សារព័ត៌មានរដ្ឋកូរ៉េខាងជើង បានរាយការណ៍កាលពីថ្ងៃអង្គារម្សិលមិញថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានសន្យាបង្កើនសមយុទ្ធយោធា និងត្រៀមខ្លួនសម្រាប់ធ្វើសង្គ្រាម ខណៈទីក្រុងព្យុងយ៉ាងប្រារព្ធខួបនៃការបង្កើតកងកម្លាំងប្រដាប់អាវុធ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។
ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយថា លោក គីម ជុងអ៊ុន បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការកណ្ដាលយោធា នៃគណបក្សកម្មករ ដែលកំពុងកាន់អំណាច កាលពីថ្ងៃចន្ទ ដែលជាកន្លែងក្រុមមន្ត្រីបានពិភាក្សាអំពី «កិច្ចការយោធា និងនយោបាយសំខាន់ៗ» សម្រាប់ឆ្នាំនេះ និង «បញ្ហារយៈពេលវែងទាក់ទងនឹងការតម្រង់ទិសសម្រាប់ការកសាងកងទ័ព»។
ប្រភពដដែលបន្តថា៖ «កងទ័ពប្រជាជនកូរ៉េ [KPA] បានសិក្សា និងពិភាក្សានៅទីនោះ រួមមាន […] បញ្ហានៃការពង្រីក និងពង្រឹងប្រតិបត្តិការ និងសមយុទ្ធប្រយុទ្ធរបស់កងទ័ពប្រជាជនកូរ៉េ ឥតឈប់ឈរ ដើម្បីទប់ទល់នឹងស្ថានការណ៍ដែលកំពុងកើតមាន និងការត្រៀមខ្លួនសម្រាប់សង្គ្រាម»។
កិច្ចប្រជុំនេះធ្វើឡើង ខណៈប្រទេសកូរ៉េខាងជើងនឹងធ្វើព្យុហយាត្រាយោធា ដើម្បីប្រារព្ធខួបនៃការបង្កើតកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន នៅថ្ងៃពុធនេះ។
រូបភាពពីផ្កាយរណបបានបង្ហាញកងទ័ពកូរ៉េខាងជើង ដែលកំពុងហ្វឹកហ្វឺននៅទីក្រុងព្យុងយ៉ាង ហើយកូរ៉េខាងត្បូងក៏បាននិយាយផងដែរថា ខ្លួនកំពុងតាមដានសកម្មភាពទាំងនេះ។
កិច្ចប្រជុំយោធានេះក៏ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសសមយុទ្ធដោយសហរដ្ឋអាមេរិក និងសម្ពន្ធមិត្តរបស់ខ្លួន ដោយនិយាយថា ពួកគេបានឈានដល់ «បន្ទាត់ក្រហមខ្លាំង» និងគំរាមប្រែក្លាយឧបទ្វីបទៅជា «ឃ្លាំងអាវុធសង្គ្រាមដ៏ធំ និងជាតំបន់សង្គ្រាមកាន់តែធ្ងន់ធ្ងរឡើង»។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសកូរ៉េខាងជើង បានថ្កោលទោសដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង របស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) ហើយបាននិយាយថា ទីក្រុងព្យុងយ៉ាង មិនចាប់អារម្មណ៍នឹងការសន្ទនាទេ ដរាបណាទីក្រុងវ៉ាស៊ីនតោន បន្តគោលនយោបាយអរិភាព។
លោក Austin និងសមភាគីកូរ៉េខាងត្បូង បាននិយាយថា ពួកគេនឹងពង្រីកសមយុទ្ធយោធា និងដាក់ពង្រាយ «អាវុធយុទ្ធសាស្ត្រ» បន្ថែមទៀត ដូចជា នាវាផ្ទុកយន្តហោះ និងយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ ដើម្បីទប់ទល់នឹងការអភិវឌ្ឍអាវុធរបស់កូរ៉េខាងជើង និងទប់ស្កាត់សង្គ្រាម។
នៅពេលត្រូវបានសួរអំពីភាពតានតឹងជាមួយកូរ៉េខាងជើង ក្នុងអំឡុងពេលលោកនៅប្រទេសហ្វីលីពីន លោក Austin បាននិយាយថា គោលដៅរបស់សហរដ្ឋអាមេរិក គឺដើម្បីលើកកម្ពស់សន្តិសុខ និងស្ថិរភាព ហើយថាខ្លួននៅតែប្តេជ្ញាការពារប្រទេសកូរ៉េខាងត្បូង៕