បទ​យក​ការណ៍​៖ ​សកម្មជន​បក្ស​ភ្លើង​ទៀន​ជា​ស្រ្តី​ម្នាក់​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ ក្រោយ​រង​ការ​គំរាម​សម្លាប់​

អ្នកស្រី ហុង អាន (ខាងឆ្វេងដៃ លោក ថាច់ សេដ្ឋា) ចូលរួមពិធីជួបជុំសមាជិកគណបក្សភ្លើងទៀននៅទីស្នាក់ការបក្សក្នុងស្រុកសំរោង ខេត្តឧត្តរមានមានជ័យ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។ (ផ្តល់ឱ្យ)

ក្រោយការរំលាយគណបក្សសង្រ្គោះជាតិដែលជាបក្សប្រឆាំងមានកម្លាំងគាំទ្រស្ទើរកន្លះនគរកាលពីចុងឆ្នាំ២០១៧មក កម្លាំងបក្សប្រឆាំងដែលកើតឡើងថ្មី ហើយមានសន្ទុះគាំទ្រច្រើន ឈរក្នុងលំដាប់លេខ២បន្ទាប់ពីគណបក្សកាន់អំណាចនោះ គឺត្រូវបានគេមើលឃើញថា ជាគណបក្សភ្លើងទៀនបច្ចុប្បន្ន។

បក្សប្រឆាំងដែលលេចធ្លោរមួយនេះ បច្ចុប្បន្នមានថ្នាក់ដឹកនាំដែលជាក្បាលម៉ាស៊ីន និងសកម្មជនមូលដ្ឋាន​មួយចំនួនកំពុងមានក្តីក្តាំនៅតុលាការ ខណៈខ្លះទៀតរងការគំរាមកំហែង និងខ្លះទៀតត្រូវបានបង្ខំចិត្តចាកចេញពី​ប្រទេសកំណើតដើម្បីស្វែងរកកន្លែងសុវត្ថិភាព។

ជាក់ស្តែង សកម្មជនគណបក្សភ្លើងទៀនជាស្រ្តីម្នាក់ បានបង្ខំចិត្តចាកចេញពីប្រទេសកម្ពុជា ក្រោយពេលមានជនមិនស្គាល់អត្តសញ្ញាណបានព្យាយាមប៉ុនប៉ងសម្លាប់​ជាបន្តបន្ទាប់ អំឡុងពេលអ្នកស្រីចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន។

​មានតួនាទីជាអនុប្រធានប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំខេត្តឧត្តរមានជ័យ​ អ្នកស្រី ហុង អាន វ័យ ៤៨ឆ្នាំ ​និយាយថា គាត់បាន​ភៀសខ្លួនទៅក្រៅប្រទេសរយៈពេលប្រមាណ ៧ខែមកហើយ បន្ទាប់ពីមានជនពាក់ឯកសណ្ឋានជាមន្រ្តីយោធាបង្កគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣ដង ស្ទើរតែគាត់បានបាត់បង់ជីវិត។ ​បច្ចុប្បន្នអ្នកស្រីថា គាត់ត្រូវរស់ដោយពឹងអាស្រ័យលើការផ្តល់ស្បៀងអាហារពីសប្បុរសជន ព្រោះតែមិនទាន់លទ្ធភាពចេញរកចំណូលទ្រទ្រង់ជីវភាពបានគ្រប់គ្រាន់នៅឡើយ។

អ្នកស្រី ហុង អាន ប្រាប់វីអូឌីតាមរយៈប្រព័ន្ធតេឡេក្រាមថា គាត់បានចាប់ផ្តើមសកម្មភាពនយោបាយជាមួយបក្សភ្លើងទៀន នៅដើមឆ្នាំ២០២២ បន្ទាប់ពីចេញពីពន្ធនាគារក្រោមបទចោទប្រកាន់​ពីបទ «ញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់​សន្តិសុខ​សង្គម» កាលពីជាង២ឆ្នាំមុន។

កាលពីខែតុលា ឆ្នាំ២០២០ អ្នកស្រី ហុង អាន បាន​​ចូលរួ​មសំដែង​មតិ​ដោយ​ទាម​ទារ​​ឱ្យរដ្ឋាភិបាលអនុវត្ត​​គោល​​​​​ន​យោ​​បាយ​ដោយ​​តម្កល់​​​ស្មារ​​តី​នៃ​​កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីកម្ពុជា នៅមុខស្ថានទូតចិន។ ភ្លាមៗនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​​ចេញ​ប្រតិកម្ម ដោយ​ចាត់​ទុក​ការ​ប្រមូល​ផ្តុំ​នេះថា មានលោក ហូរ វ៉ាន់ មន្ត្រីជាន់ខ្ពស់​គណបក្សសង្រ្គោះជាតិដែលតុលាការរំលាយ ជាអ្នកនៅពីក្រោយ​ខ្នង។

បើតាមលិខិតបង្គាប់ឱ្យដោះលែងចុះថ្ងៃទី១២ ខែវិឆ្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកស្រី ហុង អាន ត្រូវបានឃុំខ្លួន រយៈពេល១០ខែ និង១៣ថ្ងៃ ហើយត្រូវព្យួរទោសរយៈពេល ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២ ០០០ ០០០ រៀល។

ក្រោយពេលចេញពីពន្ធនាគារ​ ស្រ្តីមេម៉ាយរូបនេះ បានបន្តសម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន ហើយការប៉ុងប៉ងសម្លាប់ពីសំណាក់ជនមិនស្គាល់មុខ ព្រមទាំងមានការគំរាមកំហែង និងឃ្លាំមើលពីអាជ្ញាធរ បានកើតមានជាបន្តបន្ទាប់មកលើរូបគាត់។ អ្នកស្រីបាន​ចិត្តចាកចេញពីប្រទេសកម្ពុជា ជាមួយកូនប្រុសតូចៗចំនួន២នាក់ មានអាយុ១៣ឆ្នាំ និងអាយុ៣ឆ្នាំ ដើម្បីរកទីសុវត្ថិភាព។

សកម្មជនបក្សភ្លើងទៀនរូបនេះរម្លឹកថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ មានឡានទាហានមួយគ្រឿងជិះគ្នា ៣នាក់ បានព្យាយាមបើកមកបុកម៉ូតូរបស់គាត់ពីក្រោយ ក្នុងអំឡុងពេលដែលគាត់ បានធ្វើដំណើរទៅទីស្នាក់ការបក្សភ្លើងទៀននៅមុខវត្តព្រៃស្អាត ស្ថិតនៅឃុំត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

អ្នកស្រីថា៖ «គាត់បានបើកបុកសំដៅមកខ្ញុំ! ខ្ញុំមើលឃើញតាមកញ្ចក់ទាន់ ក៏ផ្តួលម៉ូតូធ្លាក់នៅមុខវត្តព្រៃស្អាតហ្នឹង! ឡានហ្នឹងក៏ឈប់មានការចង្អុលមុនជេបញ្ជោរជេប្រមាទថា ខ្ញុំនឹងហ៊ានខ្លាំង! ចង់ងាប់ចោលកូន! »។

អ្នកស្រីបន្តថា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ អំឡុងពេលគាត់ធ្វើការឃោសនាឱ្យគណបក្សភ្លើងទៀនក្នុងពេលត្រៀមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅត្រង់ចំណុចស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានមនុស្សមួយក្រុមបានបើកម៉ូតូមកដេញតាមធាក់ម៉ូតូគាត់ ធ្វើឲ្យសមាជិកក្រុមការងាររបស់គាត់ម្នាក់រងរបួសធ្ងន់។

អ្នកស្រីថា ពេលនោះគឺគាត់ធ្វើដំណើរទាំងយប់ដើម្បីទៅទទួលលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ដើម្បីឃោសនារកសំឡេងឆ្នោតនៅខេត្តឧត្តរមានជ័យ។

លុះក្រោយមកមានការប៉ុនប៉ងសម្លាប់ម្តងទៀតគឺចំថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នៅការិយាល័យបោះឆ្នោតសាលាបឋមសិក្សាដីក្រហម ស្ថិតនៅភូមិត្រពាំងប្រាសាទ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ។

អ្នកស្រីថា ពេលនោះមានភាពមិនប្រក្រតីកើតមានពីសំណាក់ជនដែលមានពាក់ឯកសណ្ឋានទាហាន នៅឈរកត់ឈ្មោះប្រជាពលរដ្ឋ ដោយពួកគេហាក់បានដើរតួនាទីជំនួសមន្រ្តី គ.ជ.បទៅវិញ។

អ្នកស្រីថា៖«ពេលហ្នឹង [បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់] គេឱ្យឡានទាហានតាមបង ឡានពណ៌ស្លែអត់មានស្លាកលេខទេតាមបងវាស់ល្ងាច តាមហ្នឹង តាមបំរុងចាប់យកបោះលើឡាន តែដោយសារតែលេខារបស់បងមានការប្រុងប្រយ័ត្នគាត់គេចរហូតគាត់គេចទៅក្រោយ គេចទៅមុខចឹងទៅ! »

អ្នកស្រីបន្ថែមថា៖ «មានអ្នកផ្តល់ដំណឹងមកឱ្យបងថា បងត្រូវគេចាប់ហើយ បើមិនចាប់! គេសម្លាប់បងដោយគ្រោះថ្នាក់ចរាចរណ៍ដែរ។ គេបានផ្តល់ដំណឹងមកអ៊ីចឹង បងមើលទៅស្ថានភាពកាន់តែធ្ងន់ធ្ងរមែនទែន»។

មាត្រា៤១ នៃរដ្ឋធម្មនុញ្ញ បានចែងថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន​ សេរីភាព​ខាង​សារព័ត៌មាន​​ សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ​ សេរីភាព​ខាង​ការ​ប្រជុំ។ ជន​ណា​ក៏​ដោយ​មិន​អាច​ឆ្លៀត​ប្រើ​សិទ្ធិ​នេះ​ដោយ​រំលោភ​ នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​អ្នក​ដទៃ​ ដល់​ទំនៀមទម្លាប់​ល្អ​របស់​សង្គម​ ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​ និង​ដល់​សន្តិសុខ​ជាតិ​​បាន​ឡើយ។ របប​សារព័ត៌មាន​ត្រូវ​រៀបចំ​ឡើង​ដោយ​ច្បាប់។

យ៉ាងណាក្តី ជីវិតស្រ្តីសកម្មជនបក្សប្រឆាំងរូបនេះ ត្រូវបានរសាត់អណ្តែតទៅដល់ទឹកដីក្រៅ​ប្រទេសកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២។ អ្នកស្រី ហុង អាន បានប្រាប់ថា ក្រុមគ្រួសារបានផ្តាច់ទំនាក់ទំនងជាសាច់ញាតិជាមួយគាត់ ដោយសារពួកគេព្រួយបារម្ភពីសុវត្ថិភាព។

អ្នកស្រីថា៖ «រយៈពេលថ្មីៗនេះបងប្អូន និងសាច់ញាតិអីគាត់ថា កុំឱ្យពាក់ព័ន្ធជាមួយគាត់។ អ្នកខ្លះគេប្រកាស់ផ្តាច់ខ្លួនពីយើងអ៊ីចឹង ដើម្បីឱ្យបានសុខនៅក្នុងប្រទេស។ គេអត់ចង់ពាក់ព័ន្ធជាមួយយើងទេ បើសិននៅពាក់ព័ន្ធរបបភ្នំពេញគេធ្វើទុក្ខបុកម្នេញដល់បងប្អូនកូនចៅទៀត»

ផ្ទះរបស់អ្នកស្រី ហុង អាន ស្ថិតនៅរស់នៅភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ អ្នកស្រីឱ្យវីអូឌីដឹងទៀតថា អាជ្ញាធរមូលដ្ឋានតែងតែតាមឃ្លាំមើលផ្ទះរបស់គាត់ជាប្រចាំដោយមានទាំងឡានបើកជុំវិញផ្ទះរបស់គាត់ក្នុងពេលដែលគាត់រស់នៅនិងធ្វើសកម្មភាពគាំទ្របក្សភ្លើងទៀន។ អ្នកស្រីហៅសកម្មភាពទាំងនេះថាដូចជា កងឈ្លប ដែលត្រូវបានរៀបចំមានលក្ខណៈជាបណ្តាញ។

អ្នកស្រីបន្ថែមថា៖ «បងធ្វើការបណ្តើរមានគេឃ្លាំមើល។ ពេលបងទៅដល់ទីស្នាក់ការហ្នឹង ប៉ូលីស ទាហានគាត់តាមទៅសួររកថា ខ្ញុំនៅកន្លែងណា? គាត់ធ្វើទុក្ខបុកម្នេញ តែខ្ញុំទ្រាំ ទម្រាំបោះឆ្នោតបណ្តើរ ធ្វើការបណ្តើរ»។   

ក្រុមគ្រួសាររបស់អ្នកស្រី ហុង អាន នៅក្នុងប្រទេសបានបដិសេដផ្តល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មានវីអូឌី ដោយអះអាងថា បារម្ភពីសុវត្ថិភាព។ បើទោះបីជាមានការគំរាមគំហែង និងការបង្កគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់យ៉ាងណាក្តី ប៉ុន្តែអ្នកស្រី ហុង អាន ប្រាប់ថា គាត់មិនបានដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរពាក់ព័ន្ធនោះទេ ព្រោះតែគាត់មិនមានជំនឿលើប្រព័ន្ធច្បាប់នៅកម្ពុជា។

ពាក់ព័ន្ធករណីនេះ អធិការនគរបាលស្រុកត្រពាំងប្រាសាទ លោក អ៊ូច ម៉ៅ បានឆ្លើយតបជាមួយអ្នកសារព័ត៌មានវីអូឌីយ៉ាងខ្លីថា មិនមានករណីដែលអាជ្ញាធរគំរាមគំហែងចំពោះ អ្នកស្រី ហុង អាន នោះទេ។

លោកថា៖« គាត់ប្រតិដ្ឋទេ មិនដឹងគាត់បែមុខទៅណាផង ខ្ញុំមិនដែលបានឃើញគាត់ផង ហើយនៅក្នុងនេះគាត់មិនដែលចេញមុខចេញមាត់ផង អត់មានទេ»។ 

ចំណែក អភិបាលរងខេត្តឧត្តរមានជ័យ លោក ឌី រ៉ាដូ បានច្រានចោលករណីនេះដែរ ដោយថា មិនមានសកម្មភាពគំរាមសម្លាប់ចំពោះសកម្មជនបក្សប្រឆាំងនោះទេ ហើយថា អាជ្ញាធរខេត្តបានបើកសិទ្ធិទូលាយចំពោះការធ្វើសកម្មភាពនយោបាយគ្រប់និន្នាការទាំងអស់។

លោកបន្ថែមថា៖ «ដូចខ្ញុំជម្រាបអ៊ីចឹង នៅទីនេះ អត់មានពីណាដឹង ពីណាបានឮ ពីណាបានជ្រាបដូចករណីដែលគាត់ [អ្នកស្រី ហុង អាន] លើកឡើង។ ដូចខ្ញុំជម្រាបខាងដើមអ៊ីចឹង មិនមានហ្មង នៅទីនេះនៅឧត្តរមានជ័យ»។

ទោះជាបែបនេះក្តី នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការលីកាដូ លោក អំ សំអាត បានសង្កេតឃើញថា ជាទូទៅសកម្មជនគណបក្សប្រឆាំងនៅកម្ពុជា តែងតែរងការគំរាមគំហែង ការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរ ដែលកើតឡើងជាក់ស្តែង និងមិនមានការការពារដល់ពួកគេនោះទេ។

លោកបន្តថា បើទោះបីជាកម្ពុជាប្រកាន់យករបបគ្រប់គ្រងរដ្ឋតាមបែបលទ្ធិប្រជាធិបតេយ្យក៏ដោយ ប៉ុន្តែសកម្មភាពរបស់អាជ្ញាធរហាក់ផ្ទុយអំពីគោលការណ៍នៃលទ្ធិប្រជាធិតេយ្យ និងរដ្ឋធម្មនុញ្ញ ដែលធានាពីសិទ្ធសេរីភាពក្នុងការចូលរួមរបស់ពលរដ្ឋជាមួយនឹងគណបក្សនយោបាយណាមួយដែលខ្លួនពេញចិត្ត។ លោកចាត់ទុកសកម្មភាពររឹតត្បិតទាំងនេះ គឺបានបង្កផលប៉ះពាល់ដល់ដំណើរការបោះឆ្នោតផងដែរ។

លោកមានប្រសាសន៍ថា៖ «បើសិនជាមានការគំរាងគំហែងការបំភិតបំភ័យ គឺវាជាបរិយាកាសមួយមិនល្អ សម្រាប់ឆ្ពោះទៅរកការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌»។

បន្ថែមលើនេះ លោកបានជំរុញឱ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្សឡើងវិញ ដោយលុបបំបាត់រូបភាពធ្វើទុក្ខបុកម្នេញ ការគំរាមគំហែង ទៅលើសកម្មជនគណបក្សប្រឆាំង។ លោកបន្ថែមថា បើ សកម្មភាពទាំងនេះនៅតែបន្តកើតមាន នោះគឺជាការបានបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងធ្ងន់ធ្ងរ និងបានបង្កផលប៉ះពាល់ដល់ផលប្រយោជន៍ជាតិទាំងមូល។

លោកបន្តថា៖ «អ៊ីចឹងអាបញ្ហាធ្វើទុក្ខបុកម្នេញ លើសកម្មជនគណបក្សនយោបាយ វាអាចធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សម្រាប់កម្ពុជាយើងដែរ ដូចជាកន្លងមកយើងឃើញ សហគមន៍អ៊ឺរ៉ុបផ្តាច់ការអនុគ្រោះពន្ធ ២០ភាគរយ ជាដើមនោះ»

ប្រទេសកម្ពុជាត្រូវបានរងការរិះ​គន់​ពី​សហគមន៍ជាតិ និងអន្តរជាតិមួយចំនួន ជុំវិ​ញ​កា​រ​រំលោភសិ​ទ្ធិមនុស្ស ការធ្វើឱ្យសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ​ធ្លាក់​ចុះ​ ជាពិសេស​ក្រោយ​ការចាប់​ប្រធាន​គណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដាក់ពន្ធនាគារ និង​ការ​រំលាយ​គណបក្សប្រឆាំង​មួយ​នេះកាល​ពី​ចុ​ងឆ្នាំ២០១៧។

កាលពីខែសីហា ឆ្នាំ២០២០ សហភាពអឺរ៉ុប បានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០​ភាគរយ​ពីកម្ពុជា ក្រោយពួកគេរកឃើញថា រដ្ឋាភិបាលកម្ពុជាមិនបានធ្វើឱ្យប្រសើរឡើង​​ចំពោះការ​គោរព​សិទ្ធិមនុស្ស ​សិទ្ធិ​ការ​ងារ និងស្ថានភាពនយោបាយឡើយ។ ប៉ុន្តែសហភាបអឺរ៉ុបអាចនឹងពិចារណា​ក្នុងការ​​ផ្តល់ប្រព័ន្ធអនុគ្រោះពន្ធនេះឱ្យវិញ បើ​សិន​ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា​មាន​ភាពល្អ​​ប្រសើរ​ឡើង​វិញ​។

រដ្ឋធម្មនុញ្ញ មាត្រា ៣៥ ចែងថា៖ «ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ» ។

បើទោះបីជារដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល បានចែងពីសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរអាចមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន និងសេរីភាពខាងការប្រជុំយ៉ាងណាក្តី ប៉ុន្តែសម្រាប់អ្នកស្រី ហុង អាន ប្រាប់ថា គាត់មិនហានត្រឡប់មកកម្ពុជាដើម្បីសម្តែងមតិក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនាពេលខាងមុននេះទេ ដោយគាត់បារម្ភថា គាត់អាចនឹងបាត់បង់ជីវិត ប្រសិនបើត្រលប់មកប្រទេសកម្ពុជាវិញ។

អ្នកស្រីថា៖«គួរឱ្យស្តាយណាស់បងចង់ត្រលប់ទៅវិញណាស់ តែដោយសាតែបង មិនអាចត្រឡប់ទៅវិញបានទេ ដោយសារតែបងនៅព្យួរទោសនៅឡើយ ហើយម្យ៉ាងវិញទៀតបងដឹងច្បាស់ថា របបភ្នំពេញមិនអាចអនុគ្រោះឱ្យបងបានទេ ដោយសារតែយើងអ្នកគិតពីរឿងជាតិ ធ្វើប្រយោជន៍ជាតិគឺគេមិនទុកទេប្អូន! បើបងត្រឡប់ទៅវិញ ច្បាប់ជារបបភ្នំពេញបើមិនចាប់ដាក់គុក ក៏គេសម្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ឬឧបទ្ទវហេតុណាមួយមិនខាន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ