កម្ពុជាធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​វេទិកា​ថ្នាក់តំបន់ស្តីពី​​3R ដោយ​ផ្តោត​លើ​ការគ្រប់គ្រងសំណល់ប្លាស្ទិក

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកា​ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី 3R និងសេដ្ឋកិច្ចចក្រា ដោយផ្តោតលើការគ្រប់គ្រងសំណល់រឹង ជាពិសេសបញ្ហា​​សំណល់ប្លាស្ទិក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅ​ខេត្តសៀម​រាប។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មាន​ប្រសាសន៍​នៅ​ក្នុង​សន្និ​សីទ​សារព័ត៌​មាន នារសៀល​ថ្ងៃទី៧ ខែកុម្ភៈនេះថា នេះជាលើកទី១ហើយ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ក្នុងការ​រៀបចំវេទិកា​ថ្នាក់តំបន់នេះ ក្រោម​ប្រធានបទ «សមាហរណកម្មសេដ្ឋកិច្ច​ចក្រាទៅក្នុងការអភិវឌ្ឍ​លើគ្រប់វិស័យ​ឆ្ពោះទៅ​សម្រេច​បាន​សង្គមគ្មានសំណល់​ និងគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយចីរភាព ដោយមានការ​ចូលរួមពីតំណាងបណ្តាប្រទេស​ចំនួន ៣៥។  បើតាមលោក ភក្ត្រា 3R មានន័យថា ការកាត់បន្ថយ ការ​ប្រើប្រាស់ឡើងវិញ និង​ការកែច្នៃឡើងវិញនូវសំណល់ប្លាស្ទិក​។

លោកបន្តថា ការរៀបចំវេទិកា 3R នេះ នឹងជជែកពិភាក្សា​​ផ្តោតជាសំខាន់ពាក់ព័ន្ធនឹងការគ្រប់គ្រង​សំណល់រឹង ជាពិសេស​​បញ្ហាសំណល់​​​ប្លាស្ទិក។

លោក នេត្រ ភក្ត្រា ថ្លែងថា៖ «រហូត​មកដល់បច្ចុប្បន្ននេះ សំណល់ប្លាស្ទិក ដែលនៅលើភពផែនដីនេះគឺមានចំនួន ១២ប៊ីលាន​តោន ហើយ​នៅ​ក្នុង​មួយឆ្នាំ ផលិ​តផលដែលធ្វើពីប្លាស្ទិក ហើយ​ត្រូវបានប្រើប្រាស់គឺ​ចន្លោះពី ៤០០ទៅ៦០០លានតោន[…] បើសិនជាយើងមិនមានវិធានការ​ទប់ស្កាត់ទៅលើបញ្ហាហ្នឹង​ទេ ក្នុងការកាត់បន្ថយទៅលើការ​ប្រើប្រាស់​ប្លាស្ទិកហ្នឹងទេ នោះសំណល់ប្លាស្ទិកនៅលើភព​ផែនដី​របស់​យើង នឹងកើនឡើងរហូត​ទៅ​ដល់ ៣៤​​ប៊ីលានតោន ដែលចំនួននេះ គឺជាចំនួនដ៏ច្រើនបំផុត ហើយបើប្រៀបធៀបទៅនឹងត្រីនៅមហា​សមុទ្រ គឺចំនួនប្លាស្ទីកនេះគឺមានច្រើនជាងត្រីនៅក្នុងមហាសមុទ្រ»។

លោកបន្តថា សំណល់ប្លាស្ទិក ក៏ជាបញ្ហាមួយដែលបង្កើតឱ្យមានផលប៉ះពាល់ទៅដល់បរិស្ថាន សុខភាព​ និង​សេដ្ឋកិច្ច​ផងដែរ ដែលទាមទារឱ្យមានកិច្ចសហការួម​គ្នាក្នុងការគ្រប់គ្រង និងកាត់បន្ថយការប្រើប្រាស់​។

លោកបានគូសបញ្ជាក់​ថា៖ ​«វេទិកា​ 3R នេះ ធ្វើឡើង​​ក្នុងគោលបំណង​មួយ ដើម្បី​រក​នូវ​វិធាន​ការ​​រួ​​ម​​ដើម្បីដោះស្រាយបញ្ហាបំពុលដោយប្លាស្ទិក ហើយ​និង​ថាតើយើងអាចគ្រប់គ្រងស្ថានភាពនៃប្លាស្ទិកនៅលើពិភពលោក​នេះ បានដោយកម្រិត​ណា»។

លោក នេត្រ ភក្ត្រា បន្ថែមថា៖ «បច្ចុប្បន្នេះពិភពលោក បានយកចិត្តទុកដាក់ខ្លាំងទៅលើការ​ប្រើប្រាស់ឡើងវិញ ការកែច្នៃ និងការ​កាត់បន្ថយ​ប្លាស្ទិក ដើម្បីកាត់បន្ថយផលប៉ះពាល់នៃប្លាស្ទិកនៅលើភពផែនដី ហើយនៅក្នុងនោះគឺមានការ​ដាក់ចេញនូវ​គោលនយោបាយ​ សេដ្ឋកិច្ចចក្រា ឬក៏សេដ្ឋកិច្ចវិលជុំ ដែលសំដៅទៅលើការ​ទាញយកនូវ​ការកែច្នៃទៅលើសំណល់រឹង មក​​​ធ្វើជារ​បស់ដែលមានតម្លៃ ហើយ​ប្រើប្រាស់នៅក្នុងប្រព័ន្ធវិលជុំ នេះគឺជាផ្នែកមួយដែលយើងគិតអំពីបញ្ហាដែលកើតឡើងនៅលើភពផែនដី ដើម្បីកាត់បន្ថយនូវ​ផលប៉ះពាល់»។

បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ វេទិកា 3R ត្រូវបានបង្កើត​ឡើង​នៅឆ្នាំ២០០៩ ដោយ​ចាប់ផ្តើម​រៀបចំឡើងនៅប្រទេស​ជប៉ុន។ សមាជិកនៃវេទិកានេះ រួម​មាន រដ្ឋាភិបាល ទីភ្នាក់ងារអន្តរជាតិ ទីភ្នាក់ងារជំនួយ វិស័យ​ឯកជន គ្រឹះស្ថាន​ស្រាវជ្រាវ អង្គការក្រៅរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានាផ្សេងទៀត ដោយ​ពួកគេ​បាន​ជជែក​ពាក់​ព័ន្ធ​នឹង​គោល​នយោបាយ ការ​​ផ្តល់​ការគាំទ្រ​ទៅលើ​ 3R ការ​ចែករំលែកនូវចំណេះដឹងព័ត៌មាន ក៏ដូចជាបទពិសោធន៍នានា​ដល់សមាជិក ព្រមទាំង​រឹតបន្តឹងបន្ថែមនូវ​កិច្ច​សហប្រតិបត្តិការ លើការ​លើកកម្ពស់​គោលការណ៍ 3R។

គួរបញ្ជាក់ថា វេទិកា​ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី 3R និងសេដ្ឋកិច្ចចក្រា ដែល​កម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានការសហការរវាង​ក្រសួងបរិស្ថាននៃប្រទេស​កម្ពុជា ក្រសួងបរិស្ថាននៃ​ប្រទេស​ជប៉ុន និង​មជ្ឈមណ្ឌលសហប្រជាជាតិសម្រាប់ការ​អភិវឌ្ឍក្នុងតំបន់ ដោយ​មានអ្នកចូលរួមប្រមាណពី​ ៤០០ ទៅ៥០០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ