អ្នកធ្វើធម្មយាត្រា សោកស្ដាយដែលអាជ្ញាធរខេត្តពោធិ៍សាត់ បង្កការរំខាន និងមិនធ្វើតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ដោយមិនចង់ឱ្យពលរដ្ឋ១៥០នាក់ផ្សេងទៀតចូលរួមដង្ហែធម្មយាត្រានៅក្បែរទីតាំងរូបសំណាកអ្នកតាឃ្លាំងមឿង។
ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍ថា នៅវេលាម៉ោង៩ព្រឹកនេះ អាជ្ញាធរខេត្តពោធិ៍សាត់ បានឃាត់ពលរដ្ឋដែលចូលរួមទៅបួងសួងនៅក្បែរទីតាំងរូបសំណាកអ្នកតាឃ្លាំងមឿង អស់រយៈពេលប្រមាណ១០នាទី ដោយអាជ្ញាធរទាមទារឱ្យពលរដ្ឋដែលចូលរួមបួងសួងនោះតែ៥០នាក់ប៉ុណ្ណោះ។
ជុំវិញការឃាត់របស់អាជ្ញាធរនេះ លោក រ៉ុង ឈុន យល់ថា ធម្មយាត្រាពីភ្នំពេញ មានអ្នកចូលរួមត្រឹមតែ៥០នាក់ប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលធម្មយាត្រាជិតដល់រូបសំណាកអ្នកតាឃ្លាំងមឿង មានប្រជាពលរដ្ឋប្រមាណ១៥០ទៀតបានមកចូលរួមបួងសួងផងដែរ។
លោក រ៉ុង ឈុន សម្ដែងការសោកស្ដាយដែលអាជ្ញាធរខេត្តពោធិ៍សាត់ មិនយល់ពីសិទ្ធិជំនឿដែលចែងក្នុងរដ្ឋធម្មនុញ្ញ ហើយបែរជាមិនគោរពតាមលិខិតអនុញ្ញាតរបស់ក្រសួងមហាផ្ទៃដែលអនុញ្ញាតឱ្យធ្វើសកម្មភាពធម្មយាត្រា និងបួងសួងនេះ។
លោកថា៖ «សោកស្ដាយនៅត្រង់ថា យើងសហការគ្នារយៈពេល៦ថ្ងៃមក អត់មានប៉ះទង្គិចគ្នា ហើយដំណើរការរលូន ប៉ុន្តែអាជ្ញាធរខេត្តពោធិ៍សាត់ មកធ្វើឱ្យមានភាពល្អក់កករគ្នា។ សម្រួលឱ្យបានល្អ ក៏ជាកិត្តិយសរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលគាត់បានចេញលិខិតឱ្យហើយ គ្រាន់តែមកប្រារព្ធពិធីសាសនា បែរជាហាមឃាត់ រូបភាពវាអត់ល្អ»។
អភិបាលរងខេត្តពោធិ៍សាត់ លោក គិត សុផា បានបដិសេធការឆ្លើយតបជុំវិញករណីនេះ។
វីអូឌី មិនអាចសុំការឆ្លើយតបពីលោក ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានទេ នៅថ្ងៃអង្គារនេះ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ប្រាប់វីអូឌីកន្លងទៅថា ថាការហែធម្មយាត្រានេះ គឺចង់ដឹកនាំសកម្មភាពដោយអហិង្សា ជំរុញឱ្យជនគ្រប់រូបចូលរួមលើកកម្ពស់សីលធម៌សង្គម ដោយសារប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពសីលធម៌របស់ជនតូចតាច ឬអ្នកមានអំណាចមួយចំនួន កាន់តែអាក្រក់ទៅ ដែលធ្វើឱ្យសង្គមស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់៕