ពលរដ្ឋជិត៥០០គ្រួសារនៅខេត្តកណ្ដាល បារម្ភពីការបណ្ដេញចេញទាំងបង្ខំក្រោមហេតុផលអភិវឌ្ឍន៍

ផ្ទះប្រជាពលរដ្ឋមួយខ្នងដែលត្រូវបានបាញ់ថ្នាំសម្គាល់នូវទីតាំងកំណត់ថាជាដីរបស់ក្រុមហ៊ុនព្រលានយន្តហោះថ្មី ស្ថិតនៅភូមិអំពៅព្រៃ ឃុំកណ្ដោក ស្រុកណ្ដាលស្ទឹង ខេត្តកណ្ដាល ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។ (ហ៊ាន រង្សី)

ពលរដ្ឋជិត៥០០គ្រួសារ រស់នៅតំបន់ទំនប់៩៤ ក្នុងខេត្តកណ្ដាល បារម្ភពីការបណ្ដេញចេញទាំងបង្ខំ ក្រោយអាជ្ញាធរថាពួកគេកំពុងរស់នៅក្នុងសំណង់អនាធិបតេយ្យ និងខុសច្បាប់ ខណៈអះអាងថា ពួកគេរស់នៅតំបន់នោះជាង៣០ឆ្នាំ និងមានឯកសារស្នាក់នៅត្រឹមត្រូវ។

អ្នកភូមិប្រហែល១០០នាក់ តំណាងឱ្យពលរដ្ឋ៤៧៣គ្រួសារ មកពីឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង និងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃអង្គារនេះ បានជួបជុំគ្នានៅក្នុងសហគមន៍ ធ្វើសន្និសីទកាសែតមួយ ដើម្បីអំពាវនាវដល់ប្រមុខរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ អនុញ្ញាតឱ្យពួកគេបានអភិវឌ្ឍន៍នៅនឹងកន្លែង និងចេញបណ្ណកម្មសិទ្ធិ រួមទាំងឆ្លើយចំពោះអភិបាលខេត្តកណ្តាល ដែលថាពួកគេរស់នៅខុសច្បាប់ផងដែរ។

ពលរដ្ឋនៅឃុំកណ្ដោក លោក សុខ ប៊ុនធី ប្រាប់វីអូឌីថា អ្នកភូមិ៤៧៣គ្រួសារបានទៅរស់នៅតំបន់ទំនប់៩៤ ជាង៣០ឆ្នាំមកហើយ និងមានការបញ្ជាក់ការស្នាក់នៅពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ។ លោកថា ​អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ប្រាប់សារព័ត៌មានសំឡេងសហរដ្ឋអាមេរិក (VOA) កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះថា ពួកគាត់រស់នៅលើទំនប់៩៤ ដោយខុសច្បាប់ទៅវិញ។

ពលរដ្ឋរូបនេះបន្តថា កន្លងមកក៏មានសន្តិសុខក្រុមហ៊ុនព្រលានយន្តហោះថ្មី និងអាជ្ញាធរបានដើរបាញ់ថ្នាំជាសញ្ញាសម្គាល់ដីរបស់ក្រុមហ៊ុន ប៉ះពាល់ដល់ប្រជាពលរដ្ឋមួយចំនួនផងដែរ ដែលធ្វើឱ្យអ្នកភូមិព្រួយបារម្ភពីការបណ្តេញចេញទាំងបង្ខំ។

លោកបន្ថែមថា៖ «ខ្ញុំគ្រាន់តែចង់ឆ្លើយតបទៅគាត់ថា បើសិនជាខ្ញុំរស់នៅសំណង់អនាធិបតេយ្យ ហេតុអីពួកខ្ញុំមានឯកសារទទួលស្គាល់ការរស់នៅពីអាជ្ញាធរមូលដ្ឋាន មានបណ្ណបោះឆ្នោត មានសៀវភៅគ្រួសារ មានអត្តសញ្ញាណបណ្ណ? មានគ្រប់សព្វទាំងអស់! ហើយប្រជាពលរដ្ឋអត់ចង់បានអ្វីច្រើនទេ គឺពួកគាត់សុំអភិវឌ្ឍន៍នៅនឹងកន្លែង និងចេញបណ្ណកម្មសិទ្ធិឱ្យប៉ុណ្ណឹងទេ»។

ពលរដ្ឋម្នាក់ទៀត អ្នកស្រី ឃន ស្រី នៅសង្កាត់កំពង់សំណាញ់ និយាយថា ប្រជាពលរដ្ឋដែលរស់នៅតំបន់ទំនប់៩៤ ភាគច្រើនជាប្រជាពលរដ្ឋក្រីក្រ ប្រកបមុខរបរនេសាទ​ ដាំបន្លែ ធ្វើសំណង់ និងប្រកបមុខរបរផ្សេងៗទៀត។

ពលរដ្ឋរូបនេះបន្តថា រូបអ្នកស្រី និងពលរដ្ឋផ្សេងទៀតកំពុងបារម្ភពីការបណ្តេញចេញទាំងបង្ខំ ដោយគ្មានសំណងសមរម្យ និងការបាត់បង់ផ្ទះសម្បែង រួមទាំងមុខរបរ ជាដើម។

អ្នកស្រីបន្ថែមថា៖ «យើងព្រួយបារម្ភខ្លាចបាត់បង់ទីជម្រក ព្រោះពួកយើងរស់នៅទីហ្នឹងបានសុខស្រួល ជិតកន្លែងធ្វើការជិតសាលារៀន ហើយកន្លែងហ្នឹងរស់នៅមានក្តីសុខ អ៊ីចឹងហើយខ្ញុំអត់ចង់ចាកចេញទៅណាទេ។ អ៊ីចឹងបានជាពួកខ្ញុំព្យាយាមស្នើសុំទៅសម្តេច ឱ្យលោកជួយ ឱ្យពួកយើងបាននៅទីហ្នឹងផង។ នៅទីនេះ វាស្រួលរស់នៅ ទោះយើងគ្មានប្រាក់ច្រើន ក៏យើងអាចបេះត្រកួន រកត្រីនៅផ្ទះហ្នឹង ក៏បានហូបដែរ ដោយយើងមិនចាំបាច់ចំណាយលុយទៅទិញពីផ្សារទេ»

អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ប្រាប់ថា កំពុងជាប់រវល់ប្រជុំ មិនអាចនិយាយបាន ប៉ុន្តែអភិបាលស្រុកកណ្តាលស្ទឹង លោក អ៊ួច សាវឿន មានប្រសាសន៍ថា ពលរដ្ឋទាំងនោះរស់នៅលើមាត់ប្រឡាយដោយខុសច្បាប់ ដែលប្រឡាយនោះគ្រោងអភិវឌ្ឍនៅពេលខាងមុខ។ លោកថា អាជ្ញាធរមិនអាចឱ្យពលរដ្ឋទាំងនោះបានអភិវឌ្ឍន៍នៅនឹងកន្លែង និងចេញបណ្ណកម្មសិទ្ធិឱ្យបានឡើយ។

លោកបន្ថែមថា៖ «យើងដឹងទាំងអស់គ្នាហើយថា ប្រឡាយ អូរ ស្ទឹង បឹង ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដើម្បីបម្រើផលប្រយោជន៍ទូទៅ។ ហើយចុះបើគាត់ទៅនៅលើទំនប់ ហើយសុំធ្វើបណ្ណកម្មសិទ្ធិ យើងធ្វើម៉េចកើត! ទំនប់ហ្នឹង យើងឃើញហើយមានស្ពានផ្លូវក្រវាត់ក្រុង៣ នៅចំកន្លែងហ្នឹង។ អ៊ីចឹង អនាគត វានឹងក្លាយទៅជាប្រឡាយទឹកសម្រាប់រំដោះទឹកជំនន់»

នាយកទទួលបន្ទុកចាត់ការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សង្កេតឃើញថា ពេលដែលប្រជាពលរដ្ឋទៅតាំងទីលំនៅកន្លែងមិនទាន់អភិវឌ្ឍ គឺអាជ្ញាធរតែងតែសម្រួលឱ្យមានការតាំងទីលំនៅនោះ ដោយបានចេញឯកសារគតិយុត្តផ្សេងៗ ដើម្បីសម្គាល់ការរស់នៅរបស់ប្រជាពលរដ្ឋ ប៉ុន្តែពេលកន្លែងនោះត្រូវការអភិវឌ្ឍ អាជ្ញាធរបែរជាចោទថាពលរដ្ឋរស់នៅសំណង់អនាធិបតេយ្យ និងខុសច្បាប់ទៅវិញ។ លោកថា ចំណុចនេះ បញ្ជាក់ពីការមិនទទួលខុសត្រូវរបស់អាជ្ញាធរចំពោះពលរដ្ឋដែលជាម្ចាស់ឆ្នោត។

លោក អំ សំអាត បានស្នើដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្តកណ្តាល ត្រូវដោះស្រាយជូនពលរដ្ឋនៅតំបន់ទំនប់៩៤នេះ តាមសន្តិវិធី ដោយគ្មានការគំរាមកំហែង និងបណ្តេញពលរដ្ឋចេញទាំងបង្ខំ ដើម្បីចៀសវាងការតវ៉ា និងអំពើហិង្សាកើតឡើងផ្សេងៗ។

លោកបន្ថែមថា៖ «អ៊ីចឹងខ្ញុំគិតថា ករណីនេះ អាជ្ញាធរគួរតែសិក្សាឱ្យបានច្បាស់លាស់ ហើយស្វែងរកដំណោះស្រាយណាមួយដែលសមស្របសម្រាប់ពួកគាត់ ដើម្បីចៀសវាងកើតមានបាតុភាពផ្សេងៗ ដូចជា ការដើរតវ៉ាទាមទារផ្សេងៗ ឬក៏អាចផ្ទុះអំពើហិង្សា ជាដើម ហើយគួរតែចៀសវាងនូវករណីទាំងអស់នេះ ហើយធ្វើការដោះស្រាយដោយសន្តិវិធីវិញ»

កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ អ្នកភូមិជិត៥០០នាក់ នៅតំបន់ទំនប់៩៤ បានប្រមូលផ្តុំតវ៉ាមុខសាលាខេត្តកណ្តាលម្តងហើយ ដើម្បីស្នើ​ដល់​​អភិបាល​ខេត្តផ្តល់​ប្លង់​កម្ម​សិទ្ធិ​ដល់​ពួកគេ ប៉ុន្តែរដ្ឋបាលខេត្តនេះមិនបានឆ្លើយតបអ្វីទៅពលរដ្ឋវិញឡើយជុំវិញការទាមទារនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ