មេដឹកនាំជាន់ខ្ពស់នៃបក្សប្រឆាំងនៅតៃវ៉ាន់ នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ចំពេលមានភាពតានតឹង

ទង់ជាតិចិន និងទង់ជាតិតៃវ៉ាន់។ (REUTERS/Dado Ruvic/Illustration)

មេដឹកនាំ​ជាន់​ខ្ពស់ ​នៃ​គណបក្ស​គួមីងតាង (Kuomintang) ដែល​ជា​គណបក្សប្រឆាំងដ៏ធំមួយរបស់កោះតៃ​វ៉ាន់ នឹង​បំពេញ​ទស្សន​កិច្ច​ទៅកាន់ប្រទេសចិន ក្នុង​សប្ដាហ៍​នេះ និង​ជួប​ជាមួយអ្នក​បង្កើត​គោល​នយោបាយ​កំពូល​របស់​កោះតៃវ៉ាន់ ចំពេលមានភាពតានតឹងផ្នែកយោធា និងនយោបាយរវាងចិន និងតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌​មាន Reuters នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។

គណបក្សគួមី​ង​តាង (Kuomintang) បានលើកឡើង​ថា អនុប្រធាន​របស់​ខ្លួន គឺ​លោក អែនឌ្រូ សៀ (Andrew Hsia) នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នៅថ្ងៃពុធ ហើយ​ជួប​ជាមួយលោក សុង តាវ (Song Tao) ដែលជាប្រធានការិយាល័យកិច្ចការតៃវ៉ាន់ប្រចាំនៅប្រទេសចិន ដែលត្រូវបានតែងតាំងថ្មី។

គណបក្សគួមីងតាង (Kuomintang) បន្តថា លោក Andrew Hsia និងលោក Song Tao និងគណៈ​ប្រតិភូ​ នឹង «ដោះដូរ​យោបល់ និង​ការសន្ទនាដោយឈរលើមូលដ្ឋាននៃសមភាព និងសេច​ក្តីថ្លៃ​ថ្នូរ»។

គណបក្សនេះបន្តថា ពួកគេនឹងឆ្លុះបញ្ចាំងពីការព្រួយបារម្ភជាសាធារណៈចុងក្រោយ​បង្អស់របស់​តៃវ៉ាន់ អំពី​សន្តិសុខ​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​ការរំពឹងទុកសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

ជាធម្មតា គណបក្សគួមីងតាង (Kuomintang) ពេញចិត្តទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិន ប៉ុន្តែ​បដិសេធ​យ៉ាង​ដាច់អហង្ការថាមិនគាំទ្រទីក្រុងប៉េកាំង។

ការិយាល័យកិច្ចការតៃវ៉ាន់ប្រចាំនៅប្រទេសចិន បាន​និយាយ​ថា ខ្លួន​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​លោក Andrew Hsia

លោក Andrew Hsia បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន កាលពីខែសីហា ឆ្នាំ​មុន ដែលត្រូវ​បាន​ថ្កោល​ទោស​ដោយ​រដ្ឋាភិបាលតៃវ៉ាន់ ភ្លាមៗបន្ទាប់ពីទីក្រុងប៉េកាំង​បានធ្វើ​សមយុទ្ធ​នៅជិត​កោះតៃវ៉ាន់ ដើម្បីសម្តែងការខឹងសម្បាចំពោះដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិដោយប្រធានសភាអាមេរិក លោកស្រី ណានស៊ី ផេឡូ​ស៊ី (Nancy Pelosi)

គួរបញ្ជាក់ថា ប្រទេសចិន មានភាពល្អក់កករជាមួយកោះតៃវ៉ាន់ ចាប់តាំងពីលោកស្រី សៃ អ៊ីង​វេន (Tsai Ing-wen) ចូលកាន់តំណែងជាប្រធានាធិបតី ក្នុងឆ្នាំ២០១៦ ដោយជឿថា លោកស្រី​ជា​អ្នក​បំបែក​ខ្លួន ហើយជាញឹកញាប់បានបដិសេធកា​រអំពាវនាវរបស់លោកស្រី​ដើម្បីសន្ទនា។

ក្នុងរ​យៈពេ​ល​ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំង បានបង្កើន​សម្ពាធទៅលើរដ្ឋាភិបាលកោះតៃវ៉ាន់ ដើម្បីឱ្យរដ្ឋាភិបាលនៃដែនកោះមួយនេះទទួលយកអំណាចរបស់ទីក្រុងប៉េកាំង។ ចំណែក​​រដ្ឋាភិបាលកោះតៃវ៉ាន់វិញ តែងលើកឡើងថា ពួកគេចង់បានសន្តិភាពជាមួយប្រទេសចិន ប៉ុន្តែប្រសិនបើចិនវាយប្រហារមកលើកោះនេះ ពួកគេនឹងការពារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ