តុលាការជំនុំជម្រះលើបណ្ដឹងទាស់របស់អតីតមេឃុំគណបក្សសង្គ្រោះជាតិដែលត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន

អ្នកស្រី ឡាញ់ ថាវរី (ឆ្វេង) និងអ្នកស្រី កឹម តុលា កាន់ដៃគ្នាពេលដើរចេញពីសាលាដំបូងរាជធានីភ្នំពេញ ហើយចូលរថយន្តពន្ធនាគារ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣។ (អ៊ូច សូនី/VOD)

សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះ​លើបណ្ដឹង​ទាស់ទៅនឹងអតីតមេឃុំគណបក្សសង្គ្រោះជាតិ ដែលត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេសកាលពីឆ្នាំមុន បន្ទាប់ពីត្រូវបានផ្ដន្ទាទោសកំបាំងមុខពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

សំណុំរឿងនេះពាក់ព័ន្ធនឹងការផ្ដន្ទាទោសមេឃុំមកពីគណបក្សសង្គ្រោះជាតិម្នាក់ទៀតនៅខេត្តបន្ទាយមានជ័យពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» គឺលោកស្រី ឡាញ់ ថាវរី ដែលត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៨ខែ កាលពីខែសីហា ឆ្នាំ២០២២ ចំពោះការបញ្ចេញមតិ (comments) លើបណ្តាញសង្គមហ្វេសប៊ុកចន្លោះឆ្នាំ២០១៨ និង២០១៩។ ពលករខ្មែរម្នាក់ដែលមកពីប្រទេសថៃ លោក ម៉ិច ហ៊ាង ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន៣ឆ្នាំ ដំណាលគ្នា ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងប្រមាថព្រះមហាក្សត្រ»

បុគ្គល៥នាក់ផ្សេងទៀត រួមទាំង លោកស្រី កឹម តុលា អតីតមេឃុំមកពីគណបក្សសង្គ្រោះជាតិ នៅខេត្តកំពង់ស្ពឺ ក៏ត្រូវបានផ្តន្ទាទោសកំបាំងមុខ ឱ្យជាប់ពន្ធនាគាររយៈពេល ១៨ខែ កាលពីខែសីហា ឆ្នាំមុន។ លោកស្រី កឹម តុលា ត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខណៈកំពុងព្យាយាមចាកចេញពីប្រទេស។

ក្នុងអំឡុងពេលសវនាការកាលពីថ្ងៃចន្ទ មានភស្តុតាងតិចតួចចំពោះករណីរបស់លោកស្រី កឹម តុលា ក្រៅពីការទទួលស្គាល់ថា លោកស្រី និងលោកស្រី ឡាញ់ ថាវរី មានទំនាក់ទំនងជាមួយគ្នានៅលើហ្វេសប៊ុក។

លោកស្រី កឹម តុលា បានច្រានចោលការចោទប្រកាន់លើលោកស្រី ហើយបាននិយាយថា លោកស្រីមិនបានប្រព្រឹត្តបទឧក្រិដ្ឋណាមួយដោយគប់គិតជាមួយលោកស្រី ឡាញ់ ថាវរី ឡើយ ដែលមានវត្តមាននៅក្នុងតុលាការក្នុងនាមជាសាក្សី រួមជាមួយនឹងលោក ម៉ិច ហ៊ាង

លោកស្រីបានប្រាប់ចៅក្រមថា៖ «វាអយុត្តិធម៌ណាស់សម្រាប់ខ្ញុំ។ ប្រសិនបើខ្ញុំចូលរួមក្នុងករណីនេះ ខ្ញុំទទួលស្គាល់​។ ខ្ញុំស្នើសុំឱ្យតុលាការស៊ើបអង្កេតឱ្យបានដិតដល់ និងរកយុត្តិធម៌ឱ្យខ្ញុំ»។

លោកស្រី កឹម តុលា និងមេធាវីរបស់លោកស្រី គឺលោក កែត ឃី បាននិយាយនៅក្នុងតុលាការថា លោកស្រី កឹម តុលា ​កំពុងជាប់ពន្ធនាគារ ដែលត្រូវបានផ្ដន្ទាទោសកាលពីលើកមុន នៅពេលដែលលោកស្រី ឡាញ់ ថាវរី បង្ហោះសារតាមអ៊ីនធឺណិត។

ទោះយ៉ាងណា លោកស្រី កឹម តុលា ត្រូវបានផ្ដន្ទាទោសជាលើកដំបូង នៅឆ្នាំ២០២១។ ចំណែកឯការបញ្ចេញមតិរបស់លោកស្រី ឡាញ់ ថាវរី ធ្វើឡើងតាំងពីឆ្នាំ២០១៨។ ចម្លើយដែលអានដោយតុលាការ ផ្តោតទៅលើការបញ្ចេញមតិរបស់លោកស្រី ឡាញ់ ថាវរី ក្នុងឆ្នាំ២០១៨ និង២០១៩ ជាភស្តុតាងនៃបទល្មើសព្រហ្មទណ្ឌរបស់លោកស្រី។

លោកស្រី កឹម តុលា មានអារម្មណ៍រំជួលចិត្ត ខណៈលោកស្រីព្យាយាមបង្ហាញភាពស្អាតស្អំ ហើយចៅក្រម លោកស្រី ជុំ សង្វា បានសុំឱ្យលោកស្រីសម្រួលអារម្មណ៍ ប៉ុន្តែនៅតែសួរថា តើលោកស្រីធ្លាប់បានឃើញ ឬចែកចាយសារតាមហ្វេសប៊ុករបស់លោកស្រី ឡាញ់ ថាវរី ដែរឬទេ? លោកស្រី កឹម តុលា បានបដិសេធថា មិនបានឃើញការបង្ហោះណាមួយរបស់លោកស្រី ឡាញ់ ថាវរី ឡើយ ហើយនិយាយថា លោកស្រីលែងទាក់ទងជាមួយអតីតសមាជិកគណបក្សសង្គ្រោះជាតិទៀតហើយ បន្ទាប់ពីគណបក្សនេះត្រូវបានរំលាយនៅឆ្នាំ២០១៧។

នៅពេលលោកស្រី ឡាញ់ ថាវរី ត្រូវបានសួរក្នុងនាមជាសាក្សី លោកស្រីបានឆ្លើយថា លោកស្រីបានទៅធ្វើការនៅប្រទេសថៃ បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ហើយលែងមានទំនាក់ទំនងជាមួយលោកស្រី កឹម តុលា។ ទោះយ៉ាងណា ព្រះរាជអាជ្ញារង លោក សេង ម៉េងស្រ៊ុន នៅបន្តសាកសួរ។

លោក សេង ម៉េងស្រ៊ុន បានសួរថា«តើលោកស្រី កឹម តុលា បានចូលរួមក្នុងសកម្មភាពទាំងនេះដែរឬទេ?»

លោកស្រី ឡាញ់ ថាវរី បាននិយាយថា៖ «ទេ! មិនដែលទេ! ខ្ញុំនៅឆ្ងាយ។ គាត់ [លោកស្រី កឹម តុលា] មិនដែលបានជជែកជាមួយខ្ញុំ ឬបញ្ចេញមតិឡើយ។»

លោក ម៉ិច ហ៊ាង បាននិយាយថា លោកក៏មិនមានទំនាក់ទំនងជាមួយលោកស្រី ឡាញ់ ថាវរី ឬការបង្ហោះតាមហ្វេសប៊ុករបស់លោកស្រីដែរ។ លោកបានទទួលស្គាល់ថា លោកបានបញ្ចេញមតិចំពោះការបង្ហោះរបស់លោកអំពីព្រះមហាក្សត្រ ប៉ុន្តែលោកថា គ្មាននរណាម្នាក់ញុះញង់ឱ្យលោកបញ្ចេញមតិឡើយ។

លោក សេង ម៉េងស្រ៊ុន បានធ្វើសេចក្តីសន្និដ្ឋាន​ ដោយលើកឡើង​សុន្ទរកថារបស់លោក ហ៊ុន សែន ធ្វើឡើងកាលពីពេលថ្មីៗនេះ ដែលនិយាយថា៖ «យើងគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែប្រសិនបើវាក្លាយទៅជាភាពអនាធិបតេយ្យ នោះវានឹងត្រូវទទួលដំបង»។

កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន បានបញ្ជាក់ម្តងហើយម្តងទៀតទៅកាន់សមាជិកបក្សប្រឆាំងថា ប្រសិនបើពួកគេរិះគន់គណបក្សកាន់អំណាច ពួកគេនឹងត្រូវប្រឈមមុខនឹងដំបង ឬបណ្តឹង។

យ៉ាងនេះក្តី សាលក្រមនឹងត្រូវប្រកាសនៅថ្ងៃទី២៧ ខែកុម្ភៈ៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Former CNRP Commune Chief Arrested Last Year Tried Again for Incitement

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ