ចំនួនសិស្សវិទ្យាល័យ ហ៊ុនសែន ប្រម៉ោយ ដែលដួលសន្លប់បានកើនដល់ជាង៧០នាក់

សិស្សម្នាក់ដែលរៀននៅវិទ្យាល័យ ​ហ៊ុន សែន ប្រម៉ោយ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោយពេលដួលសន្លប់កាលពីអំឡុងដើមខែកុម្ភៈ ២០២៣។ (ផ្ដល់ឱ្យ)

សិស្សនៅវិទ្យាល័យ ​ហ៊ុន សែន ប្រម៉ោយ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បាន​បន្តដួលសន្លប់ជាបន្តបន្ទាប់ ដែលគិតមកដល់ថ្ងៃអាទិត្យម្សិលមិញ បាន​កើន​ដល់ជាង​​ ៧០នាក់ ដោយ​មន្ត្រីជំនាញសុខាភិបាលបញ្ជាក់ថា ការដួលសន្លប់នេះដោយសារតែ​​ពួក​គេមា​ន​បញ្ហាសុខ​ភាព។

​អភិបាលស្រុកវាលវែង លោក វង្ស អេង បានឱ្យដឹងនៅថ្ងៃចន្ទនេះ​ថា ​បើ​តាមបញ្ជី​ឈ្មោះសិស្ស​​ដែល​​បាន​​​​​​ពីក្រុម​គ្រូពេទ្យ​ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែកុម្ភៈនេះ តួលេខសិស្ស​វិទ្យាល័​យ​ ហ៊ុន ​​សែន ប្រម៉ោយ ដែលបានដួលសន្លប់ បានកើនដល់ ​៧៣នាក់។

លោកបន្តថា តាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យ សុខភាពសិស្សទាំងនោះពុំមានបញ្ហាអ្វីធ្ងន់ធ្ងរនោះទេ។ សម្រាប់​អភិបាល​ស្រុក​វាល​វែងរូបនេះ យល់ថា បញ្ហា​ដែលមានសិស្សដួលសន្លប់ជាបន្តបន្ទាប់នេះ អាចបណ្តាលមកពី​រឿង​អប្បិយជំនឿ ដោយសារ​​​​​​ក្រោយ​ពីមា​ន​ការ​សាង​សង់អគារ​សិក្សានោះ​​​មក​ ​មិនដែល​មាន​សែនព្រេន។

លោកថា៖ «​ពាក់ព័ន្ធ​ពីម្សិលមិញ​[ថ្ងៃអាទិត្យ​]​​ដែល​យើង​​ធ្វើការ​សែន​ព្រេន ​កាលពីម្សិលមិញ​ ​​​ដូចថាសែនអត់ត្រូវ​ គេរឹតតែ​ធ្វើឱ្យយើង​កាន់តែមានអាការច្រើន​ ប៉ុន្តែយប់មិញនេះ ​​យើងបានបួងសួងសាជាថ្មី ​​អំពាវនាវសុំ​គេសាជាថ្មីទៅ ​ឃើញថា​​អ្នក​ដែល​ជំងឺ​​ទាំ​ង​អស់ធូរស្បើយនិយាយធម្មតា​»។

តែយ៉ាងណា ​អធិការ​នគរបាល​ស្រុក​វាលវែង លោក ធាង​ ឡេង មានប្រសាសន៍ថា ​សិស្សដែល​​​សន្លប់​សរុប​មាន​ចំនួន ​៦០នាក់ ហើយនៅពេលនេះ​​​ នាយក​វិទ្យាល័យ​ ​បានសម្រេច​ឱ្យសិស្សទាំងនោះ​សម្រាកការសិក្សា​​ជាបណ្ដោះអាសន្ន។​​

លោក ធាង​ ឡេង បន្ត​ថា ក្រោយកើតមានហេតុការណ៍នេះ ​អាជ្ញាធរ និង​គ្រូបង្រៀន បាន​បញ្ជូន​សិស្ស​​ដែល​បានដួលសន្លប់ទាំង​នោះ​ ​ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះ មាន​សិស្ស​​ចំនួន​ ៩នាក់​ ប៉ុណ្ណោះ​ដែលកំពុង​នៅមន្ទីរ​ពេទ្យ​ ខណៈស្ថានភាពសុខ​ភាព​សិស្ស​ ​៥១នាក់​​​ផ្សេង​ទៀត បានធូរស្រាល និង​ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាត​ឱ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ។

លោកថា៖ «ក្នុងនាមសមត្ថកិច្ច​ មានតែ​បន្ត​គ្រប់គ្រងសភាពការណ៍​​ និង​សិក្សាស្រាវជ្រាវ ដោយសហការ​ជាមួយជំនាញ​ខាងសុខាភិបាល គ្រូ​ និង​អាជ្ញាធរមូលដ្ឋាន ផងដែរ​»។

នាយក​វិទ្យា​ល័យ ហ៊ុន សែន ប្រម៉ោ​យ លោក ពីង សុខា បានបដិសេធការឆ្លើយ​តបលម្អិតព័ត៌មាន​នេះ ​​ដោយគ្រាន់តែបញ្ជាក់ថា ពេល​នេះ ​​រូប​​លោក និងអាជ្ញាធរកំពុងដោះស្រាយ​។

អនុប្រធាន​​មន្ទីរ​សុខាភិបាល​ខេត្តពោធិ៍សាត់​ លោក តឹក សុភាព​ មានប្រសាសន៍ថា ក្រុម​គ្រូពេទ្យ​បាន​ទៅ​​ពិនិត្យ និងព្យាបាល​លើសិស្សទាំងនោះរួចរាល់ហើយ មិនមានបញ្ហា​ធ្ងន់ធ្ងរទេ ហើយមូលហេតុដែលដួលសន្លប់​នេះ ​អាចបណ្ដាលមក​ពីកង្វះចំណីអាហារ គេង​មិន​គ្រប់​គ្រាន់ និង​តក់​ស្លុត​នៅ​ពេល​ឃើញ​សិស្ស​ផ្សេង​ដួល​សន្លប់។

លោកថា៖ «​​​តាមពិតទៅ យើងបានរកហើយ ហាក់ដូចជាមិនពាក់ពន្ធរឿងជំងឺទេ​ ទី១ ខ្ញុំគិតថា ​មកពីការហូបចុក​របស់គាត់អត់បានគ្រប់គ្រាន់​ ហើយទី២ ទាក់ទងនឹងការសម្រាក​ ហើយអ្វីដែលសំខាន់នៅពេលដែល​ឃើញប្អូនម្នាក់ដួលសន្លប់អ៊ី​ចឹង​ទៅ​ ហើយ​ភាគច្រើនជានារី គាត់ភ័យដួលសន្លប់​អ៊ីចឹងទៅ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ