មកដល់ពេលនេះ រឿងដែលថាតើរបងហ៊ុមព័ទ្ធតាមបណ្ដោយឆ្នេរអូរឈើទាល ក្នុងខេត្តព្រះសីហនុ ជាកម្មសិទ្ធិរបស់អ្នកណានោះ ហាក់លែងជាប្រធានបទដែលគេចង់ដឹងចង់ឮទៀតទៅហើយ ដោយជំនួសមកវិញ ថាតើមានមូលហេតុអ្វីដែលនៅពីក្រោយនៃការបិទបាំងព័ត៌មានអំពីម្ចាស់កម្មសិទ្ធិ ដែលទទួលបានវាសនាល្អជាងគេ ក្នុងចំណោមពលរដ្ឋខ្មែរជាង១៦លាននាក់ ដែលអាចសាងសង់របងដ៏ស្កឹមស្កៃស្ទើរចូលទៅក្នុងសមុទ្រដោយគ្មានឧបសគ្គបែបនេះ។
ទាំងមន្រ្តីរដ្ឋបាលខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតរបស់រដ្ឋ ពុំមានអ្នកណាហ៊ានអះអាងពីម្ចាស់កម្មសិទ្ធិនៃរបងដែលកំពុងតែហ៊ុមព័ទ្ធស្របឆ្នេរខ្សាច់ ក្នុងតំបន់ទេសចរណ៍ដ៏ពេញនិយមមួយនេះបាននៅឡើយទេ។
កាលពីចុងសប្ដាហ៍កន្លងទៅនេះ ក្រុមការងាររបស់សារព័ត៌មាន វីអូឌី បានព្យាយាមសុំការបំភ្លឺដោយផ្ទាល់ពីមន្ទីរសុរិយោដីខេត្តព្រះសីហនុ ប៉ុន្តែត្រូវបានបុគ្គលិកផ្នែករដ្ឋបាលបដិសេធ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ថាពុំមានអ្នកហ៊ានស្រាយបំភ្លឺអំពីបញ្ហានេះទេ។ ក្នុងថ្ងៃតែមួយ វីអូឌី ក៏បានព្យាយាមទាក់ទងលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមទូរសព្ទជាច្រើនដងដែរ ប៉ុន្តែពុំមានអ្នកទទួល។
បច្ចុប្បន្ន របងដែលកំពុងតែសាងសង់នេះធ្វើជិតរួចតាមផែនការមួយរយភាគរយហើយ។ តាមរយៈបទសម្ភាសដោយផ្ទាល់ជាមួយកម្មករសំណង់ ដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់ថា របងដែលនៅសេសសល់នេះអាចនឹងត្រូវបញ្ចប់រួចរាល់នៅមុនចូលឆ្នាំខ្មែរខាងមុខ។
ប្រភពបន្តថា៖ «វាមិនងាយរួចទេ។ តាមមើល៍! ចូលឆ្នាំហើយរួចហើយ។ ខ្ញុំអត់ដឹងថាធ្វើរបងហើយធ្វើផ្ទះទៀតអត់ អត់ដឹងទេ។ ធ្វើតែរបងទេ»។
មិនថាតែកម្មករសំណង់ទេ ដែលបដិសេធមិនដឹងថារបងដែលខ្លួនកំពុងធ្វើនេះជារបស់អ្នកណា សូម្បីបុរសម្នាក់ដែលកំពុងតែមើលក្មេងនៅក្នុងផ្ទះដែលហ៊ុមព័ន្ធដោយរបងនេះ ហើយផ្តល់បទសម្ភាសឱ្យ វីអូឌី កាលពីថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ក៏ជួយបិទបាំងព័ត៌មាននេះដែរ។ ប្រភពដដែលបន្តថា រូបគេមិនមែនជាសាច់ញាតិ ឬក៏ជាម្ចាស់ដីនេះទេ ហើយក៏មិនដឹងថាតើអ្នកណាជាម្ចាស់ឱ្យប្រាកដនោះដែរ។
លោកបន្តថា៖ «ខ្ញុំអត់[ដឹង]ដែរបង ព្រោះខ្ញុំមកលេងហ្នឹងទេ ខ្ញុំមកលេងទេ។ ខ្ញុំមកពីអូរចារណា៎! ខ្ញុំស្គាល់គ្នានៅហ្នឹង ហើយមកលេងនៅហ្នឹង ពេលល្ងាចខ្ញុំទៅវិញអ៊ីចឹងទៅ។ខ្ញុំអត់ដឹងថាមានគេប្រតិកម្ម ព្រោះខ្ញុំមកលេងទេ»។
បើពិនិត្យដោយផ្ទាល់ឃើញថា របងដែលរៀបចំស្ទើរដូចជាជញ្ជាំងផ្ទះថ្មមួយទៅហើយនេះ មានគម្លាតពីទឹកសមុទ្រប្រមាណ ១២ម៉ែត្រ នៅពេលទឹកនាច ហើយនៅពេលទឹកជោរវិញ ចម្ងាយពីរបងទៅទឹកសមុទ្រចន្លោះប្រហែលពី ៤ ទៅ ៥ម៉ែត្រប៉ុណ្ណោះ។ ទីតាំងនេះស្ថិតនៅឆៀងខាងត្បូងនៃម្ខាងផ្លូវថ្លល់ និងនៅមិនឆ្ងាយប៉ុន្មានពីផ្ទះលំហែរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទេ។
ចំណែកលោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបដិសេធកាលពីថ្ងៃទី២ ខែកុម្ភៈ ថាក្នុងនាមរដ្ឋបាលខេត្ត មិនអាចផ្តល់ការអត្ថាធិប្បាយជុំវិញកិច្ចការសម្ងាត់ ថាតើអ្នកណាជាម្ចាស់កម្មសិទ្ធិនេះបានទេ ព្រោះនាំឱ្យប៉ះពាល់ទៅដល់សិទ្ធិឯកជនរបស់នីតិបុគ្គល។
បើតាមលោក ឡុង ឌីម៉ង់ អ្វីដែលលោកអាចឆ្លើយបំភ្លឺបាននៅពេលនេះ គឺម្ចាស់កម្មសិទ្ធិទទួលបានច្បាប់កាន់កាប់ត្រឹមត្រូវ ហើយការសាងសង់របងនេះក៏មិនប៉ះពាល់ដល់ចំណីឆ្នេរដែរ។
លោកបន្តថា៖ «ដីហ្នឹងដីមានបណ្ណកម្មសិទ្ធិរួចហើយ។ នៅក្នុងបណ្ណកម្មសិទ្ធិ ដូចជាក្រុមហ៊ុន។ ខ្ញុំបញ្ជាក់ជូនអត់កើត ព្រោះបណ្ណកម្មសិទ្ធិ គេអត់ឱ្យយើងបញ្ចេញឈ្មោះជាសាធារណៈទេ»។
លោក ឡុង ឌីម៉ង់ ត្រូវបានកាសែតក្នុងស្រុកស្រង់សម្ដីមកចុះផ្សាយថា ទីតាំងដីដែលកំពុងរងការរិះគន់នេះ ជាអតីតទីស្នាក់ការវរៈនគរបាលការពារព្រំដែនទឹក។ ផ្ទៃដីជាង ៨ពាន់ម៉ែត្រការ៉េនេះ (៨ ៤០០) ដែលស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុនេះ ត្រូវបានរដ្ឋាភិបាលធ្វើអនុបយោគពីដីសាធារណៈរបស់រដ្ឋ មកជាដីឯកជនរបស់រដ្ឋ កាន់កាប់ដោយក្រុមហ៊ុនឯកជនមួយនៅអំឡុងឆ្នាំ២០០៧ ហើយនៅឆ្នាំ២០០៨ រដ្ឋបានចេញបណ្ណកម្មសិទ្ធិស្របច្បាប់ឱ្យទៅនីតិបុគ្គលធ្វើជាម្ចាស់កម្មសិទ្ធិ រហូតដល់ពេលបច្ចុប្បន្ន។
ការបិទបាំងក្នុងការផ្តល់ព័ត៌មានលម្អិតអំពីម្ចាស់កម្មសិទ្ធិនេះថាជារបស់អ្នកណាឱ្យប្រាកដ មិនមែនតែរដ្ឋបាលខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋទេ សូម្បីអតីតអភិបាលខេត្តដែលធ្លាប់គ្រប់គ្រងដីរដ្ឋនៅក្នុងខេត្តភាគនិរតីមួយនេះ ក៏បានអះអាងដូចគ្នាដែរ។
បើពិនិត្យអំពីកាលបរិច្ឆេទ ក្នុងពេលដែលរដ្ឋធ្វើអនុបយោគពីដីសាធារណៈរបស់រដ្ឋ មកជាដីឯកជនរបស់រដ្ឋ នៅត្រង់ទីតាំងអតីតទីស្នាក់ការនគរបាលជើងទឹកនេះ គឺនៅក្នុងអាណត្តិនៃការគ្រប់គ្រងដោយលោក ស្បោង សារ៉ាត និងលោក សាយ ហាក់ ដែលជាអតីតអភិបាលខេត្តព្រះសីហនុ។
បើទោះជាបែបណា លោក ស្បោង សារ៉ាត កូតាមកពីគណបក្សប្រជាជនកម្ពុជា និងបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង បានបដិសេធកាលពីថ្ងៃទី៦ ខែកុម្ភៈ ថាលោកមិនមានជាប់ពាក់ព័ន្ធណាមួយនឹងការទិញលក់ដីដែលជាអតីតទីតាំងនគរបាលជើងទឹកនេះទេ។ ជាអភិបាលខេត្តព្រះសីហនុ ចន្លោះពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៤ លោក ស្បោង សារ៉ាត អះអាងថា ទីតាំងនេះបានក្លាយជាកម្មសិទ្ធិឯកជន តាំងពីមុនពេលលោកធ្វើជាអភិបាលខេត្តទៅទៀត។
លោកបន្តថា៖ «អូ! អាហ្នឹងខ្ញុំអត់ដឹងទេ ខ្ញុំអត់ដឹងទេ។ ពេលខ្ញុំទៅហ្នឹង គឺខ្ញុំឃើញអ៊ីចឹងស្រាប់ហើយ ខ្ញុំអត់ដឹងទេ។ អត់មានទេ ខ្ញុំអត់ដឹងទេ»។
មិនមែនមានតែលោក ស្បោង សារ៉ាត ទេ ដែលបដិសេធអំពីរឿងនេះ។ អតីតអភិបាលខេត្តព្រះសីហនុ ចន្លោះពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៨ កូតាមកពីគណបក្សហ្វ៊ុនស៊ិនប៉ិច លោក សាយ ហាក់ ក៏អះអាងដូចគ្នាដែរ។ បើតាមលោក សាយ ហាក់ ពេលវេលាបានអូសបន្លាយមកយូរឆ្នាំហើយ ហេតុដូច្នេះមានឯកសារច្រើនណាស់ក្នុងពេលនោះ ដែលធ្វើឱ្យលោកពិបាកក្នុងការចងចាំ ហើយក៏មិនអាចបំភ្លឺបានថាតើដីនោះជារបស់អ្នកណាឱ្យប្រាកដ។
លោកបន្តថា៖ «អូ! ខ្ញុំចាំមិនបានទេ។ ខ្ញុំចាំមិនបានទេ វាយូរហើយ។ ចាំអត់បានទេ សូមទោសៗ និងសូមអធ្យាស្រ័យ ព្រោះចេញមកយូរហើយ។ វាមិនដឹងឯកសារណា ឯកសារណាផង ខ្ញុំអត់ដឹងទេ។ អូខេណា៎ អរគុណ»។
មកដល់ពេលនេះ កុំថាឡើយរដ្ឋបាលខេត្ត និងស្ថាប័នដែលពាក់ព័ន្ធ ដែលព្យាយាមលាក់បាំងព័ត៌មានអំពីម្ចាស់កម្មសិទ្ធិ សូម្បីពលរដ្ឋដែលរស់នៅក្នុងខេត្តព្រះសីហនុ ក៏សុទ្ធតែបានអះអាងដូចគ្នាថា ដីនេះមិនដឹងជារបស់អ្នកណានោះទេ។
ពលរដ្ឋបន្តថា៖ «អាហ្នឹងខ្ញុំអត់សូវដឹងដែរបង។ យើងអត់ដឹង យើងអត់ហ៊ាននិយាយអ៊ីចឹងទៅណា។ បើយើងដឹងពីសាច់រឿង យើងហ៊ាននិយាយ តែនេះខ្ញុំអត់ដឹងសោះ។ ខ្ញុំនៅទីនេះ ខ្ញុំអត់ដឹងដែរ ព្រោះរបងនេះ ខ្ញុំមកឃើញអ៊ីចឹងហើយ។ កន្លែងហ្នឹង គេហៅថាជាកន្លែងបន្ទាយមានប៉េអ៊ឹម។ គាត់អ្នកធ្វើការនៅហ្នឹង តែខ្ញុំមិនដឹងច្បាស់ថាគាត់ជាអ្នកណា។ ធម្មតាទេ ពេលឃើញតំបន់អ៊ីចឹងទៅ វាទូលាយ ហើយស្អាត តែដល់ពេលបិទអ៊ីចឹងទៅ វាអាក្រក់មើលដែរ តែយើងមិនអាចនិយាយបាន»។
បញ្ហានេះអាចរាប់ថាជាលើកទី១ហើយដែលព័ត៌មានស្តីពីម្ចាស់កម្មសិទ្ធិ ត្រូវបានគេបិទយ៉ាងជិត។ រឿងនេះ កុំថាឡើយពលរដ្ឋដែលមានរបរតូចតាចនៅក្បែររបងរឹងមាំដូចមហាកំពែងនេះ សូម្បីអ្នកចេញចូលនៅក្នុងផ្ទះនេះផ្ទាល់ ក៏សុទ្ធតែបានអះអាងគ្រប់ៗគ្នាថាមិនដឹងម្ចាស់កម្មសិទ្ធិជាអ្នកណាឱ្យប្រាកដនោះដែរ។
មិនខុសគ្នាទេ ចៅសង្កាត់៤ លោក សេង នីន លើកឡើងថា របងនេះត្រូវបានសាងសង់មួយរយៈមុន ហើយជាកម្មសិទ្ធិរបស់ផ្ទះឯកជនមួយនៅឆ្នេរអូរឈើទាល។ លោកបាននិយាយថា លោកបានទៅមើលផ្ទះនោះកាលពីពេលថ្មីៗនេះ ប៉ុន្តែឃើញតែសន្តិសុខនៅទីនោះប៉ុណ្ណោះ។
លោកបន្តថា៖ «ខ្ញុំឃើញហើយ ប៉ុន្តែវាជាកម្មសិទ្ធិឯកជន។ ខ្ញុំមិនអាចចូលបានទេ។ មនុស្សកំពុងលេងនៅជុំវិញឆ្នេរ»។
កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ លោក ជា សុផារ៉ា ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ជំរុញឱ្យអាជ្ញាធរខេត្តដែលនៅជាប់ឆ្នេរសមុទ្រ រួមមាន ខេត្តព្រះសីហនុ កំពត កែប និងខេត្តកោះកុង ត្រូវចូលរួមទប់ស្កាត់ការទន្រ្ទានកាន់កាប់ដីសាធារណៈ ដីចំណីឆ្នេរ ដីចំណីដៃសមុទ្រ ស្ទឹង ព្រែក និងផ្លូវទឹកដែលតភ្ជាប់ទៅសមុទ្រ ដូចការកំណត់របស់រដ្ឋាភិបាលលេខ០១ ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ និងប្លង់សុរិយោដីដែលបានកំណត់ជាធរមាន។
ចំណែកសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលដែលចេញកាលពីដើមខែកុម្ភៈ ឆ្នាំ២០១២ កំណត់ថា ឆ្នេរសមុទ្រត្រូវកំណត់ចាប់ពីខ្សែបន្ទាត់ទឹកជោរខ្ពស់បំផុតនៃទឹកសមុទ្រឡើងមកលើ រហូតដល់ខ្សែបន្ទាត់ហាមឃាត់ការកាន់កាប់ ឬសាងសង់ជាថ្ម ដី ឬខ្សាច់ ដែលបានកំណត់ទុកជាតំបន់សម្រាប់ប្រើប្រាស់ជាសាធារណៈ និងត្រូវចាត់ថ្នាក់ជាដីសាធារណៈរបស់រដ្ឋ។
ការកំណត់ថាជាទំហំឆ្នេរសមុទ្រ គឺរាប់សម្រាប់ឆ្នេរជម្រាល ត្រូវកំណត់យ៉ាងតិច ៣០ម៉ែត្រ ចាប់ពីខ្សែបន្ទាត់ទឹកជោរខ្ពស់បំផុត ទៅដល់ដីគោក។ ចំណែកឆ្នេរចោទវិញ ត្រូវកំណត់យ៉ាងតិច ២០ម៉ែត្រ ចាប់ពីចំណុចកំពូលនៃផ្ទៃចោទមកដីគោក។ នៅក្នុងបញ្ញត្តិស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនេះដែរ ដីឆ្នេរសមុទ្រគឺហាមសាងសង់សំណង់រឹង លើកលែងតែការសាងសង់នោះបម្រើឱ្យសេចក្តីត្រូវការសម្រាប់ប្រយោជន៍សាធារណៈ។
មន្រ្តីសមាគមការពារសិទ្ធិអាដហុក ប្រចាំខេត្តព្រះសីហនុ លោកស្រី ជៀប សុធារី យល់ឃើញថា តំបន់ឆ្នេរសព្វថ្ងៃនេះ នៅក្នុងខេត្តព្រះសីហនុ ស្ទើរក្លាយទៅជាកម្មសិទ្ធិឯកជនទាំងស្រុងទៅហើយ។ លោកស្រីបន្តថា ការអភិវឌ្ឍដែលមិនបានគិតដល់ផលប៉ះពាល់សេដ្ឋកិច្ច និងសង្គម វាមិនបានបម្រើឱ្យភាពចាំបាច់របស់សាធារណជនទេ តែផ្ទុយទៅវិញ បញ្ហានេះនឹងជួយបំប៉នភាពលូតលាស់សម្រាប់តែវិស័យឯកជន។
លោកស្រីបន្តថា៖ «យើងចង់និយាយថា ឆ្នេរធម្មជាតិទាំងអស់ហ្នឹង គឺវាដូចជាអំណោយផលពីធម្មជាតិមកឱ្យយើងទាំងអស់គ្នាអាចចិញ្ចឹមជីវិតរស់នៅបានដោយសម្បូរសប្បាយ។ ប៉ុន្តែដល់ពេលវាទៅជាឯកជន គាត់បានជាកម្មសិទ្ធិអ៊ីចឹង យើងសោកស្តាយមែនទែន ចង់និយាយអ៊ីចឹងហ្អា៎។ ឥឡូវនេះ យើងមើលទៅថាកាន់តែខ្ទេចអស់ទៅ។ បើកាលពីមុនវិញ យើងឃើញមានឆ្នេរធម្មជាតិ មានភ្នំ មានព្រៃព្រឹក្សាអី! ហើយឥឡូវនេះ វាបានកែប្រែអស់ហើយ ទៅជាហេដ្ឋារចនាសម្ពន្ធ សំណង់ អគារស្កឹមស្កៃ ខ្ទេចខ្ទីអស់ហើយ ឥឡូវហ្នឹងនោះ»។
ពលរដ្ឋដែលរស់នៅក្នុងក្រុងព្រះសីហនុ ថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បញ្ជាក់ថា បច្ចុប្បន្ននេះ មិនមែនមានតែតំបន់ឆ្នេរអូរឈើទាលមួយទេ ដែលត្រូវបានឯកជនរំលោភសិទ្ធិកាន់កាប់ នៅមានទីតាំងផ្សេងទៀតដែលជាតំបន់ឆ្នេរ ក៏មានវាសនាមិនខុសគ្នានេះដែរ។
ប្រភពបន្តថា៖ «នៅក្រុងព្រះសីហនុ នៅពេលបច្ចុប្បន្ននេះ ខ្ញុំសង្កេតឃើញថាមានឆ្នេរបីបួនដែលមានសំណង់រឹងនៅលើចំណីឆ្នេរ មានដូចជាឆ្នេរព្រែកត្រែង។ ឆ្នេរព្រែកត្រែង មានផ្នែកខ្លះហ្នឹងត្រូវបានឯកជនគាត់ចាក់ដីទន្ទ្រានយករហូតដល់មាត់សមុទ្រតែម្តង។ មានខ្លះទៀត ដូចជា នៅឆ្នេរម្លប់ជ្រៃ ក៏មានសំណង់រឹងធំ ស្កឹមស្កៃ ហើយដូចជា ឆ្នេរឯករាជ្យ ជាក់ស្តែងហ្នឹង មានផ្នែកខ្លះ! ហើយឆ្នេរអូរឈើទាល យើងឃើញថាទើបតែថ្មីៗនេះ។ ជាក់ស្តែង នៅក្រុងព្រះសីហនុ យើងឃើញថា នៅសល់តែឆ្នេរអូរត្រេះទេ មិនទាន់មានសំណង់រឹងណាក្រៅពីមានកំពង់ផែមួយគេសង់នៅលើសមុទ្រ »៕