ប្អូន​បង្កើត​របស់​លោក​ស្រី​ ​ប៊ុន​ ​រ៉ានី​ ​ហ៊ុន​សែន​ ទទួល​មរណភាព​ដោយ​រោគា​ពាធ​

ប្អូនស្រីបង្កើតរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន គឺលោកស្រី ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង បានទទួលមរណភាព កាលពីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។ (ហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

ប្អូនស្រីបង្កើតរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន គឺលោកស្រី ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង បានទទួលមរណភាព កាលពីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។

ក្នុងលិខិតជូនដំណឹងពីមរណភាពដល់ញាតិមិត្តជិតឆ្ងាយរបស់គ្រួសារសពកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣  បានឱ្យដឹងថា  សពលោកស្រី ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ត្រូវតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លិខិតជូនដំណឹងបញ្ជាក់ថា សពលោកស្រី ប៊ុន សុថា  នឹងដង្ហែទៅបញ្ចុះនៅវត្តបទុមវតី នៅថ្ងៃទី៧ ខែកុម្ភៈ។

លិខិតជូនដំណឹងមរណភាព« [….] មានទុក្ខជាទម្ងន់ ដោយលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង បានទទួលមរណភាព នាថ្ងៃសុក្រ ១៣ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៨:១៣នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ »

ទាក់ទិនរឿងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើ​ហ្វេសប៊ុករបស់លោកនៅយប់ថ្ងៃទី៣ ខែកុម្ភៈ ​ ដោយបានរៀបរាប់ថា កាលពីឆ្នាំមុនគ្រួសាររបស់លោកបានបាត់បង់បងប្រុស គឺ លោក ហ៊ុន ណេង ហើយនៅឆ្នាំ២០២៣នេះ គ្រួសារលោកក៏ត្រូវបាត់បង់ប្អូនថ្លៃស្រីម្នាក់ទៀត។ លោកចាត់ទុកការបាត់បង់ នេះ ថា ជាក្រឹត្យក្រមធម្មជាតិ។

លោកថា«ក្រឹត្យក្រមធម្មជាតិឆ្នាំមុនបាត់បង់បងប្រុស ឆ្នាំនេះបាត់បង់ប្អូនថ្លៃស្រី»

លោកស្រី ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ជាកូនទី៦ ក្នុងចំណោមបងប្អូន៦នាក់(ស្រី៣នាក់ ប្រុស៣នាក់) ខណៈលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលមានឈ្មោះដើមថា ប៊ុនសាមហ៊ាង គឺជាកូនទី៥។ លោកស្រី ប៊ុន សុថា បានទទួលមរណភាពកាលពីល្ងាច ម្សិលមិញ ក្នុងជន្មាយុ ៦៧ ឆ្នាំ ដោយរោគាពាធ។ បើរាប់ទាំងមរណភាពរបស់លោកស្រី ប៊ុន សុថា ពេលនេះ បងប្អូនបង្កើតរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន គឺស្លាប់អស់ចំនួន៣នាក់ ក្នុងនោះស្រីម្នាក់និងប្រុស២នាក់៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ