គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ បានដកពាក្យបណ្តឹង ដែលប្តឹងលោក គង់ គាំ អតីតឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ពីសាលាដំបូងខេត្តត្បូងឃ្មុំវិញ។
នេះបើយោងតាមពាក្យសុំដកពាក្យបណ្តឹង ចុះថ្ងៃទី៥ ខែកុម្ភៈ របស់តំណាងស្របច្បាប់ឱ្យគណៈកម្មាធិការគណបក្សប្រជាជនខេត្តត្បូងឃ្មុំ និងជាអនុប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ លោក សេង ជ័យវុធ ដាក់ជូនអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។
ក្នុងពាក្យសុំដកពាក្យបណ្តឹងនោះ ដើមបណ្តឹងបានលើកហេតុផលថា ដោយសារតែ លោក គង់ គាំ នាពេលថ្មីៗនេះ បានសារភាពទទួលស្គាល់កំហុស និងសុំអភ័យទោសជាសាធារណៈទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា។ ករណីនេះ គណៈកម្មាធិការគណបក្សប្រជាជនខេត្តត្បូងឃ្មុំ សម្រេចដកពាក្យបណ្តឹងចេញពីសំណុំរឿងព្រហ្មទណ្ឌនេះវិញ។
កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ តំណាងគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ បានប្តឹងលោក គង់ គាំ ទៅតុលាការ ដោយទាមទារឱ្យមានការផ្តន្ទាទោសតាមច្បាប់ និងទាមទារសំណងចំនួន ៥០ម៉ឺនដុល្លារ បន្ទាប់ពីលោក គង់ គាំ បានថ្លែងក្នុងវេទិកាសាធារណៈមួយ ដែលបក្សកាន់អំណាចថាបានធ្វើឱ្យប៉ះពាល់ដល់គណបក្សខ្លួន៕