អ្នកឃ្លាំមើលថាបក្សភ្លើងទៀនអាចបាត់ការគាំទ្រ បើមិនហ៊ានរិះគន់ចំណុចខ្វះខាតបក្សកាន់អំណាច

ស្ត្រីម្នាក់ឈរកាន់ទង់គណបក្សភ្លើងទៀន ក្នុងថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្ស៊ី)

អ្នកឃ្លាំមើលបានលើកឡើងប្រហាក់ប្រហែលគ្នាថា បើគណបក្សភ្លើងទៀនបន្ថយការរិះគន់ចំណុចខ្វះខាតរបស់គណបក្សកាន់អំណាច ព្រោះតែខ្លាចការធ្វើទុក្ខបុកម្នេញ អាចនឹងធ្វើឱ្យគណបក្សនេះបាត់បង់ការគាំទ្រច្រើនពីម្ចាស់ឆ្នោត។

ការលើកឡើងនេះ ខណៈដែលគណបក្សភ្លើងទៀនត្រូវបានគេមើលឃើញថាហាក់ទន់ភ្លន់ មិនសូវហ៊ានចេញមុខនិយាយខ្លាំងៗលើរដ្ឋាភិបាល និងបក្សកាន់អំណាច ក្រោយពីមានការចាប់មន្ត្រីជាន់ខ្ពស់គណបក្សនេះដាក់ពន្ធនាគារ  និងខ្លះទៀតរងក្ដីក្ដាំពីគណបក្សកាន់អំណាច ជាដើម។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា គណប​ក្សភ្លើងទៀន ដែលសម្រេចបន្ថយឥរិយាបថរិះគន់ចំណុចខ្វះខាតគណបក្សកាន់អំណាច ក្នុងន័យស្ថាបនា និងស្របតាមគោលការណ៍ប្រជាធិបតេយ្យ មិនមែនជាជម្រើសល្អរបស់បក្សភ្លើងទៀននោះទេ បើទោះបីជាស្ថានការណ៍នយោបាយកំពុងមានភាពតានតឹងក៏ដោយ។

ផ្ទុយទៅវិញ លោកចាត់ទុកការបន្ថយឥរិយាបថរបស់បក្សភ្លើងទៀន នៅមុនការបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ អាចនឹងធ្វើឱ្យគណបក្សនេះបាត់បង់ការគាំទ្រច្រើនពីម្ចាស់ឆ្នោតទៅវិញ ។

លោកមានប្រសាសន៍ថា៖ «គណបក្សនយោបាយ ឬក៏អ្នកនយោបាយនៅក្នុងគណបក្សប្រឆាំង ឬក៏គណបក្សក្រៅរដ្ឋាភិបាល មានតួនាទីសំខាន់នៅក្នុងការលើកចំណុចអវិជ្ជមានរបស់អ្នកនយោបាយកាន់អំណាច។ បើសិនជាគាត់ជាចលករជួរមុខ ហើយមិនបង្ហាញ មិនធ្វើសកម្មភាពលើកចំណុចអវិជ្ជមាន ការអសកម្មរបស់អ្នកនយោបាយនៅក្នុងតួនាទីទេ គាត់អត់មានសិទ្ធិ ឬក៏អត់ទទួលបាននូវការគាំទ្រពីម្ចាស់ឆ្នោតបានទេ»។

អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ មើលឃើញថា គណបក្សភ្លើងទៀនមួយរយៈកាលចុងក្រោយនេះ បានបន្ថយការរិះគន់ចំណុចខ្វះខាតលើថ្នាក់ដឹកនាំគណបក្សកាន់អំណាច ក្រោយពីមានការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន មានលោក ថាច់ សេដ្ឋា និងមានការប្ដឹងលោក សុន ឆ័យ រួមទាំងប្តឹងលោក គង់ គាំ តាមបណ្តឹងរបស់បក្សកាន់អំណាច ជាដើម ខណៈមន្ត្រីផ្សេងៗទៀតរបស់គណបក្សនេះហាក់មិនសូវមានមន្ត្រីដែលមានសមត្ថភាព និងមានភាពក្លាហានគ្រប់គ្រាន់ ដើម្បីប្រឈម និងបញ្ចេញទស្សនៈការពារប្រយោជន៍គណបក្សនៅឡើយ។

ករណីនេះ លោកថា បើមន្ត្រីគណបក្សភ្លើងទៀន មិនមានភាពក្លាហាន និងបន្ថយការរិះគន់ចំណុចខ្វះខាតរបស់ថ្នាក់ដឹកនាំបក្សកាន់អំណាច មុនការបោះឆ្នោតជាតិខិតជិតមកដល់នេះទេ អាចធ្វើឱ្យពលរដ្ឋខ្លះពិបាកក្នុងការបោះឆ្នោតជូនគណបក្សដែលមិនមានផែនការ ឬគោលការណ៍ច្បាស់លាស់ ជាដើម។

លោកមានប្រសាសន៍ថា៖ ​«សមត្ថភាពនៃថ្នាក់ដឹកនាំគណបក្សភ្លើងទៀននាពេលបច្ចុប្ប​ន្ន គឺមិនទាន់មានសក្ដានុពលគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចនៅឡើយទេ។ ដូច្នេះហើយ ប្រជាពលរដ្ឋ ក៏ដូចជាយុវជន កំពុងពិចារណាដែរ តើគួរតែគាំទ្រគណបក្សមួយដែលមានភាពភ័យខ្លាចបែបហ្នឹង ឬមួយក៏​មានការគាំទ្រចំពោះអ្នកដែលមានសមត្ថភាព ឬអ្នកដែលមានចក្ខុវិស័យ ហើយអ្នកដែលមានភាពសកម្មក្នុងការតស៊ូមតិ ក៏ដូចជាការទាមទារយុត្តិធម៌ជូនដល់ជនរងគ្រោះ ជាដើម»។

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីម សួរភារិទ្ធ មានប្រសាសន៍ថា ដើមចមដែលនាំឱ្យគណបក្សភ្លើងទៀនមានការប្រុងប្រយ័ត្ន និងអំពាវនាវទៅមន្ត្រីគ្រប់ជាន់ថ្នាក់ បន្ថយការរិះគន់ចំណុចខ្វះខាតរបស់គណបក្សកាន់អំណាច ដោយសារគណបក្សបារម្ភខ្លាចមន្ត្រីខ្លះធ្វើការរិះគន់ដោយប្រើពាក្យមិនល្អ នាំឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃគណបក្សនយោបាយណាមួយ ហើយខ្លាចមានការប្ដឹងផ្ដល់ និងចោទប្រកាន់ ជាដើម។

ករណីនេះ លោកថា គណបក្សភ្លើងទៀន នៅតែបន្តរិះគន់លើគណបក្សកាន់អំណាច ប៉ុន្តែគ្រាន់តែប្ដូរជារបៀបរិះគន់បែបទន់ភ្លន់ ឱ្យស្របតាមគោលការណ៍ប្រជាធិបតេយ្យ ដើម្បីឱ្យភាគីដែលរងការរិះគន់ មិនខឹងសម្បា ជាដើម។

លោកមានប្រសាសន៍ថា៖ «កាលណាយើងរិះគន់ពាក្យមិនគប្បី ដោយរឿងមិនគប្បី វាអាចធ្វើឱ្យមានកំហឹង កាលណាវាមានកំហឹង វាធ្វើឱ្យកើតជាទង្វើផ្សេងៗដែលធ្វើឱ្យប៉ះពាល់ភាគីម្ខាងៗ។ អ៊ីចឹងហើយបានយើងពិចារណាបន្ធូរបន្ថយឡើងវិញ ហើយទាំងភាគីយើងរិះគន់ ទាំងភាគីអ្នកដែលទទួលការរិះគន់ ធ្វើយ៉ាងណាបង្កបរិយាកាសនយោបាយចាប់ពីថ្ងៃហ្នឹងរហូតដល់ថ្ងៃបោះឆ្នោត ឱ្យវាមានភាពល្អប្រសើរ ផ្តល់លទ្ធភាពឱ្យគណបក្សនយោបាយទាំងអស់កសាងសមត្ថិភាពនិងការងាររបស់ខ្លួន ឆ្ពោះទៅរកការបោះឆ្នោតមួយដែលយើងជឿជាក់ថានឹងមានការរៀបចំដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា»។

អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន មានប្រសាសន៍ថា ការចាប់ខ្លួន និងចោទប្រកាន់មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន កន្លងមក ដោយសារតែពួកគេបញ្ចេញមតិរិះគន់ថ្នាក់ដឹកនាំបក្សកាន់អំណាចទាំងបំពានច្បាប់។ យ៉ាងណា លោកសាទរ បើថ្នាក់ដឹកនាំ ឬមន្ត្រីគណបក្សភ្លើងទៀន បន្ថយឥរិយាបថទន់ភ្លន់ ឈប់ជេរប្រមាថថ្នាក់ដឹកនាំបក្សកាន់អំណាច និងរក្សានូវភាពស្ងៀមស្ងាត់ និងអនុវត្តនូវគោលនយោបាយរបស់បក្សខ្លួនដោយមានក្រមសីលធម៌ស្របតាមច្បាប់ ដើម្បីឱ្យការបោះឆ្នោតថ្នាក់ជាតិ នីតិកាលទី៧ ខាងមុខនេះ ទទួលបានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ ។

លោកមានប្រសាសន៍ថា៖ «យើងអបអរសាទរ ហើយយើងក៏លើកទឹកចិត្ត ដើម្បីឱ្យគណបក្សនយោបាយណាអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ តាមគោលការណ៍នីតិវិធី បទបញ្ជារបស់ គ.ជ.ប ដែលជាអាជ្ញាកណ្ដាលរបស់យើង ដើម្បីឱ្យប្រជាជនយើង លោកអញ្ជើញទៅសម្ដែងឆន្ទៈរបស់ខ្លួនក្នុងការរើសគណបក្សណាមួយដែលលោកទុកចិត្ត ​ដោយស្មោះសនៅក្នុងចិត្តរបស់លោក មើលឃើញអំពីស្នាដៃ គុណសម្បត្តិរបស់គណបក្សនីមួយៗដោយពិតប្រាកដ»។

លោក ថាច់ សេដ្ឋា ដែលជាប្រធាន​សហគមន៍​ខ្មែរកម្ពុជាក្រោម និងជាអនុប្រធាន​គណបក្ស​ភ្លើងទៀន​ ត្រូវបានសមត្ថ​​កិច្ច​ចាប់​ខ្លួននៅម្ដុំវត្តសំរោងអណ្ដែត ខណ្ឌសែនសុខ រាជធានីភ្នំពេញ ​កាលពីល្ងាចថ្ងៃទី​១៦ ខែ​មករា ឆ្នាំ២០២៣។ ​​ក្រោ​​យ​​​​ចាប់ខ្លួន លោក ថាច់ សេដ្ឋា ត្រូវបានគេបញ្ជូន​ទៅឃុំ​ខ្លួន​​​​បណ្ដោះ​​​​​អាសន្ន​​ភ្លាម​​ៗនៅពន្ធនាគារព្រៃស ក្រោមការចោទ​​ប្រកាន់ ពីបទ «មិន​បាន​បំពេញ​​​កា​​តព្វ​កិច្ច​​ចំពោះឧបករណ៍អាចជួញដូរបាន» ឬ​ហៅ​ថា​ ការចេញសែកដោយគ្មានសាច់​​ប្រាក់ ចំ​នួន​​៥​សន្លឹក ទៅឱ្យ​​ក្រុម​ហ៊ុន រិន​ ឆាយ ផនសប ដែលប្រព្រឹត្តតាំងពីឆ្នាំ២០១៩ ។

ចំណែកអនុប្រធានគណបក្សភ្លើងទៀនម្នាក់ទៀត គឺលោក សុន ឆ័យ ក៏កំពុងមានរឿងក្តីនៅតុលាការ ដោយត្រូវបក្សកាន់អំណាច និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ប្តឹងទារសំណងជំងឺចិត្តរាប់សិបម៉ឺនដុល្លារ ក្រោយលោកនិយាយរិះគន់លទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីខែមិថុនា ឆ្នាំ២០២២ ថាមានភាពមិនត្រឹមត្រូវ និងការលួចបន្លំជាដើម។ លោក សុន ឆ័យ ក៏កំពុងប្រឈមការរឹបអូសទ្រព្យសម្បត្តិលក់ឡាយឡុង ដើម្បីសងប្រាក់ជំងឺចិត្តទៅដើមបណ្ដឹងផងដែរ។

កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ តំណាងគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ បានប្តឹងលោក គង់ គាំ ទៅតុលាការ ដោយទាមទារឱ្យមានការ​ផ្តន្ទាទោសតាមច្បាប់ និងទាមទារសំណងចំនួន ៥០ម៉ឺន​ដុល្លារ បន្ទាប់ពីលោក គង់ គាំ បានថ្លែងក្នុងវេទិកាសាធារណៈមួយ ដែលបក្ស​កាន់អំណាច​ថាបានធ្វើឱ្យប៉ះពាល់​ដល់​គណបក្ស​ខ្លួន។

ក្រោយមក តំណាងស្របច្បាប់ឱ្យគណៈកម្មាធិការ​គណបក្ស​ប្រជាជនខេត្តត្បូងឃ្មុំ និងជាអនុប្រធានក្រុមការងារយុវជនគណបក្ស​ខេត្តត្បូងឃ្មុំ លោក សេង ជ័យវុធ បានសុំដកពាក្យ​​បណ្ដឹ ចុះ​ថ្ងៃទី៥ ខែ​កុម្ភៈ ដែលដាក់ជូនអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដោយសារតែលោក គង់ គាំ នាពេលថ្មីៗនេះ បាន​សារភាពទទួល​ស្គាល់កំហុស​ និង​សុំអភ័យទោស​ជាសាធារណៈទៅលោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែលជាប្រមុខដឹកនាំគណបក្សប្រជាជន​កម្ពុជា។

លោក គង់ គាំ ក៏​បាន​សម្រេចចិត្តបញ្ចប់តួនាទីជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ចាប់ពីថ្ងៃទី​៣១ ខែ​មករា ឆ្នាំ២០២៣ នេះតទៅផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ