លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈនេះ ដែលរដ្ឋាភិបាលកម្ពុជាថាធ្វើឡើងដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលមានចំណងជើងថា «កម្ពុជា-ចិន នឹងធ្វើឱ្យកាន់តែស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួម»
ផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈនេះ ឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន គឺតបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
សេចក្តីប្រកាសព័ត៌មាន អះអាងថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅកាន់ប្រទេសចិន នាពេលខាងមុខ នឹងផ្ដល់ឱកាសដល់រដ្ឋាភិបាលទាំងពីរជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ។
ក្នុងឱកាសទស្សនកិច្ចនេះ លោក ហ៊ុន សែន នឹងជួបពិភាក្សាជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន, លោក លី ជានស៊ូ ប្រធានសភាតំណាងប្រជាជនចិន, និងជាមួយលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីចំណង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបញ្ហាដែលជាប្រយោជន៍ និងកង្វល់រួមក្នុងតំបន់ និងអន្តរជាតិ។ ក្រៅពីនោះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនផងដែរ ប៉ុន្តែក្រសួងមិនបានបញ្ជាក់ថាជាឯកសារអ្វីខ្លះនោះទេ។
អមដំណើរលោក ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចនេះ រួមមានរដ្ឋមន្ត្រី ឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំធុរកិច្ចផងដែរ៕