កម្មកររោងចក្រ សិនតៃ នៅខណ្ឌសែនសុខ តវ៉ាសុំចូលធ្វើការងារវិញ ក្រោយថៅកែព្យួរការងារ២ខែ

កម្មករម្នាក់​បម្រើ​ការ​ងារ​នៅ​រោង​ចក្រ សិន​តៃ ហ្គាមេន (ខេមបូឌា) ខូ​អិល​ធី​ឌី (ZHEN TAI Garment (Cambodia) Co.,Ltd) ស្ថិតនៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌ​សែន​សុខ រាជ​ធានី​ភ្នំពេញ ផ្ដល់បទសម្ភាសពាក់ព័ន្ធនឹងការតវ៉ា​សុំ​ចូល​ធ្វើការ​ងារវិញ ក្រោយថៅកែព្យួរការងាររយៈ​ពេល​២ខែ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។ (ហ៊ាន រង្សី)

កម្មករកម្មការិនី​បម្រើ​ការ​ងារ​នៅ​រោង​ចក្រ សិន​តៃ ហ្គាមេន (ខេមបូឌា) ខូ​អិល​ធី​ឌី (ZHEN TAI Garment (Cambodia) Co.,Ltd) ស្ថិតនៅភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌ​សែន​សុខ រាជ​ធានី​ភ្នំពេញ នៅថ្ងៃ​ចន្ទ​នេះ បាននាំ​គ្នា​តវ៉ា​សុំ​ចូល​ធ្វើការ​ងារវិញ ក្រោយថៅកែព្យួរការងាររយៈ​ពេល​២ខែ។

កម្មករ និងប្រធានសហជីពស្មារតីកម្មករ ប្រចាំរោង​ចក្រ​សិន​តៃ លោក កឹម សុភេន ប្រាប់វីអូឌីនៅ​កន្លែងតវ៉ាមុខរោងចក្រ​ថា កម្មករកម្មការិនី​ជាង ៩០០នាក់ ត្រូវ​បាន​ថៅកែ​ព្យួរការងាររយៈពេល ២ខែ មក​ហើយ ក្រោម​ហេតុ​ផល​គ្មាន​កា​រ​បញ្ជា​ទិញ និង​គ្មាន​ការ​ងារ​ឱ្យ​ធ្វើ ហើយក្នុងអំឡុង​ពេល​ព្យួរការ​ងារនោះ ​កម្មករទទួលបានប្រាក់ឧបត្ថម្ភ​ចំនួន​​ ៣០​ដុល្លារ​ក្នុង​១ខែ

ប្រធានសហជីពរូបនេះបន្តថា នៅថ្ងៃនេះ ដល់ថ្ងៃកំណត់ដែលកម្មករត្រូវវិលត្រលប់ចូលធ្វើការងារវិញ ប៉ុន្តែថៅកែរោងចក្រមិនអនុញ្ញាត​ឱ្យពួកគាត់​ចូលធ្វើការងារនោះទេ និងមិនបានជូន​ដំណឹង​អ្វី​ដល់​កម្មករ​ថែម​ទៀត។

លោក កឹម សុភេន បាន​ឱ្យដឹង​​ថា កម្មករដែលថៅកែព្យួរ​ការងារនេះ ភាគច្រើនជាកម្មករបម្រើការងារនៅរោងចក្រ សិនតៃ ចន្លោះ​​ពី ៣ឆ្នាំ ​ទៅ១០ឆ្នាំ។ លោក​ថា ក្រុម​កម្មករ​ទាម​ទារ​ចូល​ធ្វើការងារ​វិញ ឬ​ដោះដូរ​ឱ្យ​កម្មករ​ដែល​មិន​ត្រូវ​បាន​ព្យួរការ​ងារកន្លង​មក​ ឈប់សម្រាកបណ្តោះអាសន្នវិញ បើសិនរោងចក្រត្រូវព្យួរ​ការងារកម្មករ​បន្ត។

លោកបន្ថែមថា៖ «ពេលដែលដល់ថ្ងៃចូលធ្វើការងារវិញ កម្មករ​ក៏​បាន​នាំគ្នាចូល​ធ្វើការងារ​វិញ ដើម្បីបានប្រាក់ផ្គត់ផ្គង់ជីវភាព​គ្រួសារ ប៉ុន្តែ​ជាក់ស្តែង មកដល់ថ្ងៃនេះ បែរជាខាងក្រុមហ៊ុនមិនអនុញ្ញាត​ឱ្យពួកគាត់ចូលធ្វើការងារវិញទេ។ បើសិនជាគ្មានអ្នកបញ្ជាទិញ និងគ្មានការងារធ្វើមែន ខាងក្រុមហ៊ុនគួរតែឱ្យអ្នកព្យួការងារ២ខែនេះបានចូលធ្វើការងារវិញម្តង ហើយអ្នកដែលកំពុងបំពេញការងារនេះ ឱ្យពួកគាត់សម្រាកខ្លះទៅ ដោយប្តូរវេនគ្នាធ្វើម្តងទៅ ដើម្បីជួយសម្រួលជីវភាពគ្រួសាររបស់​គាត់ ដើម្បីចែកគ្នារស់»

កម្មការិនីផ្នែកដេរ និងជាអនុប្រធានសហជីពស្មារតីកម្មករ ប្រចាំរោងចក្រ​សិនតៃ អ្នក​ស្រី ម៉ិច ស៊ាង​ហៃ ដែលអះអាងថា បម្រើ​ការងារនៅរោងចក្រ សិនតៃ រយៈពេល​​១១ឆ្នាំមក​ហើយ​ បាននិយាយថា ថៅកែរោងចក្រ ជាពិសេសប្រធានរដ្ឋបាល​រោង​ចក្រនេះ ហាក់មានការរើសអើងលើសហជីពរបស់អ្នកស្រី។

អនុប្រធានសហជីព បន្តថា ថៅកែបានព្យួរការងារតែកម្មករណាគាំទ្រសហជីពរបស់អ្នកស្រីប៉ុណ្ណោះ ខណៈកម្មករ និងសហជីពដែលស្និទ្ធជាមួយថៅកែ មិនត្រូវបានព្យួរការងារនោះឡើយ។

អ្នកស្រីបន្ថែមថា៖ «និយាយពីការចំណាយវិញ ទី១ ថ្លៃ​ផ្ទះ​ជួល​ ផ្ទះជួលមិនមែន១ខែ​៣០ដុល្លារទេ មានចាប់ពី៤០ដុល្លារទៅ១០០ដុល្លារ។ មួយទៀត ការចំណាយលើការហូបចុកប្រចាំថ្ងៃ​ ដោយ​គ្រប់​មុខទំនិញ​ទាំងអស់សុទ្ធ​តែឡើងថ្លៃ អ៊ីចឹង​ត្រូវចំណាយ​ច្រើន។ ត្រឹម​៣០ដុល្លារនេះ វាពិបាកខ្លាំងណាស់សម្រាប់ពួកយើងជាកម្មករ។ មួយទៀត​នោះ ចំណាយ​លើ​កូន​រៀន និង​បង់​សង​ធនាគារ ជាដើម»

កម្មការិនីផ្នែកដេរម្នាក់ទៀត ​អ្នកស្រី ជៀម សុជា មានប្រសាសន៍​ថា រូបអ្នកស្រី និងកម្មករដែលត្រូវបានព្យួរការងារ គឺ​បានជួប​បញ្ហាជី​វភាព​ជាខ្លាំង​អំឡុង​​ពេលព្យួរការងាររយៈពេល​ ២ខែមកនេះ។ អ្នក​ស្រី​ថា ពួក​គាត់​ក៏​កំពុងព្រួយបារម្ភខ្លាច​បាត់​បង់ការ​ងារ និង​ការ​បញ្ឈប់​ពីការងារ​ដោយ​មិនទទួលបានអត្ថប្រយោជន៍ផ្សេងៗតាមច្បាប់ ខណៈពួកគាត់កំពុងជួបញ្ហាក្នុងការចំណាយប្រចាំថ្ងៃ។

អ្នកស្រីបន្ថែមថា៖ «ដូចខ្ញុំបញ្ជាក់អ៊ីចឹង បើអត់បានចូលធ្វើការ គឺវាប៉ះពាល់ជីវភាពខ្លាំងតែម្តង។ ហើយខ្ញុំព្រួយបារម្ភខ្លាំង​ជាងគេ គឺ​ការ​បាត់​បង់​អត្ថប្រយោជន៍ហ្នឹងតែម្តង។ បើគា​ត់​បញ្ឈប់​ពួកខ្ញុំ​ សុំ​ឱ្យ​គាត់ទូទាត់អត្ថប្រយោជន៍ផ្សេងៗឱ្យពួកខ្ញុំឱ្យត្រឹមត្រូវ​មក​ ខ្ញុំទៅបាត់​អស់ ខ្ញុំ​ទៅរកការងារកន្លែងផ្សេងធ្វើហើយ។ តែនេះ គាត់ព្យួរ១ខែហើយ​១ខែទៀត​​ មិនដឹង​គាត់មានគំនិតបែបណា»

អនុប្រធានរដ្ឋបាល​រោង​ចក្រ​សិន​តៃ លោក ស៊ិន ធី សុំមិនឆ្លើយពាក់ព័ន្ធករណីនេះទេ ដោយ​លោក​បង្វែ​រឱ្យទៅសួរ​ប្រធានរដ្ឋបាលរោងចក្រ អ្នក​ស្រី អ៊ួន សុភា វិញ ប៉ុន្តែវីអូឌីមិនអាចសុំការបញ្ជាក់ពីប្រធានរដ្ឋបាលរោងចក្ររូប​នេះបានទេ ដោយទូរសព្ទ​មិន​អាច​ទាក់​ទង​បាន។

អគ្គលេខាធិការរងគណៈកម្មការដោះស្រាយកូដកម្មបាតុកម្មគ្រប់មុខសញ្ញា​​ នៃ​ក្រសួង​ការ​ងារ និ​ង​បណ្តុះ​​​បណ្តាល​​​វិជ្ជា​ជីវៈ​ លោក វង្ស សុវណ្ណ មានប្រសាសន៍​ថា លោក​ទទួល​បាន​ដំណឹង​ជុំវិ​ញករណីនេះហើយ។ លោកថា ខាងក្រសួងក៏បានឱ្យភាគីរោង​ចក្រឆ្លើយបំភ្លឺករណីនេះផងដែរ ប៉ុន្តែខាងរោងចក្រមិនទាន់បាន​ឆ្លើយតបនៅឡើយ។

យ៉ាងណា លោកថា​ តាមព័ត៌មានដែលលោកទទួលបានក្រៅផ្លូវការ គឺរោងចក្រនេះអាចនឹងបន្តព្យួរការងារ​កម្មក​រ​ទៀត។

លោកបន្ថែមថា៖ «ខ្ញុំមើលឯកសារព្យួរ លោកព្យួររហូតមកដល់ថ្ងៃទី៦​នេះ អ៊ីចឹង​យើង​តាម​ដាន​មើល​ថ្ងៃ​ស្អែក​បន្តទៀត ព្រោះដល់​ថ្ងៃទី៧​ ដល់​ថ្ងៃចូលវិញហើយ អាហ្នឹងអាច​អ៊ីចឹង។ យើង​បានទំនាក់ទំនងទៅខាងរោងចក្រដែរ ប៉ុន្តែគេមិនទាន់ឆ្លើយ​តប។ ហើយមួយទៀត​ តាម​ព័ត៌​មាន​មក ​ប្រហែល​ការ​ព្យួរការងារ​បន្ត តែអាហ្នឹងយើងអត់ទាន់បានចុះទៅដល់ផ្ទាល់ទេ អ៊ីចឹង​ចាំមើលស្អែកទៀត»

បើតាមលោក កឹម សុភេន រោងចក្រ ​សិន​តៃ ​ជា​រោងចក្រ​ផលិត​សម្លៀកបំពាក់ មាន​កម្មករបម្រើការងារជាង ១ ៧០០​នាក់ និង​មាន​ថៅកែ​ជាជនជាតិ​ចិន ហើ​យ​កន្លងមក រោងចក្រ​បានគំរាមកំហែងទៅសហជីពដែលការពារផលប្រយោជន៍កម្មករ ដោយ​បានប្តឹងតំណាងសហជីពរបស់លោក​ចំនួន ៣នាក់ ទៅតុលាការផងដែរ ក្រោយកម្មករតវ៉ាទាមទារសិទ្ធ​្ិការងារ។

កាលពីថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​​២០២២ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានី​ភ្នំពេញ លោក លឹម សុគន្ធារ៉ា បាន​ចេញ​ដីកា​កោះហៅ​ប្រធាន​សហជីព​ស្មារតី​កម្មករ លោក កឹម សុភេន និងលេខាធិការ លោក គឹម វណ្ណដេត ព្រមទាំងអនុប្រធានសហជីពសា្មរតីកម្មករ ​អ្នកស្រី ម៉ិច ស៊ាងហៃ ឱ្យចូលបំភ្លឺនៅតុលាការ ទៅតាមបណ្តឹងរបស់ថៅកែ​រោងចក្រ​​ សិន​តៃ។

ដីកានេះបានចោទ​ថ្នាក់ដឹកនាំ​សហជីព​ទាំង​៣នាក់​នោះ ថា​បានដឹកនាំកម្មករតវ៉ា​រយៈ​ពេល​២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ បានធ្វើឱ្យខូចខាតដល់ចង្វាក់ផលិតកម្មរបស់​រោង​ចក្រ និង​បាន​ប្តឹងទារសំណងចំនួន៣៧ ៥០០ដុល្លារ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ