ក្រសួង​​​ចាត់​តាំង​លោក​ ​ប៉ែន​ ​បូណា​ ​ដើម្បី​ពង្រឹង​ប្រសិទ្ធ​ភាព​វិជ្ជាជីវៈ​និង​ក្រម​សីលធម៌​ដល់​អ្នក​សារព័ត៌មាន​

អ្នកសារព័ត៌មានមកពីចម្រុះស្ថាប័ន ចូលរួមផ្ដិតយកសកម្មភាពក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាត់តាំងអតីតអ្នកសារព័ត៌មាន និងបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងមួយរូប​ជាអ្នកសម្របសម្រួល ដើម្បីពង្រឹងប្រសិទ្ធភាពវិជ្ជាជីវៈ ការងារផ្សាយព័ត៌មាន និងការងារសមាគមសារព័ត៌មាន ខណៈកន្លងមកមានការរិះគន់ចំពោះឥរិយាបថអ្នកសារព័ត៌មានដែលចុះផ្សាយផ្ទាល់នៅកន្លែងកើតហេតុ។

សេចក្ដីសម្រេចចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ឱ្យដឹងថា ការសម្រេចចាត់ តាំង ដោយប្រគល់ភារកិច្ចទៅ លោក ប៉ែន បូណា ដែលជាអតីតអ្នកសារព័ត៌មាន និងបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងព័ត៌មានផង ឱ្យទទួលបន្ទុកការងារសម្របសម្រួលពង្រឹងប្រសិទ្ធភាពវិជ្ជាជីវៈសារព័ត៌មាន ការងារផ្សាយព័ត៌មាន និងការងារសមាគមសារព័ត៌មាននេះ ធ្វើឡើងដោយយោងទៅតាមតម្រូវការចាំបាច់របស់ក្រសួង។

រដ្ឋលេខាធិការក្រសួងព័ត៌មាន  លោក ប៉ែន បូណា ប្រាប់វីអូឌីថា កន្លងមក ក្រសួងបានរៀបចំវគ្គបណ្ដុះបណ្ដាលជាបន្តបន្ទាប់ហើយ  តែយ៉ាងណាបន្ទាប់ពីទទួលបានការចាត់តាំង លោកថា នឹងរៀបចំធ្វើការងារនេះឱ្យបានឆាប់។

លោកមើលឃើញថា អ្នកសារព័ត៌មាននៅកម្ពុជាភាគច្រើន​បានគោរពក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងច្បាប់ស្ដីពីរបបសារព័ត៌មាន បានត្រឹមត្រូវហើយ ដោយនៅសល់មួយចំនួនតូចប៉ុណ្ណោះ  ដែលនៅបំពានក្រមសីលធម៌វិជ្ជាជីវៈ ហើយអ្នកសារព័ត៌មានទាំងនោះ ភាពច្រើនជាអ្នកធ្វើការតាមអនឡាញ។

លោកមានប្រសាសន៍ថា៖«អ៊ីចឹង យើងត្រូវផ្ដោត កែ តម្រង់ទិសពួកគាត់ ដើម្បីឱ្យងាយមក គិតពីក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានល្អ។ យើងនឹងរៀបចំជាវគ្គបណ្ដុះបណ្ដាលបង្រៀនពួកគាត់អំពីក្រមសីលធម៌វិជ្ជាជីវៈ អំពីច្បាប់មុននឹងឱ្យពួកគាត់អញ្ជើញទៅអនុវត្ត​ការងារវិញ ដើម្បីឱ្យពួកគាត់ស្គាល់សិន  ស្គាល់ថា វិជ្ជាជីវៈគេត្រូវមានក្រមសីលធម៌អីខ្លះដែលត្រូវគោរព។ ច្បាប់ស្ដីពីរបបសារព័ត៌មានយើងមានចែងអំពីអីខ្លះ គាត់យល់អាហ្នឹងទៅ គាត់ជឿជាក់ថា គាត់នឹងយកទៅអនុវត្តបានល្អ»។

លោកបន្ថែមថា«ខ្ញុំមើលឃើញមានពីរ ​ប្រភេទ មានប្រភេទម្យ៉ាង បងប្អូនយើងគាត់អត់បានឆ្លងកាត់ការសិក្សាក្រមសីលធម៌វិជ្ជាជីវៈ អំពីច្បាប់អីទេ គាត់គិតថា ឱ្យតែមានកាត និងបណ្ណសារព័ត៌មានមួយគាត់អាចធ្វើអ្វីក៏បានដែរ។ អ៊ីចឹងជាអំណាចពេញទីរបស់គាត់ ដូច្នេះ គាត់ទៅប្រព្រឹត្តទៅវាឆ្គាំឆ្គង វាបំពានក្រមសីលធម៌វិជ្ជាជីវៈ វាបំពានអ្នកដទៃ ប៉ុន្តែមួយក្រុមទៀត។ ខ្ញុំគិតថា គាត់ដឹង ក៏ប៉ុន្តែគាត់ធ្វើដោយចេតនា ដើម្បីទាក់ទាញឱ្យមានអ្នកមើលច្រើន ចូល Like និង Comment ច្រើនអាហ្នឹងហើយដែលជាជោគជ័យគាត់នោះ។ ខ្ញុំគិតថា គាត់យល់ខុស។ អ៊ីចឹងអ្នកទាំងអស់ហ្នឹង ដែលយើងនឹងអញ្ជើញគាត់មកដើម្បីប្រាប់អំពីការប្រកបវិជ្ជាជីវៈហ្នឹង»។

លោក ប៉ែន បូណា បន្តថា ការបណ្ដុះបណ្ដាលអំពីក្រមសីលធម៌ និងច្បាប់ដល់អ្នកសារព័ត៌មាននេះ ដើម្បីជំរុញឱ្យអ្នកសារព័ត៌មានទាំងនោះ គោរពនិងអនុវត្តទៅតាមក្រមសីលធម៌វិជ្ជាជីវៈ ​ព្រមទាំងច្បាប់ឱ្យបានល្អនិងត្រឹមត្រូវ។

អតីតអ្នកសារព័ត៌មានជើងចាស់ លោក ប៉ែន បូណា ត្រូវបានព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការក្រសួងព័ត៌មានកាលពីខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។

អ្នករាយការណ៍ព័ត៌មានឱ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA ប្រចាំប្រទេសកម្ពុជា លោក ស៊ុន ណារិន ចាត់ទុកការចាត់តាំងនេះថាជារឿងល្អ ដោយសារ បច្ចុប្បន្ន លោកមើលឃើញថា អ្នកសារព័ត៌មានមួយចំនួននៅមិនទាន់ទទួលបានការបណ្ដុះបណ្ដាលពីក្រមសីលធម៌ វិជ្ជាជីវៈនៅឡើយ ។​ ទន្ទឹមនឹងការពង្រឹងវិជ្ជាជីវៈនេះដែរ លោកជំរុញឱ្យបង្កើតក្រុមប្រឹក្សាសារព័ត៌មានឯករាជ្យមួយ  ដែលដើរតួនាទីក្នុងការដាក់ពិន័យលើអ្នកសារព័ត៌មាន ដែលមិនអនុវត្ត និងគោរពតាមក្រមសីលធម៌ វិជ្ជាជីវៈផងដែរ។

លោកថា៖«យើងគួរមានក្រុមប្រឹក្សាសារព័ត៌មាន ឬក្រុមប្រឹក្សាសីលធម៌ដែលជាស្ថាប័នមួយឯករាជ្យ ហើយមានការទទួលពីរដ្ឋ មានន័យថា រដ្ឋទទួលស្គាល់ ប៉ុន្តែមិនមានឥទ្ធិពលលើហ្នឹងទេ។ ក្រុមនឹងដើរតួនាទីឯករាជ្យ ក្នុងនឹងតួនាទីមួយសំខាន់ហ្នឹង យើងបង្កើតក្រមសីលធម៌ ជាលក្ខណៈអនុវត្តទូទាំងប្រទេស ក្រមសីលធម៌សារព័ត៌មានថ្នាក់ជាតិ។ ក្រុមប្រឹក្សាហ្នឹង មានតួទីដាក់ពិន័យ​លើអ្នកសារព័ត៌មាន មិនគោរពក្រមសីលធម៌ ហើយមានថ្កោលទោសពីសារធាណជន»។

នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា(CamboJa) លោក ណុប វី មានប្រសាសន៍ថា ការចាត់តាំងមន្ត្រីឱ្យសម្របសម្រួល និងសហការគ្រប់ភាគីពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈគឺរឿងល្អសម្រាប់អ្នកសារព័ត៌មាន។

តែយ៉ាងណា លោកបារម្ភខ្លាចការអនុវត្តនេះ លើសពីតួនាទី និងកាតព្វកិច្ច ក្នុងគោលដៅពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តតួនាទី ភារកិច្ច និងសេរីភាពអ្នកសារព័ត៌មាន។

លោកថា៖«បើសិនជាតួនាទីនៃការចាត់តាំងរបស់ឯកឧត្ដមរដ្ឋមន្ត្រី លោកចាត់តាំងតំណាងក្រសួងព័ត៌មាន ដើម្បីឱ្យសម្របសម្រួលឬមួយចូលរួមធ្វើកិច្ចការងារជាមួយនឹងខាងស្ថាប័ន អង្គការ សមាគម ពាក់ព័ន្ធនឹង ដែលមិនប៉ះពាល់ទៅឯករាជ្យភាពនៃការងារស្ថាប័នទាំងអស់ហ្នឹង នៅក្នុងន័យមួយជួយពង្រឹងវិជ្ជាជីវៈ សេរីភាព សិទ្ធិរបស់អ្នកសារព័ត៌មាន គឺជារឿងមួយដែលយើងមិនមានការព្រួយបារម្ភទេ យើងស្វាគមន៍។ ក៏ប៉ុន្តែតួនាទីដែលដាក់ចេញមក វាធ្វើឱ្យមានផលប៉ះពាល់ឬមួយក៏ជាការត្រួតពិនិត្យតាមដាន ការអនុវត្តការងារភារកិច្ចអ្នកសារព័ត៌មាន ដូចកន្លងមក ក្រសួងធ្លាប់បានបង្កើត គណៈកម្មការក្រមសីលធម៌អីហ្នឹង អាហ្នឹងជាចំណុចមួយដែលយើងមានការព្រួយបារម្ភ»។

ការចាត់តាំងលោក ប៉ែន បូណា នាពេលនេះ  បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៣ បានបញ្ជាទៅរដ្ឋមន្ត្រីក្រសួងព័ត៌មានឱ្យពង្រឹងវិជ្ជាជីវៈអ្នកសារព័ត៌មានអនឡា​​ញ ក្រោយពីមានការរិះគន់ឥរិយាបថចាងហ្វាងសារព័ត៌មាន TVFB ដែលបានស្ដីបន្ទោសអ្ន​​ក​ជួយលើ​ក​​​ម៉ូតូជនរងគ្រោះ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅលើស្ពានជ្រោយចង្វារ កាលពីពេលថ្មីៗ។

ជុំវិញបញ្ហានេះ លោក ខៀវ កាញារីទ្ធ ធ្លាប់លើកឡើង​ក្នុងពិធីបើកសិក្ខាសាលាស្ដីពី «ការអនុវត្តវិជ្ជាជីវៈនិងសេរីភាពសា​រព័​ត៌​មាន ក្នុងក្របខណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា» កាលពីថ្ងៃទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០២១​ ថា អ្នកសា​​រព័​​ត៌​មាន​​នៅកម្ពុជាប្រមាណ​ ៨០ភាគរយ មិន​បានរៀន​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន និងឈ្វេ​​ងយ​​ល់​​​ទៅលើ​​ច្បា​​​ប់ស្ដីពីរបបសារព័ត៌មាន និងច្បាប់ព្រហ្មទណ្ឌទេ ដោយ​​ពួកគេចាប់ផ្ដើមប្រកបអាជីពនេះតែម្តង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ