លោក ពេជ្រ ស្រស់ មិនប្ដឹងអតីតមន្ត្រីដែលចោទលោកថាយកលុយបក្សកាន់អំណាចបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន

លោក ពេជ្រ ស្រស់ ប្រធានគណបក្ស​យុវជន​កម្ពុជា។

ប្រធានគណបក្ស​យុវជន​កម្ពុជា អះអាងថា នឹងមិនប្ដឹងមន្ត្រីថ្នាក់ក្រោមរបស់ខ្លួនដែលបានលាឈប់ពីគណបក្សនេះ បន្ទាប់ពីលោកថា មន្ត្រីទាំងនោះបានបដិសេធចំពោះការចុះផ្សាយថា លោក ពេជ្រ ស្រស់ ទទួលលុយពីលោក ហ៊ុន សែន ដើម្បីយកមកបង្កើតគណបក្សបច្ចុប្បន្ន។

លោកបញ្ជាក់ថា មូលហេតុដែលមិនប្ដឹងសមាជិកដែលលាលែងពីគណបក្សនេះ ដោយសារពួកគេបានច្រានចោលចំពោះការចុះផ្សាយព័ត៌មានដែលបានចោទប្រកាន់លើរូបលោក។ លោកចាត់ទុកការចុះព័ត៌មាននោះថា ជាការបំផ្លើស ខុសពីការពិត។

លោក៖ «ខ្ញុំស្គាល់មនុស្សយ៉ាងច្រើន១០នាក់ ហើយមិនមានសកម្មភាពអីណាស់ណាទេ។ អ៊ីចឹងខ្ញុំដឹងកម្លាំងរបស់ខ្ញុំថា មួយណាជាកម្លាំងពិត ហើយមួយណាគ្រាន់តែជាកម្លាំងលម្អ នយោបាយណាវាមានកម្លាំងពិត កម្លាំងសកម្ម និងកម្លាំងគាំទ្រធម្មតា។ អ៊ីចឹងអ្នកឈប់ មិនប៉ះពាល់កម្លាំងពិតទេ។ ខ្ញុំមិនបានឈ្លោះជាមួយគាត់ទេ​ ហើយគាត់ក៏បានសារភាព ប្រកាសបដិសេធដែរ»។ ​  

លោក ពេជ្រ ស្រស់ បានបដិសេធចំពោះការចោទប្រកាន់ថាបានទទួលលុយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបម្រើ​ប្រយោជន៍​ផ្ទាល់​ខ្លួន។

វីអូឌី មិនទាន់អាចសុំការឆ្លើយតបពីលោក ឆុម ចាន់ថន ដែលជាសមាជិក និងជាអគ្គលេខាធិការ នៃគណបក្សយុវជនកម្ពុជា ជុំវិញការសុំលាលែងពីតួនាទីនេះបាននៅឡើយទេ។

តែបើយោងតាមលិខិតសុំលាលែងមួយចុះថ្ងៃទី៣ ខែកុម្ភៈ​ ឆ្នាំ២០២៣ របស់លោក ឆុម ចាន់ថន ឱ្យដឹងថា មូលហេតុដែលលោកសុំលាលែងពីសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ នៃគណបក្សយុវជនកម្ពុជា​ ដោយសារមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើការងារបន្តទៀត។

មិនមែនតែលោក ឆុម ចាន់ថន ទេ ដែលសុំលាលែងនោះ ក៏មានអនុប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ និង​ជា​អនុប្រធាន​គណបក្ស​ លោក នៅ បូរ៉ា អនុប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​ជា​អនុប្រធាន​គណបក្ស លោក ហួន ធារិទ្ធ ផងដែរ។

គណបក្សយុវជនកម្ពុជា បានបង្កើតឡើងកាលពីឆ្នាំ២០១៥ ដែលដឹកនាំដោយលោក ពេជ្រ ស្រស់។ គណបក្សនេះទទួលបានសំឡេងឆ្នោតចំនួន ១៣ ៨៨១ សំឡេង ឬស្មើនឹង ១,១៩ភាគរយនៃសំឡេងឆ្នោតសរុប ក្នុងអំឡុងពេលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីឆ្នាំ២០២២។

លោក ពេជ្រ ស្រស់ បានប្រាប់វីអូឌីនៅថ្ងៃអង្គារនេះថា ការលាឈប់របស់មន្ត្រីថ្នាក់ក្រោម មិនបានប៉ះពាល់ដល់រចនាសម្ពន្ធ ឬធ្វើឱ្យគណបក្សយុវជន​កម្ពុជាចុះខ្សោយឡើយ។ ផ្ទុយទៅវិញ លោកថា វាកាន់តែធ្វើឱ្យគណបក្សរបស់លោករឹងមាំថែមទៀត  ដោយសារអ្នកដែលលាឈប់នោះមិនដែលបានធ្វើសកម្មភាពអ្វីខ្លាំងក្លាដែរ។

អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ថា បើមានការលាលែងបែបនេះ វាឆ្លុះបញ្ចាំងពីការបែកបាក់ផ្ទៃក្នុងរបស់គណបក្ស។ ទោះបីជាសមាជិកគណបក្សយុវជនកម្ពុជា មិនបានបង្ហាញភស្ដុតាងជាសាធារណៈក៏ពិតមែន ប៉ុន្តែលោកថា សមាជិកដែលបានលាលែងពីបក្សនេះ ពួកគេប្រាកដជាបានដឹងច្បាស់ចំពោះរឿងទាំងនោះ។

លោកថា៖ «បញ្ហានេះ វាបានឆ្លុះបញ្ចាំងនូវចំណុចអវិជ្ជមានជាច្រើននៅក្នុងគណបក្សយុវជនកម្ពុជា រួមទាំងប្រធានគណបក្ស ខ្លួនឯងហាក់បីដូចជាបង្ហាញនូវអាកប្បកិរិយាដែលឆ្លុះបញ្ចាំងឱ្យឃើញថា ខ្លួនហាក់បីដូចជាស្ថិតនៅក្រោមគំនាបឬសម្ពាធនយោបាយរបស់គណបក្សកាន់អំណាច។ ហើយយើងឃើញហើយ រាល់សកម្មភាពទាំងឡាយណាដែលថ្នាក់ដឹកនាំគណបក្សកាន់អំណាចនិយាយ ប្រាប់ទៅមេដឹកនាំគណបក្សយុវជនកម្ពុជា ជាពិសេសលោក ពេជ្រ ស្រស់ នៅតាមវេទិការបស់លោកនាយករដ្ឋមន្ត្រី ឬប្រធានគណបក្សកាន់អំណាច យើងឃើញថា ឥរិយាបថរបស់លោក ពេជ្រ ស្រស់ ត្រូវបានផ្លាស់ប្ដូរ ១០០ភាគរយ។ ហើយបង្ហាញឱ្យឃើញថា គាត់ហាក់បីដូចជាស្ថិតនៅក្រោមឥទ្ធិពលទាំងស្រុងនៃគណបក្សកាន់អំណាច ឬជាគណបក្សនយោបាយមួយដែលមិនមានគោលនយោបាយ និងផែនការច្បាស់លាស់របស់ខ្លួន»។

ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ បានចូលរួមជាមួយគណបក្ស​ហ៊្វុនស៊ិនប៉ិច ដើម្បីប្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពីឆ្នាំ២០១៧។ ក្រោយពីតុលាការរំលាយគណបក្សសង្គ្រោះជាតិហើយ នៅឆ្នាំ​២០១៨ លោក ពេជ្រ ស្រស់ ត្រូវបានគណបក្សប្រជាជនកម្ពុជា បានតែងតាំងជាសមាជិក​ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់​ ដែល​​ផ្ដួចផ្ដើមឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ