លោក គង់ គាំ អរគុណលោក ហ៊ុន សែន ក្រោយដកបណ្ដឹង តែស្ដាយទ្រព្យតម្លៃ៥០លានដុល្លារ

លោក ហ៊ុន សែន និងលោក គង់ គាំ។

អតីតឧត្ដមទីប្រឹក្សាគណបក្សភ្លើងទៀន លោក គង់ គាំ អរគុណលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីពា​​​​​​​​​ក់ព័​ន្ធ ក្រោយពីបក្សកាន់អំណាចដកពាក្យបណ្ដឹងនៅតុលាការខេត្តត្បូងឃ្មុំ លាយឡំនឹងការស្ដាយ​​នូវការបាត់ទ្រ​ព្យ​​​​​សម្បត្តិយ៉ាងគំហុកប្រមាណជា៥០លានដុល្លារ ដោយសាររិះគន់ប្រភពថ្ងៃ៧ម​ក​​រា។

លោក គង់ គាំ ឱ្យវីអូឌីដឹងនៅថ្ងៃទី៦ ខែកុម្ភៈនេះថា លោកត្រូវចូលទៅបំភ្លឺនៅសាលាដំបូងខេត្តត្បូ​ង​​ឃ្មុំ​​នៅព្រឹកនេះ តាមដីកាកោះ តបតាមពាក្យបណ្តឹង ចុះថ្ងៃទី១០​ ខែមករា ឆ្នាំ២០២៣ របស់តំណាងគណបក្សប្រ​ជា​ជ​ន​កម្ពុ​ជាខេត្តត្បូងឃ្មុំ។

ប៉ុន្តែលោកថា គម្រោងនេះត្រូវបានលុបចោលវិញ ដោយសារមន្ត្រីតុលាការខេត្តត្បូងឃ្មុំ កាលពីយប់មិញ បានទូរសព្ទប្រាប់គាត់ថា គណបក្សប្រជាជនកម្ពុជាដែលជាដើមបណ្ដឹង បានដកពា​ក្យ​​​បណ្ដឹងវិញហើយ។

លោកគូសបញ្ជាក់ថា ករណីនេះ លោកមានការរំភើប និងអរគុណមេដឹកនាំគណបក្សប្រជាជនកម្ពុជា រួមទាំងមន្ត្រីពាក់ព័ន្ធ ដែលបានសម្រេចដកពាក្យបណ្ដឹង។

លោកថា៖ «ខ្ញុំជឿជាក់ថា ប្រាកដជាមានអន្តរាគមន៍ពីគណបក្សប្រជាជនកម្ពុជាថ្នាក់លើដែរហើយ ដូច្នេះអរគុណសម្ដេចប្រធាន សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ ក្នុងការដែលសម្រេចដកពាក្យបណ្តឹងនៅខេត្តត្បូងឃ្មុំនេះ»។

ការប្តឹងលោក គង់ គាំ ផ្តើមចេញពីការដែលលោកទម្លាយថា កាលពីលោកនៅជាមួយបក្សកាន់អំណាច គេណែនាំថា «ផឹកទឹកឱ្យនឹកប្រភព ជ្រកម្លប់ឱ្យនឹកអ្នកដាំ» ដែលការណ៍នេះ លោកថ្លែងថា ថ្ងៃ៧មករា​​ មិ​នមានប្រភពនៅកម្ពុជាទេ ហើយមេដឹកនាំដែលកំពុងគ្រប់គ្រងអំណាច ក៏មិនមែនខ្មែរជាអ្នកដាំដូចគណបក្សភ្លើ​​ងទៀតទេ ដែលករណីនេះធ្វើឱ្យបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ប្ដឹងទារសំណងជំងឺចិត្តចំនួន៥​០​ម៉ឺនដុល្លារ ដោយចោទថាធ្វើឱ្យប៉ះពាល់ដល់មុខមាត់ថ្នាក់ដឹកនាំ។

តាមពាក្យសុំដកបណ្តឹង ចុះ​ថ្ងៃទី៥ ខែ​កុម្ភៈ ឆ្នាំ២០២៣ ដើមបណ្តឹង​​លើកហេតុផល​​ថា ការដកពាក្យបណ្ដឹងនេះ ដោយសារ​តែថ្មីៗនេះ លោក គង់ គាំ បាន​សារភាពកំហុស​ និង​សុំអភ័យទោស​ជាសាធារណៈទៅលោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន

ការរិះគន់ថ្ងៃ៧មករា ក៏ធ្វើឱ្យអ្នកនយោបាយអាយុជាង៨០ឆ្នាំរូបនេះ ប្រឈមនឹងការបាត់បង់ដីមួយកន្លែងនៅសង្កាត់ទន្លេបាសាក់ ទំហំជាងកន្លះហិកតា ក្នុងរាជធានីភ្នំពេញ ដែលមានតម្លៃ ប្រមាណជា៥០លានដុល្លារ ដែលលោកនិងភរិយាព្រមប្រគល់ឱ្យរដ្ឋវិញ ក្រោយលោក ហ៊ុន សែន ព្រមានចាត់វិធានការច្បាប់ ដើម្បីដកហូត ទោះលោក គង់ គាំ បានកាន់កាប់ដីនោះតាំងពីក្រោយថ្ងៃរំដោះក្តី។

លោក គង់ មុនីកា ដែលជាកូនប្រុសបង្កើត ធ្លាប់ប្រាប់វីអូឌីថា រដ្ឋាភិបាលបានជូនដំណឹងឱ្យគ្រួសារលោករើចេញពីដីនោះ ត្រឹមថ្ងៃទី១១ ខែកុម្ភៈនេះ ហើយថាដីដែលឱពុកគាត់ប្រឈមនឹងបាត់បង់នោះ មានតម្លៃ៨ពាន់ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលសរុបទាំងអស់ប្រមាណជា៥០លានដុល្លារ។

យ៉ាងណា អ្នកនយោបាយជើងចាស់រូបនេះ ឱ្យដឹងបន្ថែមថា ពេលនេះលោកកំពុងស្នាក់នៅលើដីដែលធ្លាប់កាន់កាប់នៅឡើយទេ ហើយថាលោកនឹងមិនហក់ទៅប្រលូកក្នុងឆាកនយោបាយវិញឡើយ ដោយសារបញ្ហាសុខភាព និងបង្ហាញការសោកស្តាយនូវការបាត់បង់ទ្រព្យសម្បត្តិយ៉ាងគំហុកនេះ។

លោកថា៖ «យើងនៅតែសោកស្តាយអ៊ីចឹង [] ជាចិត្តសាស្ត្រហ្នឹង វាមិនអាចអត់ចង់មានទ្រព្យទេ គឺចង់មានទ្រព្យតកូនតចៅសម្រាប់គ្រួសារ»។

អ្ន​កនាំពាក្យគណបក្សភ្លើងទៀន លោក គឹមសួរ ភីរិទ្ទ ចាត់ទុកការដកពាក្យបណ្តឹងរបស់បក្សកាន់អំណាច ពីលោក គង់ គាំ នេះថា ជាជម្រើសល្អសម្រាប់មហាគ្រួសារខ្មែរ។

លោកថា៖ «ខ្ញុំមានតែសម្តែងនូវការរីកយាយចំពោះការដកពាក្យបណ្តឹង ហើយសូមគាំទ្រធ្វើយ៉ាងណាយើ​ង​​អា​​​ចដោះស្រាយគ្នាបាន ដោយគេហៅការយោគយល់គ្នាទៅវិញទៅមក ព្រោះជាការល្អក្នុងមហាគ្រួសារខ្មែរ»

អ្ន​កសិក្សាផ្នែកច្បាប់ លោក វន់ ចាន់ឡូត មើលឃើញថា វិធានការនេះជាការប្រើប្រព័ន្ធតុលាការដើម្បីគំរាមកំហែង និងកាត់ផ្តាច់ប្រព័ន្ធហិរញ្ញវត្ថុដៃគូប្រកួត ផ្ទុយពីស្មារតីរដ្ឋធម្មនុញ្ញ ហើយថាបានបន្សល់ទុកនូវគំរូមិនល្អដ​ល់ក្មេងជំនាន់ក្រោយ។

លោកថា៖ «ក្នុងទម្រង់នយោបាយបែបនេះ វាអត់បាននាំផលចំណេញទៅដល់ឯកភាពជាតិ ឯកភាពផ្ទៃក្នុ​ង​​នោះទេ វាមានតែការបង្កើននូវកំហឹង ការសងសឹង ឬក៏វប្បធម៌ ទឹកឡើងត្រីស៊ីស្រមោច ទឹកហោច[ស្រក]ស្រ​មោចស៊ីត្រី វានៅតែបន្តអត្តឃាតសម្រាប់នយោបាយនៅកម្ពុជាហ្នឹង»។

ប៉ុន្តែយ៉ាងណា លោកយល់ឃើញថា អ្នកនយោបាយគួរតែងាកមកប្រកួតអំណាចគ្នា ដោយសុចរិតភាព ធា​​នាឱ្យការបោះឆ្នោតមួយដំណើរការទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ មានការផ្ទេរអំណាចដោយសន្តិវិធី តបតាមស្មារតីរដ្ឋធម្មនុញ្ញ តាមប្រព័ន្ធសេរី ពហុបក្ស។

មាត្រា៥២ នៃរដ្ឋធម្មនុញ្ញ ចែងថា៖ «រដ្ឋាភិបាលកម្ពុជាប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការពារឯកភាពជាតិ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ