រញ្ជួយដីកម្រិតធ្ងន់ ៧,៨រិចទ័រ បានវាយប្រហារភាគកណ្ដាលនៃប្រទេសតួកគី និងភាគពាយព្យនៃប្រទេសស៊ីរី នៅថ្ងៃចន្ទនេះ ដោយបានសម្លាប់មនុស្សជាង ៥០០នាក់ និងរាប់រយនាក់ផ្សេងទៀតរងរបួស ខណៈអគារជាច្រើនបានដួលរលំ ហើយក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្នុងគំនរបាក់បែក។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។
ពាក់ព័ន្ធនឹងករណីនេះ អនុប្រធានាធិបតីតួកគី លោក ហ្វួត អូកតេយ៍ (Fuat Oktay) បាននិយាយថា មនុស្សចំនួន ២៨៤នាក់ បានស្លាប់ និង ២ ៣២៣នាក់ បានរងរបួស ខណៈអាជ្ញាធរបានប្រមូលក្រុមអ្នកជួយសង្គ្រោះ និងផ្គត់ផ្គង់យន្តហោះទៅកាន់តំបន់រងគ្រោះ និងបានអំពាវនាវឱ្យមានជំនួយពីអន្តរជាតិ។
នៅក្នុងប្រទេសស៊ីរី ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាមស៊ីវិលជាង១១ឆ្នាំរួចមកហើយ មន្ត្រីសុខាភិបាលរដ្ឋាភិបាល បាននិយាយថា មនុស្សចំនួន ២៣៧នាក់បានស្លាប់ និងប្រហែល ៦០០នាក់បានរងរបួស ដែលភាគច្រើននៅក្នុងខេត្តហាម៉ា (Hama) អាឡេប៉ូ (Aleppo) និង ឡាតាគា (Latakia) ជាកន្លែងដែលអគារជាច្រើនបានដួលរលំ។
ការិយាល័យរបស់ប្រធានាធិបតីតួកគី បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក តាយយីប អឺដូហ្គែន (Tayyip Erdogan) បាននិយាយតាមទូរសព្ទជាមួយអភិបាលខេត្តចំនួន៨ ដែលរងផលប៉ះពាល់ ដើម្បីប្រមូលព័ត៌មានអំពីស្ថានភាព និងជួយសង្គ្រោះ។
ទាក់ទិននឹងករណីនេះដែរ ការិយាល័យប្រធានាធិបតីស៊ីរី បានឱ្យដឹងថា ប្រធានាធិបតី លោក បាហ្សា អាល អាហ្សាដ (Bashar al-Assad) បានបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាបន្ទាន់មួយ ដើម្បីពិនិត្យមើលការខូចខាត និងពិភាក្សាអំពីវិធានការបន្ទាប់។
លោក ជេក ស៊ុលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានអាមេរិក បានឱ្យដឹងនៅលើបណ្តាញសង្គម Twitter ថា សហរដ្ឋអាមេរិកមាន «ការព្រួយបារម្ភយ៉ាងខ្លាំង» អំពីការរញ្ជួយដីនៅក្នុងប្រទេសតួកគី និងស៊ីរី ហើយកំពុងតាមដានព្រឹត្តិការណ៍យ៉ាងយកជិតទុកដាក់។
លោកមានប្រសាសន៍ថា៖ «ខ្ញុំបានទាក់ទងជាមួយមន្ត្រីតួកគី ដើម្បីបង្ហាញថាយើងត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយចាំបាច់ទាំងអស់»។
គួរបញ្ជាក់ថា តួកគី គឺជាប្រទេសដែលងាយរងគ្រោះដោយការរញ្ជួយដីបំផុតនៅលើពិភពលោក។ មនុស្សច្រើនជាង ១៧ ០០០នាក់បានស្លាប់ ក្នុងឆ្នាំ១៩៩៩ នៅពេលដែលការរញ្ជួយដីកម្រិត ៧,៦រិចទ័រ បានវាយប្រហារទីក្រុងអ៊ីស្មីត (Izmit) ភាគអាគ្នេយ៍នៃទីក្រុងអ៊ីស្តង់ប៊ុល (Istanbul)។
កាលពីឆ្នាំ២០១១ ការរញ្ជួយដីនៅភាគខាងកើតនៃទីក្រុងវ៉ាន (Van) បានសម្លាប់មនុស្សជាង ៥០០នាក់៕