ្ឈប់​ប្រតិភូ​បុគ្គលិក ឬ​រាល់​ការបញ្ឈប់បេក្ខជនណាម្នាក់ពីការងាររបស់​ខ្លួន អាច​ធ្វើទៅបាន លុះត្រា​តែមាន​ការយល់ព្រមពីអធិការការងារ។

មួយទៀត​នោះ មាត្រា​៦៧ នៃច្បាប់ដដែលនេះ ចែងថា កម្មករនិយោជិត​ទាំង​អស់​ដែល​ជា​បេក្ខជនឈរឈ្មោះសម្រាប់ការបោះ​ឆ្នោត​ជ្រើសរើសថ្នាក់ដឹកនាំគ្រប់គ្រងសហជីព ទទួលបាននូវការការពារពីការរងគ្រោះ និង​ការបញ្ឈប់ពីការងារដូចប្រតិ​ភូបុគ្គលិក​ដែរ។

អង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិ Human Rights Watch បានចេញរបាយការណ៍មួយកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយ​លើកឡើង​ថា នៅកម្ពុជាមានតែសហជីពដែលស្និទ្ធជាមួយថៅកែនោះទេ ទើបអាចបន្តរស់រានមានជីវិតបានល្អប្រសើរ ខណៈសហជីពឯករាជ្យ​ក្នុងវិស័យកាត់ដេរ​សម្លៀក​បំពាក់ និង​ទេស​ចរណ៍ បានរងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តពីសំណាក់ថៅកែ និងរដ្ឋាភិបាល។​

អង្គការអន្តរជាតិមួយ​នេះបាន​ជំរុញទៅរដ្ឋាភិបាលកម្ពុជា អនុវត្តឱ្យពេញលេញនូវកាតព្វកិច្ចជាអន្តរជាតិរបស់កម្ពុជា ក្រោមអនុសញ្ញាអង្គការពលកម្មអន្តរជាតិ ហើយត្រូវធ្វើវិសោធនកម្ម ឬលុបចោលមាត្រាច្បាប់ទាំងឡាយណាដែលរឹតត្បិត​សិទ្ធិសេរីភាពបង្កើតសមាគម និង​រំលោភសិទ្ធិសេរីភាពបញ្ចេញមតិ ដូចជា «បទញុះ​ញង់» «បទបរិហារកេរ្តិ៍» «បទ​បរិហារ​​ជា​សាធារណៈ» ឬ«បទបរិហារកេរ្តិ៍មន្ត្រីសាធារណៈ» ដើម្បី​ធានា​ដល់​ការ​ការ​ពារ​សិទ្ធិមនុស្សនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ