យោធាអាមេរិកកំពុងស្វែងរកបំណែកបាឡុងរបស់ចិនដែលបានបាញ់ទម្លាក់ ខណៈចិនថ្កោលទោសជាខ្លាំង

យន្តហោះ​មួយ​គ្រឿង​ហោះនៅក្បែរ​បាឡុង​​ដែល​គេ​សង្ស័យពាក់ព័ន្ធចារកម្ម​របស់ចិន ខណៈ​វា​អណ្តែត​នៅ រដ្ឋ South Carolina សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។ (REUTERS/Randall Hill)

យោធា​អាមេរិក បាន​និយាយ​ថា ខ្លួន​កំពុង​ស្វែង​រក​បំណែក​បាឡុង​របស់​ចិន​ដែល​ត្រូវ​បាន​បាញ់ទម្លាក់​កាលពីថ្ងៃសៅរ៍ ខណៈ​ចិន​ថ្កោល​ទោសយ៉ាងខ្លាំងចំពោះចំណាត់ការនេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៦​ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។

លោក Glen VanHerck មេបញ្ជាការកងទ័ពអាកាសអាមេរិក បាន​និយាយថា កងទ័ពជើងទឹកអាមេរិកកំពុងស្វែងរកបំណែកបាឡុងដែលត្រូវបានបាញ់ទម្លាក់។

យន្តហោះចម្បាំងរបស់កងទ័ពអាកាសសហរដ្ឋអាមេរិក F-22 កាលពីថ្ងៃសៅរ៍ បានបាញ់ទម្លាក់បាឡុង​ដែលខ្លួនសង្ស័យថាជាបាឡុង​ចារកម្មរបស់ចិន នៅឯឆ្នេរសមុទ្រនៃរដ្ឋ South Carolina បន្ទាប់ពីវា​បានហោះចូលដែនអាកាសអាមេរិកនៅជិតរដ្ឋអាឡាស្កា (Alaska) អស់រយៈពេល​មួយ​សប្តាហ៍។

ពាក់ព័ន្ធនឹងករណីនេះ ប្រទេសចិន បានថ្កោលទោសជាខ្លាំង​ចំពោះចំណាត់ការរបស់អាមេរិក​ ដោយ​ថាជា «ទង្វើជ្រុលហួសហេតុ»។

ចិនបានទទួលស្គាល់ថា បាឡុងនោះជារបស់ខ្លួន។ ទោះយ៉ាងណា ទីក្រុងប៉េកាំង អះអាងថា បាឡុង​នោះ​មិន​មែន​ជា​បាឡុង​ចារកម្ម​ឡើយ គឺ​គ្រាន់តែជាបាឡុងស៊ីវិល ដើម្បីសិក្សាអាកាសធាតុ និងបានហោះចូលទឹកដីអាមេរិកដោយអចេតនា។ ទីក្រុងប៉េកាំង បន្ត​ថា ខ្លួន​រក្សា​សិទ្ធិ​ក្នុងការ​ចាត់​វិធានការ​តបតវិញចំពោះទង្វើ​នេះ។

ទាក់ទិននឹងករណីនេះ អាមេរិក​បានច្រានចោល​ការអះអាង​របស់​ចិន ដែល​ថាបាឡុង​នេះ​គឺ​ជា​បាឡុង​ស៊ីវិល ដោយ​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក ​បាន​អះអាង​ថា បាឡុងនេះគឺ​ជា​បាឡុង​ចារកម្មដើម្បីឈ្លបយកការណ៍ក្នុងទឹកដីអាមេរិក។

គួរបញ្ជាក់ថា បាឡុង​​របស់ចិនបានហោះចូលទឹកដី​អាមេរិក​ នៅ​ប៉ុន្មាន​​ថ្ងៃ​មុន​ដំណើរ​ទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង​របស់រដ្ឋមន្ត្រីការ​បរទេស​សហរដ្ឋ​អាមេរិក​ លោក អេនតូនី ប្លីនខេន (Antony Blinken)​ ដែលបានគ្រោងទុក។

ជាការឆ្លើយតប លោក Antony Blinken បានលុបចោលដំណើរទស្សនកិច្ចទៅកាន់​ទីក្រុងប៉េកាំង ដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងកាន់តែមានភាពតានតឹងមួយ​កម្រិត​ទៀត ចាប់​តាំង​ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ទៅកាន់កោះតៃវ៉ាន់ កាលពីខែសីហា ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ