សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ(CCAWDO) ស្នើក្រសួងការងារជួយអន្តរាគមន៍ និងដោះស្រាយវិវាទការងារជូនកម្មករនៅក្រុមហ៊ុនខេមបូ ហ៊ែនសាំ (CAMBO HANDSOME LTD) ឱ្យស្របទៅតាមច្បាប់ការងារ បន្ទាប់ពីក្រុមហ៊ុនប្រកាសបិទអាជីវកម្មនិងបញ្ចប់កិច្ចសន្យាការងាររកម្មករនិយោជិតទាំងអស់។
លិខិតរបស់សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាចុះថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលដាក់ទៅប្រធាននាយកដ្ឋានវិវាទការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យដឹងថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ និយោជកក្រុមហ៊ុន ខេមបូ ហ៊ែនសាំ អិលធីឌី បានជូនដំណឹងអំពីការបិទប្រតិបត្តិការផលិតកម្មរបស់ក្រុមហ៊ុន និងការបញ្ចប់កិច្ចសន្យាការងាររបស់កម្មករ និយោជិតទាំងអស់ ប៉ុន្តែការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ មិនបានត្រឹមត្រូវតាមការកំណត់នៃច្បាប់ស្ដីពីការងារនោះទេ។
ក្នុងនោះ និយោជកផ្ដល់ឱ្យកម្មករនិយោជិត ៤ចំណុច រួមមាន ប្រាក់ឈ្នួលចុងក្រោយ(គិតត្រឹមថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣) និងប្រាក់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ហើយប្រាក់ទូទាត់ជួសការជូនដំណឹងមុន(ទៅតាមអតីតភាពការងារ) និងប្រាក់ បំណាច់អតីតភាពការងារឆ្នាំ២០២៣ និងប្រាក់រម្លឹកបំណាច់អតីតភាពការងារ មានមុនឆ្នាំ២០១៩ ដែលនៅសល់មិនទាន់ទូទាត់ ។
បើតាមលិខិតស៊ីខៅឌូ៖«ទើបកម្មករនិយោជិតទាំងអស់ ប្រជុំសម្រេចផ្ដិតស្នាមមេដៃផ្ទេរសិទ្ធិឱ្យសហជីពប្រជាធិបតេយ្យកម្មករនៃក្រុមហ៊ុន ខេមបូ ហ៊ែនសាំ អិលធីឌី នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីចាត់តាំង ជា ក្រុមប្រឹក្សាចរចា តំណាងឱ្យភាគីកម្មករនិយោជិត ក្នុងការចូលរួមដោះស្រាយវិវាទការងាររួម ជាមួយនិយោជកក្រុមហ៊ុន ខាងលើ នៅគ្រប់ដំណាក់កាលនីតិវិធីច្បាប់ ទាំងក្នុងប្រព័ន្ធតុលាការ និងក្រៅប្រព័ន្ធតុលាការ រួមទាំងបណ្ដឹងថ្នាក់អន្តរជាតិ ព្រមទាំងតាក់តែងលិខិតស្នាមផ្សេងៗ និងជួយសម្របសម្រួលក្នុងករណ៏ឈានដល់ការធ្វើកូដកម្ម រហូតដល់ចប់ នីតិវិធី ។មិនយល់ព្រមនូវ មិនឯកភាពទៅតាមការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងាររបស់និយោជកនោះទេ»។
លិខិតដដែលបន្ថែមថា ការដាក់ពាក្យបណ្តឹងទៅប្រធាននាយកដា្ឋនវិវាទការងារឱ្យអន្តរាគមន៍ និងជួយដោះស្រាយនេះ ដើម្បីជំរុញឱ្យនិយោជកក្រុមហ៊ុនខាងលើអនុវត្តច្បាប់កម្ពុជាឱ្យកាន់តែល្អប្រសើរនិងទប់ស្កាត់ការរីករាលដាលនៃបញ្ហាផ្សេងៗផងដែរ។
ករណីនេះ ពួកគេស្នើក្រសួងជំរុញទៅនិយោជក ទូទាត់ប្រាក់សំណងជូនដល់កម្មករនិយោជិតដែលមានកិច្ចសន្យាការងារមានថិរវេលាមិន កំណត់(UDC) ចំនួន៥ចំណុច ឱ្យបានត្រឹមត្រូវតាមច្បាប់ ។
បើតាមលិខិត៖«ប្រាក់បំណាច់ជួសការឱ្យដំណឹងមុន ទៅតាមអតីតភាពការងារជាក់ស្ដែងរបស់កម្មករនិយោជិតម្នាក់ៗ ទី២ ប្រាក់រម្លឹកនិងប្រាក់បំណាច់អតីតភាពការងារឱ្យបានត្រឹមត្រូវ និងប្រាក់សោហ៊ុយជំងឺចិត្តឱ្យបានត្រឹមត្រូវ(ក្នុង១ឆ្នាំ ១៥ថ្ងៃ) និងទី៣ ប្រាក់ឈ្នួលចុងក្រោយដែលមិនទាន់បានបើក ទៅតាមការងារជាក់ស្ដែងរបស់កម្មករនិយោជិតម្នាក់ៗ ហើយនឹងប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ទៅតាមអតីតភាពការងារជាក់ស្ដែងរបស់កម្មករនិយោជិតម្នាក់ៗ» ។
ក្រៅពីទូទាត់ប្រាក់សំណងហើយ ពួកគេស្នើក្រសួងជំរុញទៅនិយោជកឱ្យទូទាត់ប្រាក់សំណងជូនដល់កម្មករនិយោជិតដែលមានកិច្ចសន្យាការងារមានថិរវេលាកំណត់ ។ ក្នុងនោះ ប្រាក់បំណាច់ជួសការឱ្យដំណឹងមុន ទៅតាមអតីតភាពការងារជាក់ស្ដែងរបស់កម្មករនិយោជិតម្នាក់ៗ ទី២ ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ទៅតាមអតីតភាពការងារជាក់ស្ដែងរបស់កម្មករ និយោជិតម្នាក់ៗ ព្រមទាំងចំណុចមួយចំនួនទៀត។
វីអូឌីបានព្យាយាមរកការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ តាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម ប៉ុន្តែមិនមានការឆ្លើយតបនៅឡើយទេនៅថ្ងៃទី៤ ខែកុម្ភៈ។
ការប្រកាសបិទទ្វារអាជីវកម្មរបស់រោងចក្រ ខេមបូ ហ៊ែនសាំ (CAMBO HANDSOME LTD) នេះ កាលពីថ្ងៃទី២ ខែកុម្ភៈកន្លងទៅ កម្មករ–កម្មការិនីជាង ១ ៧០០នាក់ បម្រើការងារនៅរោងចក្របាននាំតវ៉ា ដើម្បីទាមទារឱ្យថៅកែទូទាត់អត្ថប្រយោជន៍៥ចំណុច ។
បើតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ បានឱ្យដឹងថា មានរោងចក្រសហគ្រាសថ្មីចំនួន ១៨៦រោងចក្រ បានចុះបញ្ជីក្នុងឆ្នាំ២០២២ ដែលធ្វើឱ្យចំនួនរោងចក្រសហគ្រាសសរុបនៅក្នុងប្រទេសកម្ពុជាកើនដល់១ ៩៨២រោងចក្រ។
របាយការណ៍ឱ្យដឹងទៀតថា នៅឆ្នាំ២០២២ មានរោងចក្រតែ ៨៣រោងចក្រប៉ុណ្ណោះ បានបិទទ្វារ គឺទាបជាងចំនួនរោងចក្របិទទ្វារក្នុង២០២១ ដែលមានរហូតដល់១៤៣រោងចក្រ៕